en     km
en     km

របាយការណ៍៖ពលរដ្ឋរងគ្រោះក្នុងវិវាទដីធ្លីបង្ហាញផលវិបាកក្រោយការបណ្តេញចេញ

Share

ភ្នំពេញ៖ អង្គការសង្គមស៊ីវិលប្រមាណ ៤០ស្ថាប័ននៅថ្ងៃទី២១ ខែតុលានេះ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដោយបានបង្ហាញពីផលវិបាករបស់ពលរដ្ឋរងគ្រោះក្នុងវិវាទដីធ្លី និងជំរុញរដ្ឋាភិបាលឱ្យគោរពសិទ្ធិជាមូលដ្ឋានមុនមានការបណ្តេញចេញ។

លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

 

ប្រជាពលរដ្ឋរងគ្រោះដីធ្លី មកពីសហគមន៍នានាទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តទូទាំងប្រទេសកម្ពុជា ដែលកំពុងនិងធ្លាប់រងការបណ្តេញចេញដោយបង្ខំ បានបង្ហាញពីផលប៉ះពាល់នានារួមមានបញ្ហាសេដ្ឋកិច្ច កង្វះការថែទាំ ពិសេសបាត់បង់សិទ្ធិរស់រានមានជីវិត សិទិ្ធទទួលបានលំនៅឋានសមរម្យ និងសិទិ្ធបញ្ចេញមតិជាដើម។

សេចក្តីថ្លែងការណ៍រួមរបស់អង្គការនិងសមាគមន៍ចំនួន ៣៩ ស្ថាប័ន បានលើកឡើង ពីការរងរបួស ការគម្រាមកំហែង ការចាប់ដាក់ពន្ធធនាគារដោយសារការតវ៉ាទាមទារសិទ្ធិដីធ្លី។

សេចក្តីថ្លែងការណ៍រួមកម្រាស់ ៤ ទំព័របានលើកឡើងពីឫសគល់នៃភាពក្រីក្ររបស់អ្នករងគ្រោះក្រោយការបណ្តេញចេញ ដោយសារតែពួកគេខ្វះសេវាថែទាំសុខភាព ការអប់រំ បាត់បង់មុខរបរ ដីធ្លីធ្វើស្រែចំការ ហើយខ្លះត្រូវចំណាកស្រុក។

តាមរយៈសេចក្តីថ្លែងការណ៍​ ពលរដ្ឋរងគ្រោះដីធ្លី និងអង្គការសង្គមស៊ីវិលទទូចស្នើសុំ​​​​​​​​​រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ត្រូវដោះស្រាយបញ្ហាជូនពលរដ្ឋរងគ្រោះដីធ្លីឱ្យឆាប់រហ័ស គោរពនិងការពារសិទ្ធិជាមូលដ្ឋានរបស់អ្នករងគ្រោះ និង បញ្ឈប់ការបណ្តេញចេញដោយបង្ខំ ការប្រើហិង្សា និងការប្រើប្រព័ន្ធតុលាការគាបសង្កត់លើប្រជាពលរដ្ឋ។ ជាងនេះ គម្រោងអភិវឌ្ឍន៍នានាត្រូវសិក្សាពីផលប៉ះពាល់និងសំណងសមរម្យ ចៀសវាងការបណ្តេញចេញដោយបង្ខំ។

ពលរដ្ឋមានទំនាស់ដីធ្លីនៅព្រលានយន្តហោះថ្មីក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលចេញទាមទាររកដំណោះស្រាយសមរម្យ។រូបភាពពីហ្វេសប៊ុកពលរដ្ឋមានជម្លោះ។

 

អ្នកស្រី ម៉េង គួន តំណាងប្រជាពលរដ្ឋអបសងខាងបណ្តោយផ្លូវរត់ភ្លើងគីឡូម៉ែតលេខ ៦ និយាយថា រយៈពេលជាង ៤ ឆ្នាំមកដែលអ្នកស្រីនិងប្រជាពលរដ្ឋក្នុងសហគមន៍មិនទាន់ទទួលបានដំណោះស្រាយច្បាស់លាស់នៅឡើយទេ។ សម្រាប់អ្នកស្រីការដែលអូសបន្លាយនិងគ្មានដំណោះស្រាយសមរម្យក្នុងបញ្ហាដីធ្លី ធ្វើឱ្យអ្នកស្រីជួបបញ្ហាជាច្រើនទាំងការប្រកបរបបរកស៊ី ការរៀនសូត្ររបស់កូនៗ ហើយការផ្តល់សេវារបស់រដ្ឋក៏មិនបានពេញលេញសម្រាប់សហគមន៍ដែលស្ថិតក្នុងគម្រោងនៃការបណ្តេញចេញមួយនេះ។

អ្នកស្រី ម៉េង គួន៖«កន្លែងខ្ញុំហ្នឹងសូម្បីតែទឹករដ្ឋក៏អត់មានប្រើដែល ចឹង!រាល់ថ្ងៃប្រើទឹកឯកជនទេ មួយគូបដល់បីពាន់រៀល។យើងទាមទារថា មិនទាន់ដោះដូរទេក៏សូមជាទឹករដ្ឋក៏មិនបាន ធ្វើឱ្យយើងលំបាកហើយយើងលក់ដូរកំពេចកំប៉ុកក៏អត់បានវាថមថយ ដូចសេដ្ឋកិច្ចហ្នឹងវាកាន់តែថយចុះទៅៗ។ រាល់ថ្ងៃខ្វល់ខ្វាយគ្រប់សព្វតាំងពីកត្តាជីវភាព បញ្ហារស់នៅ បញ្ហាសុខភាព កូនចៅដែលត្រូវរៀនសូត្រហ្នឹងក៏មិនបានរៀនដិតដល់»។

ទាក់ទងរឿងនេះ វិទ្យុស្ត្រីពុំទាន់អាចទាក់ទងលោក កត្តា អ៊ន អ្នកនាំពាក្យនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដើម្បីឆ្លើយតបនឹងសេចក្តីថ្លែងការណ៍នេះបានទេថ្ងៃនេះ។

នៅក្នុងខែតុលានេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចេញសាលាកប័ត្រព័ត៌មានរបស់ខ្លួនដោយបានរកឃើញករណីនៃការបណ្តេញចេញដោយបង្ខំលើប្រជាពលរដ្ឋរងគ្រោះដីធ្លីក្នុងឆ្នាំ២០២១នេះ មានរហូតដល់ជាង ២០ករណី ស្ថិតក្នុងរាជធានីខេត្តចំនួន ៥ មានរាជធានីភ្នំពេញ ខេត្តកណ្តាល ស្វាយរៀង មណ្ឌលគិរី និងកំពត។ ក្នុងករណីទាំងនោះ ពលរដ្ឋត្រូវរងការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលា ការប្រើប្រាស់ហិង្សា ការគម្រាមកំហែង ហើយការដោះស្រាយទៀតសោតគ្មានសំណងសមរម្យនោះទេ៕  

Share

Image Not Found
Image

ព័ត៌មានទាក់ទង