en     km
en     km

បទវិភាគ៖ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដលើកុមារជាការប្រឹងប្រែងក្នុងក្តីមន្ទិល

Share

ភ្នំពេញ៖ កម្ពុជាបានសម្រេចចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដល់កុមារអាយុ ៦ឆ្នាំដល់ក្រោម ១២ឆ្នាំដែលជាផ្នែកមួយបង្កើនភាពសុំាក្នុងសហគមន៍ និងការឈានទៅបើកសាលាកម្រិតទាបៗឡើងវិញ។ ប៉ុន្តែយុទ្ធនាការនេះ បានកើតជាក្តីមន្ទិលសង្ស័យខណៈអង្គការសុខភាពពិភពលោកនៅមិនទាន់យល់ស្របឱ្យមានការចាក់វ៉ាក់សាំងនេះដល់កុមារតូចៗនៅឡើយ។

តើការសម្រេចបោះមួយជំហានរបស់កម្ពុជា ចាក់វ៉ាក់សាំងជូនកុមារនេះមានហេតុផលយ៉ាងណា? និងជារឿងត្រឹមត្រូវឬទេ?

តទៅនេះសូមនាងកញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទវិភាគដែលរៀបរៀងដោយលោក កែវ សុខា ដូចតទៅ!

 

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារអាយុចាប់ពីអាយុ ៦ ឆ្នាំដល់ក្រោមអាយុ ១២ឆ្នាំ។ ក្នុងពិធីបើកយុទ្ធនាការកាលពីថ្ងៃទី១៧ ខែកញ្ញា ថ្មីៗនេះ គេឃើញវត្តមាននាយករដ្ឋដឹកដៃចៅៗចាក់វ៉ាក់សាំងមុនគេ ដើម្បីជាទំនុកចិត្តដល់សាធារណជន ខណៈប្រមុខរដ្ឋាភិបាលបានសម្រេចប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac)របស់ក្រុមហ៊ុនចិន ចាក់ជូនកុមារកម្ពុជាក្នុងយុទ្ធនាការថ្មីនេះដែលមានប្រមាណ ១លាន ៩សែននាក់។

មានហេតុផលមួយចំនួនដែលនាំឱ្យរដ្ឋាភិបាលសម្រេចចិត្តជាជំហានថ្មីមួយទៀតចាក់វ៉ាក់សាំងដល់កុមារចាប់ពីអាយុ ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំនេះ នោះគឺទាក់ទងសិទ្ធិសំខាន់ៗចំនួន ៣ ធំដែលកុមារត្រូវទទួល។

ផ្អែកតាមការថ្លែងរបស់នាយកមន្រ្តីក្នុងសន្និសីទសារព័ត៌មានបើកយុទ្ធនាការចាក់វ៉ាក់សាំងកុមារនៅថ្ងៃទី១៧ ខែកញ្ញានោះ សិទ្ធិធំៗដែលកុមារត្រូវទទួលបាន គឺទី១៖សិទ្ធិរស់រានមានជីវិត ទី២៖សិទ្ធិទទួលបានការថែទាំសុខភាព និងទី៣៖សិទ្ធិទទួលបានការអប់រំ។

បើនិយាយពីសិទ្ធិទាំងបីនេះ យន្តការនៃការចាក់វ៉ាក់គឺជារឿងចាំបាច់ ត្បិតការរស់រានមានជីវិតទៅបានលុះត្រាតែកុមារត្រូវបានការការពារពីការរាតត្បាតនៃជំងឺកាចសាហាវនានា តួយ៉ាងដូចជំងឺកូវីដ១៩នេះ។​ ហើយការចាក់វ៉ាក់សាំងកូវីដ១៩ នេះផងដែរ ជាផ្នែកមួយបំពេញឱ្យកុមារទទួលសិទ្ធិថែទាំងសុខភាពរបស់ពួកគេ ដូចដែលកុមារធ្លាប់បានទទួលថ្នាំបង្ការ ឬវ៉ាក់សាំងការពារជំងឺរលាកស្រោមខួរ រលាកថ្លើម ឬជំងឺកញ្ជ្រឹលជាដើម។ បើនិយាយពីសិទ្ធិទទួលបានការអប់រំរបស់កុមារវិញ វារឹតតែសំខាន់នៅពេលដែលកុមារបានទទួលការចាក់វ៉ាក់សាំង។ ត្បិតអីបច្ចុប្បន្នសាលាកម្រិតថ្នាក់ទាបៗដូចជាថ្នាក់មត្តេយ្យ និង បឋមសិក្សា មិនទាន់អាចបើកដំណើរការបានពេញលេញនៅឡើយទេនៅទូទាំងប្រទេស។ ដូច្នេះហើយយុទ្ធនាការចាក់វ៉ាក់សាំងកុមារនេះ ជាការចាំបាច់ដើម្បីឱ្យកុមារទទួលបានសិទ្ធិអប់រំឱ្យបានពេញលេញឡើងវិញ។

ក្រៅពីហេតុផល ផ្តល់សិទ្ធិធំៗចំនួនបីទៅកាន់កុមារដូចដែលបានលើកឡើងខាងលើ ការចាក់វ៉ាក់សាំងនេះទៀតសោទ ក៏ជាយុទ្ធសាស្រ្តពង្រីកភាពសុំាក្នុងសហគមន៍ផងដែរ។ រដ្ឋាភិបាលមានបំណងចាក់វ៉ាក់សាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ឱ្យស្រោចជោកជាំក្នុងសហគមន៍ដើម្បីបង្កើនភាពសុំាក្នុងសហគមន៍ឱ្យបានជាអតិបរិមា។ ប៉ុន្តែបើគិតត្រឹមការចាក់វ៉ាក់សាំងជូនដល់កុមារអាយុ ១២ឆ្នាំឡើងដល់មនុស្សពេញវ័យ និងមនុស្សចាស់ សរុបទៅគឺបានតែ ៧៥%ប៉ុណ្ណោះនៃអត្រាបង្កើនភាពសុំាក្នុងសហគមន៍ ដែលនេះមិនទាន់ឈានទៅការសម្រេចបានជាអតិបរិមានៅឡើយទេ។ ម្លោះហើយ ការចាក់វ៉ាកសាំងដល់ក្រុមកុមារអាយុ ៦ ​ឆ្នាំដល់ក្រោម ១២ឆ្នាំ ជាការចាំបាច់ដើម្បីបង្កើនភាពសុំាំក្នុងសហគមន៍ឱ្យបានជាអតិបរិមា។

យុទ្ធសាស្រ្តចាក់វ៉ាក់សាំងស្រោចបង្កើនភាពសុំាក្នុងសហគមន៍នេះ ជាផ្នែកមួយជំរុញឱ្យមានការងើបឡើងវិញជាបណ្តើរៗនៃវិស័យសេដ្ឋកិច្ចផងដែរ។ នាយករដ្ឋមន្រ្តីបានប្រកាសថា នឹងបើកដំណើរការវិស័យទេសចរណ៍ទាំងក្នុងស្រុកនិងក្រៅស្រុកជាបណ្តើរៗផងដែរ ព្រោះត្បិតវិស័យទេសចរណ៍ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា ដែលនាំប្រាក់ចំនូល និងឱ្យប្រជាជនមានការងារធ្វើ។ ទាំងនេះ ជាហេតុផលត្រួសៗដែលនាំឱ្យរដ្ឋាភិបាលសម្រេចឈានទៅបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ។

រូបភាពកុមារទៅចាក់វ៉ាក់សាំកូវីដ១៩នៅថ្ងៃបើកយុទ្ធនាការដំបូង។រូបភាពហ្វេសប៊ុកនាយករដ្ឋមន្រ្តី។

កន្លងមកយើងពិតជាទទួលស្គាល់កិច្ចខិតខំប្រឹងប្រែរបស់រដ្ឋាភិបាល ដែលបានស្វះស្វែងរកប្រភពជំនួយពីអ្នកពាក់ព័ន្ធនានា ជួយដល់អ្នកក្រីក្រដែលជួបវិបត្តិសេដ្ឋកិច្ចក្នុងគ្រួសារអំឡុងពេលកូវីដ-១៩។ ហើយដៃម្ខាងទៀត រដ្ឋាភិបាលក៏ប្រឹងប្រែងខ្នះខ្នែងណាស់ដែរ ក្នុងការស្វែងរកវ៉ាក់សាំងពីបណ្តាលប្រទេសនានា ដើម្បីចាក់ជូនពលរដ្ឋក្នុងការបង្ការទប់ស្តាត់ការចម្លងរាលដាលជំងឺកូវីដ-១៩។

គិតត្រឹមថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២១ ការចាក់វ៉ាក់សាំងនៅកម្ពុជាដល់ក្រុមមនុស្សអាយុ១៨ឆ្នាំឡើងទៅបានរហូតដល់៩៨,២២%។ ចំណែកក្រុមមនុស្សអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំបាន៨៧,៨០%។ នេះជាតួលេខមួយខ្ពស់គួរឱ្យកត់សម្គាល់ ហើយរដ្ឋាភិបាលក៏បានដាក់គោលដៅរំពឹងទុក ​ឱ្យសម្រេចបានការចាក់វ៉ាក់ជូនក្រុមមនុស្សអាយុ ១៨ឆ្នាំឡើងទៅឱ្យបាន ១០០%នៅខែតុលាខាងមុននេះ។

ក៏ប៉ុន្តែនៅស្របពេលជាមួយកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនេះ ក្តីព្រួយបារម្ភពីសុវត្ថិភាព និងការមន្ទិលសង្ស័យគុណភាពនៃវ៉ាក់សាំងក៏កើតមានក្នុងចិត្តរបស់ពលរដ្ឋផងដែរ រួមទាំងការចាក់វ៉ាក់សាំងដល់កុមារនេះផង។ ក្តីបារម្ភ និងការមន្ទិល ចោទឡើងត្រង់ថា ការចាក់វ៉ាក់សាំងដល់កុមារនេះពុំទាន់មានការសយល់ស្របពីអង្គការសុខភាពពិភពនៅឡើយទេ ពិសេសគឺវ៉ាក់សាំងស៊ីណូវ៉ាក់នេះ។

ជាក់ស្តែងនៅបណ្តាប្រទេសធំៗជឿនលឿនមួយចំនួនដូចសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអូស្ត្រាលីជាដើមទើបតែសិក្សាពីលទ្ធភាពនៃការចាក់វ៉ាក់សាំងជូនកុមារ ៦ ឆ្នាំដល់ក្រោមអាយុ ១២ឆ្នាំនេះនៅឡើយ ខណៈការចាក់វ៉ាក់សាំងជូនកុមារនៅមិនទាន់ជារឿងចាំបាច់នៅឡើយ។ ហើយកម្ពុជា ដែលឈានមួយជំហានក្នុងការចាក់វ៉ាក់សាំងដល់កុមារលឿនពេកដូច្នេះ នាំឱ្យមានការសង្ស័យថា ជាការយកមនុស្សមកពិសោធន៍សាកល្បងវ៉ាក់សាំងទៅវិញ។

ដោយឡែកការដាក់ចេញនូវគោលការណ៍រួមនាពេលកន្លងមកហាក់នៅមានភាពប្រទាំងប្រទើសគ្នាខ្លះៗដែលរវាងនាយករដ្ឋមន្រ្តី និងក្រសួងសុខភិបាល។ តួយ៉ាងដូចជាការសម្រេចការចាក់វ៉ាក់ដូសទី៣ ជូនពលរដ្ឋ ដែលកាលណ្ណោះសម្រេចថា ចាក់វ៉ាក់សាំងឆ្លាស់គ្នាទើបមានប្រសិទ្ធភាពប្រឆាំងជំងឺកូវីដប្រភេទឌែលតា តែក្រោយមកក៏មានការសម្រេចថា អាចចាក់ប្រភេទដូចដូសទី១ និងទី២បាន។

ភាពមិនសូវស៊ីសង្វាក់គ្នា និងការដើរទៅមុនការអនុញ្ញាតពីអង្គការសុខភាពពិភពលោកនេះហើយ ជាហេតុធ្វើឱ្យពលរដ្ឋកើតក្តីព្រួយបារម្ភពីសុវត្ថិភាពនៃការទទួលវ៉ាក់សាំង។

ក៏ប៉ុន្តែ បើយើងលើកយកចំណុចការចាក់វ៉ាក់សាំង មុនអង្គការសុខភាពពិភពលោកទទួលស្គាល់គុណភាពមកនិយាយ យើងឃើញថា បណ្តាប្រទេសធំៗមួយចំនួនដែលរកឃើញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដំបូងៗ ពួកគេបានដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់គេ មុនអង្គការសុខភាពពិភពលោកទទួលស្គាល់ទៅទៀត។

តែដល់សម្រេចសម្រួលទៅ អង្គការសុខភាពពិភពលោកក៏ទទួលស្គាល់គុណភាពរបស់វ៉ាក់សាំងនៃប្រទេសទាំងនោះវិញតាមក្រោយ ដែលក្នុងនោះមានវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ និងស៊ីណូហ្វាមរបស់ចិនផងដែរ។ ដែរមែនទែនទៅ ប្រទេសទាំងនោះចង់ទប់ស្កាត់ការរីករាលដាលនិងការស្លាប់ពលរដ្ឋរបស់គេឱ្យបានទាន់ពេលវេលាតែប៉ុណ្ណោះ ដោយមិនអាចរង់ចាំការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកត្បិតអាចហួសពេលក៏ថាបាន។

ដូច្នេះបើនិយាយដល់ការយកមនុស្សមកពិសោធន៍ អាចនិយាយបានថាប្រទេសធំៗទាំងនោះទៅវិញទេដែលបានយកមុនស្សមកពិសោធន៍មុនកម្ពុជាទៅទៀត។

ក្នុងរឿងចាក់វ៉ាក់សាំងកុមារនេះដែរ បើផ្អែកតាមប្រសាសន៍របស់នាយករដ្ឋមន្រ្តីមានប្រទេសមួយចំនួនបានអនុវត្តការចាក់វ៉ាក់សាំងដល់កុមារអាយុ​ ៦ ដល់ក្រោម ១២ឆ្នាំនេះ បណ្តើរៗហើយក្នុងនោះមានប្រទេស ចិន  គុយបា អារ៉ាប់ បេរ៉ូ អាឡឺម៉ង់ និងស៊ីលីជាដើម។

បើផ្អែកតាមព័ត៌មានដែលទទួលបាន មានប្រទេសមួយចំនួនបានអនុវត្តការចាក់វ៉ាក់សាំងនានាដល់ពលរដ្ឋរបស់ពួកគេ ទាំងមិនទាន់មានការយល់ស្របពីអង្គការសុខភាពពិភពលោកនោះទេ ដោយប្រទេសទាំងនោះជឿជាក់លើក្រុមអ្នកវិជ្ជសាស្រ្តរបស់គេ តួយ៉ាងដូចជាការចាក់វ៉ាក់សាំងឆ្លាស់ជាដើម។

ជារួម ការអនុវត្តការចាក់វ៉ាក់សាំងកុមារពេលនេះ អាចនិយាយបានថាជាការប្រថុយប្រថានមួយផងដែរ ខណៈអង្គការសុខភាពពិភពលោកមិនទាន់បានអនុម័តឱ្យប្រើវ៉ាក់សាំងលើកុមារក្រោម ១២ឆ្នាំ។ ប៉ុន្តែបើយើងពិនិត្យមើលបទពិសោធន៍មុនៗដែលបណ្តាប្រទេសមួយចំនួនបានអនុវត្តចាក់វ៉ាក់សាំងជូនពលរដ្ឋមុនការអនុម័តពីអង្គការសុខភាពពិភពលោក ក៏មិនមានបញ្ហាអ្វីកើតឡើងដុំកំភួននោះដែរ។

សរុបមកវិញការបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់កុមារអាយុ ៦ឆ្នាំដល់ក្រោម១២ឆ្នាំ ត្បិតតែមានភាពខ្វះចន្លោះត្រង់មិនទាន់មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកក្តី តែយើងក៏មិនភ្លេចពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដែលបានគិតគូរស្វះស្វែងរកវ៉ាក់សាំងបានគ្រប់ចំនួនមកចាក់ជូនពលរដ្ឋ រួមទាំងការចាក់វ៉ាក់សាំងលើកុមារនេះទៀត។

សរុបមកវិញ ការសម្រេចចិត្តជូនកូនៗរបស់លោកអ្នកអាយុក្រោម ១២ ឆ្នាំទៅទទួលយកការលើការចាក់វ៉ាក់សាំងកូវីដ១៩ នេះ ជាសិទ្ធិស្វ័យសម្រេចរបស់លោកអ្នក។ តែលោកអ្នកគប្បីត្រូវពិនិត្យពីស្ថានភាពសុខភាពរបស់កូនៗលោកអ្នកផងមុននឹងឱ្យពួកគេចាក់វ៉ាក់សាំងនេះ។ បើសិនជាករណីកូនៗរបស់លោកអ្នកមានស្ថានភាពសុខភាពមិនអំណាយទានទេ គប្បីកុំប្រថុយយកពួកគេទៅចាក់វ៉ាក់សាំង ព្រោះអាចប៉ះពាល់សុខភាពរបស់ពួកគេកាន់តែធ្ងន់ ឬអាចប៉ះពាល់ដល់អាយុជីវិត។ លោកអ្នកគួរសាកសួរព័ត៌មានឱ្យបានលម្អិត និងត្រូវប្រាប់ពីស្ថានភាពសុខភាពរបស់កូនលោកអ្នកទៅក្រុមគ្រូពេទ្យឱ្យបានត្រឹមត្រូវ មុននឹងសម្រេចឱ្យកូនៗរបស់ខ្លួនទទួលយកការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩នេះ៕

 

Share

Image
Image
Image