en     km
en     km

បទវិភាគ៖សេរីភាព«ទណ្ឌិត»ភ្ជាប់លក្ខខណ្ឌជាវិធានថ្មីចន្លោះភាពសុក្រឹតនិងសង្ស័យ«ត្រីងៀតឆ្លៀតពង»

Share

ភ្នំពេញ៖ ក្រសួងយុត្តិធម៌បានប្រកាសឱ្យមានការដោះលែងទណ្ឌិតបញ្ចូលក្នុងសង្គមវិញដោយមានលក្ខខណ្ខ តាមដាន ត្រួតពិនិត្យ និងផ្អែកលើមារយាទល្អរបស់ទណ្ឌិតនោះផងដែរ។ ការសម្រេចនេះ អាចថា សាកសមនឹងបរិបទមួយចំនួន តែបើការអនុវត្តមិនមានភាពសុក្រឹត ហើយមានអំពើពុករលួយទៀតនោះ នោះការសមារហណកម្មនេះ នឹងបង្កទុក្ខទោសទ្វេដងដល់សង្គមជាតិ។

តើការដោះលែងទណ្ឌិតចូលក្នុងសង្គមដោយភ្ជាប់លក្ខខណ្ខនេះ អាចមានគុណសម្បត្តិ និងគុណវិបត្តិអ្វីកើតឡើង? ចុះទណ្ឌិតប្រភេទណា ដែលជាជម្រើសក្នុងការដោះលែងដោយមានលក្ខខណ្ឌនេះ?

 ដើម្បីជ្រាបកាន់តែច្បាស់សូម នាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទវិភាគដែលរៀបរៀងដោយលោក កែវ សុខា ដូចតទៅ។

អំណឹះតទៅ អ្នកទោសមួយចំនួននឹងបានស្គាល់រស់ជាតិគុកឥតជញ្ជាំងដូចសម័យកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមហើយ។ តែគុកឥតជញ្ជាំងសម័យនេះ អ្នកទោសមានសំណាងជាពន់ពេក ព្រោះអាចប្រើម៉ាស៊ីនត្រជាក់ កង្ហារ ទូរទស្សន៍ និងគ្រឿងបរិក្ខារក្នុងផ្ទះបានតាមចិត្តចង់។ ល្អហួសនៅត្រង់ថា អ្នកទោសសឹងតែមានសិទ្ធិធ្វើអ្វីៗបានទាំងអស់ តែទាស់តែមានការឃ្លាំមើលពីអាជ្ញាធរដែនដីតែប៉ុណ្ណោះ។ ប៉ុន្តែតែបើទណ្ឌិតមិនចង់ចូលដេកគុតវិញទេ តោងតែគោរពឱ្យបាននូវលក្ខខណ្ឌរបស់តុលាការដែលដាក់ឱ្យនោះ។

នេះជាអ្វីដែលក្រសួងយុត្តិធម៌បានចេញសេចក្តីប្រកាស ដោះលែងទណ្ឌិតបញ្ចូលក្នុងសង្គមវិញ ក្រោមការឃ្លាំមើល តាមដានមានលក្ខខណ្ឌ ដោយមានបោះត្រាពណ៌ក្រហមធំមួយមានឈ្មោះលោក កើត រិទ្ធ ជារដ្ឋមន្រ្តីដែលទើបឡើងកាន់តំណែងថ្មីផង។

ក្នុងសេចក្តីប្រកាសនេះ មានសរុបចំនួន ៧ ប្រការ មានបញ្ញាត្តិពីលក្ខខណ្ឌរបស់ទណ្ឌិតពេលដោះលែងមកផ្ទះវិញផង និងមានចែងពីកាតព្វកិច្ចរបស់អាជ្ញាធរដែលត្រូវមានតួនាទីត្រួតពិនិត្យ​ អប់រំទណ្ឌិតឱ្យក្លាយជាមនុស្សល្អ កសាងខ្លួនរស់នៅក្នុងសង្គមបានសុខរម្យនា។

ក្នុងសេចក្តីប្រកាសដែលចេញផ្សាយកាលពីថ្ងៃទី១៤ កក្តដា ក្រសួងយុត្តិធម៌ពុំបានពន្យល់ពីមូលហេតុលម្អិតនោះទេ តែចង្អុលបង្ហាញឱ្យមើលមាត្រា​ ៥១២ ,មាត្រា ៥១៣ ,៥១៥ ,៥១៦ និងមាត្រា ៥២២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

ក្នុងមាត្រាទាំងនោះពន្យល់ពីមូលហេតុថា គ្រប់ទណ្ឌិតដែលអាចទទួលបានសម្បទានដោះលែងដោយភ្ជាប់លក្ខខណ្ឌនេះ គឺត្រូវមានគំនិតមារយាទល្អអាចបញ្ចូលខ្លួនទៅក្នុងសង្គមបានរយៈពេលនៃជាប់ឃុំនោះ។ មួយទៀត គឺទណ្ឌិតរូបនោះបានអនុវត្តទោសក្នុងពន្ធធនាគារបានចំនួនពាក់កណ្តាលនៃទោសតិចជាង ឬស្មើមួយឆ្នាំរួចមកហើយ។ ចំណែកអ្នកទោសដែលត្រូវជាប់ពន្ធធនាគារអស់មួយជីវិតក៏មានឱកាសទទួលសំណាងនេះដែរ បើសិនបានទទួលទោសក្នុងពន្ធធនាគារអស់ ២០ឆ្នាំហើយនោះ​ គួបផ្សំជាមួយមារយាទល្អផងដែរ។

រូបភាពអ្នកទោស។ពីហ្វេសប៊ុកអង្គការលីកាដូ។

នេះជាហេតុផលត្រួសៗ ដែលមានចែងដោយច្បាប់។ តែបើយើងក្រឡេកមើលហេតុផលក្រៅបញ្ញត្តិច្បាប់

ដែលឃើញហៀរចេញមតិសាធារណជនលើបណ្តាញសារព័ត៌មាន​ និងបណ្តាញសង្គមវិញឃើញថា ការដោះលែងទណ្ឌិតបញ្ចូលក្នុងសង្គមវិញនេះ អាចថានៅតាមពន្ធធនាគារខេត្តក្រុង ហាក់ណែនចង្អៀតដោយអ្នកទោស។ មួយទៀតការសម្រេចបែបនេះ ក៏ជាហេតុផលមួយក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ផងដែរ ព្រោះជំងឺកូវីដ-១៩ កន្លងមកក៏បានវាយលុកចូលក្នុងពន្ធធនាគារផងដែរ។

ការដោះលែងទណ្ឌិតដោយមានលក្ខខណ្ឌបញ្ចូលក្នុងសង្គមវិញនេះ ក៏ជាចំណែកមួយកាត់បន្ថយបន្ទុកចំណាយរបស់រដ្ឋផងដែរ ព្រោះកិច្ចការអប់រំកែប្រែអ្នកទោសក្នុងពន្ធធនាគារគឺត្រូវការការចំណាយលើរបបអាហារ ការព្យាបាល ការអប់រំ និងប្រតិបត្តិការនានា។

ការដោះលែងទណ្ឌិតនេះទៀតសោត ក៏ចំនេញដល់កម្លាំងពលកម្មក្នុងការកសាងសង្គម និងប្រទេសជាតិផងដែរ ព្រោះថា​ពួកគេអាចជាក្រុមយុវជន មានចំណេះដឹង តួយ៉ាងដូចក្រុមអ្នកទោសមនសិការ អ្នកទោសនយោបាយ ក្រុមសកម្មជនដីធ្លី បរិស្ថានជាដើម។

មួយទៀត ការសម្រេចនេះ ក៏ជាបច្ច័យល្អមួយផងដែរដល់កុមារៗដែលរស់នៅតាមម្តាយក្នុងពន្ធធនាគារ។ កុមារខ្លះបានកើតក្នុងពន្ធធនាគារក្នុងអំឡុងពេលម្តាយរបស់ពួកគេជាប់ជាអ្នកទោស។ កុមារខ្លះត្រូវរស់នៅជាមួយម្តាយពួកគេក្នុងពន្ធធនាគារទាំងពួកគេមិនបានប្រព្រឹត្តិទោសសោះ។ បើតាមរបាយការណ៍របស់អ្នកឃ្លាំមើលសិទ្ធិមនុស្ស កុមារដែលរស់នៅជាមួយម្តាយក្នុងពន្ធធនាគារ ពុំសូវទទួលបានការអប់រំល្អប្រសើរឡើយ ហើយពួកគេអាចធំដឹងក្តីដិតដាមរូបភាពមិនល្អក្នុងពន្ធធនាគារ។

បើនិយាយដល់ស្រ្តីជាទណ្ឌិតវិញ ការសមាហរណកម្មនេះជាចំណែកមួយធំធេងណាស់ជួយឱ្យក្រុមគ្រួសារស្គាល់ភាពកក់ក្តៅ រវាងកូននិងម្តាយ។ មែនទែនទៅ បើសិនជាម្តាយដែលជាទណ្ឌិតមានឱកាសត្រូវបានដោះលែង ពួកគេអាចថា មានការរៀងចាលច្រើនបើធៀបនឹងបុរស។ ស្រ្តីជាទណ្ឌិតដែលមានមារយាទល្អ ពួកគេអាចក្លាយជាម្តាយដ៏ល្អសម្រាប់កូនផងដែរ។

បើទោះបីជា សេចក្តីសម្រេចនេះហាក់មើលទៅមានចំណុចល្អច្រើនក្តី ប៉ុន្តែ បើការជ្រើសរើសប្រភេទទណ្ឌិតក្នុងការដោះលែងមិនសមស្របនោះទេ ការដោះលែងនេះអាចហុចផលវិបាកផ្នែកសង្គមវិញ។

ឧទារហណ៍ បើដោះលែងទណ្ឌិតដែលមានទោសក្នុងរឿងចាប់រំលោភស្រ្តី និងកុមារីជាសមាជិកគ្រួសារ ហើយការដោះលែងនោះត្រូវឱ្យទណ្ឌិតត្រឡប់មករស់នៅក្នុងផ្ទះ ឬក្នុងសហគមន៍វិញនោះ នោះនឹងធ្វើឱ្យជនរងគ្រោះភ័យខ្លាច បាក់ស្មារតីជាក់ជាពុំខាន។ មួយទៀតនោះ បើការដោះលែងលើជំពូកទណ្ឌិតដែលធ្លាប់ប្រព្រឹត្តិរឿងសាហាវ យង់ឃ្នង ឬងារជាឧញ៉ាដែលប្រព្រឹត្តិរឿងអនាចារជាដើមនោះ ក៏នឹងនាំឱ្យពុលសង្គមផងដែរ។ នេះយើងមិននិយាយដល់រឿងទណ្ឌិតប្រភេទឧក្រិដ្ឋជន ឆក់ ប្លន់សាហាវៗផង។

អ្វីជាការបារម្ភសម្រាប់សាធារណជនមួយទៀត គឺការប្រព្រឹត្តិអំពើពុករលួយជុំវិញការជ្រើសរើសទណ្ឌិតដែលត្រូវដោះលែងភ្ជាប់លក្ខខណ្ឌនេះ។ បើសិនជាការដោះលែងទណ្ឌិត បង្កប់នូវចរិតត្រីងៀតឆ្លៀតពង មិនផ្អែកលើភាពត្រឹមត្រូវ ភាពសុក្រឹត នោះការដោះលែងនេះអាចបង្កទុក្ខទោសដល់សង្គមវិញ ព្រោះទណ្ឌិតខ្លះអាចប្រើឱកាសនេះជាការសងសឹក ឬអាចប្រព្រឹត្តិបទល្មើសនោះដដែលជាដដែរ។

យ៉ាងណា បើពិនិត្យមើលឱ្យល្អិតល្អន់ទៅ ការសម្រេចដោះលែងទណ្ឌិតដោយភ្ជាប់លក្ខខណ្ឌនេះ វាមានគុណប្រយោជន៍ច្រើនដល់សង្គមគ្រួសារផង ដល់សង្គមជាតិផង។ តែគុណប្រយោជន៍នេះអាចកើតឡើងបានលុះត្រាតែ ការសម្រេចជ្រើសរើសទណ្ឌិតបានឈរលើគោលការណ៍ច្បាប់ មានការពិចារណាត្រឹមត្រូវ មិនមានការប្រព្រឹត្តិអំពើពុករលួយជាដើមនោះ។

សរុបមក ការសមាហរណកម្មទណ្ឌិតក្នុងសហគមន៍ដោយមានការឃ្លាំមើលនេះ អាចសមរម្យការបរិបទប្រទេសកម្ពុជាកំពុងជួបបញ្ហាណែចង្អៀតដោយអ្នកទោស និងបញ្ហាកូវីដ-១៩។ អាចថា ទណ្ឌិតដែលត្រូវបានវាយតម្លៃដោះលែង អាចមានឥរិយាមារយាទល្អ អាចទុកចិត្តបាន ហើយឈានទៅកែប្រែជាមនុស្សល្អក្នុងសង្គម។

បើសិនជាអាច តុលាការគប្បីពិចារណាទណ្ឌិតដែលជាស្រ្តីមានកូនតូច ឬសកម្មជននយោបាយ សកម្មជនបរិស្ថាន ដីធ្លី ជាដើម ជាជ្រើសដំបូងក្នុងការអនុវត្តទោសនៅក្នុងសហគមន៍ ព្រោះពួកគេ ជាកម្លាំងមានសក្តានុពលក្នុងការកសាងប្រទេសជាតិ៕

Share

Image
Image
Image