en     km
en     km

បុគ្គលិកនារីនៅសាលាក្រុងកាប៊ុលត្រូវបានប្រាប់ឱ្យស្នាក់នៅផ្ទះ

Share

បុគ្គលិកនារីក្នុងរដ្ឋបាលសាលារដ្ឋធានីកាប៊ុលនៃប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានប្រាប់ឱ្យស្នាក់នៅផ្ទះ លើកលែងតែចំពោះការងារណា ដែលបុរសមិនអាចធ្វើជំនួសបាន។ នេះជាសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានអេភី ពីរដ្ឋធានីកាប៊ុល នៅថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា។

អេភីបញ្ជាក់ថា អភិបាលស្ដីទីរដ្ឋធានីកាប៊ុល បាននិយាយដូច្នេះ នៅថ្ងៃអាទិត្យដដែល ដោយរៀបរាប់ពីវិធានការរឹតត្បិតនានា ដាក់លើស្ត្រី ដោយអ្នកដឹកនាំតាលីបង់។ យោងតាមអេភី ការហាមឃាត់ភាគច្រើននៃអ្នកធ្វើការភេទស្រី ពោលគឺតិចជាង១ភាគ៣នៃបុគ្គលិកសរុប៣ពាន់នាក់ មិនឱ្យវិលទៅបំពេញភារកិច្ចនៅសាលាក្រុងវិញ ហើយនេះជាសញ្ញាមួយទៀតដែលបង្ហាញថា ពួកតាលីបង់កំពុងពង្រឹងការបកស្រាយបែបតឹងនៃច្បាប់អ៊ិស្លាម ទោះបីជាពួកគេខ្លះបានសន្យាអនុញ្ញាតឱ្យស្ត្រីធ្វើការនិងចូលរួមក្នុងជីវភាពសង្គមក៏ដោយ។

ប្រភពដដែលបន្ថែមថា កាលពីថ្ងៃសុក្រ ពួកតាលីបង់បានបិទក្រសួងកិច្ចការនារី ហើយបើកក្រសួងមួយនៅកន្លែងដដែល សម្រាប់«ការផ្សាយគុណធម៌និងការបង្ការបាបធម៌» និងឱ្យទទួលបន្ទុកពង្រឹងច្បាប់អ៊ិស្លាម។ កាលពីថ្ងៃអាទិត្យ បើតាមអេភី ស្ត្រីជាង១២នាក់​បានតវ៉ានៅខាងក្រៅក្រសួងនោះ ដោយលើកបដាដែលអំពាវនាវឱ្យស្ត្រីបានចូលរួមក្នុងជីវភាពសាធារណៈ ហើយបដាមួយសរសេរថា៖ «សង្គមមួយដែលស្ត្រីអសកម្មគឺជាសង្គមស្លាប់៕»

Share

Image
Image
Image