en     km
en     km

ក្រុមគ្រួសារសកម្មជនសិទិ្ធមនុស្សបង្ហាញសារគាំទ្រឆន្ទៈពួកគេទោះបីត្រូវជាប់ពន្ធធនាគារ

Share

ភ្នំពេញ៖ សមាជិកក្រុមគ្រួសារសកម្មជន ​និង អ្នកការពារសិទ្ធិមនុស្សនិងបរិស្ថានដែលកំពុងជាប់ពន្ធធនាគារបានបង្ហាញសារគាំទ្រសកម្មភាព និង ឆន្ទៈរបស់ពួកគេដែលលះបង់កម្លាំងកាយចិត្តដើម្បីបុព្វហេតុសង្គម ទោះបីជារងការចាប់ខ្លួនដ៏ដោយចុះ។

នេះជាសាររបស់ម្តាយ បងស្រី និងក្មួយ របស់សមាជិកក្រុមគ្រួសារសកម្មជនខាងលើទំហ្វេសប៊ុករបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)នៅថ្ងៃទី២៧ ខែកញ្ញានេះ ខណៈក្រុមសង្គមស៊ីវិលកំពុងបន្តយុទ្ធ នាការសប្តាហ៍ទី ៨ ស្នើឱ្យមានការដោះលែងសកម្មជននិងអ្នកការពារសិទិ្ធមនុស្ស។

អ្នកស្រី ទី ម៉ារី ម្តាយសកម្មជនសង្គម ហ៊ុន វណ្ណៈ លើកឡើងក្នុងសាររបស់ខ្លួនអបដោយរូបថតកូនប្រុសខ្លួនផង អ្នកស្រីនិយាយថា លោក ហ៊ុន វណ្ណៈ ជាមនុស្សស្រលាញ់ការងារសង្គម បរិស្ថាន ព្រោះឃើញសង្គមមួយនេះរងភាពអយុត្តិធម៌។«តើកូនរបស់ខ្ញុំខុសអ្វី! ដោយគ្រាន់តែគាត់តវ៉ារឿងសង្គមនិងបរិស្ថាន?» នេះជាប្រយោគសំនួររបស់ម្តាយលោក ហ៊ុន វណ្ណៈ ជាសកម្មជនបរិស្ថាន។

ដោយឡែកអ្នកស្រី ថាច់ ធីតា ម្តាយសកម្មជនសង្គម ឈឿន ដារ៉ាវី លើកឡើងក្នុងសារថា ដារ៉ាវី មើលឃើញពីភាពអយុត្តិធម៌ក្នុងសង្គមទើបនាងចូលរួមការងារសង្គមនិងបរិស្ថាននេះដោយចង់ឱ្យមនុស្សក្នុងសង្គមចេះគោរពច្បាប់។ អ្នកស្រីសុំឱ្យតុលាការផ្តល់យុត្តិធម៌ដល់កូនរបស់អ្នកស្រី ហើយអាជ្ញាធរគួរគាំទ្រសកម្មភាពនិងលើកទឹកចិត្តរបស់ពួកគេ។

ចំណែកក្មួយប្រុសលោក រ៉ុង ឈុន គឺលោក រ៉ុង វិជ្ជា លើកឡើងពីគោលបំណងរបស់លោក រ៉ុង ឈុន ដែលចង់ឃើញប្រជាពលរដ្ឋទទួលបានសិទ្ធិរស់នៅស្របតាមគោលការណ៍ប្រជាធិបតេយ្យ។ ក្មួយប្រុសប្រធានសហជីពរូបនេះបន្ថែមថា​ សកម្មភាពរបស់លោក រ៉ុង ឈុន ចង់ឱ្យប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍន៍ឱ្យបានស្មើៗគ្នា ជៀសវាងការអភិវឌ្ឍន៍ដែលនាំឱ្យមានការឈឺចាប់ និងភាពអយុត្តិធម៌។

ហើយចុងក្រោយអ្នកស្រី កើត យី បងស្រីសកម្មជនជាព្រះសង្ឃ កើត សារ៉ាយ លើកឡើងដែរថា ប្អូនប្រុសរបស់ខ្លួនសុខចិត្តលះបង់ក្រុមគ្រួសារដើម្បីបម្រើជាតិមាតុភូមិ ធ្វើការងារសង្គមដែលជាក្តីស្រមៃរបស់ខ្លួនទោះបីត្រូវជាប់ពន្ធធនាគារក៏ដោយ។

ជាការកត់សម្គាល់ សាររបស់សាច់ញាតិសកម្មជនខាងលើនេះ ធ្វើឡើងស្របពេលដែលក្រុមអង្គការសង្គមស៊ីវិលកំពុងបន្តយុទ្ធនាការក្នុងសប្តាហ៍ទី ៨ ដោយនិយាយពីការចាប់ខ្លួនលោក រ៉ុង ឈុន និងសកម្មជនសង្គមជាយុវជនចំនួន ៧ នាក់ដែលតុលាការចោទប្រកាន់ពីបទ«ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍»កាលពីខែសីហា និងកញ្ញាឆ្នាំមុន។

សង្គមស៊ីវិលបានពិពណ៌នាថា ការងាររបស់ពួកគេជាក្តីស្រមៃក្នុងការការពារបរិស្ថាន យុត្តិធម៌សង្គម និងលើកកម្ពស់សិទ្ធិមនុស្ស។ ការងាររបស់ពួកគេដើម្បីតែប្រជាពលរដ្ឋខ្មែរទទួលបាននូវការគោរពសិទ្ធិស្មើៗគ្នា យុត្តិធម៌សង្គម សុខមាលភាព បរិស្ថានល្អ និងបន្តថែរក្សាសម្បត្តិធម្មជាតិឱ្យគង់វង្សជាគំរូដល់ក្មេងជំនាន់ក្រោយតែប៉ុណ្ណោះ។ សង្គមស៊ីវិល សម្តែងសោកស្តាយដែលក្តីស្រមៃ និងសកម្មភាពរបស់សកម្មជនសង្គមទាំង ៨ រូប ដែលមិនសូវទទួលបានការគាំទ្រយកចិត្តទុកដាក់ និងលើកទឹកចិត្តពីអាជ្ញាធររដ្ឋនោះទេ ។ ប៉ុន្តែអ្នកទាំង ៨ បែរជាទទួលការគម្រាមកំហែង បំភិតបំភ័យ និងចាប់ខ្លួនដាក់ពន្ធនាគារដោយមិនត្រឹមត្រូវទៅវិញ៕

Share

ព័ត៌មានទាក់ទង

Image