en     km
en     km

ស្រ្តីជាម្តាយ និងជាប្រពន្ធ​​​ សកម្មជនការពារធនធានធម្មជាតិ ប្រឈមមុខនឹងការលំបាក ក្រោយ​​កូន និងប្តីជាប់​ពន្ធនាគារ​

Share

Cover
ក្នុងសន្និសីទកាសែតមួយ ដែលបានរៀប​ចំឡើងកាលពី​​​​​​​​​​ថ្ងៃទី៤ ខែវិច្ឆិកា មានស្រ្តី​​បួននាក់ ក្នុងនោះ បីនាក់ជា​​​​​ម្តាយ និងម្នាក់ ជាប្រពន្ធ របស់​​​​​​​សកម្មជនការពារ​​បរិស្ថាន ​​៣ នាក់ ​និងសកម្មជន​ការពារតំបន់អារ៉ែងម្នាក់ ដែល​កំពុងឃុំ​​ខ្លួនបណ្តោះអាសន្ននៅ​ពន្ធនា​​គារខេត្តកោះកុង។

ស្ត្រីទាំងនោះបានថ្លែងពីទុក្ខលំបាករបស់ខ្លួន ក្រោយពី​​កូន និងប្តី​របស់ពួកគេ​​ជាប់ពន្ធនាគារ​​។ ពួកគេបានអំពាវនាវ​ដល់ប្រមុខ​រដ្ឋាភិបាល និងតុលាការខេត្តកោះកុង ឱ្យទម្លាក់ការចោទប្រកាន់ និងដោះលែង​​​​​​​​អ្នកទាំងបួនឱ្យមានសេរីភាពឡើងវិញ ព្រោះថា​បច្ចុប្បន្ននេះ ពួកគេ​​​ជួបការលំបាក​​ក្នុងជីវភាពយ៉ាងខ្លាំង ដោយពុំមាន​​​​អ្នកទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ។

តទៅនេះ សូមស្តាប់បទយក​​ការណ៍ ដែលរៀបចំដោយ​​កញ្ញា ឆេង ណាតា ដូចតទៅ៖

ការធ្លាក់ចុះ​​​​​សេដ្ឋកិច្ចគ្រួសារ ជួប​​ប្រទះនូវបញ្ហាផ្លូវចិត្ត ត្រូវចេញមុខរ៉ាប់រង​​​រកប្រាក់ដើម្បី​​ផ្គត់ផ្គង់គ្រួសារ​​​ នេះសុទ្ធតែជាបញ្ហា ដែលស្រី្តជាម្តាយ និងប្រពន្ធ​​​​​របស់កម្មជនការពារបរិស្ថាន ៤ នាក់បានជួបប្រទះ ក្រោយពីកូន និង​ប្តីរបស់ពួកគេ​ត្រូវបាន​អាជ្ញាធរចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ននៅ​ពន្ធនាគារ​ខេត្តកោះកុង។

មានអាយុ ៣៤ ឆ្នាំ និងមានបីកូនស្រីជាប់នឹងដៃផងនោះ អ្នកស្រី​ ម៉ន សុម៉ុន ជាប្រពន្ធរបស់លោក វ៉ែន វ៉ន ដែលគេស្គាល់ថា ជាក្រុម​ប្រឹក្សាឃុំមកពីគណបក្ស​​​ប្រជាជកម្ពុជា ​​បានរៀបរាប់ថា បន្ទាប់ពី​ប្តីអ្នកស្រីជាប់ពន្ធនាគារ គ្រួសារអ្នកស្រី​បានជួប​បញ្ហាជីវភាពយ៉ាងខ្លាំង ដោយសារតែប្តីអ្នកស្រី​ជាអ្នក​រកស៊ីចិញ្ចឹម​គ្រួសារ។ អ្នកស្រីបន្តថា ពីដំបូងឡើយការរស់នៅ​ចិញ្ចឹម​ជីវិតរាល់ថ្ងៃ ​អ្នកស្រីពឹងតែ​ទៅ​​​​ប្តីត​ប៉ុណ្ណោះ​ ព្រោះតែអ្នកស្រីគ្មានចំណេះអាចទៅធ្វើការងារអ្វីបាន និងមិនចេះរកស៊ី​​។

ក្នុងទឹកមុខស្រពោន ​កែវភ្នែកដិតដាមទៅដោយទឹកភ្នែក ស្រ្តីដែលមានសប្បុរស្រអែមរូបនេះ បាន​រៀបរាប់​​បន្តថា ​​សព្វថ្ងៃនេះ​អ្នកស្រីគ្មានមុខរបរអ្វីចិញ្ចឹមជីវិតនោះទ ក្រៅតែពីធ្វើស្រែចម្ការបន្តិចបន្តិច និងពឹងទៅលើអ្នកជិត​​ខាង និងបងប្អូនដែលមាន​ចិត្តសប្បុរស ផ្តល់ប្រាក់ឱ្យ​គ្រាន់តែនឹងបានទិញម្ហូប​ឱ្យកូនបរិភោគ។

អ្នកស្រី ម៉ន សុម៉ុន និយាយថា ពេលអត់ពីប្តី​ ជីវ​​ភាពគ្រួសារអ្នកស្រីបានធ្លាក់ចុះយ៉ា​ង​ខ្លាំង ណាមួយ​កូន​​សុទ្ធតែ​នៅតូចៗ ហើយត្រូវចិញ្ចឹមមើលថែម្តាយពិការនៅក្នុងផ្ទះថែមទៀតផង៖ «អាងតែនឹងប្តី ដល់ពេលប្តីខ្ញុំជាប់ពន្ធនាគារអញ្ចឹងខ្ញុំពិបាកខ្លាំង​ណាស់។ អញ្ចឹងបានជាខ្ញុំសំណូមពរឱ្យលោកតុលាការហ្នឹជួយដោះលែងប្តីខ្ញុំ ខ្ញុំមានកូនបីនាក់សុទ្ធតែតូចៗ»។

​អ្នកស្រី សុម៉ុន បាន​ឱ្យដឹងដែរថា ការជាប់ពន្ធនាគាររបស់លោក វ៉ែន វ៉ន មិនត្រឹមតែ​​ធ្វើឱ្យជីវភាព​គ្រួសារ​អ្នកស្រី​ធ្លាក់ចុះនោះទេ វាក៏​ប៉ះពាល់ការសិក្សារបស់កូន និងផ្លូវចិត្ត​អ្នកស្រីផងដែរ។ «ខ្ញុំអត់មានលុយឱ្យកូនរៀន ហើយណាមួយផ្គត់ផ្គង់ការរៀនសូត្រ និងពេលវាទៅរៀនអីទៅយើងអត់មានលុយឱ្យវាទិញនំឱ្យ​ហូប ទិញសម្លៀកបំពាក់អីអញ្ចឹងទៅយើងមានលុយទេ បើប៉ានៅ​ទៅអាចនឹងរកលុយបាន ដាក់សន្ទូចដាក់បង្កៃ អីអញ្ចឹងណា មានលុយទៅអាចផ្គត់ផ្គង់ឱ្យកូនទៅរៀន​​។ … ខ្ញុំមិនដឹងធ្វើអីទេ ព្រោះខ្ញុំមិនទាន់គិតឃើញបើរាល់ថ្ងៃប្តីខ្ញុំទើបតែត្រូវបានគេចាប់ថ្មីអញ្ចឹង ដូចថាខ្ញុំវានៅពិបាកចិត្តខ្លាំងពេក» អ្នកស្រី សុម៉ុន និយាយបន្ថែម។

ចំណែកអ្នកស្រី ថា សុភា ប្រពន្ធរបស់​​​លោក ស៊ឹម សំណាង​ ក៏មិនខុសពី​​​​​​ប្រពន្ធរបស់ ​​វ៉ែន វ៉ន ​ដែរ។ អ្នកស្រី ថា សុភា បាន​និយាយទាំងទឹកភ្នែក​​ ថា​មុនពេលប្តីអ្នកស្រី មិន​ទាន់ត្រូវបានចោទប្រកាន់ ជីវភាព​គ្រួសារអ្នក​ស្រី​​​​​​​​​​មានលក្ខណៈមធ្យម ប៉ុន្តែសព្វថ្ងៃនេះ បន្ទាប់ពីប្តីជាប់ពន្ធនាគារ ​ជីវភា​ពគ្រួសារ​​អ្នកបានជួបការលំបាកយ៉ាងខ្លាំង៖ «គាត់បានរកមក ប្រាក់ខែ​របស់គាត់ហ្នឹង​ ហើយដូចថាខ្ញុំអត់មានការចំណាយ​ដើរទៅណាច្រើន ឥឡូវនេះគឺខ្ញុំត្រូវការ​ ​មកមើលគាត់ផង​​ ទិញអីវ៉ាន់ផ្ញើគាត់ ហើយកូនពេលខ្លះឈឺត្រូវទិញ​ថ្នាំ ម្តាយឈឺទៀត​​​»។

ប្រជាពលរដ្ឋហែរក្បួនសុំឱ្យតុលាការខេត្តកោះកុង ដោះលែងយុវជនការពារធនធានធម្មជាតិ និងបរិស្ថាន កាលពីថ្ងៃទី២៥ សីហា ២០១៥ / រូបភាព៖ LICADHO
ប្រជាពលរដ្ឋហែរក្បួនសុំឱ្យតុលាការខេត្តកោះកុង ដោះលែងយុវជនការពារធនធានធម្មជាតិ និងបរិស្ថាន កាលពីថ្ងៃទី២៥ សីហា ២០១៥ / រូបភាព៖ LICADHO

លោក ស៊ឹម សំណាង ត្រូវបានអាជ្ញាធរចាប់​ខ្លួនកាលពីបីខែមុន ដោយសារតែ​លោកបាន​ទៅរារាំង​សកម្មភាព​សាឡាង​បូមខ្សាច់ របស់ក្រុមហ៊ុនវៀតណាមនៅខេត្តកោះកុង។

មាន​ស្រុកកំណើត​នៅភូមិជីផាត់ ឃុំជីផាត់ ស្រុកថ្មបាំង ខេត្តកោះកុង ​ស្រ្តីវ័យ ២២ ឆ្នាំ ដែល​ជា​ភរិយាលោក ស៊ឹម សំណាង បានឱ្យដឹងថា ​​​​បច្ចុប្បន្ន​​នេះ មិនត្រឹមតែអស់ដើមទុនទិញអី​វ៉ា​ន់​​​យកលក់បន្តនោះទេ​ ថែមទាំងត្រូវ​​​​រកលុយ ​​ដើម្បីទៅសួរ​សុខទុក្ខប្តីនៅក្នុងពន្ធ​​នាគារទៀតផង។ អ្នក​​​ស្រីប្រាប់ថា ពេល​ទៅសួរ​សុខទុក្ខប្តីម្តងៗ ត្រូវចំណាយយ៉ាងតិចណាស់ ៧០ ដុល្លារក្នុងមួយលើក​​។

​ក្នុងដៃកំពុងបីកូនប្រុសអាយុ​ទើបតែ ២ ឆ្នាំ អ្នកស្រី ថា សុភា បាននិយាយបន្តថា អ្នកស្រី​រំ​​ពឹងថា ប្តីអ្នកស្រីនឹងត្រូវបានដោះ​លែងឆាប់ៗនេះ។ អ្នកស្រីថា ប្តីអ្នកស្រីមិនបានធ្វើអ្វីខុស ដែលសង្គម​ស្អប់ខ្ពើម​នោះឡើយ គាត់គា្រន់តែទៅការពារ​ធនធានធម្មជាតិ ដែលជាសម្បត្តិរួមប៉ុណ្ណោះ។ ​​​​អ្នកស្រីនិយាយបន្ថែម​ថា៖ «សូមរដ្ឋាភិបាល អង្គកា​​រសង្គមស៊ីវិល និងលោកតុលាការខេត្តកោះកុង មេត្តា​​ដោះលែងប្តីខ្ញុំ និងអ្នកទាំងបីក្នុងពេលឆាប់ៗ​នេះ​ ព្រោះខ្ញុំមានទុក្ខលំបាកជាខ្លាំង»។​

​​អ្នកស្រីថា សុភា បានឱ្យដឹងផងដែរថា អ្នកស្រីមិនស្តាយក្រោយទេ ដែលប្តីអ្នកស្រី​បានលះបង់​កម្លាំងចិត្តកាយ ទៅការពារ​ធនធានធម្មជាតិ ហើយត្រូវជាប់ពន្ធនាគារ។ អ្នកប្រាប់ថា បើប្តីបាន​រួចទោសមាន​សេរីភាពឡើងវិញ ហើយចង់បន្តការងារ​ជាសកម្មជនការពារបរិស្ថាន អ្នកស្រីនឹង​នៅតែបន្តគាំទ្រប្តីបន្តទៀត។​
​​​
Pic-2
រីឯស្រ្តីចំណាស់ម្នាក់ទៀត គឺអ្នកស្រី សំ សំណាង ដែលជាម្តាយរបស់លោក ទ្រី សុវិគា បានថ្លែងពី​ទុក្ខលំបាករបស់ខ្លួន ក្រោយពី​កូនប្រុសជាប់ពន្ធនាគារដែរថា អ្នកស្រីបានជួបការលំបាកទាំងផ្លូវកាយ និង​ផ្លូវចិត្ត។ អ្នកស្រី​​បានរៀបរាប់​ថា កាលពីកូន​មានសេរីភាពមិនទាន់ជាប់ឃុំ គ្រាន់បានជួយជំនួសដៃ​ជើង និងមានប្រាក់ខែ ​គ្រាន់បានទិញអង្ករហូបរាល់ខែ​ ប៉ុន្តែឥឡូវនេះ ​​​អ្នកស្រីត្រូវ​រ៉ាប់រងរកប្រាក់ចិញ្ចឹម​គ្រួសារ​​​​​​ដោយខ្លួនឯង ព្រោះតែប្តីអ្នកស្រីបានធ្លាក់ខ្លួនពិការ ដោយសារ​ជួបគ្រោះថ្នាក់ចរាចរណ៍​ពេលទៅ​សួរសុខទុក្ខ​កូននៅពន្ធនាគារ។

«ពិបាកចិត្តត្រង់ថា ការចាយវាយ​​ហ្នឹងរកអត់​បានចាយ ខ្វះខាត ណាមួយ​កូន​​ជាប់គុក មួយទៀត​ប្តីជួបគ្រោះថ្នាក់ចរាចរណ៍ ក្លាយជាអ្នក​​ពិការ​ធ្វើអ្វីលែងកើត ហើយមួយទៀតហ្នឹងត្រូវធ្វើអ្វីៗដោយខ្លួនឯង មុខរបរមីងគ្មានអ្វីទេ ក្រៅពីធ្វើស្រែចម្ការ កាប់គាស់ខ្លួនឯង ទៅឯង អីតែខ្លួន​ឯង ហើយខ្លួនឯងចាស់ចំណាស់នេះហើយវាធ្វើអីកើត»។

​​ស្រ្តីអាយុ ៥៤ រូបនេះ បានអំពាវទាំងទឹកភ្នែកថា សូមឱ្យលោកនាយករដ្ឋមន្រ្តីជួយរក​យុត្តិធម៌ជូន​កូនអ្នកស្រី និងជនជាប់ចោទ​ទាំងបីនាក់ទៀតផងដែរ ព្រោះពួកគេមិន​បានធ្វើខុសដូច​ដែលការចោទប្រកាន់ឡើយ។​ អ្នកស្រីបន្តថា អ្នកស្រីសង្ឃឹមថាពួកគេ នឹងមានសេរីភាពឆាប់នេះ។​

តំណាង​​​​​អង្គការមាតា​​ធម្មជាតិ​ លោក ថុន រដ្ឋា បានប្រាប់ឱ្យដឹងថា ស្ថានភាពគ្រួសារ​​របស់​​​​​​​​​​​​​​​​​​​​​​សកម្មជន​ទាំងបួននាក់ បាន​​ជួបការ​លំបាកជាខ្លាំង។ លោកថា ក្រោយពីប្តី និងកូនបានជាប់ពន្ធនាគារ ពួកគេត្រូវ​បាត់បង់ចំណូល ដោយសារ​ធ្លាប់មានកូន នឹងប្តីជា​អ្នក​​ជួយការងារ និងមានប្រាក់ខែសម្រាប់​ផ្គត់ផ្គង់ក្នុង​គ្រួសារ។ ​​

លោកបន្តថា ​​ដោយសារអង្គការមាតាធម្មជាតិ​ មិនមានលទ្ធភាព​ក្នុងការជួយទៅ​គ្រួសារ​សកម្មជន​ទាំងនោះ លោកកំពុង​កៀងគរ​រកជំនួយពី​អង្គការសិទ្ធិមនុស្សមួយចំនួន ដើម្បីផ្តល់ប្រាក់​ឧបត្ថម្ភខ្លះៗ​ដល់ពួកគេគ្រាន់នឹង​ទ្រទ្រង់ជីវភាព៖ «បើអ្វីដែល​ខ្ញុំដឹង មាន​​អង្គការមួយចំនួនដែលធ្វើការខាងផ្នែកសិទ្ធិ ប៉ុន្តែគេជួយគាត់តិចតួច ក៏ប៉ុន្តែមិនមែនជួយគាត់ជារៀងរាល់ខែ។ មានការផ្តល់ជូន​​ពីអង្គការលីកាដូ អង្គការសិទ្ធិមនុស្សមួយចំនួនទៀត ដែលខ្ញុំដឹង ប៉ុន្តែមិនមែនជារៀងរាល់ខែទេ ពួកគេអាច​មាន​គម្រោង​​ជួយគាត់ម្តង៥០ដុល្លារ ឬក៏១០ ,​ ២០ដុល្លារ»។

កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ យុវជនអង្គការមាតាធម្មជាតិ ៣នាក់ រួមមានឈ្មោះ សាន់ ម៉ា​ឡា ​ ​អាយុ ២៣ ឆ្នាំ​ លោកទ្រី សុវីគា ​ អាយុ ២៤ ឆ្នាំ និង​ ស៊ឹម សំណាង ​ អាយុ ២៦ឆ្នាំ ត្រូវបាន​អាជ្ញាធរស្រុកប​ទុសាគរ​​ចាប់ខ្លួនបញ្ជូនទៅតុលាការ​​។ ការឃាត់ខ្លួន​យុវជនទាំង ៣ ខាងលើ ធ្វើឡើងតាមបណ្តឹងរបស់ក្រុមហ៊ុនបូមខ្សាច់​​​​ Direct Access និងអាជ្ញាធរឃុំ។

ពួកគេត្រូវបានតុលាការសម្រេចឃុំខ្លួន នៅពន្ធនាគារខេត្តបណ្តោះអាសន្ន ដោយចោទប្រកាន់ពីបទ «គំរាមកំហែងថា នឹងធ្វើឱ្យ​ខូចខាត ដែលភ្ជាប់បញ្ជាអ្វីមួយ» តាមមាត្រា ៤២៤ នៃក្រមព្រហ្មទណ្ឌ។ ចំណែកតំណាងសហគមន៍​​អារ៉ែង​​ និងជាក្រុមប្រឹក្សា​ឃុំនៃគណបក្សប្រជាជនកម្ពុជា​​លោក វ៉ែន វ៉ន​​ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៧ ខែតុលា ក្រោយការសាកសួរ​​ពីបទ​​ចោទ ​ប្រមូល​អនុផលព្រៃឈើគ្មានការអនុញ្ញាត​​ និង​​លុបបំបាត់ភស្តុតាង៕

Share

Image
Image
Image