en     km
en     km

តើគេវាស់វែងនិងចាត់ចំណាត់ថ្នាក់សន្ទស្សន៍នីតិរដ្ឋប្រទេសលើពិភពលោកដោយរបៀបណា?

Share

ភ្នំពេញ៖ ប្រទេសកម្ពុជាមានលេខរៀង ១៣៨ ក្នុងចំណោមប្រទេស ១៣៩ លើពិភពលោក ដែលជាចំណាត់ថ្នាក់មួយទាបបំផុតលើការអនុវត្តនីតិរដ្ឋ។ នេះជាលទ្ធផលស្ថិតនៅបាតតារាងតែម្តង ដែលអង្គការគម្រោងយុត្តិធម៌ពិភពលោក(World Justice Project-WJP)​បានវាយតម្លៃសម្រាប់ឆ្នាំ ២០២១នេះ។

តើអង្គការគម្រោងយុត្តិធម៌ពិភពលោកផ្អែកលើសូចនាករអ្វីខ្លះចំពោះការវាយតម្លៃលើការអនុវត្តនីតិរបស់ប្រទេសនីមួយៗលើពិភពលោក?

ទាក់ទងរឿងនេះ លោក កែវ​ សុខា សូមលើកយកចំណុចសំខាន់ៗទាំង ៨ ដែលជាកត្តាវាស់វែងពីសន្ទស្សន៍នីតិរដ្ឋ​ របស់អង្គការគម្រោងយុត្តិធម៌ពិភពលោក(World Justice Project-WJP)ដូចតទៅ!

 

សន្ទស្សន៍នីតិរដ្ឋឆ្នាំ២០២១ របស់អង្គការគម្រោងយុត្តិធម៌ពិភពលោក (WJP) ជារបាយការណ៍ចុងក្រោយប្រចាំឆ្នាំដែលវាស់វែងពីនីតិរដ្ឋ ដោយផ្អែកលើបទពិសោធន៍និងការយល់ឃើញរបស់ប្រជាពលរដ្ឋទូទៅអ្នកជំនាញផ្នែកច្បាប់ក្នុងប្រទេសសមី និងអ្នកជំនាញផ្សេងៗទៀតនៅទូទាំងពិភពលោក។

សន្ទស្សន៍នីតិរដ្ឋរបស់អង្គការគម្រោងយុត្តិធម៌ពិភពលោក (WJP) ផ្អែកលើទិន្នន័យប្រចាំឆ្នាំ ដោយការស្ទង់មតិថ្នាក់ជាតិលើក្រុមគ្រួសារជិត ១៤ម៉ឺនគ្រួសារ (១៣៨.០០០) និងអ្នកអនុវត្តច្បាប់ ព្រមទាំងអ្នកជំនាញចំនួន ៤ ពាន់ ២ រយនាក់ (៤.២០០) នៅជុំវិញពិភពលោក។​

ក្នុងចំណោមប្រទេសចំនួន ១៣៩នៅទូទាំងពិភពលោកគេឃើញមានប្រទេសចំនួន៣ ដែលមានសន្ទស្សន៍នីតិរដ្ឋល្អឈរលើកំពូលតារាង។ នោះគឺប្រទេសដាណឺម៉ាកឈរនៅលំដាប់ទី១ តាមពីក្រោយដោយប្រទេសន័រវែសឈរនៅលេខរៀងទី២ និងទី៣ គឺប្រទេសហ្វាំងឡង់។

បើងាកឡេកមកមើលប្រទេសដែលមានសន្ទស្សន៍នីតិរដ្ឋបាតតារាវិញ ចុងប៉ូចគេ គឺប្រទេសវេណេហ្ស៊ុយលេខរៀងទី១៣៩ ប្រទេសកម្ពុជាតោងពីក្រោយលេខរៀង១៣៨ និងប្រទេស កុងហ្គោ (Congo) លេខរៀង១៣៧។

ចំណែកការផ្ដល់ចំណាត់ថ្នាក់នីតិរដ្ឋវិញ អង្គការគម្រោងយុត្តិធម៌ពិភពលោកបានធ្វើឡើងតាមរយៈការសិក្សានិងវាយតម្លៃដោយផ្អែកលើសូចនាករសំខាន់ៗចំនួន ៨ ចំណុច ទី១៖ដែនកំណត់អំណាចរដ្ឋាភិបាល ទី២៖ការលុបបំបាត់អំពើពុករលួយ ទី៣៖រដ្ឋាភិបាលបើកទូលាយ ទី៤៖សិទ្ធិជាមូលដ្ឋាន ទី៥៖សណ្ដាប់ធ្នាប់និងសន្តិសុខ ទី៦៖ការអនុវត្តបទប្បញ្ញត្តិ ទី៧៖ យុត្តិធម៌ស៊ីវិល និងទី៨៖យុត្តិធម៌ព្រហ្មទណ្ឌ។

តទៅនេះយើងនឹងទៅលម្អិតពីចំណុចទាំង ៨ នេះ ដែលជាកត្តាវាស់វែងពីការអនុវត្តនីតិរដ្ឋរបស់ប្រទេសនីមួយៗក្នុងពិភពលោក។

ទី១៖ដែនកំណត់អំណាចរដ្ឋាភិបាល។ ដែនកំណត់អំណាចរដ្ឋាភិបាលត្រូវបានវាស់វែងដោយកត្តាចំនួន ៦ផ្សេងទៀតក្នុងនោះ ទី១៖គឺត្រូវវាស់ថាតើ ស្ថាប័នអង្គនីតិបញ្ញត្តិមានឯករាជ្យភាពនិងសមត្ថភាពត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពលើអំណាចរបស់រដ្ឋាភិបាលឬទេ? ​ទី២៖គឺពិនិត្យមើលថាតើប្រព័ន្ធតុលាការមានឯករាជ្យភាពនិងសមត្ថភាពក្នុងការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពលើការអនុវត្តរបស់រដ្ឋាភិបាលឬទេ។ទី៣៖ តើស្ថាប័នសិទ្ធិមនុស្សជាតិមានសមត្ថភាពនិងឯករាជ្យភាពក្នុងត្រួតពិនិត្យការអនុវត្តរបស់រដ្ឋាភិបាលឬទេ? ទី៤៖ពិនិត្យលើមន្រ្តីរដ្ឋាភិបាលត្រូវបានដាក់ទណ្ឌកម្មចំពោះការប្រព្រឹត្តខុសឬត្រូវបានផ្តន្ទាទោសចំពោះការប្រព្រឹត្តមិនត្រឹមត្រូវជាផ្លូវការនិងការរំលោភបំពានផ្សេងទៀតដែរឬទេ។ទី៥៖វាស់ថាតើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អង្គការសង្គមស៊ីវិល គណបក្សនយោបាយ មានសេរីភាពក្នុងការរាយការណ៍

និងធ្វើអត្ថាធិប្បាយអំពីគោលនយោបាយរបស់រដ្ឋាភិបាលដោយមិនខ្លាចការសងសឹកឬទេ។និងទី៦៖វាស់វែងថាតើមន្រ្តីរដ្ឋាភិបាលជាប់ឆ្នោតឬតែងតាំងដោយអនុលោមតាមវិធាននិងនីតិវិធីដែលបានកំណត់ចេញពីរដ្ឋធម្មនុញ្ញត្រឹមត្រូវឬទេ។

ចំណុចទី២៖ទាក់ទងការលុបបំបាត់អំពើពុករលួយវិញ គេវាស់វែងថាតើមន្រ្តីរដ្ឋាភិបាលតាមក្រសួង មន្រ្តីសមាជិកសភា មន្រ្តីតុលាការ មន្រ្តីប៉ូលីសនិងយោធា បានប្រើការិយាល័យសាធារណៈដើម្បីផលប្រយោជន៍ឯកជនឬទេ?

រីឯចំណុចទី៣៖ត្រង់រដ្ឋាភិបាលបើកទូលាយវិញ គេពិនិត្យមើលថាតើ ច្បាប់ឬទិន្នន័យរបស់រដ្ឋាភិបាល​ត្រូវបានផ្សព្វផ្សាយជាសាធារណៈនិងមានភាពងាយស្រួលអាននិងយល់ដល់មហាជនឬទេ?មួយទៀតគឺសិទ្ធិទទួលបានព័ត៌មានរបស់ពលរដ្ឋមានភាពទូលំទូលាយកម្រិតណា?ត្រង់ចំណុចរដ្ឋាភិបាលបើកទូលាយនេះ គឺការចូលរួមរបស់ពលរដ្ឋ។ចំណុចនេះគេវាស់ត្រង់ប្រសិទ្ធភាពយន្តការចូលរួមរបស់ពលរដ្ឋរួមទាំងការការពារសេរីភាពនៃការបញ្ចេញមតិនិងការជួបប្រជុំនិងសមាគមនិងសិទ្ធិក្នុងការដាក់ញត្តិទៅរដ្ឋាភិបាល។ និងចុងក្រោយគឺយន្តការបណ្តឹងតវ៉ា។ ចំណុចនេះគេវាស់ថាតើ មន្រ្តីរដ្ឋាភិបាលឆ្លើយតបបែបណាចំពោះពាក្យបណ្តឹងរបស់ពលរដ្ឋដែលប្តឹងមន្រ្តីរដ្ឋាភិបាលណាមួយអំពីការផ្តល់សេវាសាធារណៈ។

ងាកមកចំណុចទី៤៖គឺសិទ្ធិជាមូលដ្ឋាន។ សិទ្ធិជាមូលដ្ឋាននេះ ទី១៖គេវាស់ទៅលើការផ្តល់សេវាកម្មសាធារណៈ ការងាររបស់តុលាការ តើមានការរើសអើងលើស្ថានភាពសេដ្ឋកិច្ចសង្គម យេនឌ័រ ឬជនជាតិភាគតិច និងការរើសអើងសាសនា និន្នាការ ភេទ ឬអត្តសញ្ញាណយេនឌ័រឬទេ? ទី២៖គឺគេពិនិត្យសិទ្ធិរស់រានមានជីវិតនិងសន្តិសុខរបស់បុគ្គល។ត្រង់ចំណុចនេះគេវាស់ទៅលើតើ សមត្ថកិច្ចឬអាជ្ញាធររដ្ឋបានធ្វើបាបរាងកាយជនសង្ស័យ ឬឧក្រិដ្ឋកម្មកំឡុងពេលចាប់ខ្លួននិងសួរចម្លើយឬទេ?តើសកម្មជននយោបាយឬអ្នកធ្វើការលើប្រព័ន្ធផ្សព្វផ្សាយត្រូវរងការចាប់ខ្លួន ការឃុំខ្លួន ការចាប់ដាក់ពន្ធនាគារ ការគំរាមកំហែង ឬការរំលោភបំពានដោយមិនសមហេតុផលឬទេ? សិទ្ធិជាមូលដ្ឋានមួយទៀតដែរគេវាស់ លើសេរីភាពនៃការបញ្ចេញមតិនិងសេរីភាពនៃជំនឿនិងសាសនា សេរីភាពក្នុងការជួបប្រជុំ និងការបង្កើតសមាគម សិទ្ធិការងារជាមូលដ្ឋាន ត្រូវបានធានាប្រកបដោយប្រសិទ្ធភាព។

ចំណុចទី៥៖សណ្ដាប់ធ្នាប់និងសន្តិសុខ។ ចំណុចនេះគេពិនិត្យមើលទៅលើប្រសិទ្ធភាព​នៃការគ្រប់គ្រងឧក្រិដ្ឋកម្មរួមទាំងអំពើមនុស្សឃាត ការចាប់ជំរិត ការលួច ការលួចប្លន់ប្រដាប់អាវុធនិងការជំរិតទារប្រាក់ជម្លោះប្រដាប់អាវុធនិងភេរវកម្មជាដើម។

ចំណុចទី៦៖ការអនុវត្តបទប្បញ្ញត្តិ។ចំណុចនេះគេពិនិត្យបទបញ្ជារបស់រដ្ឋាភិបាលត្រូវបានអនុវត្តនិងអនុវត្តដោយគ្មានឥទ្ធិពលមិនត្រឹមត្រូវ។

រីឯចំណុចទី៧៖ គឺយុត្តិធម៌ស៊ីវិល។ចំណុចនេះគេវាស់ថាតើ ប្រជាជនអាចទទួលបាននិងមានលទ្ធភាពទទួលបានយុត្តិធម៌ស៊ីវិលក្នុងប្រព័ន្ធតុលាការឬទេ?

និងចំណុចទី ៨ ចុងក្រោយ៖គឺយុត្តិធម៌ព្រហ្មទណ្ឌ។ ត្រង់ចំណុចនេះគេពិនិត្យថាតើជនលើសទទួលបានស៊ើបអង្កេតនិងការចោទប្រកាន់ត្រឹមត្រូវឬទេ? មួយទៀតតើប៉ូលីស និងព្រះរាជអាជ្ញាធរធ្វើការដោយពុំមានភាពពុករលួយឬទេ? ត្រង់ចំណុចយុត្តិធម៌ព្រហ្មទណ្ឌនេះដែរ ក៏ពិនិត្យលើភាពលម្អៀងរបស់ប៉ូលីសនិងចៅក្រមផងដែរលើអំពើពុករលួយ ឯករាជ្យភាពគ្មានឥទ្ធិពលពីនយោបាយ និងការរើសអើងស្ថានភាពសេដ្ឋកិច្ច សង្គម យេនឌ័រ ជនជាតិភាគតិច សាសនា ដើមកំណើតជាតិ អត្តសញ្ញាណភេទ ឬអត្តសញ្ញាណយេនឌ័រជាដើម។

ទាំងនេះជាចំណុចសង្ខេបត្រួសៗនៃសូចករទាំង ៨ ចំណុចនៃការវាស់វែងសន្ទស្សន៍នីតិរដ្ឋប្រទេសទាំង១៣៩លើពិភពលោករបស់អង្គការគម្រោងយុត្តិធម៌ពិភពលោក (WJP)ដែលចេញផ្សាយ ​កាលពី​ថ្ងៃទី១៤ ខែ​តុលា។ ដោយឡែកកាលពីឆ្នាំ២០២០ អង្គការនេះបានចាត់ចំណាត់ថ្នាក់នីតិរដ្ឋនៅកម្ពុជានៅលេខរៀងទី១២៧ ដែលជាចំណាត់ថ្នាក់ទាបជាងគេបំផុត ក្នុងចំណោមប្រទេសចំនួន ១២៨៕

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង