en     km
en     km

ភាពហ៊ឺហារបស់ប្រជាជនកម្ពុជាមួយចំណែកបានមកដោយសារបំណុលនិងជំនួយបរទេស

Share

បំណុលនិងជំនួយបរទេសបានរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើន ហើយប្រជាជនកម្ពុជាមានចំណូលកើនឡើង។ ប៉ុន្តែ នៅពេលជួបវិបត្តសេដ្ឋកិច្ចបង្កឡើងដោយជំងឺរាតត្បាតសាកលកូវីដ-១៩ អ្នកជំពាក់បំណុលជួបការលំបាកដោយសារបាត់បង់ចំណូល។

កម្ពុជា ក្នុងរយៈពេលជាងពីរទស្សវត្សរ៍កន្លងទៅ បានឆ្លងកាត់ការផ្លាស់ប្តូរដ៏សំខាន់មួយ ដោយបានឈានឡើងពីប្រទេសមានចំណូលទាប ទៅដល់ឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ ២០១៥។ ឋានៈនេះមានន័យថា ប្រជាជនកម្ពុជាម្នាក់ៗមានចំណូលមធ្យមប្រចាំឆ្នាំចន្លោះពី ១ ០៤៦ ដុល្លារ ទៅ ៤ ០៩៥ ដុល្លារ។

កាលពី ៦ ឆ្នាំមុននោះ ពោលគឺនៅឆ្នាំ ២០១៥ ប្រជាជនកម្ពុជាម្នាក់ៗមានប្រាក់ចំណូលជាមធ្យមប្រចាំឆ្នាំ ១ ១៦៣ ដុល្លារ។ នៅឆ្នាំ ២០១៩ ចំណូលមធ្យមប្រចាំឆ្នាំរបស់ប្រជាជនកម្ពុជាម្នាក់ៗ បានកើនឡើងដល់ ១ ៦៤៣ ដុល្លារ ប៉ុន្តែមួយឆ្នាំក្រោយមក ពោលគឺឆ្នាំ២០២០ ប្រាក់ចំណូលនេះបានធ្លាក់ចុះមកនៅត្រឹម ១ ៥១២ ដុល្លារវិញ។ ប្រាក់ចំណូលរបស់ប្រជាជនកម្ពុជាអាចនឹងបន្តធ្លាក់ចុះថែមទៀត នៅឆ្នាំ២០២១ ដោយសារវិបត្តិសេដ្ឋកិច្ច ដែលបង្កឡើងដោយជំងឺឆ្លងសាកលកូវីដ-១៩។

កម្ពុជាបានប្រាថ្នាចង់ទទួលបានឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ ក្នុងឋានៈនេះ បើសម្រេចបានមែន ប្រជាជនកម្ពុជាម្នាក់ បើផ្អែកតាមទិន្នន័យឆ្នាំ ២០២០ អាចមានចំណូលមធ្យមប្រចាំឆ្នាំចន្លោះពី ៤ ០៩៦ ដុល្លារ ដល់ ១២ ៦៩៥ ដុល្លារ។

ប៉ុន្តែ បច្ចុប្បន្ន ប្រទេសកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពឆ្លងកូវីដ-១៩ ច្រើន ដែលបានធ្វើឱ្យសេដ្ឋកិច្ចងើបពីវិបត្តិយឺតយ៉ាវ ជាពិសេសសម្រាប់វិស័យសេវាកម្ម សំណង់ និងអចលនទ្រព្យ។ ការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២១ ត្រូវបានកែសម្រួលមកនៅត្រឹម ២,២ ភាគរយ បើទោះបីជាការនាំចេញមានលក្ខណៈរឹងមាំ ដោយសារមានតម្រូវការពីខាងក្រៅល្អប្រសើរក៏ដោយ។ បើតាមធនាគារពិភពលោក ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅតែមានភាពមិនច្បាស់លាស់ខ្លាំង ហើយស្ថាប័ននេះបានប្រមើលឃើញថា វាល្អៀងទៅរកការធ្លាក់ចុះថែមទៀត។ ថ្វីបើការចាក់វ៉ាក់សាំងជូនពលរដ្ឋធ្វើបានលឿនក៏ដោយ ក៏ហានិភ័យនៃការផ្ទុះឡើងនៃជំងឺនៅតែអូសបន្លាយពេល ហើយការរំខានបន្ថែមទៀតដល់ដំណើរការសេដ្ឋកិច្ចនៅតែមានកំរិតខ្ពស់ ដោយសារចំនួននៃការឆ្លងកូវីដ-១៩ និងមរណភាពដោយសារជំងឺនេះនៅតែខ្ពស់។

ការងារនិងប្រាក់ចំណូលមិនបានងើបឡើងវិញដល់កម្រិតមុនពេលមានជំងឺរាតត្បាតសាកលទេ សូម្បីតែមុនពេលមានការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ថ្មីៗនេះ។ ការស្ទង់មតិមួយបង្ហាញថា ប្រហែល ៦៩ ភាគរយនៃអ្នករកប្រាក់ចំណូលចម្បងក្នុងគ្រួសារមានការងារធ្វើនៅខែមីនា ឆ្នាំ ២០២១ ពោលគឺ ១៣ ភាគរយទាបជាងកម្រិតមុនពេលមានជំងឺរាតត្បាត។ ការស្ទង់មតិនោះបន្តថា ប្រហែល ៤៥ ភាគរយនៃគ្រួសារបន្តជួបប្រទះការបាត់បង់ប្រាក់ចំណូលនៅក្នុងខែមីនាឆ្នាំ ២០២១។ ការរំខានដល់សកម្មភាពសេដ្ឋកិច្ចដោយសារវិធានការតឹងរ៉ឹងដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃកូវីដ-១៩ បានបណ្តាលឱ្យបាត់បង់ការងារ ឬថយចុះម៉ោងធ្វើការ។

ប្រាក់ចំណូលរបស់ប្រជាជនកម្ពុជាមិនបានកើនឡើងជាទូទៅទេ នៅអំឡុងពេលមានវិបត្តិសេដ្ឋកិច្ច បង្កឡើងដោយកូវីដ១៩។ អ្នកមានសំណាងបានឃើញប្រាក់ចំណូលរបស់ខ្លួនកើនឡើងគឺកម្មករនិយោជិតនៅក្នុងវិស័យឧស្សាហកម្មវាយនភណ្ឌនិងកាត់ដេរស្បែកជើង ប៉ុន្តែប្រជាកសិករជាច្រើនមិនបានទទួលផលតាមការរំពឹងទុករបស់ខ្លួនទេ ហើយអ្នកខ្លះទៀតខាតទាំងដើមទុនផង ក្នុងការប្រកបរបរកសិកម្ម ព្រោះតែពុំមានទីផ្សារសម្រាប់លក់កសិផលចេញ។ រីឯសេវាករទាំងឡាយក៏បានទទួលបទពិសោធន៍ដ៏ជូរចត់ ដែលកូវីដ-១៩ បានផ្ដល់ឱ្យពួកគេដែរ ជាពិសេសអ្នកពឹងផ្អែកលើវិស័យទេសចរណ៍និងសេវាកម្សាន្ត។

ប្រជាពលរដ្ឋដែលជំពាក់លុយគ្រឹះស្ថានហិរញ្ញវត្ថុសុទ្ធតែត្អូញត្អែរអំពីការខ្វះលទ្ធភាពសងបំណុល ហើយប្រឈមមុខនឹងការរឹបអូសអចនទ្រព្យ ឬត្រូវបណ្ដេញចេញពីផ្ទះសម្បែងនិងដីធ្លី ដែលពួកគេបានដាក់បញ្ចាំនៅធនាគារ ឬក្រុមហ៊ុនមីក្រូហិញ្ញវត្ថុ។ នៅឆ្នាំ ២០១៩/២០២០ គ្រួសាររបស់ប្រជាជនកម្ពុជាចំនួនប្រហែល ៣៤ ភាគរយ បានជំពាក់បំណុល។ តួលេខនេះកើនឡើង ២,៥ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៧។ ជាមធ្យម បំណុលដែលគ្រួសារកម្ពុជាជំពាក់នៅឆ្នាំ ២០១៩/២០២០ គឺជាង ៤ ពាន់ដុល្លារ។ រដ្ឋាភិបាលកម្ពុជាក៏ជំពាក់បំណុលមិនតិចដែរ ចាប់ពីឆ្នាំ ១៩៩៣ ដល់ដំណាច់ឆមាសទី១នៃឆ្នាំ ២០២១។ បំណុលដែលរដ្ឋាភិបាលកម្ពុជាជំពាក់ដៃគូអភិវឌ្ឍន៍នានា មានសរុបរហូតដល់ ១៤,៨៤ ពាន់លានដុល្លារ សម្រាប់យកមកសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា និងទ្រទ្រង់វិស័យអាទិភាពផ្សេងៗទៀត។ ក្រសួងសេដ្ឋកិច្ចអះអាងថា «ទោះបីជាទំហំនៃការខ្ចីនឹងត្រូវបង្កើនក្ដី ក៏ស្ថានភាពបំណុលសាធារណៈរបស់កម្ពុជា នៅតែត្រូវបានវាយតម្លៃថា ស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមាន “ចីរភាព” និង “ហានិភ័យកម្រិតទាប” ដដែល»។ ទន្ទឹមនឹងនេះ ជំនួយផ្លូវការដែលបានហូរចូលក្នុងចរន្តសេដ្ឋកិច្ចកម្ពុជាមានចំនួនជិត ១ ពាន់លានដុល្លារនៅឆ្នាំ ២០១៩។

ជាសរុប ទាំងជំនួយ ទាំងបំណុល ទោះបីមិនទាំងស្រុង ដោយសារជំនួយខ្លះហូរចេញទៅវិញ​ សុទ្ធតែយកមកប្រើប្រាស់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។ វាពិតជាបានចូលរួមចំណែកដល់ការបង្កើតការងារ និងការបង្កើនប្រាក់ចំណូលដល់ប្រជាជនកម្ពុជា នៅមុនពេលមានវិបត្តិសុខភាពសាធារណៈ។ ការណ៍នេះធ្វើឱ្យជីវភាពរបស់ប្រជាជនកម្ពុជា ជាពិសេសប្រាក់ចំណូល កើនឡើងមួយកម្រិត ដូចដែលបានរៀបរាប់មកពីខាងដើម។ ប៉ុន្តែទាំងប្រជាជន ទាំងរដ្ឋាភិបាល មានកាតព្វកិច្ចសងបំណុលត្រឡប់ទៅវិញ។ វាជាការប្រឈមខ្លាំងចំពោះប្រជាពលរដ្ឋនិងរដ្ឋាភិបាល នៅពេលដែលស្ថានភាពសេដ្ឋកិច្ចបង្ហាញសញ្ញាមិនសូវល្អ។ ដូច្នេះ គេត្រូវចាយវាយដោយសន្សំសំចៃ នៅក្នុងដំណាក់កាលមានវិបត្តិ។ ការសំញ៉ែងភាពហឺហារដោយសារបំណុលនិងជំនួយ ពិតជាគួរឱ្យចៀសវាង សម្រាប់ប្រជាជននិងរដ្ឋាភិបាល ខណៈដែលកម្ពុជាស្ថិតនៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឡើយ៕

ឯកសារយោង៖

1) https://www.worldbank.org/en/country/cambodia

2) https://data.worldbank.org/income-level/lower-middle-income

3) https://data.worldbank.org/income-level/upper-middle-income

4) https://mef.gov.kh/documents-category/publication/public-debt-bulletin/

5) http://www.nis.gov.kh/nis/CSES/Final%20Report%20of%20Cambodia%20Socio-Economic%20Survey%202019-20_KH.pdf

6) https://www.licadho-cambodia.org/articles/20210628/173/index.html?khmer

Share

Image
Image
Image