យុវតីម្នាក់ដែលអះអាងលើបណ្ដាញសង្គមថា ជាកូនរបស់នាយករដ្ឋមន្ត្រី កាលពីថ្ងៃអាទិត្យទី០៥ ខែកញ្ញាម្សិលមិញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបានបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ ដើម្បីព្យាបាលហើយនៅរសៀលថ្ងៃដដែល។
ស្ត្រីរូបនោះត្រូវបានគេស្គាល់ថា មានទៅលំនៅ រស់នៅសង្កាត់អូឬស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានប្រើហ្វេសប៊ុក ឈ្មោះ អា ជូលី អះអាងដដែលៗនៅក្នុង Comment ហ្វេសប៊ុកសម្ដេចហ៊ុនថាជាកូនរបស់សម្ដេច ហ៊ុន សែន។
ឆ្លើយតបបញ្ហានេះ នាយករដ្ឋមន្ត្រីបានច្រានចោលការអះអាងរបស់នាង និងបានណែនាំអោយយុវតីរូបនោះបញ្ឈប់រាល់សកម្មភាព ដើម្បីចៀសវាងការយល់ច្រលំបន្តទៀត។
សម្ដេចបាន បញ្ជាក់ថា៖ “ ដើម្បីជៀសវាងការភ័ន្តច្រឡំរបស់មហាជនលើការលើកឡើងរបស់ក្មួយដែលលើកឡើងច្រើនដង ហើយហាក់ដូចជាក្មួយនេះជាកូនស្រីរបស់ពូ និងមីងដែលត្រូវបោះបង់ចោលឱ្យនៅខាងក្រៅ។ ពូសូមប្រាប់ទៅក្មួយសូមបញ្ឈប់ចូលមកបន្លំជាកូនពូ និងមីងតទៅទៀត ព្រោះវាជារឿងអគុណធម៌ខ្លាំងណាស់ សម្រាប់ពូ និងមីង ដែលបោះបង់កូនចោលមិនរាប់រក។ ពេលក្មួយចូលមកក្មួយតែងប្រើរាជស័ព្ទដែលធ្វើឱ្យមានកំហុសបន្ថែមទៀត។ ប្រសិនបើជាពូមិនយល់ថា ក្មួយមានជំងឺសរសៃប្រសាទទេ ម្ល៉េះសមពូឱ្យនគរបាលតាមរកក្មួយយូរមកហើយ ។ ពូ និងមីងអាចជួយព្យាបាលជំងឺសរសៃប្រសាទជូនក្មួយបាន សុំក្មួយផ្តល់លេខទូរស័ព្ទមកពូ ឬចេញមកបកស្រាយតាមរយៈខមិននេះថា តើក្មួយជាអ្នកណា? និងកំពុងរស់នៅឯណា?»។
សូមបញ្ជាក់ថា បច្ចុប្បន្នស្ត្រីរូបនេះ ត្រូវបានអាជ្ញាធរនាំយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញហើយ ដើម្បីសម្រាកនិងព្យាបាល៕