ភ្នំពេញ៖ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា)ពិនិត្យឃើញមានករណីផ្តល់កិច្ចអន្តរាគមន៍ពីមន្រ្តីថ្នាក់លើដល់អាជ្ញាធរថ្នាក់ក្រោមអាចយាយីអ្នកសារព័ត៌មានមិនឱ្យបំពេញបេសសកម្មការងារបានពេញលេញ។ នេះបើផ្អែកតាមរបាយការណ៍ឃ្លាំមើលប្រចាំត្រីមាសជាលើកដំបូង ស្ពីពីស្ថានភាពអ្នកសារព័ត៌មាននៅកម្ពុជា ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលានេះលើទំព័រហ្វេសប៊ុករបស់ខេមបូចា។
របាយការណ៍នេះការកត់សម្គាល់ឃើញថា ក្រសួងព័ត៌មានបានអនុញ្ញាតឱ្យអាជ្ញាធរអាចចោទប្រកាន់អ្នកសារព័ត៌មានតាមផ្លូវច្បាប់ និងអាចបណ្តេញអ្នកសារព័ត៌មានដែលរាយការណ៍ករណីជម្លោះដីធ្លី ឬវិវាទការបណ្តេញចេញជាដើម ក្នុងតំបន់ដែលកំពុងមានទំនាស់។
របាយការណ៍ដែលបានដកស្រង់ករណីកើតឡើងពីខែកក្កដា ដល់ខែកញ្ញាឆ្នាំ២០២១នេះ បានរកឃើញផងដែរ នូវករណីរំលោភសិទ្ធិបញ្ចេញមតិដោយសេរីរបស់អ្នកសារព័ត៌មានចំនួន ៩ អំឡុងត្រីមាសនេះ។
ជាងនេះទៀតរបាយការណ៍របស់ខេមបូចា ក៏បានលើកឡើងពីករណីយាយីលើអ្នកសារព័ត៌មានចំនួន ៨ ដែលបានរាយការណ៍អំពីជម្លោះដីធ្លី រួមទាំងករណីចម្រូងចម្រាសនៃគម្រោងអភិវឌ្ឍព្រលានយន្តហោះថ្មីនៅខេត្តកណ្តាល។ អ្នកសារព័ត៌មានទាំង ៨ នាក់នោះត្រូវបានយាយី និងម្នាក់ក្នុងចំណោមពួកគេត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ។
ទាក់ទងរឿងនេះ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានធ្លាប់ប្រាប់វិទ្យុស្រ្តីថា ការរារាំង ការហាមឃាត់ ឬមិនអនុញ្ញាតឱ្យអ្នកសារព័ត៌មានចុះយកព័ត៌មានក្នុងតំបន់ដែលមានភាពចម្រូងចម្រាសមួយចំនួន គឺដើម្បីធានាដល់ដំណើរការការងាររបស់សមត្ថកិច្ច ឬអាជ្ញាធរ និងជៀសវាងគ្រោះថ្នាក់ដល់មន្រ្តីអនុវត្តបេសសកម្មនិងអ្នកសារព័ត៌មានផងដែរ៕