en     km
en     km

នាយករដ្ឋមន្ត្រីថាការចូលប្រជុំជាមួយក្រុមអតីតបក្សប្រឆាំងតាមZOOMមិនមែនមានន័យចង់ចរចានោះទេ

Share

ភ្នំពេញ៖ សម្តេច ហ៊ុន សែន អះអាងថា ការចូលរួមកិច្ចប្រជុំជាមួយសមាជិកក្រុមគណបក្សប្រឆាំងកាលពីប៉ុន្មានថ្ងៃមុននេះ មិនមែនមានន័យចង់ចរចារកដំណោះស្រាយផ្នែកនយោបាយ ឬខ្លាចសម្ពាធអន្តរដូចដែលក្រុមអ្នកវិភាគលើកឡើងនោះទេ។ តែយ៉ាងណាអ្នកវិភាគយល់ថា ការលបលួចស្តាប់កិច្ចប្រជុំដោយគ្មានការអនុញ្ញាតគឺខុសទាំងច្បាប់និងក្រមសីលធម៌។

លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

 

នៅទីបំផុតប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន បានចេញមកបកស្រាយពីការឆ្មក់ចូលរួមកិច្ចប្រជុំជាមួយក្រុមសមាជិកអតីតគណបក្សសង្គ្រោះជាតិតាមប្រព័ន្ធ Zoom កាលពីពេលថ្មីៗ ដែលសម្តេចថា ការចូលរួមនេះមិនមែននាយករដ្ឋមន្រ្តីចង់ចរចារកដំណោះស្រាយនយោបាយ ឬ ក៏ខ្លាចអន្តរជាតិអ្វីនោះទេ តែវាជាសារដាស់តឿថា នៅទីណាក៏បណ្តាញរបស់នាយករដ្ឋមន្រ្តីដែរ។

ការស្រាយបំភ្លឺនេះ ត្រូវបានទម្លាយនៅសារព័ត៌មានស្និតរដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជា គឺទីភ្នាក់ងារព័ត៌មាន Fresh News​ នៅថ្ងៃទី១៦ ខែកញ្ញានេះ។

បើតាមការបញ្ជាក់ប្រាប់ Fresh News សម្តេច​ ហ៊ុន សែន បញ្ជាក់ថា គ្មានឡើយសញ្ញានៃការចរចា និងគ្មានការដោះលែងអ្នកទោសជាសកម្មជននយោបាយអ្វីដែរ គឺលុះត្រាអ្នកទោសទាំងនោះអនុវត្តទោសជាប់ពន្ធធនាគារបាន ២ ភាគ ៣ ជាមុនសិន។

ប្រតិកម្មបកស្រាយរបស់សម្តេចនាយករដ្ឋមន្រ្តីជុំវិញការចូលរួមប្រជុំតាម Zoom ជាមួយអតីតបក្សប្រឆាំងនេះ បន្ទាប់ពីអ្នកវិភាគ និងមហាជនយល់ថា ការបន្ទន់ឥរិយាបថរបស់នាយករដ្ឋមន្រ្តីអង្គុយជជែកជាមួយមន្រ្តីអតីតបក្សប្រឆាំងនេះ ទំនងអាចមានការចរចាគ្នាណាមួយរវាងបក្សកាន់អំណាច និងអតីតបក្សប្រឆាំងនាពេលឆាប់នេះ។

រូបសម្រេចសន្ទនាជាមួយមន្រ្តីអតីតគណបក្សប្រឆាំងតាមZOOM ដែលត្រូវបានបង្ហោះលើបណ្តាញសង្គម។

ដោយឡែកការលបចូលរួមកិច្ចប្រជុំពីសំណាក់នាយករដ្ឋមន្រ្តីនេះ ក៏កើតឡើងបន្ទាប់ពីសម្តេច ស ខេង បានទៅប្រទេសបារាំងកាលពីពេលថ្មីនេះ ដែលនាំឱ្យមានការដាក់ការសង្ស័យថា សម្តេច ស ខេង អាចមានជំនួបអ្វីមួយជាមួយសមាជិកបក្សប្រឆាំងនៅក្រៅប្រទេស បើទោះបីសម្តេច ស ខេង អះអាងថាទៅពិនិត្យសុខភាព។

កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គមបានបង្ហោះឃ្លីបវីដេអូពីកិច្ចប្រជុំរបស់សមាជិកអតីតគណបក្សសង្គ្រាះជាតិដែលមានវត្តមានសម្តេច ហ៊ុន សែន ឆ្មក់ចូលរួមដែលបង្កការភ្ញាស់ផ្អើលដល់អង្គប្រជុំផងដែរ។

វត្តមានរបស់សម្តេច ហ៊ុន សែន ជាងមួយម៉ោងកន្លះក្នុងកិច្ចប្រជុំនោះ សម្តេចបានរំលឹកប្រាប់លោក ឡុង រី មន្រ្តីជាន់ខ្ពស់របស់អតីតគណបក្សប្រឆាំងពីអនុវស្សាវរីយ៍នានានៃការបង្កើតវប្បធម៌សន្ទានរវាងបក្សទាំងពីកាលពីឆ្នាំ២០១៥។ និងភាពល្អូកល្អើន នៃការទទួលទានអាហារជួបជុំក្រុមគ្រួសាររបស់សម្តេច ហ៊ុន សែន និងលោក សម រង្ស៊ី ផងដែរ។ បន្ទាប់ពីរំលឹករឿងចាស់សម្តេច ហ៊ុន សែន ក៏ប្រាប់ទៅលោក ឡុង រី ​ជំរុញ​ឲ្យ​បញ្ឈប់​ការ​ជេរ​គ្នា និង​ការ​លាប​ពណ៌​ដាក់​គ្នា។ ចំណែកលោក ឡុង រី ​ឆ្លើយ​តបវិញថា​ ការគ្រប់គ្រងមនុស្សមិនមែនជារឿងងាយស្រួលនោះទេ តែ​គណ​បក្ស​សង្រ្គោះ​ជាតិ​មិន​ដែល​បណ្តុះ​ផ្នត់​គំនិត​ឲ្យ​មាន​ការ​ជេរ​គ្នា តែយ៉ាងណាមានមនុស្ស​ចំនួន​តូច​ប្រើ​ប្រាស់​ភាសា​ជេរ​ប្រមាថ​បែប​នោះមែន។

ក្នុងឃ្លីបវីដេអូកិច្ចប្រជុំនេះ សម្តេច​ ហ៊ុន សែន​ ប្រាប់ថា ​លោក​តែង​តែ​ចូល​ស្តាប់​ការ​សន្ទនា​របស់​មន្រ្តី​បក្ស​ប្រឆាំង​នៅ​ក្នុង​កិច្ច​ប្រជុំ​នានា​កាល​ពី​កន្លង​ទៅ។

ទាក់ទងរឿងនេះលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាធ្លាប់បដិសេធថា វីដេអូកិច្ចប្រជុំតាមZoom ដែលមានវត្តមាននាយករដ្ឋមន្រ្តី គឺជាវីដេអូកាត់តក្លែងក្លាយ។ តែនៅព្រឹកនេះលោកប្រាប់វិទ្យុស្រ្តីថា ពិតជាមានកិច្ចប្រជុំរវាងសម្តេច ហ៊ុន សែន និងក្រុមសមាជិកបក្សប្រឆាំងនោះមែន។ អ្នកនាំពាក្យរូបនេះប្រាប់វិទ្យុស្រ្តីដោយបន្ទោរតាមប្រសាសន៍នាយករដ្ឋមន្ត្រីថា គណបក្សកាន់អំណាចគ្មានផ្លូវទៅចរចាជាមួយគណបក្សដែលត្រូវបានរំលាយនោះទេ​ក្នុងស្ថានភាពនយបាយបែបនេះ។

​ទាក់ទងការលបចូលស្តាប់កិច្ចប្រជុំដែលគ្មានការអនុញ្ញាតបែបនេះ អ្នកវិភាគនិងជាអ្នកតាមដានបញ្ហានយោបាយលោក ហង្ស វិទូ យល់ថា ជាទង្វើមួយប៉ះពាល់ទាំងផ្លូវច្បាប់ និង ក្រមសីលធម៌។ ក៏ប៉ុន្តែលោកថា សម្រាប់អ្នកនយោបាយការស៊ើបអង្កេត តាមដានសកម្មភាពដៃគូបដិបក្ខវាជារឿងធម្មតាសម្រាប់អ្នកនយោបាយ ហើយមេដឹកនាំប្រទេសធំៗខ្លះក៏ប្រើល្បិចនិងយុទ្ធសាស្ត្របែបនេះ ដើម្បីដឹងពីស្នៀតគូប្រកួតរបស់ខ្លួនផងដែរ។

បើទោះបីជាសម្តេច ហ៊ុន​ សែន បដិសេធថាគ្មានការចរចារវាងបក្សកាន់អំណាចនិងបក្សប្រឆាំងយ៉ាងណាក៏ដោយចុះ តែសម្រាប់ លោក ហង្ស​ វិទូ នៅតែមានសុទិដ្ឋិនិយាមថា មេដឹកនាំទាំងពីរអាចមានសញ្ញាណឈានទៅរកការចរចាណាមួយពេលខាងមុខ។ អ្នកវិភាគវ័យក្មេងរូបនេះយល់ថា អ្នកនយោបាយល្មមដល់ពេលបន្ទន់ឥរិយាបថរៀងៗខ្លួន សម្របសម្រួលស្ថានភាពនយោបាយឱ្យល្អប្រសើរឡើងវិញ កុំយកចាញ់ យកឈ្នះគ្នា បើក្នុងនាមជាខ្មែរដូចគ្នានោះ៕

 

 

 

Share

ព័ត៌មានទាក់ទង

Image