loader

ទូត ស.រ.អ ស្នើឱ្យពង្រឹងទណ្ឌកម្ម អ.ស.ប លើកូរ៉េខាងជើង

សហរដ្ឋអាមេរិកនិងបណ្តាប្រទេសអឺរ៉ុបជាច្រើន កាលពីថ្ងៃពុធ ទី២០ ខែតុលា បានថ្កោលទោសការបាញ់សាកល្បងកាំជ្រួចដោយកូរ៉េខាងជើងនាពេលថ្មីៗ។ នេះជាសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានអេភី ពីទីស្នាក់ការអង្គការសហប្រជាជាតិ (អ.ស.ប) នៅថ្ងៃពុធដដែល។

យោងតាមអេភី ប្រទេសទាំងនោះបាននិយាយថា ការជឿនលឿនផ្នែកបច្ចេកទេសរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបង្ហាញពីតម្រូវការជាបន្ទាន់ដើម្បីបង្កើនការអនុវត្តទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទៅលើកម្មវិធីនុយក្លេអ៊ែរនិងកាំជ្រួច ព្រមទាំងសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសនេះ។

ឯកអគ្គរដ្ឋទូតអាមេរិក លោកស្រី លីនដា ថូម៉ាស-ហ្គ្រីនហ្វៀល បានជំរុញឱ្យកូរ៉េខាងជើងបញ្ឈប់«ការបង្កហេតុដោយគ្មានការទទួលខុសត្រូវ»របស់ខ្លួន ដែលរំលោភលើសេចក្ដីសម្រេចដាក់ទណ្ឌកម្មដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ អេភីរាយការណ៍បន្តដូច្នេះ ដោយផ្អែកតាមលោកស្រីឯកអគ្គរដ្ឋទូតដែលបាននិយាយថា រដ្ឋាភិបាលកូរ៉េខាងជើងគួរតែចាប់ផ្តើមពិភាក្សាជាមួយរដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន ដោយគ្មានលក្ខខណ្ឌជាមុន ដើម្បីឈានទៅរកគោលដៅនៃការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ។

ទីភ្នាក់ងារសារព័ត៌មានអេភីបានលើកឡើងជាបន្តថា លោកស្រី ថូម៉ាស-ហ្គ្រីនហ្វៀល បានជំរុញឱ្យប្រទេសទាំងអស់អនុវត្តការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិឱ្យបានពេញលេញ «ដើម្បីឱ្យយើងអាចរារាំងកូរ៉េខាងជើងមិនឱ្យទទួលបានមូលនិធិ បច្ចេកវិជ្ជា ចំណេះដឹងដែលខ្លួនត្រូវការ ដើម្បីអភិវឌ្ឍកម្មវិធីសព្វាវុធប្រល័យលោកនិងកម្មវិធីកាំជ្រួចផ្លោងខុសច្បាប់បន្ថែមទៀត។

លោកស្រី ថូម៉ាស-ហ្គ្រីនហ្វៀល បើតាមអេភីដដែល បានរំលឹកអ្នកសារព័ត៌មានឡើងវិញ នៅមុនពេលចូលរួមកិច្ចប្រជុំបន្ទាន់ដោយបិទទ្វារនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទាក់ទងនឹងការធ្វើតេស្តមីស៊ីលចុងក្រោយរបស់កូរ៉េខាងជើង។  អេភីបញ្ជាក់ថា អំឡុងកិច្ចប្រជុំនោះ សហរដ្ឋអាមេរិកបានស្នើឱ្យជួបជាមួយមន្រ្តីមកពីសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដែលជាឈ្មោះផ្លូវការរបស់ប្រទេសនេះ។ បើតាមប្រភពនេះ លោកស្រីឯកអគ្គរដ្ឋទូតអាមេរិកបានអះអាងថា «យើងបានបញ្ជាក់យ៉ាងច្បាស់ថាយើងគ្មានចេតនាបង្កអរិភាពជាមួយកូរ៉េខាងជើងទេ»៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុមតាលីបង់ចាប់ខ្លួន ក្រោយព្យាយាមទាមទារសិទ្ធិអប់រំសម្រាប់កុមារី

  សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុ[...]

អាល្លឺម៉ង់បានបញ្ជូនរថក្រោះខ្លារខិនឱ្យអុយក្រែនជាលើកដំបូង

យោងតាម BBC នៅថ្ងៃទី២៨ មីនា ២០២៣ ក្រសួងការពារជ[...]

មេដឹកនាំយោធាមីយ៉ាន់ម៉ាប្តេជ្ញាបន្តកម្ចាត់អ្នកប្រឆាំងរបស់ខ្លួន

ឧត្តមសេនីយ៍ មីន អ៊ុង ឡាំង (Min Aung Hlaing) ប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x