អគ្គលេខាធិការអង្គការសហប្រជាជាតិបានស្នើឱ្យប្រទេសចិននិងសហរដ្ឋអាមេរិក បញ្ចៀសសង្គ្រាមត្រជាក់ថ្មី ដោយស្ដារទំនាក់ទំនងល្អឡើងវិញ។ ក្នុងបទសម្ភាសជាមួយអេភី នៅថ្ងៃសៅរ៍ លោក អង់តូនីញ៉ូ ហ្គុតទែររ៉េស បានលើកពីបញ្ហានានា រួមទាំងកិច្ចព្រមព្រៀងត្រីភាគីអាមេរិក-អង់គ្លេស-អូស្ត្រាលីថ្មីៗផង។
ដោយព្រមានអំពីសង្គ្រាមត្រជាក់ថ្មីដែលអាចកើតមាន អគ្គលេខាធិការអង្គការសហប្រជាជាតិបានស្នើឱ្យប្រទេសចិននិងសហរដ្ឋអាមេរិក ជួសជុលទំនាក់ទំនងរបស់ពួកគេ ដែលលោកថា«ខូចខាតទាំងស្រុង» ឱ្យបានមុនពេលដែលបញ្ហានានារវាងប្រទេសទាំងពីរ, ដែលសុទ្ធជាប្រទេសធំៗ និងមានឥទ្ធិពលជ្រាលជ្រៅ, ហៀរហូរទៅកាន់តំបន់ផ្សេងៗទៀតនៃភពផែនដី។ នេះជាសេចក្ដីរាយការណ៍ពីទីស្នាក់ការអង្គការសហប្រជាជាតិ នៅថ្ងៃចន្ទ ទី២០ ខែកញ្ញា ដោយទីភ្នាក់ងារសារព័ត៌មានអេភី។
អេភីដែលបានសម្ភាសលោក អង់តូនីញ៉ូ ហ្គុតទែររ៉េស កាលពីថ្ងៃសៅរ៍ បានឱ្យដឹងតាមសម្ដីរបស់លោកថា មហាអំណាចសេដ្ឋកិច្ចទាំងពីររបស់ពិភពលោក គួរតែធ្វើសហប្រត្តិបត្តិការលើបញ្ហាអាកាសធាតុ ហើយចរចាគ្នាឱ្យបានកាន់តែខ្លាំងក្លាស្ដីពីពាណិជ្ជកម្មនិងបច្ចេកវិទ្យា ជាក់ស្ដែងមានទំនាស់នយោបាយជាប្រចាំទាក់ទងនឹងសិទ្ធិមនុស្ស សេដ្ឋកិច្ច សន្តិសុខតាមអ៊ិនធើណិត និងអធិបតេយ្យក្នុងសមុទ្រចិនខាងត្បូង។
បទសម្ភាសនោះធ្វើឡើងមុនពេលដែលមេដឹកនាំពិភពលោក ក្នុងសប្ដាហ៍នេះ ត្រូវមកប្រជុំប្រចាំឆ្នាំ នៅអង្គការសហប្រជាជាតិ។ វានឹងជាការជួបជុំមួយដែលអួអាប់ដោយបញ្ហាកូវីដ កង្វល់ស្ដីពីអាកាសធាតុ និងភាពមិនចុះសម្រុងគ្នានៅទូទាំងពិភពលោក។ នេះបើតាមអេភីដែលបានស្រង់សម្ដីលោក ហ្គុតទែររ៉ែស មកផ្សាយថា៖ «អភ័ព្វពេកណាស់, សព្វថ្ងៃយើងមានតែការប្រឈមមុខដាក់គ្នា។»
យោងតាមអេភី, អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងបន្តថា «យើងចាំបាច់ត្រូវកសាងឡើងវិញនូវទំនាក់ទំនងដែលដើរល្អ រវាងមហាអំណាចទាំងពីរ» ដោយលោកចាត់ទុកថា រឿងនេះគឺសំខាន់ណាស់ ដើម្បីដោះស្រាយបញ្ហាចាក់វ៉ាក់សាំង បញ្ហាប្រែប្រួលអាកាសធាតុ និងការប្រឈមជាសកលផ្សេងៗទៀត ដែលមិនអាចដោះស្រាយបានដោយពុំមានទំនាក់ទំនងបែបស្ថាបនានៅក្នុងសហគមន៍អន្តរជាតិ ហើយជាពិសេសក្នុងចំណោមប្រទេសមហាអំណាចកំពូលៗទេ។»
លោក ហ្គុតទែររ៉ែស បាននិយាយប្រាប់អេភីទៀតថា កិច្ចព្រមព្រៀងសហរដ្ឋអាមេរិកនិងអង់គ្លេស ដើម្បីជួយអូស្ត្រាលីឱ្យមាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ ដែលអាចធ្វើប្រតិបត្តិការជាសម្ងាត់នៅអាស៊ី «គឺគ្រាន់តែជាចំណែកតូចមួយនៃបញ្ហាដ៏ស្មុគស្មាញជាងនេះទៀត … ពោលគឺទំនាក់ទំនងដែលខូចទាំងស្រុង រវាងប្រទេសចិននិងសហរដ្ឋអាមេរិក»។
អេភីរម្លឹកថា កិច្ចព្រមព្រៀងចរចាស្ងាត់ៗនោះ បានធ្វើឱ្យប្រទេសចិននិងប្រទេសបារាំងក្ដៅក្រហាយខ្លាំង។ កិច្ចព្រៀងនេះធ្វើឱ្យប្រទេសបារាំងបាត់បង់កិច្ចព្រមព្រៀងជាមួយអូស្ត្រាលី ដែលមានតម្លៃយ៉ាងតិច៦៦ប៊ីលានដុល្លារ សម្រាប់ស្ថាបនានាវាមុជទឹកដើរដោយប្រេងម៉ាស៊ូត។ នេះជាការបញ្ជាក់ដោយអេភី៕