កុមារាម្នាក់ ត្រូវបានរថភ្លើងកិនបណ្ដាលអោយដាច់ដៃខាងឆ្វេង និងជើងទាំងសងខាង ព្រមទាំងរបួសក្បាលហូរឈាមធ្ងន់ធ្ងរ បច្ចុប្បន្នកំពុងប្រកាសស្វែងរកសាច់ញាតិនៅឯមន្ទីរពេទ្យ។
កុមារាម្នាក់ត្រូវបានគេស្គាល់មានឈ្មោះថា ឈើម អាយុ១៥ ត្រូវបានរថភ្លើងកិនបណ្ដាលអោយដាច់ដៃខាងឆ្វេង និងជើងទាំងសងខាង ព្រមទាំងរបួសក្បាលហូរឈាមធ្ងន់ធ្ងរ កាលពីថ្ងៃព្រឹកថ្ងៃអាទិត្យ ទី១០ ខែតុលា វេលាម៉ោងប្រមាណ ៤ជិតភ្លឺនៅចំណុចផ្លូវរថភ្លើង (ខ្សែភ្នំពេញ-កំពត)ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ កុមារារងគ្រោះ ត្រូវបានគេស្គាល់ថាមានឈ្មោះ ឈើម អាយុ១៥ឆ្នាំ។
ក្រោយកើតហេតុនគរបាលបាលប៉ុស្តិ៍ចោមចៅទី ៣ បានចុះទៅកន្លែងកើតហេតុផ្ទាល់ និងបានហៅរថយន្តសង្គ្រោះអង្គភាពលេខ ៧០ ដឹកទៅពេទ្យគន្ធបុប្ផាជាបន្ទាន់នាវេលាម៉ោង ៦ និង ៤៥នាទីព្រឹក ក្នុងអាការធ្ងន់ធ្ងរ និងគ្មានឡើយអាណាព្យាបាលទៅជាមួយ។ ក្នុងថ្ងៃដដែល មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានជូនដំណឹងបន្ទាន់មួយតាមហ្វេសប៊ុក ដើម្បីស្វែងរកអាណាព្យាបាលក្មេងប្រុសរូបនេះ ខណៈក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះជីវិតក្នុងបន្ទប់វះកាត់នៅឡើយ។
បើតាមលោក មាស សារិទ្ធ ប្រធានរដ្ឋបាលមន្ទីរពេទ្យគន្ធបុប្ផា បានអោយដឹងនាថ្ងៃចន្ទ ទី១១ ខែតុលាថា មកទល់ពេលនេះនៅមិនទាន់រកឃើញ សាច់ញាតិកុមាររងគ្រោះទេ។ ជុំវិញបញ្ហានេះ លោកបានបញ្ជូនព័ត៌មានទាំងនេះ ទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីស្វែងរកព័ត៌មានបន្ថែមពីសាច់ញាតិកុមាររងគ្រោះ។
ក្រោយពីទទួលបានព័ត៌មានពីខាងមន្ទីរពេទ្យនាថ្ងៃចន្ទដដែល លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច បានស្វះស្វែងបំពេញប្រតិបត្តិការ ដោយបានចាត់កម្លាំងចុះទៅកន្លែងកើតហេតុផ្ទាល់ ដើម្បីធ្វើការប្រមូលព័ត៌មានពាក់ព័ន្ធមួយចំនួន ងាយស្រួលក្នុងការស្រាវជ្រាវ។
គេនៅមិនទាន់ដឹងថា ក្មេងប្រុសរូបនេះមកពីណា ហេតុអ្វីដើរចូលទៅដេកនៅលើផ្លូវរថភ្លើង រហូតកិនដាច់ដាច់ដៃ ដាច់ជើងបែបនេះទេគិតត្រឹមរសៀលថ្ងៃនេះ។ បច្ចុប្បន្ន ក្មេងប្រុសរងគ្រោះ កំពុងស្ថិតក្នុងអាការធ្ងន់ធ្ងរ និងកំពុងរង់ចាំសាច់ញាតិមកទទួលនៅឯមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ។
រូបភាពពីមន្ទីរពេទ្យគន្ធបុប្ផា កុមារារងគ្រោះឈ្មោះ ឈើម