ភ្នំពេញ៖ នៅទីបំផុតយានយន្តចំនួន ២២៩ គ្រឿងដែលបានដឹកលើសទម្ងន់ត្រូវបានប្រមុខរដ្ឋាភិបាលសម្រេចដោះលែងប្រគល់ឱ្យម្ចាស់គេវិញក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ទោះបីយានយន្តទាំងនោះជាដើមចមបង្កឱ្យមានការខូចខាតផ្លូវថ្នល់ នាំឱ្យរដ្ឋចំណាយថវិកាក្នុងការជួសជុលជារៀងរាល់ឆ្នាំយ៉ាងណាក្តី។ បើសិនប្រមុខរដ្ឋាបាលអាចដោះលែងយានយន្តដែលល្មើសច្បាប់បាន ដូច្នេះ យុវជនដែលជាសកម្មជនបរិស្ថាន និងសិទ្ធិមនុស្សមួយចំនួនដែលកំពុងជាប់ឃុំដោយសារការតស៊ូមតិកែលម្អសង្គម ក៏សាកសមនឹងទទួលបានការដោះលែងដូចរថយន្តខាងលើដែរ។
បើសិនជានៅតែបន្តឃុំខ្លួនយុវជនបរិស្ថន និងសិទ្ធិមនុស្សតើនឹងមានផលវិបត្តិអ្វីខ្លះកើតឡើង?
តទៅនេះសូមនាងកញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទវិភាគដែលរៀបរៀងដោយលោក កែវ សុខា ដូចតទៅ!
នាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន សែន បានប្រកាសអនុញ្ញាតឱ្យដោះលែងយានយន្តដែលដឹកលើសទម្ងន់ចំនួន ២២៩ គ្រឿង នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ ជាអ្វីដែលប្រមុខរាជរដ្ឋាភិបាលពន្យល់ថា ដើម្បីជំរុញសេដ្ឋកិច្ចជាតិក្នុងបរិបទក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ ក៏ប៉ុន្តែ ការដោះលែងយានយន្តដែលបានឃាត់ទុកដោយក្រសួងសាធារណការរយៈពេលជាងមួយឆ្នាំនេះ នាយករដ្ឋមន្រ្តីបានភ្ជាប់នូវលក្ខខណ្ឌតម្រូវឱ្យម្ចាស់យានយន្តត្រូវបង់ប្រាក់ពិន័យតាមច្បាប់កំណត់ ទើបអាចយកយានយន្តទៅប្រកបអាជីវកម្មឡើងវិញបាន។
ជាងនេះទៀតសម្តេច ហ៊ុន សែន ក៏ស្នើដល់ម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូនទាំងអស់ ត្រូវចូលរួមគោរពច្បាប់ស្តីពី ផ្លូវថ្នល់ តាមមាត្រា៦០ ហើយទាំងនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងសាធារណការបានប្រកាសថា ការលើកលែងនេះ ជាការលើកលែងលើកដំបូងនិងជាការលើកចុងក្រោយផងដែរ ពោលគឺគ្មានឡើយការលើកលែងបែរនេះជាលើកទី ២ ទៀតឡើយ។
សម្រាប់នាយករដ្ឋមន្រ្តីនិងថ្នាក់ដឹកនាំពាក់ព័ន្ធនានា មូលហេតុដែលឈានដល់ការសម្រេចចិត្តដោះលែងយានយន្តដឹកលើស ទម្ងន់នេះ គឺធ្វើឡើងដំណាលគ្នានៃយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលដែលបានបើកដំណើរការសាលារៀន ផ្សារទំនើប និងផ្សាររដ្ឋ តំបន់ទេសចរណ៍ ដែលជាការស្ដារសកម្មភាពធុរកិច្ច អាជីវកម្ម សេដ្ឋកិច្ច និងសង្គម ផ្សេងៗទៀតផងដែរ។ ហើយយុទ្ធសាស្រ្តនេះ ក៏ដើម្បីគាំទ្រដល់ការរស់ឡើងវិញនៃវិស័យឯកជនផងដែរ ស្របពេលស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មានសភាពធូរស្រាល។
ជាការពិត ការដោះលែងយានយន្តដឹកលើសទម្ងន់ ជាយុទ្ធសាស្រ្តព្រួយមួយបាញ់បានសត្វពីរ ពោលគឺទទួលបានផលពីរក្នុងសកម្មភាព ឬក្នុងទិសដៅតែមួយ នៃគម្រោងដែលបានរៀបចំនោះ។
ទទួលបានផលចំនួនពីរនោះ គឺទី១៖ សំដៅដល់ការជំរុញសេដ្ឋកិច្ចឡើងវិញជាបណ្តើរៗ ដោយហេតុថា ម្ចាស់យានយន្ត ឬម្ចាស់អាជីវកម្មដឹកជញ្ជូនអាចដំណើរការអាជីវកម្មឡើងវិញ ឬអាចកើនចំនួនយានយន្តច្រើនជាងមុន ល្អប្រសើរជាងការទុកយានយន្ត ចោលឱ្យច្រែះស៊ីខូចចោលទទេៗ។
ចំណែកផលទី២ នោះគឺ រដ្ឋទទួលបានប្រាក់ចំណូលបន្ថែមពីការផាកពិន័យលើម្ចាស់យានយន្ត ឬម្ចាស់អាជីវកម្មដឹកជញ្ជូនដែល មកលួសយកយានយន្តទៅវិញនោះ។
ការដោះលែងយានយន្តឱ្យមានសេរីភាពជួបម្ចាស់គេវិញ យើងអាចមើលឃើញទាំងគំនិតឈ្លាសវៃផង និងទឹកចិត្តអនុគ្រោះដល់ម្ចាស់យានយន្តផងរបស់រដ្ឋាភិបាល ដើម្បីឱ្យពួកគេអាចមានលទ្ធផលស្តារអាជីវកម្ម ពិសេសចេះភ្ញាស់រលឹកពីកំហុស។
មែនទែនទៅ យានយន្តដែលដឹកលើសទម្ងន់បង្កការខូចខាតផ្លូវថ្នល់សាធារណៈជាច្រើនមានភ័ព្វសំណាងទទួលបានការអនុ គ្រោះពីនាយករដ្ឋមន្រ្តី។ ហេតុដូច្នេះ យុវជនជាសកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្ស និងសង្គម ក៏គួរត្រូវបានទទួលការដោះលែងផងដែរ បើយើងថ្លឹងថ្លែងពីសកម្មភាពរបស់យុវជនទាំងនោះ។
យុវជនបរិស្ថាន និងសិទ្ធិមនុស្ស ក្នុងនោះមានក្រុមយុវជនខ្មែរថាវរៈជាដើមនោះ បើទោះបីសមត្ថកិច្ចបានរកឃើញថា សកម្ម ភាពរបស់ពួកគេមានអង្គការចាត់តាំងនៅពីក្រោយក៏ដោយចុះ តែបើយើងពិនិត្យមើលអ្វីដែលពួកគេធ្វើគឺដើម្បីផលប្រយោជន៍សង្គមសុទ្ធសាធ។
សកម្មភាពដែលយុវជនទាំងធ្វើ ពួកគេបង្ហាញសកម្មភាពបូមខ្សាច់យ៉ាងអនាធិបតេយ្យពីសំណាក់ក្រុមហ៊ុនមួយចំនួនដែលធ្វើឱ្យផ្ទះពលរដ្ឋបាក់រលំ។ មួយទៀតដែរ ក្រុមយុវជនទាំងនោះក៏បានបង្ហាញពីផលវិបាកនានានៃការលុបបឹងទំពុន និងបឹងតាមោក។ ជាងនេះទៀត ពួកគេក៏បានបើកបង្ហាញពីសកម្មភាពបង្ហូរទឹកកខ្វក់និងសម្រាមចូលសមុទ្រផងដែរ។ ហើយយុវជនខ្លះក៏ធ្វើសកម្មភាពតវ៉ារបស់ឱ្យមានការដោះលែងលោក រ៉ុង ឈុន ដែលហ៊ានបើកកកាយរឿងបាត់បង់ដីតាមព្រំដែនទៅភាគីវៀមណាត។
ទាំងនេះជាសកម្មភាពរបស់ក្រុមយុវជន ដែលយើងអាចវាយតម្លៃឃើញថា សុទ្ធសឹងជារឿងឈឺឆ្អើលបញ្ហាសង្គម ដែលបើកបង្ហាញពីភាពអសកម្មនានារបស់មន្រ្តីមួយចំនួនជំរុញឱ្យមានការកែលម្អជាវិជ្ជមានតែប៉ុណ្ណោះ។
មកដល់ត្រឹមនេះ បើពិនិត្យឱ្យមែនទែនទៅយុវជនដែលជាសកម្មជនបរិស្ថាន និងសិទ្ធិមនុស្សទាំងនោះ សាកសមនឹងទទួលបានការអនុគ្រោះដោះលែងឱ្យមានសេរីភាពឡើងវិញ បើធៀបនឹងយានយន្តដឹកលើសទម្ងន់ទាំង ២២៩ គ្រឿងនោះ។
ហើយរដ្ឋាភិបាលក៏មិនចំនេញអ្វីនោះទេពីការចាប់ចងពួកគេដាក់ពន្ធធនាគារ ទោះបីការចាប់នេះសម្រាប់ទុកជាថ្នូរក្នុងការដោះដូររឿងនយោបាយនៅពេលក្រោយក៏ដោយចុះ។
យើងបានមើលឃើញពីផលខាតនៃការចាប់ចងដាក់ពន្ធធនាគារលើក្រុមយុវជនទាំងនោះ។ ការខាតបង់ដំបូងនោះ គឺការបាត់បង់កម្លាំងយុវជនដែលជាធនធានមនុស្សចូលរួមការអភិវឌ្ឍប្រទេសជាតិ បាត់បង់យុវជនដែលចេះស្រលាញ់មាតុភូមិ ចេះឈឺឆ្អើលបញ្ហាក្នុងសង្គម។
មួយទៀតដែរ បើសិនជាក្រុមយុវជនមានបញ្ហាសុខភាពផ្លូវកាយ ឬផ្លូវចិត្តដែលកើតចេញពីផលវិបាកនៃការចាប់ចងពួកគេនោះ នោះវានឹងក្លាយជាបន្ទុករបស់រដ្ឋដែលត្រូវចំណាយថវិកាជាតិក្នុងការព្យាបាលនិងថែទាំពួកគេថែមទៀត ដែលក្រសួងសង្គមកិច្ចជាអ្នកទទួលខុសត្រូវ។
ផលប៉ះពាល់អវិជ្ជមានមួយទៀតនោះ គឺប៉ះពាល់ទឹកចិត្តសមាជិកក្រុមគ្រួសាររបស់ក្រុមយុវជន។ ឪពុកម្តាយ អាណាព្យាបាល ពូមីង របស់ពួកគេ ចង់ មិនចង់ ពិតជាមានការឈឺចាប់នៅពេលឃើញកូន ក្មួយរបស់ពួកគេត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបន្តឃុំខ្លួនដោយគ្មានកាលកំណត់ច្បាស់លាស់យ៉ាងដូច្នោះ។
សមាជិកក្រុមគ្រួសាររបស់យុវជនទាំងនោះ ច្បាស់ជាបាត់បង់ជំនឿចិត្តលើការដឹកនាំរបស់រដ្ឋាភិបាល អស់ទំនុកចិត្តលើប្រព័ន្ធតុលាការ លែងខ្វល់ពីបញ្ហាឬរឿងរ៉ាវក្នុងសង្គម។ បើសិនជាមនុស្សម្នាក់ៗរងការឈឺចាប់បន្តិចម្តងៗ បាត់បង់ស្មារតីស្រលាញ់ស្នេហាជាតិ លែងខ្វល់បញ្ហាសង្គមជាតិ ដូចនេះ វាជាឳកាសល្អសម្រាប់បរទេសជិតខាងដែលនៅមានមហិច្ឆិតាចិញ្ចឹមចិត្តចង់បានទឹកដីខ្មែរដូចកាលពីពេលមុនៗនោះ ។
ដូចពាក្យចាស់ពោលថា រក្សាព្រៃគង់មិនខ្លាចខ្វះអុសដុត។ ពំនោលមួយនេះចង់មានន័យថា បើមានសមាជិក ឬប្រជាពលរដ្ឋគាំទ្រ មេដឹកនាំនោះមិនខ្លាចអត់ឱកាសកសាងប្រទេសជាតិនោះទេ។ តែផ្ទុយទៅវិញ បើមេដឹកនាំបាត់បង់ជំនឿចិត្តពីអ្នកគាំទ្រ ប្រជាពលរដ្ឋលែងខ្វល់ពីបញ្ហាប្រទេសជាតិមិនយូរមិនឆាប់ទឹកដីឬប្រទេសជាតិអាចនឹងធ្លាក់ទៅលើដៃប្រទេសបច្ចាមិត្តបានជាក់ជាពុំខាន។
ផលប៉ះពាល់ដែលកើតចេញពីការចាប់ចងយុវជនមួយទៀតដែលនោះ គឺមុខមាត់របស់រដ្ឋាភិបាល។ ដូចដែលយើងបានដឹងហើយថា ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានផ្សាយពីព័ត៌មានករណីនៃការចាប់ឃុំខ្លួនក្រុមយុវជនទាំងនោះ ដែលបានលើកឡើងពីការរឹតត្បឹតរបស់រដ្ឋាភិបាលលើសេរីភាពបញ្ចេញមតិ ការរំលោភសិទ្ធិមនុស្ស ពិសេសការធ្វើឱ្យដំណើរប្រជាធិបតេយ្យធ្លាក់គន្លងផ្លូវជាដើម។
នៅពេលព័ត៌មានបានផ្សព្វផ្សាយរឿងរ៉ាវទាំងនេះ ប្រជាពលរដ្ឋដែលទទួលបានព័ត៌មានទាំងនេះនឹងអាចបាត់បង់ជំនឿលើការដឹកនាំផងដែរ ដែលពលរដ្ឋអាចកត់ចំណាំនឹងឈានទៅសម្រេចចិត្តលើសន្លឹកឆ្នោតរបស់ពួកគេក្នុងការជ្រើសរើសមេដឹកនាំពេលអនាគត។
ជាងនេះទៀត តាមរយៈប្រព័ន្ធផ្សព្វផ្សាយនេះដែររដ្ឋាភិបាលអាចនឹងប៉ះពាល់មុខមាត់លើឆាកអន្តរជាតិដែលកើតចេញពីការចាប់ចងសកម្មជនបរិស្ថាន និងសិទ្ធិមនុស្សទាំងនោះ។ ជាក់ស្តែងកម្ពុជាបានបាត់បង់ផលប្រយោជន៍ជាង ២០% ពីប្រព័ន្ធអនុគ្រោះពន្ធអ្វីៗទាំងអស់លើកលែងតែអាវុធឬ EBA ជាមួយសហភាពអឺរ៉ុប ដែលការបាត់បង់EBAនេះ ក៏កើតចេញពីការបង្រ្កាបប្រព័ន្ធផ្សព្វផ្សាយ ការរំលាយបក្សប្រឆាំង និងការរំលោភសិទ្ធិមនុស្សជាដើម។
ត្រឡប់មកវិញ បើសិនជារដ្ឋាភិបាលដោះលែងក្រុមយុវជនសកម្មជនបរិស្ថាន និងសិទ្ធិមនុស្ស ដូចអ្វីដែលប្រមុខរដ្ឋាភិបាលដោះលែងយានយន្តលើសទម្ងន់ នោះរដ្ឋាភិបាលនឹងទទួលបានផលចំនេញដូចដោះលែងយានយន្តទាំង ២២៩គ្រឿងនោះដែរ។ ហើយអ្នកនយោបាយគួរឈប់ប្រើយុទ្ធសាស្រ្តចាប់ចងយុវជនដើម្បីទុកជាសន្លឹកបៀរដោះដូរផ្នែកនយោបាយបន្តទៀត ព្រោះថាការធ្វើបែបនេះនាំមកនូវផលជៈជាអវិជ្ជមានធំណាស់ដល់សង្គមជាតិ៕