ភ្នំពេញ៖ ពលរដ្ឋយ៉ាងយោចណាស់ ៣០នាក់ត្រូវបានកម្លាំងនគរបាលខេត្តកណ្តាលឃាត់ខ្លួន ពេលប៉ះទង្គិចគ្នាកាលពីថ្ងៃទី១២ ខែកញ្ញា ម្សិលមិញ ក្នុងករណីដែលពលរដ្ឋតវ៉ាទាមទារឱ្យសមត្ថកិច្ចបើកប៉ារ៉ាស់សុំចុះទៅមើលស្រែរបស់ខ្លួន។ នេះជាការបញ្ជាក់របស់លោក ទួន វណ្ណៈ តំណាងប្រជាពលរដ្ឋមានជម្លោះដីធ្លីព្រលានយន្តហោះថ្មីប្រាប់វិទ្យុស្រ្តីនៅព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ។
បើតាមលោក ទួន វណ្ណៈ ហេតុការណ៍ប៉ះទង្គិចគ្នានេះ កើតឡើងនៅក្នុងតំបន់ដីវិវាទរវាងពលរដ្ឋនិងក្រុមហ៊ុន OCIC ដែលកំពុងសាងសង់ព្រលានយន្តហោះថ្មី នៅក្នុងភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
លោកបន្តថា ប្រជាពលរដ្ឋប្រមាណ ១០០នាក់បានប្រមូលម្តុំគ្នាសុំចុះទៅមើលដីស្រែ ដើម្បីថែទាំដាក់ជី និងទឹក តែសមត្ថកិច្ចមិនអនុញ្ញាត។ ប្រការនេះ បានបណ្តាលឱ្យក្រុមប្រជាពលរដ្ឋមានការខឹងសម្បា នាំគ្នាដុតសំរាមនៅពីមុខប៉ារ៉ាស់នោះ ដែលនាំឱ្យមានការប៉ះទង្គិតគ្នាតែម្តង។ តំណាងពលរដ្ឋរូបនេះឱ្យដឹងបន្ថែមទៀតថា កម្លាំងនគរបាល និងកងរាជអាវុធហត្ថ ប្រមាណ ៣០០នាក់ ប្រដាប់ដោយខែល និងដំបង បានប្រើហិង្សាលើប្រជាពលរដ្ឋតវ៉ាបណ្តាលឱ្យប្រជាពលរដ្ឋជាង ២០នាក់រងរបួល និង ៣០នាក់ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅស្នងការនគរបាលខេត្តកណ្តាល។
លោក ទួន វណ្ណៈ បានទទួលដំណឹងក្រៅផ្លូវការពីក្រុមប្រជាពលរដ្ឋដែលត្រូវបានចាប់ខ្លួនមកថា សមត្ថកិច្ចបានដាក់សម្ពាធដល់ប្រជាពលរដ្ឋចំនួន ១១នាក់ ដែលមានផ្ទះចំផ្លូវជើងយន្តហោះឱ្យទទួលសំណង ៨ ដុល្លារ ទើបសមត្ថកិច្ចយល់ព្រមដោះលែងព្រមពលរដ្ឋទាំង ៣០ នាក់នោះត្រឡប់មកវិញ។
ជុំវិញហេតុការណ៍ប៉ះទង្គិចគ្នានេះ សូមស្តាប់ការយល់ឃើញបន្ថែមពីលោក ទួន វណ្ណៈ ដូចតទៅ!
ទាក់ទិនក្នុងរឿងនេះ លោក គ្រុយ ម៉ាឡែន អ្នកនាំពាក្យសាលាខេត្តកណ្តាលប្រាប់ឱ្យដឹងថា នៅព្រឹកនេះសមត្ថកិច្ចកំពុងឃាត់ខ្លួននិងសាកសួរប្រជាពលរដ្ឋទាំង ៣០ នាក់នោះ ពីហេតុការណ៍ហិង្សាកាលពីម្សិលមិញ ដែលរហូតមកទល់ពេលនេះមិនទាន់មានការចោទប្រកាន់ពីព្រះរាជអាជ្ញារនៅឡើយទេ។
ដោយឡែកទាក់ទងនឹងការចោទប្រកាន់ថា ខាងអាជ្ញាធរចាប់ខ្លួនដើម្បីដាក់សម្ពាធឱ្យពលរដ្ឋទទួលយកសំណងជាថ្នូរនឹងការដោះលែងវិញនោះ អ្នកនាំពាក្យសាលាខេត្តកណ្តាលសុំបដិសេធទាំងស្រុង និងថាខាងអាជ្ញាធរខេត្តចង់ដោះស្រាយទំនាស់នេះតាមនីតិវិធី ដើម្បីឈានទៅបញ្ចប់វិវាទនេះដោយសន្តិវិធី។
លោក គ្រុយ ម៉ាឡែន បន្តថា កន្លងមកខាងអាជ្ញាធរខេត្តបានកោះហៅប្រជាពលរដ្ឋមកដោះស្រាយតាមយន្តការរបស់រដ្ឋបាលខេត្តគ្រប់អស់ហើយ តែនៅមិនទាន់មានការត្រូវរូវគ្នា។ លោកបន្តថា ប្រសិនបើប្រជាពលរដ្ឋមិនព្រមទទួលយកគោលការណ៍ និងនីតិវិធីដោះស្រាយរបស់អាជ្ញាធរខេត្ត ពលរដ្ឋអាចប្តឹងទៅតុលាការតែម្តង។
សូមស្តាប់ការលើកឡើងរបស់លោក គ្រុយ ម៉ាឡែន បន្ថែម
គួររំលឹកថា ជម្លោះរវាងប្រជាពលរដ្ឋស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាមួយក្រុមហ៊ុនក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) របស់លោក ពុង ឃាវសែ ដែលបានទទួលសិទ្ធិសាងសង់ព្រលានយន្តហោះខ្នាតអន្តរជាតិ បានអូសបន្ថាយរយៈពេលជាង ៣ ឆ្នាំមកហើយ។ ក្នុងដំណើរការសាងសង់ព្រលានយន្តហោះថ្មីនេះ ប្រជាពលរដ្ឋប្រហែល ៣០០គ្រួសារត្រូវរងផលប៉ះពាល់ពីការអភិវឌ្ឍន៍នេះ។ ប្រជាពលរដ្ឋតែងលើកគ្នាតវ៉ា និងដាក់វេនគ្នាយាមដីដើម្បីរារាំងសកម្មភាពឈូសឆាយរបស់ភាគីខាងក្រុមហ៊ុន OCIC លើដីទំនាស់។
ជាការកត់សម្គាល់ ជម្លោះនេះនៅតែបន្តរុំារ៉ៃ ដើមចមមកពីខាងអាជ្ញាធរខេត្ត និងក្រុមហ៊ុនសាងសង់ព្រលានយន្តហោះថ្មី នៅតែប្រកាន់ជំហរទូទាត់សំណងដីជូនពលរដ្ឋតែ ៨ ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈដីនៅទីនោះមានតម្លៃជាង ៧០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ក្នុងរឿងនេះ ប្រជាពលរដ្ឋបេ្តជ្ញាថា នឹងការពារដីស្រែរបស់ពួកគេឱ្យបានគង់វង្ស បើទោះបីជាត្រូវលះបង់អាយុជីវិតក៏ដោយចុះ។ តែយ៉ាងណា ពលរដ្ឋធ្លាប់លើកឡើងថា ខ្លួនមិនរឹងទទឹង ឬបដិសេធការអភិវឌ្ឍន៍របស់រដ្ឋាភិបាលនោះ តែពលរដ្ឋទាមទារឱ្យមានសំណងទូទាត់សមរម្យជាថ្នូរនឹងចាកចេញ៕