ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង (KCNA) បានរាយការណ៍ថា កាលពីថ្ងៃអង្គារ ទី១៩ ខែតុលា ប្រទេសនេះបានសាកល្បងបាញ់ចេញពីក្រោមផ្ទៃទឹក នូវកាំជ្រួចផ្លោងថ្មីមួយ ដែលធ្វើឱ្យប្រទេសផ្សេងៗនៅក្នុងតំបន់បារម្ភថា ប្រទេសដែលមានអាវុធនុយក្លេអ៊ែរនេះ មានការរីកចម្រើនផ្នែកបច្ចេកវិទ្យាផលិតអាវុធដែលពិបាកស្ទាក់ចាប់។ នេះជាសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានជប៉ុនក្យូដូ នៅថ្ងៃពុធ ទី២០ ខែតុលា។
យោងតាមក្យូដូ នៅថ្ងៃពុធដដែល ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េបានស្រង់សម្ដីបណ្ឌិតសភាវិទ្យាសាស្ត្រយោធាមកផ្សាយថា កាំជ្រួចថ្មីនេះមាន«បច្ចេកវិទ្យាជឿនលឿនជាច្រើនសម្រាប់គ្រប់គ្រងការនាំផ្លូវ រួមទាំងការហោះឆ្វេងស្ដាំ និងការហោះសំកាំង»។
ដោយផ្អែកតាមក្រុមអ្នកជំនាញ សេចក្ដីរាយការណ៍របស់ក្យូដូរំលេចឱ្យដឹងថា ប្រទេសកូរ៉េខាងជើងមានបំណងពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន តាមរយៈការអភិវឌ្ឍសព្វាវុធថ្មីៗជាច្រើន ដោយសារតែមានក្ដីសង្ឃឹមតិចតួចប៉ុណ្ណោះ ក្នុងការបើកកិច្ចចរចាឡើងវិញនាពេលឆាប់ៗនេះ ជាមួយសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តសន្តិសុខរបស់អាមេរិក។
ក្យូដូបន្តថា ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ បានលើកឡើងពីជោគជ័យរបស់បណ្ឌិតសភាវិទ្យាសាស្ត្រយោធាកូរ៉េខាងជើង ក្នុងការសាកល្បងបាញ់កាំជ្រួចថ្មីចេញពីនាវាមុជទឹក «៨២៤ យ៉ុងហ៊្គុង» ដូចកាំជ្រួចផ្លោងយុទ្ធសាស្ត្រដំបូងដែលត្រូវបានបាញ់ចេញដោយជោគជ័យកាលពី ៥ ឆ្នាំមុនដែរ។
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានរាយការណ៍ថា មីស៊ីលដែលត្រូវបានបាញ់ចេញ កាលពីថ្ងៃអង្គារ បានហោះក្នុងចម្ងាយប្រហែល ៥៩០ គីឡូម៉ែត្រ និងបានឡើងដល់កម្ពស់ប្រហែល ៦០ គីឡូម៉ែត្រ។ នេះបើតាមក្យូដូ ដែលរម្លឹកថា សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានហាមឃាត់កូរ៉េខាងជើងមិនឱ្យបាញ់កាំជ្រួចផ្លោងទេ។
ក្យូដូព្រមានដោយផ្អែកតាមអ្នកជំនាញផ្នែកការពារជាតិម្នាក់ថា គេពិបាកចាប់សញ្ញានិងតាមដានកាំជ្រួចផ្លោងដែលបាញ់ចេញពីក្រោមផ្ទៃទឹកណាស់ ហើយបញ្ហានេះបង្កើនការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ឱ្យឡើងដល់កំរិតថ្មី ជាពិសេសចំពោះបណ្តាប្រទេសនៅតំបន់អាស៊ីបូព៌ា ដូចជាកូរ៉េខាងត្បូងនិងជប៉ុនជាដើម៕