ភ្នំពេញ៖ អង្គការទស្សនៈពិភពលោក បានដាក់ដំណើរការបណ្ណាល័យចល័តតាមសាលាគោលដៅទាំង ៥៣២ ក្នុងស្រុកចំនួន ៣០ សរុបមានចំនួនខេត្ត ៩ ដើម្បីជំរុញការអានរបស់កុមារក្នុងពេលសាលារៀនត្រូវបានបិទដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការទស្សនៈពិភពលោកចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ។
បើតាមអង្គការទស្សនៈពិភពលោកដដែរ អ្នកស្ម័គ្រចិត្តក្នុងសហគមន៍និងបណ្ណារក្ស បានចុះតាមភូមិក្នុងសាលាគោលដៅក្នុងមួយសប្តាហ៍ម្តង ដើម្បីយកសៀវភៅទៅឱ្យកុមារនៅក្នុងភូមិខ្ចី ហើយពួកគេក៏ជួយជំរុញឱ្យឪពុកម្តាយចេះតាមដាន ជួយបង្រៀន និងលើកទឹកចិត្តកូនៗឱ្យរៀននៅពេលទំនេរពីការងារ។

លោក វ៉ា សុរិន ប្រធានបច្ចេកទេសកម្មវិធីអប់រំនៃអង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជាថ្លែងថា បណ្ណាល័យចល័តនេះ បាននឹងកំពុងជំរុញការអាន និងស្វ័យសិក្សារបស់កុមារ ជាពិសេសកុមារដែលមិនមានសម្ភារៈសិក្សាគ្រប់គ្រាន់។ លោកបន្តថា កុមារអាចខ្ចីសៀវភៅរឿង សៀវភៅចំណេះដឹងទូទៅ ដើម្បីយកទៅអាន ឬ រៀននៅផ្ទះ។ បណ្ណាល័យចល័តនេះ បានលើកស្ទួយទម្លាប់នៃការអានរបស់កុមារប្រមាណជាង ១១ម៉ឺនផងដែរ។
កុមារា មករា វ័យ១២ឆ្នាំ សិក្សាថ្នាក់ទី៦ នៅសាលាបឋមសិក្សាភ្នំពិត ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និយាយថា តាមរយៈគម្រោងបណ្ណាល័យចល័តនេះ ខ្លួនអាចខ្លីសៀវភៅច្រើនប្រភេទសម្រាប់យកទៅអាន។ មករា បន្តថា ពេលបានអានសៀវភៅច្រើនធ្វើឱ្យខ្លួនចេះដឹងច្រើន និងចេះប្រកបពាក្យច្រើនជាងមុន។

ដោយឡែកលោក សុខ ឧត្ដម បណ្ណារក្ស នៃសាលាបឋមសិក្សាភ្នំពិត លើកឡើងថា កុមារក្នុងសហគមន៍ចាប់ផ្ដើមចូលរួម និងកែទម្លាប់ច្រើនមករកការអានសៀវភៅ។ លោកបន្តថា កុមារភាគច្រើនលែងសូវដើរលេង និងមើលទូរទស្សន៍ ឬលេងទូរស័ព្ទច្រើនដូចមុន ក្រោយមានសៀវភៅអាន។
កាលពីពេលថ្មីៗនេះ អង្គការសង្គ្រោះកុមារអន្តរជាតិ(Save the Children)រកឃើញថា កុមារកម្ពុជាជាង ៣ លាននាក់មិនបានទៅសាលារៀនដោយសារការបិទសាលារៀនរយៈពេលវែង។ របាយការណ៍រកឃើញទៀតថា កុមារមកពីគ្រួសារក្រីក្រ សហគមន៍ដាច់ស្រយាល និងកុមារមានពិការភាព ត្រូវប្រឈមមុខខ្លាំងបំផុតចំពោះការបាត់បង់ការរៀនសូត្រនៅអំឡុងពេលនៃការបិទសាលារៀន និងមិនអាចវិលត្រលប់ទៅសាលារៀនវិញបានពេលសាលាបើកទ្វារវិញ។
កាលពីពេលថ្មីៗនេះដែរ ក្រសួងអប់រំបានចេញសេចក្តីណែនាំមួយ ប្រកាសពីលទ្ធភាពបើកសាលាឡើងវិញ នៅគ្រប់កម្រិតថ្នាក់ទាំងរដ្ឋនិងឯកជន ចំពោះតំបន់ណាដែលមានហានិភ័យទាបនៃការឆ្លងជំងឺកូវីដ១៩ និងបានចាក់វ៉ាក់សាំងរួចហើយ៕