ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទាក់ទងការកំណត់សញ្ជាតិខ្មែរតែមួយ លើតំណែងកំពូលៗចំនួនបួនរបស់ស្ថាប័នរដ្ឋត្រូវបានទទួលការចាប់អាម្មរណ៍និងមានប្រតិកម្មជាច្រើនពីស្រទាប់មហាជន និងអ្នកនយោបាយជាច្រើន។ មានទាំងមតិស្រប និងមតិផ្ទុយ បានលើកឡើងតាមរយៈបណ្តាញសង្គមលើបញ្ហាកំណត់សញ្ជាតិតែមួយនេះលើថ្នាក់ដឹកនាំ ពិសេសតំណែងនាយករដ្ឋមន្រ្តី។ ខ្លះយល់ថា ការកំណត់នេះជារឿងឥតប្រយោជន៍ នឹងជាល្បែងនយោបាយសងសឹកគ្នាករបស់អ្នកនយោបាយ។
តែយ៉ាងណា សម្រាប់អ្នកដឹកនាំគឺបេះដូងទៅវិញទេដែលជាកត្តាកំណត់ពីភាពស្មោះត្រង់ឬមិនស្មោះត្រង់ចំពោះជាតិ។
ដើម្បីជ្រាបកាន់តែច្បាស់សូមនាងកញ្ញាលោក លោកស្រី អញ្ជើញស្តាប់ បទវិភាគដែលរៀបរៀងដោយលោក កែវ សុខា ដូចតទៅ!
សេចក្ដីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញទាក់ទងការកំណត់សញ្ជាតិខ្មែរតែមួយ ត្រូវបានអនុម័តហើយដោយគណៈរដ្ឋមន្ត្រីកាលថ្ងៃសុក្រ ទី៨ ខែតុលានេះ បន្ទាប់ពីមានការផ្ចុងផ្តើមពីនាយករដ្ឋមន្រ្តីយ៉ាងតក់ក្រហល់។ ការកំណត់សញ្ជាតិខ្មែរតែមួយនេះ បាញ់សំដៅចំពោះថ្នាក់ដឹកនាំជាតិមានតួនាទីជាប្រធានព្រឹទ្ធ សភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។
ការធ្វើវិសោធនកម្មនេះ បានកើតឡើងបន្ទាប់សម្តេច ហ៊ុន សែន បានបដិសេធការចុះផ្សាយរបស់កាសែត The Guardian នៅចក្រភពអង់គ្លេសដែលបានបង្ហាញលទ្ធផលស្រាវជ្រាវរបស់«The Pandora Papers Investigation»ដែលផ្សាយថា នាយករដ្ឋមន្រ្តីកម្ពុជាទិញសញ្ជាតិស៊ីប (Cyprus)ជាប្រទេសកោះតូចមួយនៅទ្វីបអឺរ៉ុប។ ប៉ុន្តែការចុះផ្សាយនេះត្រូវបានកែប្រែអត្ថបទវិញដោយអះអាងថា អ្នកដែលបានទទួលសញ្ជាតិស៊ីបនោះ មិនមែនសម្តេច ហ៊ុន សែន ទេ តែជាជនស្និទ្ធនឹងនាយករដ្ឋមន្ត្រី។
សម្រាប់សម្តេច ហ៊ុន សែន ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់សញ្ជាតិខ្មែរតែមួយបែបនេះ គឺក្នុងបំណងបង្ហាញនូវការស្មោះត្រង់ចំពោះជាតិ និង បញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ដែលសម្តេចថាការធ្វើនេះក៏ដើម្បីផលប្រយោជន៍រយៈពេលវែងរបស់កម្ពុជាផងដែរ។ ក្រៅពីនេះ ហេតុផលដែលត្រូវបានគេមើលឃើញមួយទៀតនោះ គឺការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់សញ្ជាតិខ្មែរតែមួយ ដើម្បីរារាំងអ្នកនយោបាយបក្សប្រឆាំងដែលមានសញ្ជាតិពីរតួយ៉ាងលោក សម រង្ស៊ី ដែលមានសញ្ជាតិបារាំងផងមិនឱ្យកាន់តំណែងណាកំពូលណាមួយក្នុងចំណោមតំណែងទាំងបួននេះបានឡើយ ពិសេសតំណែងជានាយករដ្ឋមន្រ្តី។
ជុំវិញការរឿងរ៉ាវការកំណត់សញ្ជាតិខ្មែរតែមួយនេះ គេឃើញមានប្រតិកម្មនិងការបញ្ចេញមតិជាច្រើនពីស្រទាប់អ្នកនយោបាយនិងអ្នកតាមដានបញ្ហានយោបាយ។ យើងពិនិត្យមើលដំបូងលើលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស។
តាមរយៈទំព័រហ្វេសប៊ុករបស់លោក លោក សម រង្ស៊ី បានសរសេរជាសារផង និងបង្ហាញជាការអត្ថាធិប្បាយជាវីដេអូផង ដោយចំអកទៅកាន់នាយករដ្ឋមន្រ្តីចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់សញ្ជាតិខ្មែរតែមួយនេះថា ជារឿងឥតប្រយោជន៍។ លើសពីរឿងឥតប្រយោជន៍នេះ លោក សម រង្ស៊ី ក៏បានរិះគន់ថែមទៀតថា ជាទង្វើបែបច្រឡោតដែលច្បាប់នេះសំដៅមកលើរូបលោកតែម្នាក់ ពោលគឺចង់បិទទ្វារមិនឱ្យលោក សម រង្ស៊ីកាន់តំណែងកំពូលទាំងបួននេះបាន។ សម្រាប់មេដឹកនាំកំពុងរស់នៅនិរទេសខ្លួនរូបនេះ ច្បាប់ដែលសំខាន់និងចំាំបាច់ត្រូវបង្កើតគឺច្បាប់កំណត់ឱ្យនាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តី និងអ្នកកាន់តំណែងមុខងារសាធារណៈទាំងអស់ ត្រូវចូលនិវត្តន៍ចាប់ពីអាយុ ៧០ ឆ្នាំឡើងទៅ។ និងទី២ គឺច្បាប់កំណត់អាណត្តិសម្រាប់នាយករដ្ឋមន្ត្រីឲ្យកាន់តំណែងត្រឹមតែ ២ អាណត្តិឬ១០ឆ្នាំតែប៉ុណ្ណោះ។ ព្រោះថា ការកំណត់បែបនេះមានប្រយោជន៍លើកតម្កើងតួនាទី និងលើកទឹកចិត្តយុវជនជំនាន់ក្រោយឲ្យមានឱកាសបង្ហាញសមត្ថភាព និងស្នាដៃរបស់ខ្លួនក្នុងការបម្រើប្រទេសជាតិគ្រប់ជាន់ថ្នាក់។
ងាកមកមើលទស្សនៈរបស់ប្រធានគណបក្សឆន្ទៈខ្មែរលើការកំណត់សញ្ជាតិខ្មែរតែមួយលើតំណែងកំពូលទាំងបួននេះម្តង។ លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរបានបង្ហាញទស្សនៈខ្លួនជុំវិញបញ្ហានេះតាមទំព័រហ្វេសប៊ុកថា រឿងនេះជាល្បែងនយោបាយរបស់អ្នកនយោបាយចាស់វស្សាតែប៉ុណ្ណោះ។ លោក គង់ មុនីកា យល់ថា ទោះបីជាខ្មែរមានសញ្ជាតិច្រើនមិនសំខាន់នោះទេ សំខាន់ពួកគេមានឆន្ទៈនិងធនធានដើម្បីចូលរួមដឹកនាំ និងអភិវឌ្ឍមាតុប្រទេស។ ផ្ទុយទៅវិញប្រធានគណបក្សឆន្ទៈខ្មែររូបនេះ សង្កាត់ធ្ងន់ដោយព្រួយបារម្ភពីជាតិសាសន៍ដដៃអាចទទួលបានសញ្ជាតិខ្មែរ តាមរយៈអំពើពុករលួយ ហើយពួកគេអាចបញ្ជ្រាបខ្លួនម្តងបន្តិចៗទៅក្នុងតួនាទីដឹកនាំប្រទេស ដែលនេះទើបជាគ្រោះថ្នាក់សម្រាប់ប្រទេសជាតិ។
ចុងក្រោយនៃសំណេររបស់លោក គង់ មុនីកា លោកជំរុញឱ្យអ្នកនយោបាយខ្មែរគ្រប់រូប រួមគំនិតគ្នាតម្កល់ផលប្រយោជន៍ជាតិជាធំ ដោយលះបង់ចោលនូវគំនិតសងសឹកផ្នែកនយោបាយ។
ដោយឡែកគណបក្សប្រជាធិបតេយ្យមូលដ្ឋានវិញ បានចេញសេចក្តីថ្លែកការណ៍តែម្តងទាក់ទងរឿងនេះ។ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនគណបក្សប្រជាធិបតេយ្យមូលដ្ឋានយល់ថា ការកំណត់សញ្ជាតិខ្មែរតែមួយ ការកំណត់អាណត្តិនាយករដ្ឋមន្រ្តី និងការកំណត់អាយុនាយករដ្ឋមន្រ្តីអាចកំណត់ក្នុងគោលនយោបាយរបស់គណបក្សនីមួយៗដោយមិនចាំបាច់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឬបង្កើតច្បាប់ថ្មីនោះទេ។
បើពិនិត្យឱ្យល្អិតល្អន់ទៅ ច្បាប់នេះកើតចេញពីជម្លោះរបស់អ្នកនយោបាយកំពូលៗរបស់គណបក្សកាន់អំណាច និងអតីតបក្សប្រឆាំង។ ស្របពេលគ្នានេះ វិសោធនកម្មរដ្ឋធម្មនុញ្ញទាក់ទងការកំណត់សញ្ជាតិខ្មែរតែមួយនេះ បានកើតឡើងខណៈកម្ពុជាកំពុងជាប់គាំងនយោបាយ ហើយការអនុម័តសម្រេចក៏កើតចេញពីសមាជិកសភាដែលត្រូវបានគេមើលឃើញថាជាសភាឯកបក្សផងដែរ។
ភាពប្រញាប់ប្រញាល់ក្នុងការកែប្រែរដ្ឋធម្មនុញ្ញកំណត់សញ្ជាតិខ្មែរតែមួយលើថ្នាក់ដឹកនាំកំពូលៗទាំងបូនបែបនេះ ជៀសមិនផុតនោះទេពីការរិះគន់ពីមហាជនលើបញ្ហានេះ។ ដូច្នេះ ដើម្បីអាចបញ្ជៀសបានពីការរិះគន់លើបញ្ហានេះ ការវិសោធនកម្មរដ្ឋធម្មនុញ្ញគួរធ្វើឡើងពេលសមាជិកសភាមានសំឡេងពហុបក្សជាមុនសិន។ មួយទៀតដែរ ការធ្វើវិសោធនកម្មលើបញ្ហានេះ គួរមានការផ្សព្វផ្សាយបញ្ជ្រាបឱ្យពលរដ្ឋបានយល់ដឹងច្បាស់ជាមុនសិន ដើម្បីឱ្យពលរដ្ឋបានយល់ដឹងពីបំណងឬចេតនានៃការកែប្រែដែលជាគុណប្រយោជន៍របស់ច្បាប់ដែលចង់កែប្រែនោះ។
ក៏ប៉ុន្តែបើយើងពិនិត្យមើលបញ្ហាសញ្ជាតិថ្លឹងថ្លែងនឹងបេះដូងឆន្ទៈរបស់មេដឹកវិញ វាជារឿងដាច់ដោយឡែកពីគ្នា។ ការដឹកនាំប្រទេសឱ្យរីកចម្រើនទៅមុន ឬអូសប្រទេសឱ្យធ្លាក់ក្នុងរណ្តៅមរណៈ វាគ្មានអ្វីមកបញ្ជាក់ឬវាស់វែងបានថា តតែមានសញ្ជាតិមួយឬច្រើននោះទេ។ បើយើងក្រឡេកមកមើលប្រវត្តិសាស្រ្តកម្ពុជាវិញ មេដឹកនាំខ្មែរក្រហមដែលមានសញ្ជាតិខ្មែរតែមួយនោះ ហេតុអ្វីថ្នាក់ដឹកនាំទាំងនោះអូសប្រទេសឱ្យធ្លាក់រណ្តៅកាប់សម្លាប់ប្រជាជនខ្លួនឯងទៅវិញ។
ត្រឡប់មកវិញបើយើងពិនិត្យទៅមើលបណ្តាលប្រទេសជឿនលឿនតួយ៉ាងសហរដ្ឋអាមេរិកដែលមានការរស់នៅចម្រុះជាតិសាសន៍វិញ គេពុំខ្វល់ពីបញ្ហាជាតិសាសន៍អ្វីនោះទេ សំខាន់គឺបុគ្គលនោះ ស្រលាញ់ ចង់អភិវឌ្ឍន៍ប្រទេសរបស់គេឱ្យបានរីកចម្រើន។
សរុបមកវិញ បេះដូងនៃបុគ្គលជាមេដឹកនាំរូបនោះទៅវិញទេ ដែលជាកត្តាកំណត់ពីភាពរីកចម្រើន ថ្កុំថ្កើន រុងរឿងនៃប្រទេសជាតិពិតប្រាដក៕