en     km
en     km

ទំនុកចិត្តលើការធានារបស់សហរដ្ឋអាមេរិកទំនងជារង្គោះរង្គើ

Share

សហរដ្ឋអាមេរិកដកខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន ដោយបន្សល់ទុកនូវមេរៀននយោបាយគួរឱ្យកត់សម្គាល់សម្រាប់សម្ព័ន្ធមិត្រនិងសត្រូវរបស់មហាអំណាចនេះ។

បរាជ័យរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន មានលក្ខណៈគួរឱ្យកត់សម្គាល់។ មិនមែននៅលើទិដ្ឋភាពយោធា ដែលធ្លាប់កើតមានពីមុនមកហើយនោះទេ ហើយក៏មិនមែននៅលើទិដ្ឋភាពសង្គមដែលមានភាពវឹកវរ ពេលជម្លៀសមនុស្សចេញពីរដ្ឋធានីកាប៊ុលដែរ។ លក្ខណៈគួរឱ្យកត់សម្គាល់នៅក្នុងរឿងនេះគឺឥទ្ធិពលផ្នែកនយោបាយ ដែលបង្កឱ្យមានការជជែកពិភាក្សាជាហូរហែរ។

រដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃឌិន បានគូសបញ្ជាក់ជាញឹកញយ អំពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះមុខប្រទេសនានា ដែលបានក្លាយជាសម្ព័ន្ធមិត្តរបស់ខ្លួន តាមរយៈសន្ធិសញ្ញាផ្សេងៗ ក្នុងនោះរួមមានបណ្ដាប្រទេសអឺរ៉ុបក្នុងអង្គការណាតូ ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូងជាដើម។ សហរដ្ឋអាមេរិកមិនមែនកំពុងអនុវត្តនយោបាយឯកោនិយមទេ ពេលខ្លួនដកចេញពីប្រទេសអាហ្វហ្គានីស្ថាន។

ប៉ុន្តែ មេរៀនដ៏ចម្បងពីទីក្រុងកាប៊ុល គឺការសម្រេចចិត្តរបស់លោក ចូ បៃឌិន បន្ទាប់ពីលោក បារ៉ាក់ អូបាម៉ា និងលោក ដូណល ត្រាំ ដែលទំនងជាធ្វើឱ្យសហរដ្ឋអាមេរិកលែងជានគរបាលរបស់ពិភពលោកទៀតហើយ។ និន្នាការថ្មីគឺថា សហរដ្ឋអាមេរិក ដែលជាមហាអំណាចទោលក្នុងលោក អំឡុងទសវត្សរ៍ទី៩០ បានបន្ថយមហិច្ឆតារបស់ខ្លួន ហើយបានកំណត់ជាថ្មី នូវអ្វីដែលជាផលប្រយោជន៍យុទ្ធសាស្ត្រស្នូលរបស់ខ្លួន។

នៅពេលនេះ ទំនុកចិត្តដែលធ្លាប់ផ្ញើលើសហរដ្ឋអាមេរិក ទំនងជាប្រេះស្រាំខ្លះហើយ សម្រាប់សម្ព័ន្ធមិត្ត។ គេឃើញប្រធានាធិបតីអ៊ុយក្រែន គឺលោក វ៉ូឡូឌីមៀរ ហ្ស៊ើឡិនស្គី ទៅរដ្ឋធានីវ៉ាស៊ីនតោន ដោយសង្ឃឹមថាទទួលបានកិច្ចធានាពីរដ្ឋបាលរបស់លោក ចូ បៃឌិន នៅចំពោះមុខប្រទេសរុស្ស៊ី ដែលមានជម្លោះជាមួយប្រទេសអ៊ុយក្រែន។ ប្រសិនបើប្រធានាធិបតីរុស្ស៊ី គឺលោក វ្លាឌីមៀ ពូទីន កំញើញប្រទេសអ៊ុយក្រែនទៀត តើសហរដ្ឋអាមេរិកនឹងធ្វើយ៉ាងណា? សំណួរនេះទំនងជាសហភាពអឺរ៉ុប ដែលជាសម្ព័ន្ធមិត្តអាមេរិក ក៏ចង់ដឹងចម្លើយដែរ។

ចំពោះសត្រូវរបស់សហរដ្ឋអាមេរិកវិញ មានចិត្តរីករាយឥតឧបមា។ ប្រទេសចិនបានព្រមានកោះតៃវ៉ាន់រួចហើយថា កុំឱ្យទុកចិត្តលើការគាំទ្ររបស់សហរដ្ឋអាមេរិកពេក។ ប៉ុន្តែ ប្រទេសចិនក៏ចង់ដឹងដែរថា ក្នុងករណីដែលខ្លួនវាយសង្គ្រប់លើកោះនេះ តើសហរដ្ឋអាមេរិកនឹងនៅស្ងៀមឬយ៉ាងណា។ រឿងនេះក៏ជាការប្រថុយមួយដែរ។

ថ្មីៗនេះ នៅតំបន់អាស៊ីអាគ្នេយ៍ អនុប្រធានាធិបតីសហរដ្ឋអាមេរិក គឺលោកស្រី កាម៉ាឡា ហារីស បានមកសិង្ហបុរី និងវៀតណាម ដើម្បីអន្ទងឱ្យប្រទេសទាំងពីរចូលរួមនៅក្នុងយុទ្ធសាស្ត្រទប់ស្កាត់កំណើនឥទ្ធិពលចិនក្នុងតំបន់។ ប៉ុន្តែ ទាំងវៀតណាម ទាំងសិង្ហបុរី សុទ្ធតែចាំមើល សកម្មភាពសហរដ្ឋអាមេរិកជាបន្តទៀត បន្ទាប់ពីការដួលរំលំទៅនៃរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលគាំទ្រដោយមហាអំណាចនេះ៕

Share

Image
Image
Image