en     km
en     km

សម្ដេច ស ខេង កំពុងធ្វើចត្តាឡីស័កនៅកម្ពុជា ក្រោយពីវិលត្រលប់ពីប្រទេសបារាំងវិញ

Share

សម្ដេច ស ខេង ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានវិលត្រលប់មកដល់មាតុភូមិវិញហើយ នាព្រឹកថ្ងៃចន្ទទី០៦ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីបានស្នាក់នៅប្រទេសបារាំងអស់រយៈពេល២សប្ដាហ៍ «ដើម្បីពិនិត្យសុខភាព និងក្រោយពីទទួលការវះកាត់ដោយជោគជ័យពីវេជ្ជបណ្ឌិតបារាំង»។ នេះបើយោងតាមសេចក្តីជូនដំណឹងមួយ ចេញដោយខុទ្ទកាល័យសម្ដេចក្រឡាហោម នាព្រឹកថ្ងៃដដែល។

សេចក្ដីជូនដំណឹងនេះបន្តថា បច្ចុប្បន្ន សម្ដេច ស ខេង កំពុងធ្វើចត្តាឡីស័ក ស្របតាមគោលការណ៍សុខាភិបាលរបស់រាជរដ្ឋាភិបាលកម្ពុជា។ 

សូមរំលឹកថា សម្ដេច ស ខេង បានចាកចេញពីកម្ពុជា ទៅប្រទេសបារាំង កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ក្រោមហេតុផលថា មានធុរៈផ្ទាល់ខ្លួន។ រឿងនេះត្រូវបានអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ និងមនុស្សមួយចំនួនទៀត យល់ឃើញថា វត្តមានរបស់សម្ដេចនៅអឺរ៉ុប គឺដើម្បីទៅជួបចរចាជាសម្ងាត់ជាមួយឯកឧត្ដម សម រង្សី ដែលជាប្រធានស្ដីទីនៃអតីតគណបក្សសង្គ្រោះជាតិ ដើម្បីពិភាក្សាអំពីបញ្ហានយោបាយនៅកម្ពុជា។

ក្នុងឱកាសដែលសម្ដេចក្រឡាហោមកំពុងស្ថាក់នៅប្រទេសបារាំង ឯកឧត្ដម សម រង្ស៊ី នៅថ្ងៃទី ២៩ ខែសីហា បានផ្សព្វផ្សាយរូបភាពចាស់ៗ ដែលបង្ហាញពីជំនួបរបស់ឯកឧត្ដម ជាមួយមេដឹកនាំកំពូលៗនៃគណបក្សប្រជាជនកម្ពុជានៅភ្នំពេញ អមដោយសារថា៖ «លោក ស ខេង ជាមនុស្សកណ្ដាល» និងថា « ការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ ដែលមាន ស ខេង ចូលរួមផងដែរ គឺជាគំនិតមួយដ៏ត្រឹមត្រូវ»។

ប៉ុន្តែ ការបញ្ចេញសារបែបនេះត្រូវបានឯកឧត្ដម ស សុខា ដែលជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាកូនប្រុសរបស់សម្ដច ស ខេង ប្រកាសច្រានចោលនៅមួយថ្ងៃបន្ទាប់ ដោយឯកឧត្ដមចាត់ទុកថាជា«ល្បែងប្រជាភិថុតិរបស់ក្រុមអ្នកនយោបាយប្រឆាំង» ដើម្បី«បំភាន់មតិជាតិ-អន្តរជាតិ ឱ្យយល់ច្រឡំថា គណបក្សប្រជាជនកម្ពុជាកំពុងបែកបាក់ផ្ទៃក្នុង»។

មុននេះទៀត ឯកឧត្ដម ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ធ្លាប់បានបញ្ជាក់ប្រាប់វិទ្យុស្ត្រីថា សម្ដេច ស ខេង ទៅប្រទេសបារាំង ដើម្បីតែពិនិត្យសុខភាព និងជួបមន្ត្រីគណបក្សប្រជាជនកម្ពុជានៅទីនោះតែប៉ុណ្ណោះ។ អ្នកនាំពាក្យរូបនេះថែមទាំងបានពន្យល់ទៀតថា សម្ដេចក្រឡាហោមពុំមានហេតុផលអ្វីដែលត្រូវជួបជាមួយអ្នកដឹកនាំគណបក្សដែលត្រូវបានរំលាយរួចទៅហើយនោះទេ៕

Share

Image
Image
Image