en     km
en     km

បទវិភាគ៖ ករណីម្តាយចាប់កូនស្រីឱ្យប្តីចុងរំលោភឆ្លុះបញ្ចាំងពីកង្វះខាតវិជ្ជាជីវៈ ការវិនិច្ឆ័យ និងយន្តការសង្គម

Share

ភ្នំពេញ៖ ព័ត៌មានករណីម្តាយចាប់កូនស្រីខ្លួនឱ្យឳពុកចុងរំលោភនៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាលត្រូវបានមហាជនចាប់អារម្មណ៍និងជជែកពីមាត់មួយដល់មាត់មួយ តដល់ចែករំលែកគ្នាលើបណ្តាញសង្គមហ្វេសប៊ុកទៀត។ មានការស្តីបន្ទោសដល់ទង្វើម្តាយយ៉ាងខ្លាំងពីការហ៊ានចាប់កូនស្រីឱ្យឳពុកចុងរំលោភបែបនេះ។ តែយ៉ាងណា ករណីនេះក៏ស្តែងឱ្យឃើញពីកង្វះខាតមួយចំនួនទាក់ទងការបង្ហាញសាច់រឿងរបស់អ្នកព័ត៌មាននិងសមត្ថកិច្ច ពិសេសកង្វះខាតមូលដ្ឋាននៃការគិតពិចារណារបស់មហាជន និងកម្សោយយន្តការនានាមួយចំនួនទៀតផងដែរ។

តើអ្វីជាចំណុចត្រូវកែលម្អពីកង្វះខាតទាំងនេះ?

តទៅនេះសូមនាងកញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទវិភាគដែលរាប់រៀងដោយលោក កែវ សុខា ដូចតទៅ!

«ករណីម្តាយបង្កើតចាប់កូនស្រីឱ្យឳពុកចុងរំលោភ»ជាព័ត៌មានមួយបង្កការភ្ញាក់ផ្អើល និងកំពុងទទួលបានការចាប់អាម្មរណ៍ខ្លាំងពីស្រទាប់មហាជន។ ក្នុងរឿងនេះ សាធារណជនជាច្រើនបានស្តីបន្ទោសលើម្តាយ ហើយប្រដូចទង្វើរបស់ម្តាយរូបនេះ សាហាវឃោរឃៅជាងសត្វតិរច្ឆានទៅទៀត។

«ករណីម្តាយបង្កើតចាប់កូនស្រីឱ្យឳពុកចុងរំលោភ»នេះ កើតឡើងកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិ​ព្រែក​រកា ឃុំ​ព្រែក​រកា ស្រុកកណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល​។ នេះបើតាមសមត្ថកិច្ចស្រុកកណ្តាលស្ទឹងបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន។

លោកវរសេនីយ៍ទោ ស៊ឹម គឹមស៊ុន អធិការរងស្រុកកណ្តាលស្ទឹង បញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ​ ម.ស.ម ភេទស្រី អាយុ​១២​ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រែក​សំរោង​ទី២​ សង្កាត់​តាខ្មៅ​ ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល​ បច្ចុប្បន្នជាសិស្ស។ ចំណែកជនសង្ស័យចំនួន ២នាក់ ឈ្មោះ មួង​ ចាត (​តាក់) ភេទប្រុស អាយុ​៤៧ឆ្នាំ ជាកសិករ និងឈ្មោះ ជាន ហ៊ុច ភេទស្រី អាយុ៥០ឆ្នាំ​មុខរបរមិនពិតប្រាកដហើយត្រូវជាម្ដាយបង្កើតរបស់ក្មេងស្រីរងគ្រោះ។ បច្ចុប្បន្នជនសង្ស័យទាំងពីរមានទីលំនៅភូមិព្រែករកា ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ហើយកំពុងត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការខេត្តកណ្តាល។

តាមចម្លើយរៀបរាប់របស់ក្មេងស្រីរងគ្រោះឱ្យដឹងថា​ ឳពុកម្តាយបង្កើតរបស់ខ្លួនរស់នៅទីទៃពីគ្នាដោយម្តាយបង្កើតមានប្តីក្រោយ ចំណែកក្មេងស្រីរងគ្រោះរស់នៅជាមួយឳពុកបង្កើត។ លុះមកដល់​ថ្ងៃ​ទី​២៦​ ខែកក្កដា​ ឆ្នាំ​២០២១ វេលាម៉ោង​៨​:០០នាទី​ម្តាយ​បង្កើត​របស់​ក្មេងស្រីរងគ្រោះ​បាន​មកដល់ផ្ទះ​ឪពុក​បង្កើត​ ហើយ​សុំជួបជនរង​គ្រោះ​មួយថ្ងៃ​។ ពេល​នោះឪពុក​របស់​ជនរងគ្រោះ​បាន​អនុញ្ញាត​ឱ្យម្តាយជនរងគ្រោះនៅជាមួយ​ជនរងគ្រោះ​មួយយប់​។លុះស្អែកឡើងម្តាយក៏នាំកូនស្រីចេញពីផ្ទះពេលឳពុកបង្កើតទៅចំការ។

រហូតទល់តែដល់​ថ្ងៃ​ទី​១​ ខែកញ្ញា​ គឺរយៈ ៦ថ្ងៃ ទើបម្តាយរូបនោះនាំកូនស្រីត្រឡប់មកវិញហើយសុំរួមរស់ជាមួយប្តីវិញ តែប្តីមិនយល់ព្រម។ ក្មេងស្រីរងគ្រោះប្រាប់សមត្ថកិច្ចបន្តថា ពេលឳពុកមិនឱ្យម្តាយរួមរស់វិញ ម្តាយក៏លួចលុយចំនួន ៥០០ដុល្លាររត់ចេញពីផ្ទះ ពេលឳពុកបង្កើតក្មេងស្រីរងគ្រោះទៅចំការបេះផ្លែឈើ។

ពេលឳពុកមកដល់ផ្ទះ គ្រានោះហើយដែលក្មេងស្រីបានប្រាប់ឳពុកខ្លួនថា ខ្លួនត្រូវបានឳពុកចុងចាប់រំលោភចំនួនបួនលើក និងរងការវាយធ្វើបាបពីឳពុកចុងនិងម្តាយបង្កើតរបស់ខ្លួន។ ចម្លើយរៀបរាប់របស់ក្មេងស្រីរងគ្រោះបានប្រាប់សមត្ថកិច្ចស្រុកកណ្តាលស្ទឹង ហើយត្រូវបានសរសេរបន្តលើទំព័រសារព័ត៌មាន ដោយក្មេងស្រីរងគ្រោះបន្ថែមថា ម្តាយបង្កើតរបស់នាងបានរួមគំនិត និងសហការចាប់បង្ខំរាងកាយនាងឱ្យឳពុកចុងរំលោភ។ ជាងនេះ ជនសង្ស័យទាំងពីរបានវាយគំរាមជនរងគ្រោះមិនឱ្យប្រាប់រឿងរ៉ាវនេះទៅនរណាដឹងនោះទេ។

នេះជាហេតុការណ៍រៀបរាប់របស់ជនរងគ្រោះនៅចំពោះមុខសមត្ថកិច្ចស្រុកកណ្តាលស្ទឹង។

រូបភាពជនសង្ស័យទាំងពីរ។រូបភាពពីគេហទំព័រសារព័ត៌មានCNC។

រឿងរ៉ាវម្តាយបង្កើតចាប់កូនស្រីឱ្យឳពុកចុងរំលោភ ជាដំណឹងមួយគួរតក់ស្លុត និងរង្កៀសចិត្តជាពន់ពេកពីសំណាក់មហា ជនមកលើម្តាយដែលអាចធ្វើទង្វើបែបនេះមកលើកូនស្រីបង្កើតរបស់ខ្លួន។

ករណីម្តាយបង្កើតចាប់កូនស្រីឱ្យឳពុកចុងរំលោភនេះ វាជារឿងមួយគួរហួសចិត្តទៅហើយ ក៏ប៉ុន្តែរឿងដែលយើងគួរឱ្យចាប់អារម្មណ៍មួយទៀតនោះ គឺពាក្យពេចន៍រៀបរាប់របស់ក្មេងស្រីរងគ្រោះដែលត្រូវបានអ្នកសារព័ត៌មានសរសេររំលេចឡើងពីសកម្មភាពម្តាយសហការចាប់បង្ខំរាងកាយឱ្យឳពុកចុងរំលោភនោះ វារឹតតែធ្វើឱ្យមហាជនឆេះកំហឹង ហើយវិនិច័្ឆយលើម្តាយថា អាក្រក់យ៉ាងនេះ អាក្រក់យ៉ាងនោះ ទាំងពុំទាន់បានដឹងមូលហេតុពិតប្រាដក។

មែនទែនទៅ ចុងប៊ិចរបស់អ្នកកាសែតគឺមានឥទ្ធិពលណាស់ដល់ទឹកចិត្តរបស់អ្នកអាន។ ដូច្នេះ ការសរសេរពិពណ៌នាពីករណីរំលោភសេពសន្ថវៈ​លើស្រ្តី ពិសេសកុមារី គួរតោងប្រុងប្រយ័ត្នឱ្យមែនទែនដោយមិនត្រូវសរសេរបង្ហាញសកម្មភាពជាក់ស្តែងពេកទេ ត្រូវចេះប្រើពាក្យជំនួយដើម្បីបន្ថយភាពចម្រួងចម្រាសខ្លះ ទោះបីជាប្រភពផ្តល់ព័ត៌មានមកបែបណាក៏ដោយចុះ។

ការសរសេរប្រាប់ពីហេតុការណ៍ត្រង់ៗពេក ថាម្តាយបានចូលរួមចាប់ជើងកូនស្រីឱ្យឳពុកចុងរំលោភបែបនេះ វានឹងប៉ះទង្គិចដល់អារម្មណ៍ជនរងគ្រោះនៅពេលជនរងគ្រោះបានអានអត្ថបទនេះពេលក្រោយ។

ទាក់ទងនឹងសេចក្តីរាយការណ៍របស់សមត្ថមកិច្ចដល់អ្នកសារព័ត៌មានវិញ ទោះបីជាក្នុងកាលៈទេសៈណាក៏ដោយ ទោះបីមានភស្តុតាងឬចម្លើយសារភាពគ្រប់គ្រាន់យ៉ាងណាក៏ដោយ សមត្ថកិច្ចគួរបើកបង្ហាញប្រាប់អ្នកសារព័ត៌មានដោយការប្រុងប្រយ័ត្នដូចគ្នា។ ប្រុងប្រយ័ត្ននៅត្រង់ថា សមត្ថិច្ចត្រូវចេះលាក់អត្តសញ្ញាណជនរងគ្រោះ ពិសេសគឺ មិនត្រូវបង្ហាញហេតុការណ៍ត្រង់ៗពេកទេ ត្រូវមានវិធីសាស្រ្តប្រាប់សកម្មនៃហេតុការណ៍ឱ្យស្រាល ដូចដែលបានប្រើខាងលើដែលអាចប្រើត្រឹមថា ម្តាយចាប់បង្ខំរាយកាយជាជាងប្រាប់ត្រង់ថា ម្តាយចាប់ជើងកូនស្រីឱ្យឳពុកចុងរំលោភ។

សមត្ថកិច្ចគួរតោងប្រុងប្រយ័ត្នពេលផ្តល់ព័ត៌មានដល់អ្នកកាសែត ព្រោះត្រូវដឹងថា អ្នកកាសែតខ្លះអាចសរសេរថែមថយ ពន្លាត់សាច់រឿងឱ្យទាក់ទាញដើម្បីទទួលបានការចាប់អាម្មរណ៍ពីអ្នកអានដោយមិនខ្វល់ពីក្រមសីលធម៌ឡើយ។

តែមែនទែនទៅ រដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលបានខិតខំប្រឹងប្រែងជាច្រើន តាមរយ់ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់សមត្ថកិច្ច ក្នុងការការពារកិត្តិយស សេចក្តីថ្លៃថ្នូរ ដល់ជនរងគ្រោះដែលជាស្រ្តី កុមារី ឬអនីតិជនជាដើម។ ដូច្នេះ សមត្ថកិច្ចត្រូវមានប្រកាន់គោលការណ៍ និងអនុវត្តគោលការណ៍ដែលបានរៀនសូត្រឱ្យបានជាប់លាប់ពេលធ្វើសេចក្តីរាយការណ៍ប្រាប់អ្នកសារព័ត៌មាន។

ត្រឡប់មកវិញ បើយើងពិនិត្យមកលើមតិសាធារណជនមកលើសាច់រឿងនេះវិញ យើងពិតជាបានដឹងពីផលជៈនៃសំណេរក្នុងអត្ថបទនេះមកលើទឹកចិត្តសាធារណជន។ ឥទ្ធិពលជៈត្រឡប់នោះ ត្រង់ថាមហាជនបានសរសេរមតិត្រឡប់ ដោយជេរប្រទេចដាក់បណ្តាសាមកលើម្តាយជាជនសង្ស័យទាំងដែលតុលាការមិនទាន់រកភស្តុតាងឃើញថា តើម្តាយដែលធ្វើទង្វើបែបនេះទៅរួច មកការបង្ខំពីប្តីក្រោយ ឬមកពីម្តាយរូបនេះជាជនប្រមឹក ញៀនថ្នាំ បាត់បង់សតិពិចារណា ឬជាទង្វើសងសឹកប្តឹមុន។

ក្នុងសាច់រឿងដដែរនេះ បើយើងក្រឡេកមកចាប់អាម្មរណ៍លើការចែកចាយនិងការបញ្ចេញមតិឬភាសាអង់គ្លេសថា Comment បណ្តាញសង្គមវិញយើងឃើញថា សាធារណជនជាច្រើនបានបញ្ចេញកំហឹងយ៉ាងខ្លាំងៗ ខ្លះប្រដូចម្តាយរូបនោះជាសត្វតិរច្ឆានក៏មាន។ ការបញ្ចេញមតិជាសិទ្ធិរបស់បុគ្គលម្នាក់ដែលចែងដោយរដ្ឋធម្មនុញ្ញ។ តែយ៉ាងណា ការសម្តែងមតិគូសវាសលើរឿងរ៉ាងមួយដែលមិនទាន់មានចម្លើយឬភស្តុតាងច្បាស់លាស់ វាសម្តែងឱ្យឃើញពីមូលដ្ឋាននៃការគិតពិចារណា និងការស្រាវជ្រាវរបស់ពលរដ្ឋនៅមានកម្រិតនៅឡើយ។

បើតាមការសួរព័ត៌មានបន្ថែមរបស់ក្រុមការងារវិទ្យុស្រ្តីទៅកាន់សមត្ថកិច្ចពាក់ព័ន្ធឃើញថា ហេតុការណ៍នេះនៅមានភាពស្រពេចស្រពិលជាច្រើន ដែលពិបាកក្នុងការដាក់ការស្តីបន្ទោសលើម្តាយទាំងស្រុងថា មានចិត្តឃោរឃៅ។

លោកវរសេនីយ៍ទោ ស៊ឹម គឹមស៊ុន អធិការរងស្រុកកណ្តាលស្ទឹងប្រាប់ថា ស្រ្តីជនសង្ស័យជាម្តាយបានបដិសេធថា ខ្លួនមិនបានបង្ខំរាងកាយកូនឱ្យប្តីក្រោយរំលោភកូនស្រីដូចការលើកឡើងនោះទេ។ តែស្រ្តីជាម្តាយរូបនោះសារភាពថា ខ្លួនបានយល់ព្រមឱ្យប្តីក្រោយរំលោភកូនស្រីខ្លួនមែនព្រោះថា ខ្លួនខ្លាចប្តីក្រោយប្រើហិង្សាមកលើខ្លួន។ ផ្អែកតាមចម្លើយសារភាពនៅសមត្ថកិច្ចស្រុងកណ្តាលស្ទឹងនេះ យើងអាចដាក់ការសន្និដ្ឋានជាបឋមថា ទង្វើរបស់ស្រ្តីជាម្តាយរូបនោះគឺស្ថិតក្រោមសម្ភាធគំរាមកំហែងរបស់ប្តីក្រោយ។ មួយវិញទៀត ចំពោះជនសង្ស័យជាឳពុកចុងវិញក៏បដិសេធថា ខ្លួនមិនបានចាប់រំលោភក្មេងស្រីរងគ្រោះនោះទេ។ នេះជាការបញ្ជាក់របស់អធិការរងស្រុកកណ្តាលស្ទឹង។ ដូច្នេះ រឿងនេះគឺស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ។

ក៏ប៉ុន្តែបើតាមការគូសបញ្ជាក់ពីលោក រស់ សាវិន ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្សនិងអនីតិជនខេត្តកណ្តាល ដែលបានធ្វើកោសល្យ​វិ​ច្ច័​យ​​លើរាងកាយក្មេងស្រីរងគ្រោះបានប្រាប់ថា ក្មេងស្រីពិតជាត្រូវរងការចាប់រំលោភមែន។ ជាងនេះទៀត ក្មេងស្រីក៏មានស្លាកស្នាមជាំត្រង់ជើងទាំងសងខាងផងដែរ ដែលក្រុមការងារបច្ចេកទេសដាក់ការសន្និដ្ឋានជាបឋមថា ការចាប់រំលោភលើក្មេងស្រីអាចមានជនទីបីជួយអន្តរាគមន៍ពេលធ្វើសកម្មភាព។ ការដាក់សន្និដ្ឋានជាបឋមថា អាចម្តាយជួយអន្តរាគមន៍បែបនេះ ខាងជំនាញផ្អែកលើស្ថានភាពម្តាយផងដែរ ព្រោះម្តាយរូបនោះជាមនុស្សស្រវឹងខួប អាចលែងគ្រប់គ្រងការពិចារណាបាន។ ប៉ុន្តែយ៉ាងណា លោក រស់ សាវិន បញ្ជាក់ថា ការស្វែងរកការពិតបន្ថែមអាស្រ័យលើស្ថាប័នតុលាការស៊ើបអង្កេតបន្ថែមទៀត​ ដើម្បីផ្ទៀតផ្ទាត់ទៅនឹងចម្លើយសារភាពនិងភស្តុតាងដែលមាន។

អ្នកនាំពាក្យសាលដំបូងខេត្តកណ្តាលប្រាប់វិទ្យុស្រ្តីថា ជនសង្ស័យទាំងពីរត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តុះអាសន្ន ពីបទសមគំនិតនិងរំលោភសេពសេវៈមានស្ថានទម្ងង់ទោស។ ចំណែក មូលហេតុនឹងរឿងរ៉ាវផ្សេងៗទៀតអ្នកនាំពាក្យរូបនេះ មិនអាចបកស្រាយបានទេ ព្រោះករណីនេះកំពុងស្ថិតនៅក្នុងនីតិវិធីរបស់តុលាការដែលត្រូវរក្សាការសម្ងាត់។

ជារួមមក ករណីនេះ មិនត្រឹមតែបានហក់ផលជៈឱ្យយើងបានដឹងពីឥទ្ធិពលនៃរបៀបបង្ហាញព័ត៌មានរបស់អ្នកសារព័ត៌មាន និងសមត្ថកិច្ចក្នុងការផ្តល់អ្នកសារព័ត៌មានប៉ុណ្ណោះទេ តែវាក៏បានបង្ហាញឱ្យយើងដឹងមួយផ្នែកទៀត ពីកម្រិតវិនិច្ឆ័យរបស់មហាជនមួយចំនួនលើសាច់រឿងមួយនៅមានកម្រិតនៅឡើយ។

រឿងដែលសំខាន់មួយទៀតនោះ បើសិនជាភស្តុតាងពិតនាពេលចុងក្រោយរកឃើញថា ករណីនេះពិតជាមានការចូលដៃចូលជើងពីម្តាយបង្កើតមែននោះ វាស្តែងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលក្នុងការលើកស្ទួយសមភាពយេនឌ័រ លើកស្ទួយការអប់រំស្រ្តីក្នុងការអប់រំទូន្មានតម្រង់ទិសកូនចៅក្នុងគ្រួសារនៅមានកម្រិត។ មូលហេតុ ក៏ព្រោះថារដ្ឋមានយន្តការមួយ តាមរយៈអាជ្ញាធរមូលដ្ឋាន ដែលមានក្រុមការងារក្នុងការតាមដានដើម្បីឆ្លើយតាមបញ្ហាស្រ្តីនិងកុមារ។

ចំណែកអង្គការសង្គមស៊ីវិលវិញ បើតាមដឹងក៏ខ្នះខ្នែងផងដែរ​ ក្នុងការបញ្ជៀសការយល់ដឹងពីអប់រំសីលធម៌ ពីរបៀបចិញ្ចឹមបីបាច់ដល់ម្តាយទៅកូន ចុះហេតុអ្វី ករណីបែបនេះនៅតែកើតមានក្នុងសង្គមកម្ពុជា។

តើអ្វីជាដំណោះស្រាយ ឬយន្តការបន្តដើម្បីដោះស្រាយបញ្ហានេះ៕

 

 

Share

Image
Image
Image