នៅព្រឹកថ្ងៃ សុក្រ ទី ០៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ ក្រសួងសាធារណការ និង ដឹកជញ្ជូន កម្ពុជា បានរៀបចំសិក្ខាសាលា ជាមួយក្រសួងរៀបចំដែនដី និងដឹកជញ្ជូនទេសចរណ៍ប្រទេសជប៉ុន ក្នុងគោលបំណង ដើម្បីពិភាក្សាអំពីបញ្ហាថ្មីៗទាក់ទងនឹងការចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស ធ្វើយ៉ាងណាឲ្យមានសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ។
ការពិភាក្សានេះរៀបចំឡើងដោយក្រសួងសាធារណការ និង ដឹកជញ្ជូនកម្ពុជា ជាមួយក្រសួងរៀបចំដែនដី និងដឹកជញ្ជូនទេសចរណ៍ប្រទេសជប៉ុន នៅថ្ងៃទី ០៦ ខែវិច្ឆិកានេះ។
រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោកស្រី មិន មានវី បានមានប្រសាសន៍តាមរយៈអ្នកបកប្រែថា ប្រភេទយានយន្ត ដែលបានជួសជុលមិនត្រឹមត្រូវ បានបង្កឲ្យមានផលប៉ះពាល់ដល់សុវត្ថិភាពចរាចរណ៍ និងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា។ លោកស្រីថា បញ្ហានេះត្រូវតែដោះស្រាយជាបន្ទាន់។ «ប្រភេទនៃយានយន្តបានបង្កនូវបញ្ហាសុវត្ថិភាពចរាចរណ៍ និងសម្រាប់បញ្ហាបរិស្ថានផងដែរ ជាមួយនឹងការជួសជុលមិនត្រឹមត្រូវ ជាមួយនឹងលក្ខខណ្ឌមួយចំនួន វាប៉ះពាល់គ្រោះថ្នាក់ឧបទ្ទេវហេតុចរាចរណ៍នៅក្នុងប្រទេសកម្ពុជា ហើយអ្វីដែលជាការសំខាន់ថែមទៀតនោះ គឺប្រព័ន្ធនៃការចុះបញ្ជី និងត្រួតពិនិត្យ ត្រូវបានប្រើប្រាស់ជាង១០ឆ្នាំមកហើយ ហើយវាមិនស្របទៅតាមភាពរីកលូតលាស់ចម្រើននៃយានយន្ត និងការគ្រប់គ្រងយានយន្ត និងប្រព័ន្ធគ្រប់គ្រង។ ដូច្នេះហើយការដោះស្រាយបញ្ហាទាំងអស់នេះគួរត្រូវតែដោះស្រាយជាបន្ទាន់»។
លោកស្រីបន្តថា សិក្ខាសាលានៅថ្ងៃនេះផ្តោតជាសំខាន់ទៅលើសកម្មភាពថ្មីៗនានា ក្នុងការធ្វើឲ្យប្រសើរទ្បើង នូវការចុះបញ្ជីយានយន្តនឹងរដ្ឋបាល នៃការត្រួតពិនិត្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងការផ្លាស់ប្តូរបទពិសោធន៍ពីប្រទេសជប៉ុន នៅក្នុងគម្រោងមួយនេះ។ លោកស្រីថា៖ «ការចុះបញ្ជីយានយន្តនឹងការត្រួតពិនិត្យយានយន្ត ជាកត្តាសំខាន់ក្នុងការធ្វើឲ្យប្រសើរទ្បើងនូវសុវត្ថិភាពចរាចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងតាមឲ្យទាន់នូវកំណើននៃយានយន្ត និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងភ្ជាប់ជាមួយនឹងខេត្ត និងបណ្តាភ្នាក់ងារផ្សេងទៀតដែលពាក់ព័ន្ធ ដូចជាអគ្គនាយកដ្ឋានពន្ធដា អគ្គនាយកដ្ឋានគយ និងរដ្ឋករនៃកម្ពុជា និងប្រព័ន្ធត្រួតពិនិត្យចុះបញ្ជី ដែលមានទំនាក់ទំនងគ្នាពាក់ព័ន្ធទៅនឹងការកាន់កាប់កម្មសិទ្ធិនៃយានយន្ត»។
ទាក់ទងករណីខាងលើនេះដែរ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូន ក្រសួងសាធារណការ និងដឹកជញ្ជូន លោក ចាន់ តារា បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះដែរថា ពេលបច្ចុប្បន្ននេះប្រទេសកម្ពុជាមានមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចំនួន៦កន្លែង។ លោកថា ក្នុងការត្រួតពិនិត្យយានយន្តនេះ រាល់យានយន្តតាមបណ្តាខេត្តទាំងអស់ អាចទៅធ្វើការត្រួតពិនិត្យបានទៅលើទីតាំងទាំង៦នោះ មានរាជធានីភ្នំពេញ ២កន្លែង ក្នុងនោះ១នៅកន្លែងចាស់ គឺអគ្គនាយកដ្ឋានដឹកជញ្ជូន នៅពេលបច្ចុប្បន្ននេះគឺជិតស្នងការដ្ឋានរាជធានី ហើយ១កន្លែងទៀតនៅតាមផ្លូវទៅចំការដូងស្ទឹងមានជ័យ និងនៅកំពង់ចាម សៀមរាប បាត់ដំបង និងក្រុងព្រះសីហនុ ហើយទិសដៅអនាគតនឹងមានកន្លែងត្រួតពិនិត្យបច្ចេសទេសយានយន្តគ្រប់ខេត្តក្រុងទាំងអស់។
លោកចាន់ តារា បន្តថា គិតចាប់តាំងពីឆ្នាំ១៩៩៣រហូតមកដល់បច្ចុប្បន្ន យានយន្តដែលបានមកត្រួតពិនិត្យបច្ចេកទេសមានចំនួន៣លានគ្រឿង រីឯយានយន្តដែលមិនទាន់បានចុះបញ្ជី គឺលោកមិនអាចប៉ាន់ស្មានបាននោះទេ។
សូមជម្រាបថា ក្នុងសិក្សាសាលានេះ ក្រុមន្ត្រីឲ្យដឹងថា អ្នកប្រើប្រាស់យានយន្តដែលមិនបានយកទៅចុះបញ្ជី និងមិនបានយកទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេស គឺជាការល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ហើយអ្នកទាំងនោះនឹងត្រូវទទួលការពិន័យ។ ប៉ុន្តែក្រុមមន្ត្រីមិនបានបញ្ជាក់ថា តើការពិន័យនោះមានកម្រិតណានោះទេ៕