en     km
en     km

សមាគមស្ត្រីដើម្បីសង្គម ផ្ដល់អាហាររូបករណ៍ដល់សិស្សក្រីក្រនៅកម្ពុជាសម្រាប់ឆ្នាំសិក្សាថ្មី

Share

ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ បាន​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​ពិភពលោក​យ៉ាង​ខ្លាំង​ និង​បាន​ជះ​ឥទ្ធិពល​លើ​គ្រប់​វិស័យ​ និង​គ្រប់​ផ្នែក​នៃ​ជីវិត​នៅ​ក្នុង​បណ្តា​ប្រទេស​ជា​ច្រើនរួមទាំងកម្ពុជាផង​។ ​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​របស់​ជំងឺ​កូ​វី​ដ​-១៩​ បានធ្វើអោយប្រជាពលរដ្ឋមួយចំនួនជួបប្រទះនូវបញ្ហាហិរញ្ញវត្ថុ ជាហេតុនាំឱ្យរាំងស្ទះដល់ដំណើរការនៃការបន្តការសិក្សារបស់យុវជនកម្ពុជា។ នេះជាក្ដីបារម្ភរបស់ប្រធានសមាគមមួយរូប ដែលធ្វើការងារអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា ពិសេសការងារលើកកម្ពស់ស្ត្រី និងយុវជនដែលជាធនធានស្នូលដ៏សំខាន់ក្នុងការកសាងប្រទេសជាតិឱ្យរីកចម្រើន។

កញ្ញា កែវ ទិត្យលីដា នាយិកាប្រតិបត្តិនៃសមាគមស្ត្រីដើម្បីសង្គម

​នាយិកាប្រតិបត្តិនៃសមាគមស្ត្រី ដើម្បីសង្គមកញ្ញា កែវ ទិត្យលីដា បានឱ្យដឹងនាថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១ថា ក្នុងបរិបទកូវីដ១៩ ប្រជាពលរដ្ឋទូទៅតែងជួបនូវបញ្ហាសេដ្ឋកិច្ចជារឿងមួយ តែក្នុងនោះ ការសិក្សារៀនសូត្រក៏ជារឿងមួយសំខាន់ ដែលមិនអាចបោះបង់បាន។

ដោយចង់អភិវឌ្ឍធនធានមនុស្សលើវិស័យអប់រំ និងកាត់បន្ថយភាពក្រីក្រជូនសិស្សនិស្សិតក្នុងបរិបទកូវីដ១៩ ធ្វើម៉េចកុំអោយពួកគេបោះបង់ចោលការសិក្សា នាយិការប្រតិបត្តិនៃសមាគមស្ត្រី ដើម្បីសង្គមរូបនេះ បានបង្កើតយុទ្ធនាការមួយតាមរយ:ការផ្ដល់អាហាររូបករណ៍ រយ:ពេលបួនឆ្នាំពេញដល់ពួកគេទូទាំងបណ្ដារខេត្ត រាជធានីសម្រាប់ឆ្នាំសិក្សាថ្មី២០២២-២០២៣ ក្រោមដៃគូសហការពីវិទ្យសា្ថនជាតិសហគ្រិនភាពនិងនុវានុវត្តន៍​ និងអង្គការក្ដីសង្ឃឹមនិស្សិតកម្ពុជា  ក្នុងនោះស្ត្រី និងជនមានពិការភាព​ត្រូវបានផ្ដល់អាទិភាពចម្បងគេ នៃការទទួលបានអាហាររូបករណ៍។

នាយិការប្រតិបត្តិរូបនេះបន្ថែមថា រយៈពេល៤ឆ្នាំពេញនៃការផ្ដល់អាហារូបករណ៍ គឺមិនទាមទាសំណងត្រឡប់មកវិញឡើយ ផ្ទុយទៅវិញសមាគមមានបន្ថែមនៅការបង្រៀនវគ្គខ្លីដោយឥតគិតថ្លៃ ធានារកការងារជូនសិស្ស-និស្សិតធ្វើមិនឲ្យសិស្ស-និស្សិតជួបផលវិបាក ឬបោះបង់ការសិក្សាដោយហេតុខ្វះការងារធ្វើ ឬខ្វះថវិការបង់ថ្លៃសិក្សាតទៅទៀតនោះទេ។ ​ចំពោះសិស្សានុសិស្សដែលប្រលងធ្លាក់បាក់ឌុបក៏ទទួលបានឱកាសចូលរៀនដែរ និងត្រូវគោរពតាមលក្ខខន្តិក:។

សិស្សានុសិស្ស អមដោយអាណាព្យាបាលចុះឈ្មោះទទួលអាហារណ៍រូបករណ៍​ នៅសមាគមស្ត្រីដើម្បីសង្គម

នេះជាឆ្នាំដំបូងដែលសមាគមស្ត្រី ដើម្បីសង្គមរៀបចំផ្ដល់អាហាររូបករណ៍នេះឡើង សម្រាប់សិស្សនិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា។ ទស្សន:វិស័យនាយិការប្រតិបត្តិរូបនេះគឺចង់អភិវឌ្ឍន៍ធនធានមនុស្សលើវិស័យអប់រំ កាត់បន្ថយភាពក្រីក្រដល់និស្សិតក្នុងបរិបទកូវីដ១៩ និងប្រសិទ្ធភាពពិតប្រាកដនៃការផ្ដល់ការងារដល់និស្សិត។

នាយិការប្រតិបត្តិនៃសមាគម អះអាងថា ទោះបីសមាគម មិនបានផ្ដល់នូវកន្លែងស្នាក់នៅ ដល់យុវជនដែលមានបំណងបន្តការសិក្សា ប៉ុន្តែសមាគមមានកិច្ចសហការជាពិសេសជាមួយម្ចាស់ផ្ទះជួល ក្នុងការបញ្ចុះតម្លៃម្រាប់ពួកគេ។

បច្ចុប្បន្នសមាគមស្ត្រីដើម្បីសង្គម ទទួលបានការចុះឈ្មោះសិក្សាពីសំណាក់សិស្សានុសិស្សបានជាង ៦០០ នាក់ហើយ និងកំពុងត្រៀមខ្លួនចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មីឆ្នាំ២០២២-២០២៣ខាងមុខបន្ទាប់ពីពួកគេបញ្ចប់ការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២០-២០២១ ។ ដោយឡែក អាហាររូបករណ៍ដែលទទួលបានមានពី​ វិទ្យសា្ថនជាតិសហគ្រិនភាព និងនុវានុវត្តន៍​ ចំនួន ២ពាន់់កន្លែង ពីអង្គការក្ដីសង្ឃឹមនិស្សិតកម្ពុជាចំនួន ៥ពាន់កន្លែង​​ និងពីសាកលវិទ្យាល័យផ្សេងទៀតដែលមានកិច្ចសហការជាមួយសមាគមស្ត្រី ដើម្បីសង្គម៕

Share

Image
Image
Image