en     km
en     km

ប្រទេសអូស្ត្រាលីនឹងទទួលបានបច្ចេកវិទ្យានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ

Share

សម្ព័ន្ធមិត្ត៣ប្រទេសបានប្រកាសកាលពីថ្ងៃពុធ អំពីការបង្កើតភាពជាដៃគូផ្នែកសន្តិសុខនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីឱ្យប្រទេសអូស្ត្រាលីមានសមត្ថភាពពង្រាយនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ ដំណើរនេះត្រូវបានប្រទេសចិនរិះគន់ ហើយអ្នកវិភាគយល់ថា វាជា«ការបង្កហេតុ»។

សហរដ្ឋអាមេរិក ប្រទេសអង់គ្លេស និងប្រទេសអូស្ត្រាលី នៅថ្ងៃពុធ ទី១៥ ខែកញ្ញា បាននិយាយថា ពួកគេនឹងបង្កើតឱ្យមានភាពជាដៃគូសន្តិសុខ សម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលនឹងជួយឱ្យរដ្ឋាភិបាលអូស្ត្រាលីទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ នេះជាសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរើយធើ​នៅថ្ងៃពុធដដែល។ រើយធើកត់សម្គាល់ថា ការថ្លែងបែបនេះបានកើតឡើងស្របពេលដែលឥទ្ធិពលរបស់ប្រទេសចិនចេះតែកើនខ្លាំងឡើងនៅក្នុងតំបន់។

នៅក្នុងភាពជាដៃគូនេះ សហរដ្ឋអាមេរិក និងប្រទេសអង់គ្លេស នឹងផ្ដល់ឱ្យប្រទេសអូស្ត្រាលី នូវបច្ចេកវិទ្យានិងសមត្ថភាពពង្រាយនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ រើយធើបញ្ជាក់ប្រាប់ដូច្នេះ ដោយផ្អែកតាមសេចក្ដីប្រកាសរួមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន នាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន និងនាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម័ររីស្សុន។ បើតាមរើយធើដដែល មេដឹកនាំទាំងបីប្រទេសបានគូសបញ្ជាក់ថា ប្រទេសអូស្ត្រាលីនឹងមិនពង្រាយអាវុធនុយក្លេអ៊ែរទេ ប៉ុន្តែនឹងប្រើប្រព័ន្ធថាមពលនុយក្លេអ៊ែរជាឥន្ធនៈសម្រាប់នាវា ដើម្បីទប់ទល់នឹងការគំរាមកំហែងនាពេលអនាគត។

រើយធើរៀបរាប់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន កំពុងរិះរកវិធីទប់ទល់នឹងការកើនឡើងនៃអំណាចរបស់ប្រទេសចិន ជាពិសេសការពង្រីកសកម្មភាពយោធា ការដាក់សំពាធលើកោះតៃវ៉ាន់ និងការពង្រាយកម្លាំងនៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ ដោយប្រទេសចិន។ ប៉ុន្តែ ប្រភពដដែលរំលេចឱ្យដឹងដែរថា មេដឹកនាំនៃប្រទេសទាំងបី មិនបាននិយាយចំៗ សំដៅប្រទេសចិនទេ រីឯមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋបាលលោក បៃឌិន ដែលបាននិយាយតម្រង់ទិសអ្នកសារព័ត៌មាន មុនពេលមានសេចក្ដីប្រកាសនៅថ្ងៃពុធនោះ បាននិយាយថា ដំណើរនេះពុំមានបំណងប្រឆាំងប្រទេសចិនទេ។

ទោះជាយ៉ាងណាក៏ដោយ បើតាមរើយធើ ស្ថានទូតចិននៅទីក្រុងវ៉ាស៊ីនតោន បានបញ្ជេញប្រតិកម្ម ដោយនិយាយថា ប្រទេសទាំងនេះ​«មិនគួរកសាងភាពជាដៃគូផ្ដាច់មុខ ដែលមានគោលដៅវាយប្រហារ ឬបង្កការខូចខាត ដល់ភាគីទី៣ឡើយ» ហើយ​«ជាពិសេស ពួកគេគួរតែបោះបង់ចោលគំនិតបែបសង្គ្រាមត្រជាក់ និងបុរេវិនិច្ឆ័យបែបមនោគមវិជ្ជា ចេញចោលទៅ»។

រើយធើបានរាយការណ៍ដោយផ្អែកតាមសម្ដីផ្ទាល់របស់លោក ចេម ក្លែបភើ អតីតនាយកទីភ្នាក់ងារស៊ើបការជាតិសហរដ្ឋអាមេរិក ដែលថា​«ច្បាស់ណាស់ ចិននឹងយល់ថា រឿងនេះជាការបង្កហេតុ»​ដោយប្រទេសអូស្ត្រាលី ខណៈដែលសេដ្ឋកិច្ចអូស្ត្រាលីពឹងអាស្រ័យលើប្រទេសចិន៕

Share

Image
Image
Image