en     km
en     km

យូនីសេហ្វរកឃើញថា កុមារនៅកម្ពុជាងាយរងគ្រោះដោយសារឥទ្ធិពលនៃវិបត្តិអាកាសធាតុ

Share

របាយការណ៍ថ្មីមួយរបស់អង្គការយូនីសេហ្វ បានអោយដឹងថា កុមារនៅកម្ពុជាប្រឈមនឹងហានិភ័យខ្ពស់ ដោយសារឥទ្ធិពលនៃវិបត្តិអាកាសធាតុ។ អង្គការអន្តរជាតិនេះបានដាក់កម្ពុជាឱ្យនៅលេខរៀងទី ៤៣ ក្នុងចំណោម ១៦៣ ប្រទេសលើពិភពលោក។ ចំណាត់ថ្នាក់ដ៏ទាបនេះបង្ហាញថា កុមារ​ប្រឈមមុខខ្លាំងចំពោះ​ផលប៉ះពាល់​នៃ​វិបត្តិ​អាកាសធាតុ។

———

អង្គការយូនីសេហ្វ កាលពីចុងសប្ដាហ៍មុន បានចេញរបាយការណ៍សកលមួយក្រោមចំណងជើងថា «​វិបត្តិ​អាកាសធាតុ​គឺជា​វិបត្តិ​នៃ​សិទ្ធិ​កុមារ​៖ សន្ទស្សន៍​ហានិភ័យ​អាកាសធាតុ​របស់​កុមារ​»។ នេះគឺជា​ការវិភាគ​គ្រប់​ជ្រុងជ្រោយ​ដំបូងបង្អស់​មិន​ធ្លាប់មាន ទាក់ទងនឹង​ហានិភ័យ​អាកាសធាតុ​ តាមរយៈ​ការយល់ឃើញ​របស់​កុមារ​។

ក្នុងនោះប្រទេសកម្ពុជា បានជាប់ចំណាំត់ថ្នាក់លេខ​៤៦ ក្នុងចំណោម ១៦៣ ប្រទេសលើពិភពលោក។ ចំណាត់ថ្នាក់ទាបនេះ បង្ហាញថា កុមារនៅក្នុងប្រទេសកម្ពុជា​ប្រឈមខ្លាំង​ចំពោះមុខ​ហានិភ័យ​ ដែលបណ្ដាលមកពី​ផលប៉ះពាល់​នៃ​វិបត្តិ​អាកាសធាតុ។

យូនីសេហ្វបានគួសបញ្ជាក់ថា នេះជាលើកទីមួយ ដែលខ្លួនបានដាក់ចំណាត់ថ្នាក់ប្រទេសនានា ទៅតាមកម្រិតនៃការប្រឈម និងភាពងាយរងគ្រោះរបស់កុមារ ដោយសារវិបត្តិអាកាសធាតុ និងបរិស្ថាន។

លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ ​នាយិកាអង្គការ​យូនីសេហ្វ​ប្រចាំ​កម្ពុជា បានថ្លែអនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា៖ «វិបត្តិអាកាសធាតុគឺជាវិបត្តិសិទ្ធកុមារ ព្រោះថាវិបត្តិនេះបង្កការគំរាមកំហែងដល់គ្រប់ទិដ្ឋភាពទាំងអស់នៃសុខភាព និងសុខុមាលភាពរបស់កុមារ ក្នុងកម្រិតដែលមនុស្សជាតិពុំធ្លាប់ជួបប្រទះកន្លងមក។»

លោកស្រីបន្តថា៖ «បម្រែបម្រួលអាកាសធាតុធ្វើអោយពិភពលោកក្លាយជាកន្លែងកាន់តែមានហានិភ័យ សម្រាប់ការរស់នៅ និងការលូតលាស់ធំធាត់របស់កុមារ។

ដោយឡែក លោក ម៉ាកូល្វីហ្ស៊ី ក័រហ្ស៊ី (Marcoluigi Corsi) នាយកស្ដីទីប្រចាំតំបន់របស់យូនីសេហ្វ បានអោយដឹងថា កុមារ នៅតាមប្រទេសក្នុងតំបន់អាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក កំពុងស្ថិតនៅជួរមុខ ប្រឈមនឹងផលប៉ះពាល់នៃវិបត្តិអាកាសធាតុ ហើយមុខសញ្ញាគ្រោះថ្នាក់ធម្មជាតិ ដែលពួកគេជួបប្រទះ មានចាប់ពីរលកកម្ដៅ គ្រោះរាំងស្ងួត ទឹកជំនន់ រហូតដល់ភ្លើងឆេះព្រៃ។

លោកបានបន្តថា៖ «វិបត្តិនេះប៉ះពាល់លើសលប់ដល់កុមារ និងក្មេងជំទង់ ដែលងាយរងគ្រោះជាងគេ ដែលធ្វើអោយស្ថានភាព វិសមភាពនាពេលបច្ចុប្បន្នកាន់តែមានកម្រិតធ្ងន់ធ្ងរ និងធ្វើអោយអន្តរាយដល់វឌ្ឍនភាព ដែលសម្រេចបានក្នុងរយ:ពេលប៉ុន្មានទសវត្សចុងក្រោយនេះ។»

ទោះបីជា​យ៉ាងណា របាយការណ៍ដដែលបានអោយដឹងថា​ ការវិនិយោគ​លើ​សេវា​សង្គម​នៅ​កម្ពុជា​ជាពិសេស​ លើ​ការបង្កើន​លទ្ធភាព​ទទួល​បាន​ទឹកស្អាត​ និង​អនាម័យ សេវា​សុខភាព​ និង​អាហារូបត្ថម្ភ ការអប់រំ និង​សេវា​គាំពារ​សង្គម ​អាច​នាំមក​នូវ ​ការប្រែប្រួល​គួរឱ្យ​កត់សម្គាល់​ដល់​លទ្ធភាព​ក្នុង​ការការពារ​អនាគត​កុមារ​ទាំងនេះ ​ពី​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​។

បើតាមលោកស្រី ម៉ី នារី ដែលជាអ្នកបច្ចេកទេសផ្នែកអាហាររូបត្ថម្ភ នៃអង្គការសម្ព័ន្ធសុខភាពកុមារ និងសុខភាពបន្តពូជ រ៉ាឆា បានលើកឡើងថា កុមារគប្បីទទួលបាននូវការថែទាំសុខភាពជាចាំបាច់ និងផ្ដល់អាហាររូបត្ថម្ភគ្រប់គ្រាន់ដល់ពួកគេ ហើយថា សព្វថ្ងៃ អង្គការរបស់លោកស្រីបាននិងកំពុងបណ្ដុះបណ្ដាលអាណាព្យាបាលរបស់កុមារ ដើម្បីយល់ដឹងពីបញ្ហាទាំងនេះ។

 

ដោយសារកុមារ​នៅ​កម្ពុជា​ប្រឈមមុខ​ខ្ពស់​នឹង​បញ្ហា​ខ្វះ​ទឹក គ្រោះទឹកជំនន់​តាម​ដង​ទន្លេ និង​ជំងឺ​ឆ្លងតាម​មេរោគ​ចម្លង រួមផ្សំ នឹងទម្លាប់ផ្តល់អាហារពុំបានត្រឹមត្រូវ សេវាទឹកស្អាត និងអនាម័យមិនល្អ ភាពក្រីក្រ និងការខ្វះការអប់រំរបស់ម្តាយ គឺជាមូលហេតុធំៗមួយចំនួន ដែលនាំឲ្យកុមារពុំទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ជាហេតុនាំអោយកុមារងាយប្រឈមនៅពេលមានបម្រែបម្រួលអាកាសធាតុ៕

សូមបញ្ជាក់ថា ដើម្បីកាត់បន្ថយនូវបញ្ហាខាងលើ យូនីសេហ្វស្នើរបានអោយរដ្ឋាភិបាល ក្រុមហ៊ុន និងតួអង្គពាក់ព័ន្ធនានា បញ្ជ្រាបការយល់ដឹង និងផ្ដល់អោយកុមារនូវការអប់រំអំពីអាកាសធាតុនិងការការពារបរិស្ថាន ហើយបង្កើនការវិនិយោគ ដើម្បីធ្វើយ៉ាងណាដើម្បីអោយពួកគេ កាន់តែបន្សាំទៅនឹងអាកាសធាតុ ក៏ដូចជាប្រព័ន្ធទឹកស្អាត អនាម័យ សេវាសុខភាព នឹងសេវាអប់រំជាដើម៕

Share

ព័ត៌មានទាក់ទង

Image