ក្នុងសន្និសីទកាសែតមួយ ដែលបានរៀបចំឡើងកាលពីថ្ងៃទី៤ ខែវិច្ឆិកា មានស្រ្តីបួននាក់ ក្នុងនោះ បីនាក់ជាម្តាយ និងម្នាក់ ជាប្រពន្ធ របស់សកម្មជនការពារបរិស្ថាន ៣ នាក់ និងសកម្មជនការពារតំបន់អារ៉ែងម្នាក់ ដែលកំពុងឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកោះកុង។
ស្ត្រីទាំងនោះបានថ្លែងពីទុក្ខលំបាករបស់ខ្លួន ក្រោយពីកូន និងប្តីរបស់ពួកគេជាប់ពន្ធនាគារ។ ពួកគេបានអំពាវនាវដល់ប្រមុខរដ្ឋាភិបាល និងតុលាការខេត្តកោះកុង ឱ្យទម្លាក់ការចោទប្រកាន់ និងដោះលែងអ្នកទាំងបួនឱ្យមានសេរីភាពឡើងវិញ ព្រោះថាបច្ចុប្បន្ននេះ ពួកគេជួបការលំបាកក្នុងជីវភាពយ៉ាងខ្លាំង ដោយពុំមានអ្នកទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ។
តទៅនេះ សូមស្តាប់បទយកការណ៍ ដែលរៀបចំដោយកញ្ញា ឆេង ណាតា ដូចតទៅ៖
ការធ្លាក់ចុះសេដ្ឋកិច្ចគ្រួសារ ជួបប្រទះនូវបញ្ហាផ្លូវចិត្ត ត្រូវចេញមុខរ៉ាប់រងរកប្រាក់ដើម្បីផ្គត់ផ្គង់គ្រួសារ នេះសុទ្ធតែជាបញ្ហា ដែលស្រី្តជាម្តាយ និងប្រពន្ធរបស់កម្មជនការពារបរិស្ថាន ៤ នាក់បានជួបប្រទះ ក្រោយពីកូន និងប្តីរបស់ពួកគេត្រូវបានអាជ្ញាធរចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកោះកុង។
មានអាយុ ៣៤ ឆ្នាំ និងមានបីកូនស្រីជាប់នឹងដៃផងនោះ អ្នកស្រី ម៉ន សុម៉ុន ជាប្រពន្ធរបស់លោក វ៉ែន វ៉ន ដែលគេស្គាល់ថា ជាក្រុមប្រឹក្សាឃុំមកពីគណបក្សប្រជាជកម្ពុជា បានរៀបរាប់ថា បន្ទាប់ពីប្តីអ្នកស្រីជាប់ពន្ធនាគារ គ្រួសារអ្នកស្រីបានជួបបញ្ហាជីវភាពយ៉ាងខ្លាំង ដោយសារតែប្តីអ្នកស្រីជាអ្នករកស៊ីចិញ្ចឹមគ្រួសារ។ អ្នកស្រីបន្តថា ពីដំបូងឡើយការរស់នៅចិញ្ចឹមជីវិតរាល់ថ្ងៃ អ្នកស្រីពឹងតែទៅប្តីតប៉ុណ្ណោះ ព្រោះតែអ្នកស្រីគ្មានចំណេះអាចទៅធ្វើការងារអ្វីបាន និងមិនចេះរកស៊ី។
ក្នុងទឹកមុខស្រពោន កែវភ្នែកដិតដាមទៅដោយទឹកភ្នែក ស្រ្តីដែលមានសប្បុរស្រអែមរូបនេះ បានរៀបរាប់បន្តថា សព្វថ្ងៃនេះអ្នកស្រីគ្មានមុខរបរអ្វីចិញ្ចឹមជីវិតនោះទ ក្រៅតែពីធ្វើស្រែចម្ការបន្តិចបន្តិច និងពឹងទៅលើអ្នកជិតខាង និងបងប្អូនដែលមានចិត្តសប្បុរស ផ្តល់ប្រាក់ឱ្យគ្រាន់តែនឹងបានទិញម្ហូបឱ្យកូនបរិភោគ។
អ្នកស្រី ម៉ន សុម៉ុន និយាយថា ពេលអត់ពីប្តី ជីវភាពគ្រួសារអ្នកស្រីបានធ្លាក់ចុះយ៉ាងខ្លាំង ណាមួយកូនសុទ្ធតែនៅតូចៗ ហើយត្រូវចិញ្ចឹមមើលថែម្តាយពិការនៅក្នុងផ្ទះថែមទៀតផង៖ «អាងតែនឹងប្តី ដល់ពេលប្តីខ្ញុំជាប់ពន្ធនាគារអញ្ចឹងខ្ញុំពិបាកខ្លាំងណាស់។ អញ្ចឹងបានជាខ្ញុំសំណូមពរឱ្យលោកតុលាការហ្នឹងជួយដោះលែងប្តីខ្ញុំ ខ្ញុំមានកូនបីនាក់សុទ្ធតែតូចៗ»។
អ្នកស្រី សុម៉ុន បានឱ្យដឹងដែរថា ការជាប់ពន្ធនាគាររបស់លោក វ៉ែន វ៉ន មិនត្រឹមតែធ្វើឱ្យជីវភាពគ្រួសារអ្នកស្រីធ្លាក់ចុះនោះទេ វាក៏ប៉ះពាល់ការសិក្សារបស់កូន និងផ្លូវចិត្តអ្នកស្រីផងដែរ។ «ខ្ញុំអត់មានលុយឱ្យកូនរៀន ហើយណាមួយផ្គត់ផ្គង់ការរៀនសូត្រ និងពេលវាទៅរៀនអីទៅយើងអត់មានលុយឱ្យវាទិញនំឱ្យហូប ទិញសម្លៀកបំពាក់អីអញ្ចឹងទៅយើងមានលុយទេ បើប៉ានៅទៅអាចនឹងរកលុយបាន ដាក់សន្ទូចដាក់បង្កៃ អីអញ្ចឹងណា មានលុយទៅអាចផ្គត់ផ្គង់ឱ្យកូនទៅរៀន។ … ខ្ញុំមិនដឹងធ្វើអីទេ ព្រោះខ្ញុំមិនទាន់គិតឃើញបើរាល់ថ្ងៃប្តីខ្ញុំទើបតែត្រូវបានគេចាប់ថ្មីអញ្ចឹង ដូចថាខ្ញុំវានៅពិបាកចិត្តខ្លាំងពេក» អ្នកស្រី សុម៉ុន និយាយបន្ថែម។
ចំណែកអ្នកស្រី ថា សុភា ប្រពន្ធរបស់លោក ស៊ឹម សំណាង ក៏មិនខុសពីប្រពន្ធរបស់ វ៉ែន វ៉ន ដែរ។ អ្នកស្រី ថា សុភា បាននិយាយទាំងទឹកភ្នែក ថាមុនពេលប្តីអ្នកស្រី មិនទាន់ត្រូវបានចោទប្រកាន់ ជីវភាពគ្រួសារអ្នកស្រីមានលក្ខណៈមធ្យម ប៉ុន្តែសព្វថ្ងៃនេះ បន្ទាប់ពីប្តីជាប់ពន្ធនាគារ ជីវភាពគ្រួសារអ្នកបានជួបការលំបាកយ៉ាងខ្លាំង៖ «គាត់បានរកមក ប្រាក់ខែរបស់គាត់ហ្នឹង ហើយដូចថាខ្ញុំអត់មានការចំណាយដើរទៅណាច្រើន ឥឡូវនេះគឺខ្ញុំត្រូវការ មកមើលគាត់ផង ទិញអីវ៉ាន់ផ្ញើគាត់ ហើយកូនពេលខ្លះឈឺត្រូវទិញថ្នាំ ម្តាយឈឺទៀត»។
លោក ស៊ឹម សំណាង ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីបីខែមុន ដោយសារតែលោកបានទៅរារាំងសកម្មភាពសាឡាងបូមខ្សាច់ របស់ក្រុមហ៊ុនវៀតណាមនៅខេត្តកោះកុង។
មានស្រុកកំណើតនៅភូមិជីផាត់ ឃុំជីផាត់ ស្រុកថ្មបាំង ខេត្តកោះកុង ស្រ្តីវ័យ ២២ ឆ្នាំ ដែលជាភរិយាលោក ស៊ឹម សំណាង បានឱ្យដឹងថា បច្ចុប្បន្ននេះ មិនត្រឹមតែអស់ដើមទុនទិញអីវ៉ាន់យកលក់បន្តនោះទេ ថែមទាំងត្រូវរកលុយ ដើម្បីទៅសួរសុខទុក្ខប្តីនៅក្នុងពន្ធនាគារទៀតផង។ អ្នកស្រីប្រាប់ថា ពេលទៅសួរសុខទុក្ខប្តីម្តងៗ ត្រូវចំណាយយ៉ាងតិចណាស់ ៧០ ដុល្លារក្នុងមួយលើក។
ក្នុងដៃកំពុងបីកូនប្រុសអាយុទើបតែ ២ ឆ្នាំ អ្នកស្រី ថា សុភា បាននិយាយបន្តថា អ្នកស្រីរំពឹងថា ប្តីអ្នកស្រីនឹងត្រូវបានដោះលែងឆាប់ៗនេះ។ អ្នកស្រីថា ប្តីអ្នកស្រីមិនបានធ្វើអ្វីខុស ដែលសង្គមស្អប់ខ្ពើមនោះឡើយ គាត់គា្រន់តែទៅការពារធនធានធម្មជាតិ ដែលជាសម្បត្តិរួមប៉ុណ្ណោះ។ អ្នកស្រីនិយាយបន្ថែមថា៖ «សូមរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងលោកតុលាការខេត្តកោះកុង មេត្តាដោះលែងប្តីខ្ញុំ និងអ្នកទាំងបីក្នុងពេលឆាប់ៗនេះ ព្រោះខ្ញុំមានទុក្ខលំបាកជាខ្លាំង»។
អ្នកស្រីថា សុភា បានឱ្យដឹងផងដែរថា អ្នកស្រីមិនស្តាយក្រោយទេ ដែលប្តីអ្នកស្រីបានលះបង់កម្លាំងចិត្តកាយ ទៅការពារធនធានធម្មជាតិ ហើយត្រូវជាប់ពន្ធនាគារ។ អ្នកប្រាប់ថា បើប្តីបានរួចទោសមានសេរីភាពឡើងវិញ ហើយចង់បន្តការងារជាសកម្មជនការពារបរិស្ថាន អ្នកស្រីនឹងនៅតែបន្តគាំទ្រប្តីបន្តទៀត។
រីឯស្រ្តីចំណាស់ម្នាក់ទៀត គឺអ្នកស្រី សំ សំណាង ដែលជាម្តាយរបស់លោក ទ្រី សុវិគា បានថ្លែងពីទុក្ខលំបាករបស់ខ្លួន ក្រោយពីកូនប្រុសជាប់ពន្ធនាគារដែរថា អ្នកស្រីបានជួបការលំបាកទាំងផ្លូវកាយ និងផ្លូវចិត្ត។ អ្នកស្រីបានរៀបរាប់ថា កាលពីកូនមានសេរីភាពមិនទាន់ជាប់ឃុំ គ្រាន់បានជួយជំនួសដៃជើង និងមានប្រាក់ខែ គ្រាន់បានទិញអង្ករហូបរាល់ខែ ប៉ុន្តែឥឡូវនេះ អ្នកស្រីត្រូវរ៉ាប់រងរកប្រាក់ចិញ្ចឹមគ្រួសារដោយខ្លួនឯង ព្រោះតែប្តីអ្នកស្រីបានធ្លាក់ខ្លួនពិការ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ពេលទៅសួរសុខទុក្ខកូននៅពន្ធនាគារ។
«ពិបាកចិត្តត្រង់ថា ការចាយវាយហ្នឹងរកអត់បានចាយ ខ្វះខាត ណាមួយកូនជាប់គុក មួយទៀតប្តីជួបគ្រោះថ្នាក់ចរាចរណ៍ ក្លាយជាអ្នកពិការធ្វើអ្វីលែងកើត ហើយមួយទៀតហ្នឹងត្រូវធ្វើអ្វីៗដោយខ្លួនឯង មុខរបរមីងគ្មានអ្វីទេ ក្រៅពីធ្វើស្រែចម្ការ កាប់គាស់ខ្លួនឯង ទៅឯង អីតែខ្លួនឯង ហើយខ្លួនឯងចាស់ចំណាស់នេះហើយវាធ្វើអីកើត»។
ស្រ្តីអាយុ ៥៤ រូបនេះ បានអំពាវទាំងទឹកភ្នែកថា សូមឱ្យលោកនាយករដ្ឋមន្រ្តីជួយរកយុត្តិធម៌ជូនកូនអ្នកស្រី និងជនជាប់ចោទទាំងបីនាក់ទៀតផងដែរ ព្រោះពួកគេមិនបានធ្វើខុសដូចដែលការចោទប្រកាន់ឡើយ។ អ្នកស្រីបន្តថា អ្នកស្រីសង្ឃឹមថាពួកគេ នឹងមានសេរីភាពឆាប់នេះ។
តំណាងអង្គការមាតាធម្មជាតិ លោក ថុន រដ្ឋា បានប្រាប់ឱ្យដឹងថា ស្ថានភាពគ្រួសាររបស់សកម្មជនទាំងបួននាក់ បានជួបការលំបាកជាខ្លាំង។ លោកថា ក្រោយពីប្តី និងកូនបានជាប់ពន្ធនាគារ ពួកគេត្រូវបាត់បង់ចំណូល ដោយសារធ្លាប់មានកូន នឹងប្តីជាអ្នកជួយការងារ និងមានប្រាក់ខែសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ។
លោកបន្តថា ដោយសារអង្គការមាតាធម្មជាតិ មិនមានលទ្ធភាពក្នុងការជួយទៅគ្រួសារសកម្មជនទាំងនោះ លោកកំពុងកៀងគររកជំនួយពីអង្គការសិទ្ធិមនុស្សមួយចំនួន ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភខ្លះៗដល់ពួកគេគ្រាន់នឹងទ្រទ្រង់ជីវភាព៖ «បើអ្វីដែលខ្ញុំដឹង មានអង្គការមួយចំនួនដែលធ្វើការខាងផ្នែកសិទ្ធិ ប៉ុន្តែគេជួយគាត់តិចតួច ក៏ប៉ុន្តែមិនមែនជួយគាត់ជារៀងរាល់ខែ។ មានការផ្តល់ជូនពីអង្គការលីកាដូ អង្គការសិទ្ធិមនុស្សមួយចំនួនទៀត ដែលខ្ញុំដឹង ប៉ុន្តែមិនមែនជារៀងរាល់ខែទេ ពួកគេអាចមានគម្រោងជួយគាត់ម្តង៥០ដុល្លារ ឬក៏១០ , ២០ដុល្លារ»។
កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ យុវជនអង្គការមាតាធម្មជាតិ ៣នាក់ រួមមានឈ្មោះ សាន់ ម៉ាឡា អាយុ ២៣ ឆ្នាំ លោកទ្រី សុវីគា អាយុ ២៤ ឆ្នាំ និង ស៊ឹម សំណាង អាយុ ២៦ឆ្នាំ ត្រូវបានអាជ្ញាធរស្រុកបទុសាគរចាប់ខ្លួនបញ្ជូនទៅតុលាការ។ ការឃាត់ខ្លួនយុវជនទាំង ៣ ខាងលើ ធ្វើឡើងតាមបណ្តឹងរបស់ក្រុមហ៊ុនបូមខ្សាច់ Direct Access និងអាជ្ញាធរឃុំ។
ពួកគេត្រូវបានតុលាការសម្រេចឃុំខ្លួន នៅពន្ធនាគារខេត្តបណ្តោះអាសន្ន ដោយចោទប្រកាន់ពីបទ «គំរាមកំហែងថា នឹងធ្វើឱ្យខូចខាត ដែលភ្ជាប់បញ្ជាអ្វីមួយ» តាមមាត្រា ៤២៤ នៃក្រមព្រហ្មទណ្ឌ។ ចំណែកតំណាងសហគមន៍អារ៉ែង និងជាក្រុមប្រឹក្សាឃុំនៃគណបក្សប្រជាជនកម្ពុជាលោក វ៉ែន វ៉ន ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៧ ខែតុលា ក្រោយការសាកសួរពីបទចោទ ប្រមូលអនុផលព្រៃឈើគ្មានការអនុញ្ញាត និងលុបបំបាត់ភស្តុតាង៕