en     km
en     km

មេដឹកនាំអាហ្វ្រិកខាងត្បូងក្រោយលោក នែលសុន មែនដឺឡា ជាជនបរាជ័យ

Share

ពិភពលោកបានប្រារព្ធទិវាអន្តរជាតិ នែលសុន មែនដឺឡា ឬទិវាមែនដឺឡា នៅថ្ងៃទី១៨ ខែកក្កដា។ អ.ស.ប ចាត់ទុកទិវានេះថាជាឱកាសមួយ សម្រាប់ពិចារណាអំពីជីវិតនិងមរតករបស់លោក នែលសុន មែនដឺឡា ដែលជាប្រធានាធិបតីអាហ្វ្រិកខាងត្បូង ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៩។ ឥឡូវ ការបែកបាក់គ្នាកំពុងកើតមាននៅក្នុងប្រទេសនេះ។ ការណ៍នេះនាំឱ្យគេសន្និដ្ឋានថាជាបរាជ័យនៃអ្នកដឹកនាំជំនាន់ក្រោយបន្ទាប់ពីរូបលោក។

កាលពីថ្ងៃទី១៨ ខែកក្កដា ពិភពលោកបានប្រារព្ធទិវាអន្តរជាតិមួយ ដែលមានឈ្មោះថា ទិវាអន្តរជាតិនែលសុន មែនដឺឡា ឬទិវាមែនដឺឡា។ ទិវាអន្តរជាតិនេះត្រូវអង្គការសហប្រជាជាតិប្រកាសនៅក្នុងខែវិច្ឆិកា ឆ្នាំ២០០៩ ហើយចាប់ផ្តើមប្រារព្ធជាលើកដំបូងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១០។ អង្គការសហប្រជាជាតិចាត់ទុកទិវានេះថាជាឱកាសមួយ សម្រាប់ពិចារណាអំពីជីវិតនិងមរតករបស់អ្នកតស៊ូមតិដ៏អស្ចារ្យលំដាប់ពិភពលោកម្នាក់ ដែលការពារសេចក្ដីថ្លៃថ្នូរ សមភាព យុត្តិធម៌ និងសិទ្ធិមនុស្ស។ នោះគឺអតីតប្រធានធិបតីនៃប្រទេសអាហ្វ្រិកខាងត្បូងនែលសុន មែនដឺឡា ដែលកើតចំថ្ងៃទី១៨ ខែកក្កដា ឆ្នាំ១៩១៨។ ចំពោះអគ្គលេខាធិការអង្គការសហប្រជាជាតិអង់តូនីញ៉ូ ហ្គុតទែរ៉េស (Antonio Guterres) សេចក្ដីអំពាវនាវរបស់លោកម៉ាឌីបា (ឈ្មោះមួយទៀតរបស់លោកមែនដឺឡា) ឱ្យមានសាមគ្គីភាព និងឱ្យមានការបញ្ចប់អំពើរើសអើងពូជសាសន៍ គឺនៅតែមានតម្លៃជាពិសេសសម្រាប់បច្ចុប្បន្ន នៅពេលដែលទំនាក់ទំនងសង្គមនៅជុំវិញពិភពលោករងការគំរាមកំហែងពីការបែកបាក់គ្នា។

ឥឡូវ ការបែកបាក់គ្នាកំពុងកើតមាននៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ ការណ៍នេះនាំឱ្យគេសន្និដ្ឋានថាជាបរាជ័យនៃអ្នកដឹកនាំជំនាន់ក្រោយបន្ទាប់ពីលោកនែលសុន មែនដឺឡ ដែលបានធ្វើជាប្រធានាធិបតីអាហ្វ្រិកខាងត្បូងពីឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៩។

ឆ្នួនដែលបំផ្ទុះកុប្បកម្មជាច្រើននៅអាហ្វ្រិកខាងត្បូងក្នុងខែកក្កដានេះ គឺការចាប់ខ្លួនអតីតប្រធានាធិបតីហ្សាកុប ហ្ស៊ូម៉ា ដាក់ពន្ធនាគារយៈពេល១៥ខែ ពីបទប្រមាថមើលងាយនិងមិនស្ដាប់បង្គាប់តុលការ។ ប៉ុន្តែ តាមពិតគឺវិបត្តសេដ្ឋកិច្ចនិងសង្គមដែលកាន់តែដុនដាបដោយសារជំងឺឆ្លងសាកលកូវីដ-១៩ទេ ដែលជាបុព្វហេតុនៃអំពើហិង្សាដ៏ធំធេងនោះ។

វាជាវិបត្តិដ៏ធំបំផុតនៅក្នុងប្រទេសអាហ្វ្រីកខាងត្បូងចាប់តាំងពីពេលបញ្ចប់របបរើងអើងពូជសាសន៍កាលពី២៥ឆ្នាំមុន។ ក្នុងកុប្បកម្មរយៈពេលតែប៉ុន្មានថ្ងៃសោះ មានមនុស្សស្លាប់ដល់ទៅ៧២នាក់ មានការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអស់រាប់ពាន់លានដុល្លារ ហើយមានទាំងការអំពាវនាវឱ្យយោធាធ្វើអន្តរាគមន៍ស្ដារសណ្ដាប់ធ្នាប់ឡើងវិញនៅក្នុង២ខេត្តសំខាន់ៗដែលរងគ្រោះដោយកុប្បកម្មទាំងនោះ។

កុប្បកម្មគឺជាផ្លែផ្កានៃវិសមភាពដ៏ធំធេង ដែលការបញ្ចប់របបអាប៉ាថេត ពោលគឺរបបរើសអើងពូជសាសន៍ មិនបានបង្រួមឱ្យនៅតូច ហើយការប្រជែងគ្នាក្នុងចំណោមមេដឹកនាំគណបក្សកាន់អំណាច អេអិនស៊ី (ANC) ក៏ជាមូលហេតុនៃវិបត្តិនៅអាហ្វ្រិកខាងត្បូងដែរ។ នេះមិនទាន់គិតដល់កូវីដ-១៩ដែលវាយប្រហារជាដំបូងទៅលើជនក្រីក្របំផុតផងទេ។

លោក ហ្សាកុប ហ្ស៊ូម៉ា បានធ្វើឱ្យមានអំពើពុករលួយក្នុងកម្រិតមិនធ្លាប់មានពីមុន ដែលប្រទេសអាហ្វ្រិកខាងត្បូងមិនអាចដកខ្លួនចេញបានក្នុងរយៈពេល ៣ ឆ្នាំ ក្រោយពីការបណ្ដេញអតីតប្រធានាធិបតីរូបនោះចេញពីតំណែង។ ប៉ុន្តែហេតុអ្វីបានជាពលរដ្ឋអាហ្វ្រិកខាងត្បូងការពារអ្នកនយោបាយពុករលួយនោះ? តាមពិត លោក ហ្ស៊ូម៉ា ស្ថិតនៅក្នុងចំណោមអ្នកលេងកលប្រជានិយម លើកជើងប្រជាពលរដ្ឋក្រីក្រដោយមិនបានធ្វើអ្វីឱ្យពួកគេពេញចិត្តពិតប្រាកដទាល់តែសោះ។ របៀបនេះគឺអាចប្រព្រឹត្តទៅបាន ហើយមិនមែនតែមាននៅអាហ្វ្រិកខាងត្បូងទេ។

លោក ហ្សាកុប ហ្ស៊ូម៉ា មានងារជាអតីតអ្នកទោសក្នុងពន្ធនាគារ ទីដែលគាត់បានចំណាយពេលអស់១០ឆ្នាំ នៅក្បែរលោក នែលសុន មែនដឺឡា។ ឋានៈនេះផ្តល់ឱ្យគាត់នូវប្រជាប្រិយភាពក្នុងជួរបក្ស អេអិនស៊ី ដែលជាអតីតចលនារំដោះជាតិ និងដែលបានក្ដោបអំណាចតាំងពីឆ្នាំ១៩៩៤មក។ លោក ហ្ស៊ូម៉ា ក៏ជាជនជាតិហ្ស៊ូលូ ដែលជាអំបូរនៃប្រជាជនភាគច្រើននៅប្រទេសអាហ្វ្រិកខាងត្បូង ហើយគឺនៅលើទឹកដីកំណើតរបស់គាត់ ក្នុងខេត្តក្វាហ្ស៊ូលូ ណាតាល់ (Kwazulu-Natal) នោះហើយ ដែលបានផ្ទុះកុប្បកម្មដំបូងៗគេ។

អ្នកដឹកនាំជំនាន់ក្រោយៗរបស់អាហ្វ្រិកខាងត្បូង បន្ទាប់ពីលោក នែលសុន មែនដឺឡា ទទួលបន្ទុកធ្ងន់ណាស់។ អ្នកទាំងនោះមាន លោកថាបូ បេកគី (Thabo Mbeki) និងលោក ហ្សាកុប ហ្ស៊ូម៉ា នេះឯង។ អ្នកទាំងពីរបានបរាជ័យក្នុងការប្រែក្លាយប្រទេសពីរបបអាប៉ាថេត ឱ្យទៅជារបបដែលបម្រើប្រជាជនភាគច្រើន។

នៅពេលនេះ មានប្រទេសអាហ្វ្រិកខាងត្បូងពីរ ដែលមិនមែនបែងចែកដាច់ពីគ្នាដោយសារសម្បុរស្បែកដូចក្នុងរបបរើសអើងពូជសាសន៍ទេ ប៉ុន្តែតាមរយៈរបាំងសង្គម។ គឺនៅប្រទេសអាហ្វ្រិកខាងត្បូងដែលត្រូវគេទុកចោល ដែលបានបំផ្ទុះកុប្បកម្មឡើង៕

Share

Image
Image
Image