en     km
en     km

មន្ត្រីរាជការគាំទ្រ ការបើកសាលារៀនឡើងវិញ

Share

កាលពីថ្ងៃអង្គារកន្លងទៅ ក្រសួងអប់រំយុវជន និងកីឡាបានចេញសេចក្ដីណែនាំមួយកម្រាស់ ៥ទំព័រ ស្ដីពីការបង្រៀន និងរៀនតាមបណ្ដុំ សម្រាប់គ្រឹះស្ថានសាធារណ និងឯកជន នៅភូមិសាស្ត្រ ដែលមានហានិភ័យទាប”

ក្នុងខ្លឹមសារសេចក្ដីណែនាំនេះ ក្រសួងបានប្រកាសពីលទ្ធភាពក្នុងការបើក សាលារៀនឡើងវិញគ្រប់កម្រិតថ្នាក់ទាំងរដ្ឋ និងឯកជនចំពោះតំបន់ណាដែលមានហានិភ័យ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ទាប និងបានចាក់វ៉ាក់សាំងរួចរាល់។

ក្រសួងបញ្ជាក់ដល់ មន្ទីរអប់រំ យុវជន និងកីឡាទូទាំងរាជធានីខេត្តទាំងអស់ថា ត្រូវពិភាក្សាជាមួយគណ:អភិបាលរាជធានីខេត្ត ដើម្បីជ្រើសរើសសាលាមតេ្តយ្យសិក្សា សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ដែលមានលទ្ធភាពបើកដំណើរការឡើងវិញ”។

យ៉ាងណា លទ្ធភាពនៃការបើកដំណើរការនេះក្រសួងសង្កត់ធ្ងន់ថា​ គឺផ្ដល់អទិភាពជាចម្បង ដល់សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ និងបានកំណត់បរិមាណសិស្ស យ៉ាងតិច១៥ នាក់ប៉ុណ្ណោះ ក្នុងមួយថ្នាក់។  រីឯ កម្រិតថ្នាក់ផ្សេងទៀត គឺអាចរៀបចំរៀនទៅបាន ជាបណ្ដុំនៅតាមសាលារៀន ឬកន្លែងសមស្របណាមួយ ក្នុងបរិមាណសិស្សកំណត់ដូចគ្នា និងត្រូវអនុវត្តតាមគោលការណ៍ប្រតិបត្តិស្ដង់ដារសុខាភិបាលអោយបានខ្ជាប់ខ្ជួន។

អ្នកគ្រូ នឿន រីនណា ជាគ្រូបង្រៀននៅសាលាបឋមសិក្សាព្រែកកំពឹស ខេត្តកណ្ដាល នៅថ្ងៃព្រ.ហ ទី០២ ខែកញ្ញា ឆ្នាំ ២០២១ នេះ បានបង្ហាញពីការពេញចិត្ត និងគាំទ្រជាខ្លាំងចំពោះក្រសួងអប់រំ នូវការបើកសាលារៀនជាថ្មីម្ដងទៀតនេះ។  និងបានបន្តថា ការបើកដំណើរការឡើងវិញ ក្នុងដំណាក់កាលនេះ នឹងអាចប្រព្រឹត្តិទៅបាន ព្រោះថាប្រជាជនភាគច្រើនពួកគាត់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩រួចរាល់  ណាមួយយុទ្ធនាការចាក់វ៉ាក់សាំងលើក្រុមមនុស្សអាយុក្រោម១៨ ឆ្នាំក៏ជិតហើយដែរ។

ស្រដៀងគ្នានេះ អ្នកគ្រូរីនណាពន្យល់ថា ​ការដែលរដ្ឋបើកសាលាឡើងវិញដូច្នេះ វាផ្ដល់នូវអត្ថប្រយោជន៍ និងចំណេញពេលវេលាយ៉ាងច្រើនដល់សិស្ស និងអាណាព្យាបាល។ ម្យ៉ាងវិញទៀត យោងតាមការបង្រៀនក្នុងថ្នាក់ផ្ទាល់កន្លងមក សិស្សអាចចាប់បានលើការបង្រៀនរបស់គ្រូពី ៧០ ទៅ៨០ ភាគរយ ប៉ុន្តែបើប្រៀបធៀបនឹងការរៀនអនឡាញវិញ បានតិចមែនទែន មិនដល់ ៥០%ផង ប្រភពលើកឡើងបន្ថែម៖

បើតាមបទពិសោធន៍កន្លងមក ប្រភពដដែលបន្តថា បើសិស្សនៅតែបន្តរៀនតាមប្រព័ន្ធអនឡាញ គុណភាពនៃការអប់រំរបស់សិស្ស នឹងគ្មានភាពពេញលេញនោះទេ​ ហើយថា វាពិតជាបង្ករការលំបាកជាខ្លាំងសម្រាប់ពួកគេមួយចំនួន ដែលមានជីវភាពខ្វះខាត ហើយពួកគេ ត្រូវបង្ខំចិត្តឈប់រៀន ដើម្បីដើរស៊ីឈ្នួលគេភាគច្រើន។

តែទោះជាយ៉ាងនេះក្ដី  ប្រភពដដែលបានប្រាប់អោយដឹងបន្ថែមថា ខ្លួនពិតជាមានក្ដីសោមនស្សជាខ្លាំងនៅពេលដែលក្រសួងប្រកាសពីលទ្ធភាពនៃការបើកសាលារៀនឡើងវិញដូច្នេះ និងបានដាក់ក្ដីសង្ឃឹមថាអ្វីៗ នឹងវិលមកប្រក្រតីភាពឡើងវិញ ពិសេសប្រព័ន្ធអប់រំនៅកម្ពុជានឹងដំណើរការទៅដោយរលូន និងជោគជ័យ។

 សូមបញ្ជាក់ថា គិតមកដល់ពេលនេះ ក្រសួងមិនបានបញ្ជាក់ពីទីតាំងតំបន់ ឬសាលាណាមួយ ដែលអាចមានលទ្ធភាពអោយដំណើរការបើកសាលារៀននេះនៅឡើយទេ៕

Share

Image
Image
Image