en     km
en     km

តុលាការខេត្តកណ្តាលសម្រេចចោទប្រកាន់និងឃុំខ្លួនពលរដ្ឋ ៩នាក់ក្នុងករណីប៉ះទង្គិចជាមួយសមត្ថកិច្ច

Share

ភ្នំពេញ៖​ អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាលលោក សូ សារិន បានប្រាប់វិទ្យុស្រ្តីនៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះថា ពលរដ្ឋចំនួន ៩ នាក់ដែលបានប៉ះទង្គិចដោយហិង្សាជាមួយកងកម្លាំងសមត្ថកិច្ចត្រូវបានឃុំខ្លួនជាបណ្តុះអាសន្នដោយព្រះរាជអាជ្ញាបានចោទប្រកាន់ពីបទប្រើប្រាស់ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទជេរប្រមាថមន្រ្តីរាជការសាធារណៈ។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ចៅក្រមស៊ើបសួរលោក វណ្ណ បញ្ញា បានសម្រេចឃុំខ្លួនអ្នកទាំង ៩នាក់ ដោយរងចាំការជំនុំជម្រះពេលក្រោយ។

យ៉ាងណាលោក សូ សារិន មិនអាចប្រាប់ពីភស្តុតាងនានាដែលទទួលបានពីសមត្ថកិច្ចនោះទេ ព្រោះស្ថិតក្នុងនីតិវិធីតុលាការដែលមិនអាចបង្ហាញជាសាធារណៈ។

តែបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកណ្តាល និងការអះអាងរបស់អភិបាលខេត្តកណ្តាលឱ្យដឹងថា ក្រុមប្រជាពលរដ្ឋបានប្រមូលផ្តុំគ្នាប្រើហិង្សា និងធ្វើការជេរប្រមាថមកលើកម្លាំងសមត្ថកិច្ច។ ក្នុងនោះពលរដ្ឋបានដុតកៅកង់និងសម្ភារៈផ្សេងៗ ប្រើដំបង គប់ដុំថ្ម បាញ់ជំពាមកៅស៊ូនិងគប់ដបសាំងមកលើកងកម្លាំងសមត្ថកិច្ច។ ក្នុងស្ថានភាពនោះ កងកម្លាំងសមត្ថកិច្ចបានប្រើរថយន្តបាញ់ទឹក ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីការពារខ្លួន និងបំបែកក្រុមបាតុករ។ ចំណែក លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលប្រាប់សារព័ត៌មានថា សមត្ថ​កិច្ច​មាន​ភ័ស្តុតាង ដែល​ថតរូបភាព​បាន​ពី​កន្លែង​ផ្ទុះ​ហិង្សា។

កាលពីថ្ងៃ​អាទិត្យ ទី​១២ ខែ​កញ្ញា ឆ្នាំ​២០២១​ ប្រជាពលរដ្ឋព្រលានយន្តហោះថ្មីប្រមាណ១០០នាក់ ស្ថិតក្នុងភូមិកំពុងតាឡុង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានប៉ះទង្គិចគ្នាដោយហិង្សាជាមួយសមត្ថកិច្ចដែលដាក់ប៉ារ៉ាស់យាមកាមនៅទីនោះ។ ក្នុងហេតុការប៉ះទង្គិចគ្នានេះ ពលរដ្ឋអះអាងថា ខាងសមត្ថកិច្ចបានប្រើហិង្សាវាយលើប្រជាពលរដ្ឋឱ្យរងរបួសជាង ២០នាក់ និង៣០នាក់ផ្សេងទៀតត្រូវបានឃាត់ខ្លួនបញ្ចូនទៅស្នងការខេត្តកណ្តាល។

តែខាងសមត្ថកិច្ចអះអាងវិញថា ក្នុងការប៉ះទង្គិចគ្នានេះប្រជាពលរដ្ឋបានប្រើហិង្សាបណ្តាលឱ្យកងកម្លាំងសមត្ថកិច្ចចំនួន ១៣នាក់រងរបួស ទើបសមត្ថកិច្ចសម្រេចប្រើកម្លាំងបង្រ្កាបបាតុករ។

ក្នុងចំណោមពលរដ្ឋ ៣០នាក់ដែលត្រូវបានឃាត់ខ្លួនភ្លាមៗ សមត្ថកិច្ចស្នងការនគរបាលខេត្តកណ្តាលសម្រេចដោះលែងមកវិញចំនួន ២១នាក់កាលពីថ្ងៃទី១៤ ខែកញ្ញា មិ្សលមិញ។

បើតាមការបញ្ជាក់ពីពលរដ្ឋ ការប៉ះទង្គិចគ្នានេះ កើតឡើងបន្ទាប់ពីសមត្ថកិច្ចយាមកាមនៅទីនោះមិនព្រមបើផ្លូវឱ្យប្រជាពលរដ្ឋចូលមើលស្រែ ដែលត្រូវថែទាំ ដាក់ជី និងទឹក។

សូមបញ្ជាក់ថា ជម្លោះរវាងក្រុមប្រជាពលរដ្ឋ ៣៣០គ្រួសារនិងក្រុមហ៊ុន OCIC របស់លោក​ឧកញ៉ា ពុង ឃាវសែ ដែលទទួលបានសិទ្ធិសាងសង់ព្រលានយន្តហោះថ្មី បានអូសបន្លាយពេលជា ៣ឆ្នាំមកហើយ។ ខាងប្រជាពលរដ្ឋមិនទាន់យល់ព្រមនឹងគោលការណ៍ទូទាត់សំណងរបស់ក្រុមហ៊ុនដែលផ្តល់ជូនតែ ៨ដុល្លារក្នុងដីមួយម៉ែត្រការ៉េ ខណៈពលរដ្ឋថា ដីនៅតំបន់នោះបានហក់ឡើងជាង ៧០ដុល្លារក្នុងមួយម៉ែត្រការ៉េទៅហើយ៕

Share

ព័ត៌មានទាក់ទង

Image