ព្រឹទ្ធសភានៃរដ្ឋ វីសខនស៊ីន ត្រៀមខ្លួនបោះឆ្នោតនៅថ្ងៃពុធ ទី២០ ខែតុលា លើកញ្ចប់សេចក្ដីព្រាងច្បាប់នានា ដែលសរសេរដោយគណបក្សសាធារណរដ្ឋ ក្នុងគោលបំណងរារាំងការរំលូតកូននៅក្នុងរដ្ឋមួយនេះរបស់សហរដ្ឋអាមេរិក។ នេះជាសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានអេភី នៅថ្ងៃពុធដដែល។
ប្រភពរៀបរាប់ថា សេចក្ដីព្រាងច្បាប់មួយនឹងបញ្ឈប់ការផ្ដល់មូលនិធិឱ្យអ្នករកស៊ីជួយរំលូតកូន ដោយហាមឃាត់ពួកគេមិនឱ្យចូលរួមក្នុងសេវាកម្មថែទាំវេជ្ជសាស្ត្ររបស់រដ្ឋាភិបាល (Medicaid) លើកលែងតែក្នុងករណីនៃការរំលោភបំពានផ្លូវភេទ ឬស្មន្ធការដែលសំដៅដល់ការរួមរ័កគ្នាក្នុងរង្វង់សាច់ញាតិ ឬក្នុងករណីដែលជីវិតរបស់ស្ត្រីពពោះស្ថិតក្នុងគ្រោះថ្នាក់។
សំណើច្បាប់មួយទៀត យោងតាមអេភីដដែល នឹងតម្រូវឱ្យគ្រូពេទ្យប្រាប់ស្ត្រីទាំងឡាយ ដែលស្វែងរកសេវារំលូតកូនតាមរយៈការលេបថ្នាំតាមរបបទៀតទាត់ ថាពួកគេនៅតែអាចប្តូរចិត្ត បន្ទាប់ពីលេបថ្នាំលើកដំបូង ហើយនៅតែអាចបន្តរក្សាគភ៌បាន។
អេភីបន្ថែមថា សេចក្ដីស្នើច្បាប់ទីបីនឹងតម្រូវឱ្យគ្រូពេទ្យធានាចំពោះឪពុកម្តាយរបស់ទារកក្នុងផ្ទៃថា ពួកគេទទួលបានព័ត៌មានអំពីស្ថានភាពមិនល្អនៃទារកក្នុងផ្ទៃ ពេលណាពិនិត្យពោះឃើញលក្ខខណ្ឌមិនល្អពីកំណើត។
រីឯសេចក្ដីព្រាងច្បាប់ចុងក្រោយនឹងហាមឃាត់ការរំលូតកូន ដោយផ្អែកលើភេទ ឬអំបូរ ឬដើមកំណើតរបស់ទារកក្នុងផ្ទៃ។ អេភីបញ្ជាក់ឱ្យដឹងដូច្នេះ។
ទីភ្នាក់ងារសារព័ត៌មាននេះពិពណ៌នាថា សេចក្ដីព្រាងច្បាប់ទាំងនេះលេចចេញមក ចំពេលដែលអ្នកគាំទ្រសិទ្ធិរំលូតកូនបារម្ភថា តុលាការកំពូលសហរដ្ឋអាមេរិកអាចនឹងលុបសេចក្ដីសម្រេច រ៉ូ វី វ៉េដ (Roe v. Wade) ដែលជាសំណុំរឿងដ៏សំខាន់ក្នុងឆ្នាំ ១៩៧៣ ទាក់ទងនឹងការផ្តល់ភាពស្របច្បាប់ដល់ការរំលូតកូន មុនពេលទារកអាចរស់នៅខាងក្រៅស្បូនបាន។
បើតាមអេភី រដ្ឋបាលលោកប្រធានាធិបតី ចូ ប៊ីដិន កាលពីថ្ងៃចន្ទ បានស្នើសុំឱ្យតុលាការកំពូលរារាំងច្បាប់របស់រដ្ឋ តិចសាស់ ដែលហាមឃាត់ការរំលូតកូន នៅពេលមានសញ្ញាអំពីសកម្មភាពបេះដូងរបស់គភ៌ ដែលជាធម្មតាគភ៌មានអាយុប្រហែល ៦ សប្តាហ៍ និងនៅពេលដែលស្ត្រីខ្លះមិនទាន់ដឹងថាពួកគេមានផ្ទៃពោះ។
អេភីកត់សម្គាល់ឃើញថា ច្បាប់នេះគឺជាការទប់ស្កាត់តឹងរ៉ឹងបំផុតលើការរំលូតកូននៅក្នុងសហរដ្ឋអាមេរិក៕