សហគ្រិនស្ត្រីកម្ពុជាមួយរូប នៅខេត្តសៀមរាប មានសមត្ថភាពច្នៃគ្រាប់ឈើធញ្ញជាតិទៅជាគ្រឿងអលង្ការផ្សេងៗ ទទួលបានការគាំទ្រខ្លាំងពីសំណាក់ភ្ញៀវបរទេស។
កញ្ញាអ៊ុក រមនា ជូនសេចក្ដីរាយការណ៍!
(សៀមរាប)៖ អ្នកស្រីសោមរ៉ានី ជាសហគ្រិនស្ត្រីម្នាក់ អាយុ៣៥ឆ្នាំ ជាម្ចាស់អាជីវកម្មហាងលក់គ្រឿងអលង្ការដ៏ប្រណីតច្នៃពីគ្រាប់ធញ្ញជាតិមួយឈ្មោះថា Graines de Cambodge នៅឯទឹកដីខេត្តសៀមរាប។ ទុនបើកអាអាជីវកម្មដំបូង ដែលអ្នកស្រីមាន គឺទឹកប្រាក់មិនដល់១០០ដុល្លាផង។
អ្នកស្រី សោម រ៉ានី សហគ្រិនស្ត្រីច្នៃគ្រាប់ឈើ ជាគ្រឿងអលង្ការនៅខេត្តសៀមរាប
អ្នកស្រីផ្ដើមអាជីវកម្មពីការបោះលក់ផលិតផលតាមផ្សារ និងតាមតូបបរទេសនានា រហូតដល់អាចបើកហាងមួយដោយខ្លួនឯងក្នុងរយៈពេល ១ ឆ្នាំ បន្ទាប់ពីបានចាប់ផ្ដើមរកស៊ីដំបូង។
អ្នកស្រី សោមរ៉ានី ដែលបានប្រឡូកក្នុងវិស័យជំនួញ អស់រយ:ពេលជាង១០ មកហើយ បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនថា ១០ ឆ្នាំមកនេះ ទម្រាំលោកស្រីអាចបង្កើត និងដឹកនាំអាជីវកម្មឱ្យដំណើរការមកដល់ពេលនេះ អ្នកស្រីឆ្លងកាត់ ឧបសគ្គមិនតិចនោះទេ។
អ្នកស្រីថា ពេលផ្ដើមធ្វើដំបូង វាមិនងាយស្រួលទេ ដោយអាចបណ្តាលឱ្យមានគ្រោះថ្នាក់ ដាច់ដៃ ដាច់ជើង បង្កស្នាមរបួស មកដល់សព្វថ្ងៃ ព្រោះមិនចេះវិធីចោះគ្រាប់តូចៗ ហើយវារអិលតែពេលនោះអ្នកស្រី នៅតែព្យាយាមធ្វើបន្ត ទោះបីជាលំបាកយ៉ាងណាក៏ដោយ។
គ្រឿងអលង្ការដែលអ្នកស្រីធ្វើទាំងនោះ រួមមាន ខ្សែក ខ្សែដៃ ក្រវិល កាបូប រូបព្រះបដិមា មានតម្លៃចាប់ពី ៣ ដុល្លារ ៥០០ ដុល្លារ។
ដោយឡែក វត្ថុធាតុដើម ច្នៃពីគ្រាប់ធញ្ញជាតិមាន៖ គ្រាប់ក្ងោក ស្កួយ បេង អង្គុញ ក្រញូង គ្រាប់ឈូក គ្រាប់ក្រហម គ្រាប់អំពិលទឹក ក្នុងនោះក៏មានច្នៃពីថ្ម និងគុជ នាំចូល ពីប្រទេសជិតខាងផងដែរ។
ការច្នៃផលិតផលពីគ្រាប់ធញ្ញជាតិនេះ ត្រូវបានអ្នកស្រីបានរំលេចអោយដឹងថា វាបានជួយលើកស្ទួយវិស័យសិល្ប:ក៏ដូចជាវិស័យទេសចរណ៍កម្ពុជា និងជីវភាពប្រជាពលរដ្ឋ អ្នកភូមិបានមួយផ្នែកយ៉ាងធំ៕
សកម្មភាពច្នៃគ្រាប់ក្រហមរបស់អ្នកស្រីសោម រ៉ានី