en     km
en     km

កូនសិស្សត្រូវខ្ចប់អាហារពីផ្ទះដើម្បីទទួលទាន ខណ:ក្រសួងបញ្ឃប់ការលក់ម្ហូបចំណីនៅសាលា

Share

ភ្នំពេញ៖ រយ:ពេលមួយថ្ងៃនៃការបើកសាលារៀនឡើងវិញ ក្រសួងអប់រំតម្រូវអោយសិស្សានុសិស្ស វេចខ្ចប់អាហារពីផ្ទះដើម្បីទទួលទាន ខណ:ក្រសួងបញ្ឃប់មិអោយមានការលក់ម្ហូបចំណីនានាទាំងក្នុង និងក្រៅបរិវេនសាលារៀន ក្នុងន័យរួមចំណែកកាត់បន្ថយការឆ្លងរាលដាលជំងឺកូវីដ១៩។

កញ្ញា អ៊ុក រមនា ជូនសេចក្ដីរាយការណ៍។

ក្រសួងអប់រំកាលពីថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១  បានសម្រេចបើកសាលារៀនទាំងរដ្ឋ និងឯកជនថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បន្ទាប់ពីបិទទ្វាអស់ជាច្រើនខែ។

យោងតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំចុះថ្ងៃទី១៣ ខែកញ្ញា នៅក្នុងដំណាក់កាលបើកដំណើរការឡើងវិញក្រសួងអប់រំ មិនអោយមានការលក់លក់ចំណីអាហារនានាទេ ទាំងក្នុង និងក្រៅបរិវេនសាលារៀន ព្រោះដើម្បីរួមចំណែក និងកាត់បន្ថយកាឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ក្នុងន័យនេះ សិស្សានុសិស្សត្រូវមានទំនួលខុសត្រូវចំពោះអនាម័យអាហារហូបចុករៀងៗខ្លួន ដោយការចម្អិនអាហារដោយខ្លួនឯង ដើម្បីទទួលទាន។

ការណ៍នេះ បាននាំអោយអ្នកស្រីចាន់នី ជាអ្នកលក់ភេសជ្ជ: នៅក្រៅរបងសាលាអនុវិទ្យាល័យដង្កោក្នុងរាជធានីភ្នំពេញ នាថ្ងៃព្រហស្បតិ៍នេះ បង្ហាញក្ដីស្រងាកចិត្ត ព្រោះតែខ្លួនបានដាក់ក្ដីសង្ឃឹមរួចជាស្រេច ថានឹងមានចំណូលខ្លះពីការលក់ដូរបន្តិចបន្តួច នៅពេលបើកសាលាវិញ។  អ្នកស្រីលើកឡើងថា អ្នកស្រីឆ្លៀតលក់នៅទីនេះបានតែពេលសិស្សគេចូលរៀនប៉ុណ្ណោះ។ ​

អ្នកស្រី ចាន់នី​ អ្នកលក់ភេសជ្ជ:នៅកៀនរបងសាលា

 អ្នកស្រីបន្តថា ទោះជាយ៉ាងណា ខ្លួនគាំទ្រចំពោះវិធានការរបស់ក្រសួង ព្រោះដើម្បីសុខភាព និងបរិស្ថានយើងទាំងអស់គ្នា និងឈានទៅបញ្ចប់ការឆ្លងរាតត្បាតជាសកលនេះ។

ការណ៍ដែលបិទមិនអោយមានការលក់ដូរចំណីអាហារផ្សេងៗ ក្នុងសាលារៀន អំឡុងបរិបទកូវី១៩នេះបានបញ្ចៀសសិស្សានុសិស្សបានមួយផ្នែកពីការឆ្លងរាតត្បាតតាមរយ:ការទិញដូរចំណីរអាហារ ការជួបជុំ និងប្រមូលផ្ដុំគ្នា។ មិនតែប៉ុណ្ណោះវាក៏បានជួយសម្រាលការចំណាយ ពីសំណាក់ឪពុក ម្ដាយសិស្សមួយផ្នែកផងដែរ។

អ្នកស្រីឃួន អាណាព្យាបាលរបស់សិស្សអនុវិទ្យល័យគោកបញ្ចាន់

អ្នកស្រី ឃួន ជាអាណាព្យាបាលសិស្សម្នាក់រៀនថ្នាក់ទី៩ នៅអនុវិទ្យាល័យ គោកបញ្ជាន់ ក្នុងរាជធានីភ្នំពេញបានអោយដឹងនាថ្ងៃដដែលថា ខ្លួនតែងតែវេចបាយអោយកូនជាប្រចាំ តាំងពីមិនទាន់មានការបិទសាលាមកម្លេះ។ អ្នកស្រីថា ធ្វើដូចនេះ វារក្សាបាននូវសុវត្ថិភាពរបស់កូន មិនតែប៉ុណ្ណោះ ថែមទាំងសម្រាលបន្ទុកមួយផ្នែកធំ នៅក្នុងគ្រួសារអ្នកស្រីថែមទៀតផង។

សូមបញ្ជាក់ថា យោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃអង្គារ សាលារដ្ឋនិងឯកជន នៅរាជធានីភ្នំពេញ សរុបចំនួន២២៧ បានបើកដំណើរការឡើងវិញ  ក្នុងនោះមានបុគ្គលិកអប់រំលោកគ្រូអ្នកគ្រូ ១០ ៤៤៣ នាក់ និងសិស្សានុសិស្ស ១៣៩, ៥៧៨ នាក់។

រូបភាពតំណាងពីក្រសួងអប់រំ

នៅ​ថ្ងៃ​ដំបូង​នៃ​ការ​បើក​សាលាឡើងវិញនេះ លោកគ្រូអ្នកគ្រូ បុគ្គលិកអប់រំ ត្រូវបានធ្វើតេស្តរកសំណាកកូវីដ១៩ មុនពេលចូលបំពេញការងារ។ ចំណែកសិស្ស​តម្រូវ​ឲ្យ​បង្ហាញ​កាត​ចាក់​វ៉ាក់​សាំង វាស់កម្ដៅ បាញ់សម្អាតដៃជាមួយអាកុល មុន​ពេល​អនុញ្ញាត​ឲ្យ​ចូល​ក្នុងសាលា​រៀន ព្រមទាំងមានការ​រក្សា​គម្លាត​ផងដែរ៕

Share

Image
Image
Image