en     km
en     km

ពលរដ្ឋរត់គេចខ្លួនក្នុងការប៉ះទង្គិចនៅព្រលានយន្តហោះថ្មីមិនទាន់ហ៊ានត្រឡប់ចូលផ្ទះ

Share

ភ្នំពេញ៖ ពលរដ្ឋដែលបានរត់គេចខ្លួនពីការតាមចាប់ខ្លួនរបស់សមត្ថកិច្ចក្នុងព្រឹត្តិការណ៍ការប៉ះទង្គិចគ្នានៅព្រលានយន្តហោះថ្មី ខ្លះមិនទាន់ហ៊ានត្រឡប់ចូលផ្ទះវិញទេ ព្រោះខ្លាចសមត្ថកិច្ចចាប់ខ្លួនដោយសារពួកគេត្រូវបានកំណត់ជាមុខសញ្ញាមេក្លោងដែលនាំពលរដ្ឋចេញតវ៉ា។ ពួកគេត្អួញត្អែរពីជីវភាព ហើយអំពាវនាវកុំឱ្យមានការចាប់ចងពេលត្រឡប់ទៅផ្ទះវិញ។

លោក ប៉ៅ​ សុភាព ជាពលរដ្ឋម្នាក់កំពុងគេចខ្លួននិងជាគ្រួបង្រៀនថ្នាក់បឋមសិក្សាមួយរូបផង បានប្រាប់វិទ្យុស្រ្តីនៅព្រឹកថ្ងៃទី២៨ ខែកញ្ញានេះថា លោកមានការខ្លាចរអាមិនទាន់ហ៊ានចូលស្រុកភូមិវិញនៅឡើយទេ ព្រោះខ្លាចសមត្ថកិច្ចចាប់ខ្លួនពេលត្រឡប់ចូលផ្ទះ។ ការភ័យខ្លាចនេះ ព្រោះលោកនិងអ្នកផ្សេងទៀតត្រូវបានសមត្ថកិច្ចកំណត់មុខសញ្ញាជាមេក្លោងដែលតែងនាំពលរដ្ឋធ្វើលិខិតស្នាមចេញដាក់ញាត្តិនិងនាំពលរដ្ឋចេញតវ៉ានាពេលកន្លងមក។

 

សកម្មភាពសមត្ថកិច្ចដាក់ប៉ារ៉ាស់រារាំងពលរដ្ឋមិនឱ្យចូលមើលដីស្រែក្នុងតំបន់វិវាទ។

 

យ៉ាងណាលោកប្រាប់ថា ក្នុងចំណោមអ្នករត់គេចខ្លួនចំនួនប្រហែល ១៥នាក់ មានជាង ១០នាក់បានត្រឡប់ចូលផ្ទះវិញហើយ។ លោកបញ្ជាក់ថា អ្នកដែលបានត្រឡប់ចូលផ្ទះវិញ ត្រូវបានអាជ្ញាធរស្រុកហៅទៅសួរនាំព័ត៌មានមួយចំនួន និងបានណែនាំឱ្យពួកគេចូលរួមជាមួយការអភិវឌ្ឍន៍របស់រដ្ឋាភិបាលដោយមិនត្រូវប្រើហិង្សាដែលនាំឱ្យមានទោសទណ្ឌ។

យ៉ាងណាគ្រូបង្រៀនរូបនេះ អះអាងថាលោកនឹងត្រឡប់ចូលផ្ទះវិញនាពេលឆាប់ៗខាងមុខ ព្រោះត្រូវបំពេញការងារជាគ្រូបង្រៀនផងនិងត្រូវរកប្រាក់ចំណូលផ្សេងៗដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារបន្ថែមផង។ លោកសូមអំពាវនាវដល់អ្នកពាក់ព័ន្ធ​ពិសេសខាងអាជ្ញាធរនិងក្រុមហ៊ុនគួរផ្តល់សំណងសមរម្យជូនពលរដ្ឋដើម្បីឈានទៅបញ្ចប់ជម្លោះដ៏រុំារ៉ៃមួយនេះ។

ទាក់ទិនរឿងនេះ លោក គ្រុយ ម៉ាឡែន អ្នកនាំពាក្យសាលាខេត្តកណ្តាលធ្លាប់បានប្រាប់វិទ្យុស្រ្តី ដោយសូមអំពាវនាវដល់ពលរដ្ឋដែលរត់គេចខ្លួនទាំងអស់សូមត្រឡប់ចូលផ្ទះវិញ ហើយត្រូវចូលខ្លួនមកជួបអាជ្ញាធរដើម្បីផ្តល់ព័ត៌មានមួយចំនួនជុំវិញប្រវត្តិដីធ្លី និងការចូលរួមធ្វើបាតុកម្មរបស់ពួកគេពេលកន្លងមក។

សូមរំលឹកថា កាលពីថ្ងៃទី ១២ ខែកញ្ញា ប្រជាពលរដ្ឋភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រមាណ ១០០នាក់បានប៉ះទង្គិចជាមួយសមត្ថកិច្ចរាប់រយនាក់ ដែលដាក់ប៉ារ៉ាស់មិនឱ្យពលរដ្ឋចូលមើលដីស្រែដែលកំពុងមានទំនាស់ជាមួយក្រុមហ៊ុន OCIC របស់ឧញ៉ា ពុង ឃាវសែ។ ក្នុងហេតុការណ៍ប៉ះទង្គិចគ្នានោះ សមត្ថកិច្ចបានឃាត់ខ្លួនពលរដ្ឋចំនួន ៣០នាក់ភ្លាមៗបញ្ជូនទៅស្នងការខេត្តកណ្តាល។

ការតវ៉ារបស់ពលរដ្ឋព្រលានយន្តហោះថ្មីបានអូសបន្លាយរយៈពេលជាង ៣ ឆ្នាំមកហើយ ដោយពលរដ្ឋមិនព្រមទទួលយកគោល ការណ៍សំណងដោះដូរទីតាំងរស់នៅ និងសំណងតម្លៃចំនួន ៨ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ពលរដ្ឋអះអាងថាតម្លៃដីនៅទីនោះហក់ឡើងជិត ៧០ដុល្លារក្នុងមួយម៉ែត្រការ៉េទៅហើយ។ តែយ៉ាងណាពលរដ្ឋបញ្ជាក់ថា បើសិនក្រុមហ៊ុនតម្លើងគោលការណ៍សំណងខ្ទង់៤០ ឬ៥០ដុល្លារក្នុងមួយម៉ែត្រការ៉េនោះពលរដ្ឋនឹងអាចពិចារណាយល់ព្រម៕

Share

ព័ត៌មានទាក់ទង

Image