នៅឆ្នាំ២០៣០ ពលរដ្ឋកម្ពុជា នឹងទទួលបានរបបអាហារប្រកបដោយសុខុមាលភាព និងសុវត្ថិភាព ដោយមានការយកចិត្តទុកដាក់ជាចម្បងលើស្ត្រី និងកុមារ និងការផ្លាស់ប្ដូរស្ថានភាពនៃអាហាររូបត្ថម្ភ។
នេះជាការថ្លែងរបស់ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ក្នុងឱកាសចូលរួមប្រារព្ធខួបលើកទី៤១ នៃទិវាស្បៀងអាហារពិភពលោក ដែលបានរៀបចំឡើងនៅខេត្តព្រៃវែងកាលពីថ្ងៃសៅរិ៍សប្ដាហ៍មុន ក្រោមប្រធានបទ “សកម្មភាពយើងគឺជាអនាគតយើង ផលិតកម្មល្អ អាហារូបត្ថម្ភល្អ បរិស្ថានល្អ នាំឱ្យជីវិតយើងកាន់តែប្រសើរ”។
ឯកឧត្ដមបន្តថា នៅកម្ពុជាគ្រួសារក្រីក្រ និងងាយរងគ្រោះ កំពុងប្រឈម នឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដោយសារបញ្ហាកូវីដ១៩ ប្រជាពលរដ្ឋភាគច្រើនពឹងផ្អែកលើប្រភពចំណូលផ្សេងៗ រួមមាន ការធ្វើស្រែចម្ការ ការស៊ីឈ្នួល ដោយលក់កម្លាំងពលកម្ម សកម្មភាពមិនមែនកសិកម្ម និងប្រាក់បញ្ញើពីពលករចំណាកស្រុក ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។
ម៉្យាងវិញទៀត យោងតាមការវាយតម្លៃផលប៉ះពាល់សង្គមសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិនៅកម្ពុជា បានឱ្យដឹងថា ជាងពាក់កណ្តាលនៃគ្រួសារនៅកម្ពុជាត្រូវកាត់បន្ថយ បរិមាណ និងគុណភាពអាហាររបស់ពួកគេក្នុងអំឡុងពេលមានជំងឺរាតត្បាតនេះផងដែរ ។
ដូចនេះហើយ ទើបក្នុងឱកាសទិវាស្បៀងអាហារពិភពលោកលើកទី៤១ ឆ្នាំនេះ កម្ពុជាមានការរៀបចំឡើងជាពិសេសក្នុងន័យបំផុស ស្មារតីសាធារណជនឱ្យយល់ដឹង និងទទួលស្គាល់អំពីតួនាទីយ៉ាងសំខាន់នៃវិស័យកសិកម្ម ក្នុងការដោះស្រាយបញ្ហាសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ និងអភិវឌ្ឍន៍ជនបទ ដែលគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ត្រូវមានឆន្ទៈចូលរួមឱ្យបានសកម្ម សំដៅឈានទៅរកការបញ្ចប់ភាពអត់ឃ្លានរបស់ប្រជាជនកម្ពុជា ក្នុងនោះស្ត្រី និងកុមារ នឹងត្រូវបានយកចិត្តទុកដាក់ជាចម្បងនៅក្នុងការកំណត់ចក្ខុវិស័យនេះ៕
រូបភាពតំណាងពី គាំពារសង្គមកម្ពុជា