en     km
en     km

លោក​ ផៃ​ ស៊ី​ផា​ន​ ថា​រាជ​រដ្ឋា​ភិបាល​នឹង​បញ្ចប់​ការ​សហការ​ជា​មួយ​ក្រុម​ហ៊ុន​ សុខ​ គង់​ លើ​ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​

Share

Angkor-Wat--cover-from-HS-page

ខណៈ​រដ្ឋាភិបាល​ប្រកាស​ថា​ នឹង​ដក​ការ​គ្រប់គ្រង​ការ​លក់​សំបុត្រ​ទស្សនា​អង្គរ​ពី​ក្រុមហ៊ុន​ សុខ​ គង់​ មក​គ្រប់គ្រង​​​ដោយ​ខ្លួនឯង​វិញ​ អ្នកវិភាគ​បាន​សាទរ​លើ​ដំណឹង​នេះ​ តែ​ក៏​បាន​ផ្ដល់​​អនុសាសន៍​ថា​ រដ្ឋាភិបាល​ត្រូវ​ពង្រឹង​ប្រព័ន្ធ​អភិបាលកិច្ច​ល្អ​ ប្រកបដោយ​គុណភាព​ តម្លាភាព​ គណនេយ្យ​ភាព​ ដើម្បី​ជៀសវាង​អំពើ​ពុក​រលួយ​ ដែល​សហគមន៍​អន្តរជាតិ​នៅ​តែ​ដាក់​ពិន្ទុ​ក្នុង​កម្រិត​ខ្ពស់​នៅឡើយ​។​

Phay-Siphan
​លោក​ ផៃ​ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី​

​អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ឱ្យ​ដឹង​ថា​ រាជរដ្ឋាភិបាល​នឹង​បញ្ចប់​ការ​សហការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរវត្ត​ជាមួយ​ក្រុមហ៊ុន​ សុខ​ គង់​ ចាប់ពី​ខែមករា​ ដើមឆ្នាំ​២០១៦​ ហើយនឹង​បង្កើត​គ្រឹះស្ថានសាធារណៈរដ្ឋបាល​ ដើម្បី​គ្រប់គ្រង​ធុរកិច្ច​ដោយ​រដ្ឋ​ទាំងស្រុង​។​

​លោក​ ផៃ​ ស៊ី​ផា​ន​ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​នៅ​ថ្ងៃ​សុក្រ​ ទី​៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ថា​ ការ​បង្កើត​គ្រឹះស្ថាន​សាធារណៈរដ្ឋបាល​នេះ​ នឹង​មាន​ក្រសួង​ចំនួន​ពីរ​ចូលរួម​ គឺ​មាន​ក្រសួងទេសចរណ៍​ និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ជា​អន្តរ​ក្រសួង​រៀបចំ​គណៈកម្មាធិការ​។​

​លោក​ ផៃ​ ស៊ី​ផាន​ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​ស្ត្រី​បន្ថែម​ថា​ ការ​បង្កើត​គ្រឹះស្ថានសាធារណៈ រដ្ឋបាល​នេះ​ មាន​ន័យ​ថា​រដ្ឋ​នឹង​គ្រប់គ្រង​ធុរកិច្ច​របស់​រដ្ឋ​ទាំងស្រុង​ គឺ​មិន​បែងចែក​ប្រាក់​ចំណូល​ជាមួយ​វិស័យ​ឯកជន​ទៀត​ទេ​ ព្រោះ​ពេល​នេះ​រាជរដ្ឋាភិបាល​ មាន​លទ្ធភាព​​គ្រប់គ្រាន់​ដោយ​ខ្លួនឯង​ ក្នុង​ការ​គ្រប់គ្រង​ធុរកិច្ច​អង្គរវត្ត​។​

ទាក់ទង​នឹង​គម្រោង​ដក​ការ​គ្រប់គ្រង​អង្គរវត្ត​ មក​វិញ​នេះ​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លោក​ សូ​ ច​ន្ថា​ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា​៖​ «​ជា​ដំណឹង​ល្អ​ ដែល​ប្រជាពលរដ្ឋ​ខែ្ម​រ​ចង់​ឃើញ​ និង​ចង់បាន​ ព្រោះ​វា​អាច​ជួយ​បង្កើន​ចំណូល​ថវិកា​ជាតិ​បន្ថែម​ទៀត​»​។​

​លោក​ សូ​ ច​ន្ថា​ បាន​សរសេរ​បន្ថែម​ថា​ «​ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ​គឺថា​ រដ្ឋាភិបាល​គប្បី​ពង្រឹង​ប្រព័ន្ធ​អភិបាលកិច្ច​ល្អ​ ប្រកប​ដោយ​គុណភាព​ តម្លាភាព​ គណនេយ្យ​ភាព​ខ្ពស់​ ដើម្បី​ជៀសវាង​អំពើ​ពុក​រលួយ​ ដែល​សហ​គម​អន្តរជាតិ​នៅ​តែ​ដាក់​ពិន្ទុ​ក្នុង​កម្រិត​ខ្ពស់​នៅឡើយ​»​។​

ចំណែក​តំណាង​ស​ម័​ន្ធ​គណនេយ្យ​ភាព​សង្គម​នៅ​អាស៊ី​បូព៌ា​ និង​ប៉ា​ស៊ី​ហ្វិ​ក​ប្រចាំ​កម្ពុជា​ លោក​ សន​ ជ័យ​ បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​ ដោយ​លើក​ជា​ច​ម្ង​ល់​ថា​៖​ «​តើ​រដ្ឋ​ត្រូវ​គ្រប់គ្រង​ដោយ​ខ្លួនឯង​ ឬ​បន្ត​ជួល​ឱ្យ​ក្រុមហ៊ុន​បន្ត​ទៀត​?»​

លោក​ សន​ ជ័យ​ បាន​ផ្ដល់​អនុសាសន៍​ថា​ «​បើ​ជួល​ឱ្យ​ក្រុមហ៊ុន​ ត្រូវ​មានការ​ដាក់​ឱ្យ​ដេញថ្លៃ​ជា​សាធារណៈ​ តម្លាភាព​ និង​ការ​ប្រកួតប្រជែង​ជា​អន្តរជាតិ​។​ បើ​គ្រប់គ្រង​ដោយ​ខ្លួនឯង​ ត្រូវ​រៀបចំ​យន្តការ​តម្លាភាព​ និង​ ពង្រឹងសមត្ថភាព​ ធ្វើ​ឱ្យ​ឃើញ​ថា​ ចំណូល​បាន​គ្រាន់បើ​ជាង​មុន​!»​។​

Yang-Saing-Koma
លោក​បណ្ឌិត​ យ៉ង​ សាំង​កុមារ

​ចំណែក​លោក​បណ្ឌិត​ យ៉ង​ សាំង​កុមារ​ ក៏​បាន​បញ្ចេញមតិ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​ផង​ដែរ​ថា​ លោក​គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ ក្នុង​ការ​ដក​ប្រាសាទអង្គរវត្ត​មក​គ្រប់គ្រង​វិញ​នេះ​។​ លោក​យ៉ង​ សាំង​កុមារ​ បន្ថែម​ថា​ លោក​ក៏​ចង់​ឃើញ​រដ្ឋាភិបាល​រក្សា​មួយ​ចំណែក​នៃ​ចំណូល​ពី​ការ​លក់​សំបុត្រ​ ទុក​អភិវឌ្ឍ​ខេត្តសៀមរាប​ ជា​ពិសេស​កសិកម្មសរីរាង្គ​ខេត្តសៀមរាប​ដើម្បី​លើក​ស្ទួយ​មុខមាត់​ខេត្តសៀមរាប​ និង​កម្ពុជា​ថែម​ទៀត​ ។​

អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ លោក​ មាស​ នី​ មាន​ប្រសាសន៍​ថា​ លោក​គាំទ្រ​ការ​ដក​ការ​គ្រប់គ្រង​ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​ពី​ក្រុមហ៊ុន​ សុខ​ គង់​ មក​វិញ​ និង​ថា​វា​គឺជា​ជម្រើស​ដ៏​ល្អ​មួយ​ ។​ លោក​មាស​ នី​ មាន​ប្រសាសន៍​បន្ត​ថា​ លោក​យល់​ថា​ មក​ដល់​ពេល​នេះ​ នៅ​តែ​មានការ​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​បក្ស​ប្រឆាំង​ និង​រដ្ឋាភិបាល​ ថា​មានការ​បាត់បង់​ចំណូល​ពី​ការ​ទស្សនា​អង្គរ​នេះ​ ។​

លោក​ មាស​ នី អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​
លោក​ មាស​ នី អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​

លោក​ មាស​ នី​ ក៏​ផ្ដល់​អនុសាសន៍​ដែរ​ថា​ រដ្ឋាភិបាល​ត្រូវ​មាន​យន្តការ​ក្នុង​ការ​គ្រប់គ្រង​ចំណូល​នោះ​ ដើម្បី​កុំឱ្យ​មាន​បញ្ហា​ថា​ យក​មក​គ្រប់គ្រង​ខ្លួនឯង​ហើយ​ បែរជា​បាត់​ចំណូល​ជាង​ក្រុមហ៊ុន​ទៅ​ទៀត​។​

សូម​ជម្រាប​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ ធ្លាប់​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​ ដកសិទ្ធិ​លក់​សំបុត្រ​ឱ្យ​អ្នកទេសចរ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​ ពី​ក្រុមហ៊ុន​ សុខ​ គង់​ ផង​ដែរ​។​ ជាមួយ​គ្នា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សុ​ន​ ឆ័​យ​ ធ្លាប់​បាន​អះអាង​ថា​ លោក​បាន​រក​ឃើញ​មាន​ភាព​មិន​ប្រក្រតី​ ពី​ចំណូល​នៃ​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​ ដោយ​កម្ពុជា​បាន​បាត់​ចំណូល​រាប់រយ​លាន​ដុល្លារ​ពី​ការ​លក់​សំបុត្រ​នេះ​៕

Share

Image
Image
Image