ខណៈរដ្ឋាភិបាលប្រកាសថា នឹងដកការគ្រប់គ្រងការលក់សំបុត្រទស្សនាអង្គរពីក្រុមហ៊ុន សុខ គង់ មកគ្រប់គ្រងដោយខ្លួនឯងវិញ អ្នកវិភាគបានសាទរលើដំណឹងនេះ តែក៏បានផ្ដល់អនុសាសន៍ថា រដ្ឋាភិបាលត្រូវពង្រឹងប្រព័ន្ធអភិបាលកិច្ចល្អ ប្រកបដោយគុណភាព តម្លាភាព គណនេយ្យភាព ដើម្បីជៀសវាងអំពើពុករលួយ ដែលសហគមន៍អន្តរជាតិនៅតែដាក់ពិន្ទុក្នុងកម្រិតខ្ពស់នៅឡើយ។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីឱ្យដឹងថា រាជរដ្ឋាភិបាលនឹងបញ្ចប់ការសហការលក់សំបុត្រចូលទស្សនាអង្គរវត្តជាមួយក្រុមហ៊ុន សុខ គង់ ចាប់ពីខែមករា ដើមឆ្នាំ២០១៦ ហើយនឹងបង្កើតគ្រឹះស្ថានសាធារណៈរដ្ឋបាល ដើម្បីគ្រប់គ្រងធុរកិច្ចដោយរដ្ឋទាំងស្រុង។
លោក ផៃ ស៊ីផាន បានសរសេរលើហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥ថា ការបង្កើតគ្រឹះស្ថានសាធារណៈរដ្ឋបាលនេះ នឹងមានក្រសួងចំនួនពីរចូលរួម គឺមានក្រសួងទេសចរណ៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអន្តរក្រសួងរៀបចំគណៈកម្មាធិការ។
លោក ផៃ ស៊ីផាន បានបញ្ជាក់ប្រាប់វិទ្យុស្ត្រីបន្ថែមថា ការបង្កើតគ្រឹះស្ថានសាធារណៈ រដ្ឋបាលនេះ មានន័យថារដ្ឋនឹងគ្រប់គ្រងធុរកិច្ចរបស់រដ្ឋទាំងស្រុង គឺមិនបែងចែកប្រាក់ចំណូលជាមួយវិស័យឯកជនទៀតទេ ព្រោះពេលនេះរាជរដ្ឋាភិបាល មានលទ្ធភាពគ្រប់គ្រាន់ដោយខ្លួនឯង ក្នុងការគ្រប់គ្រងធុរកិច្ចអង្គរវត្ត។
ទាក់ទងនឹងគម្រោងដកការគ្រប់គ្រងអង្គរវត្ត មកវិញនេះ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា បានសរសេរលើហ្វេសប៊ុករបស់លោកថា៖ «ជាដំណឹងល្អ ដែលប្រជាពលរដ្ឋខែ្មរចង់ឃើញ និងចង់បាន ព្រោះវាអាចជួយបង្កើនចំណូលថវិកាជាតិបន្ថែមទៀត»។
លោក សូ ចន្ថា បានសរសេរបន្ថែមថា «ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភគឺថា រដ្ឋាភិបាលគប្បីពង្រឹងប្រព័ន្ធអភិបាលកិច្ចល្អ ប្រកបដោយគុណភាព តម្លាភាព គណនេយ្យភាពខ្ពស់ ដើម្បីជៀសវាងអំពើពុករលួយ ដែលសហគមអន្តរជាតិនៅតែដាក់ពិន្ទុក្នុងកម្រិតខ្ពស់នៅឡើយ»។
ចំណែកតំណាងសម័ន្ធគណនេយ្យភាពសង្គមនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកប្រចាំកម្ពុជា លោក សន ជ័យ បានសរសេរនៅលើហ្វេសប៊ុកផ្លូវការរបស់លោក ដោយលើកជាចម្ងល់ថា៖ «តើរដ្ឋត្រូវគ្រប់គ្រងដោយខ្លួនឯង ឬបន្តជួលឱ្យក្រុមហ៊ុនបន្តទៀត?»
លោក សន ជ័យ បានផ្ដល់អនុសាសន៍ថា «បើជួលឱ្យក្រុមហ៊ុន ត្រូវមានការដាក់ឱ្យដេញថ្លៃជាសាធារណៈ តម្លាភាព និងការប្រកួតប្រជែងជាអន្តរជាតិ។ បើគ្រប់គ្រងដោយខ្លួនឯង ត្រូវរៀបចំយន្តការតម្លាភាព និង ពង្រឹងសមត្ថភាព ធ្វើឱ្យឃើញថា ចំណូលបានគ្រាន់បើជាងមុន!»។
ចំណែកលោកបណ្ឌិត យ៉ង សាំងកុមារ ក៏បានបញ្ចេញមតិលើហ្វេសប៊ុកផ្លូវការរបស់លោកផងដែរថា លោកគាំទ្រការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការដកប្រាសាទអង្គរវត្តមកគ្រប់គ្រងវិញនេះ។ លោកយ៉ង សាំងកុមារ បន្ថែមថា លោកក៏ចង់ឃើញរដ្ឋាភិបាលរក្សាមួយចំណែកនៃចំណូលពីការលក់សំបុត្រ ទុកអភិវឌ្ឍខេត្តសៀមរាប ជាពិសេសកសិកម្មសរីរាង្គខេត្តសៀមរាបដើម្បីលើកស្ទួយមុខមាត់ខេត្តសៀមរាប និងកម្ពុជាថែមទៀត ។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក មាស នី មានប្រសាសន៍ថា លោកគាំទ្រការដកការគ្រប់គ្រងការលក់សំបុត្រចូលទស្សនាអង្គរពីក្រុមហ៊ុន សុខ គង់ មកវិញ និងថាវាគឺជាជម្រើសដ៏ល្អមួយ ។ លោកមាស នី មានប្រសាសន៍បន្តថា លោកយល់ថា មកដល់ពេលនេះ នៅតែមានការចោទប្រកាន់គ្នាទៅវិញទៅមករវាងបក្សប្រឆាំង និងរដ្ឋាភិបាល ថាមានការបាត់បង់ចំណូលពីការទស្សនាអង្គរនេះ ។
លោក មាស នី ក៏ផ្ដល់អនុសាសន៍ដែរថា រដ្ឋាភិបាលត្រូវមានយន្តការក្នុងការគ្រប់គ្រងចំណូលនោះ ដើម្បីកុំឱ្យមានបញ្ហាថា យកមកគ្រប់គ្រងខ្លួនឯងហើយ បែរជាបាត់ចំណូលជាងក្រុមហ៊ុនទៅទៀត។
សូមជម្រាបថា គណបក្សសង្គ្រោះជាតិ ធ្លាប់ស្នើឱ្យរាជរដ្ឋាភិបាល ដកសិទ្ធិលក់សំបុត្រឱ្យអ្នកទេសចរចូលទស្សនាប្រាសាទអង្គរវត្ត ពីក្រុមហ៊ុន សុខ គង់ ផងដែរ។ ជាមួយគ្នាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ធ្លាប់បានអះអាងថា លោកបានរកឃើញមានភាពមិនប្រក្រតី ពីចំណូលនៃការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរ ដោយកម្ពុជាបានបាត់ចំណូលរាប់រយលានដុល្លារពីការលក់សំបុត្រនេះ៕