en     km
en     km

សិក្សាស្រាវជ្រាវ៖ ជំងឺកូវីដ១៩ រាតត្បាតឱ្យកុមារឃ្លាតឆ្ងាយពីសាលាកាន់តែច្រើន

Share

ភ្នំពេញ៖ របាយការណ៍មួយរបស់អង្គការសង្គ្រោះកុមារអន្តរជាតិ(Save the Children)រកឃើញថា កុមារកម្ពុជាជាង ៣ លាននាក់មិនបានទៅសាលារៀនដោយសារការបិទសាលារៀនរយៈពេលវែង។ របាយការណ៍ដាក់ការព្រួយបារម្ភថា ប្រសិនយន្តការរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់លើការសិក្សារបស់កុមារនោះទេ នោះកុមារអាចបោះបង់ចោលការសិក្សាឬមិនចូលរៀន ពេលសាលារៀនបើកឡើងវិញ។

តើរបាយការណ៍កម្រាស់ ១២ទំព័របានបង្ហាញផលវិបាកអ្វីទៀត និងមានអនុសាសន៍បែបណាដល់រដ្ឋាភិបាល សម្រាប់ជំរុញឱ្យកុមារកុំឱ្យឃ្លាតឆ្ងាយពីការសិក្សាព្រោះបញ្ហារាតត្បាតនៃជំងឺកូវីដ១៩។

តទៅនេះ សូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទសិក្សាស្រាវជ្រាវនេះដូចតទៅ!

នៅទូទាំងសកលលោកមានកុមារជាង ១,៥ពាន់លាននាក់មិនបានទៅសាលារៀន ដោយសារការបិទសាលាដែលបណ្តាលមកពីជំងឺកូវីដ១៩ ចាប់តាំងពីឆ្នាំ២០២០មក។

ដោយឡែកកម្ពុជាវិញមានកុមារជាង ៣លាននាក់មិនបានទៅសាលារៀនដោយសារការបិទសាលារៀនពីរដងចាប់ពីខែមីនាឆ្នាំ២០២០មក។

កុមារមកពីគ្រួសារក្រីក្រ សហគមន៍ដាច់ស្រយាល និងកុមារមានពិការភាព ត្រូវប្រឈមមុខខ្លាំងបំផុតចំពោះការបាត់បង់ការរៀនសូត្រនៅអំឡុងពេលនៃការបិទសាលារៀន និងមិនវិលត្រលប់ទៅសាលារៀនវិញបានពេលសាលាបើកទ្វារវិញ។ នៅពេលដែលកុមារមិនបានទៅរៀនរយៈពេលកាន់តែវែង ហានិភ័យរបស់កុមារអាចនឹងមិនបាត់បង់ការសិក្សាមានកម្រិតកាន់តែខ្ពស់។

តែនៅក្នុងទសវត្សថ្មីៗនេះ ប្រទេសកម្ពុជាមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់លើវិស័យអប់រំ ជាពិសេស ពាក់ព័ន្ធនឹងកំណើនកុមារចុះឈ្មោះចូលរៀន។ ឧទាហរណ៍ ចំនួនកុមារដែលចុះឈ្មោះចូលរៀននៅថ្នាក់បឋមសិក្សាបានកើនឡើងពី៨២% នៅឆ្នាំ១៩៩៧ កើនដល់ជាង៩៧%ក្នុងឆ្នាំ២០១៧-២០១៨។តែយ៉ាងណា ការសាលារៀនរយៈពេលវែងនឹងបង្កឱ្យសិស្សឈប់រៀនកម្រិតខ្ពស់ដែលរារាំងដល់ការអភិវឌ្ឍរបស់កុមារនៅជំនាន់នេះ។

រូបភាពពីរបាយការណ៍របស់អង្គការSave the Children ។

មុនពេលមានការរាតត្បាតជំងឺកូវីដ ១៩ ជាមធ្យមកុមារចំនួនត្រឹមតែ ៨២,១៤%ប៉ុណ្ណោះ បានបញ្ចប់ការសិក្សាថ្នាក់មឋបសិក្សា។ តួលេខនេះមានចំនួនទាបខ្លាំងដែលមាន៥១,០១%រស់នៅខេត្តកែប ហើយ៥៧,៤៣%ជាកុមាររស់នៅខេត្តប៉ៃលិន និង៦៤,៦៩% រស់នៅខេត្តកោះកុង។ចំនួននេះទាបជាកុមាររស់នៅរាជធានីភ្នំពេញដែលមាន៧៩,៩៤%។

តែយ៉ាងណា នៅឆ្នាំ២០២០ ប្រទេសកម្ពុជាបានបិទសាលារៀនរយៈពេលវែងបំផុតនៅក្នុងតំបន់ ថ្វីបើប្រទេសមួយដែលមានករណីជំងឺកូវីដ១៩ ទាបបំផុតនៅក្នុងពិភពលោកក្តី។ ដោយសារការបិទសាលារៀនក្នុងរយៈពេលយូរ ធ្វើឱ្យកម្ពុជាមានកម្រិតពិន្ទុផ្នែកការអប់រំថ្នាក់តំបន់មានកម្រិតអាក្រក់បំផុត និងធ្លាក់ចុះនូវពិន្ទុសន្ទស្សន៍អភិវឌ្ឍមនុស្សបើធៀបនឹងប្រទេសជិតខាង។

របាយការណ៍ដដែលកត់សម្គាល់ឃើញថា ជាមធ្យមការបាត់បង់ពេលវេលាចំនួនជិត ១០% នៃពេលវេលាសរុបដែលកុមារនឹងត្រូវចូលរៀន មិនត្រឹមតែបង្កឱ្យមានការបាត់បង់ការរៀនសូត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យកុមារជាច្រើនប្រឈមនឹងហានិភ័យនៃការឈប់រៀនទាំងស្រុងផងដែរ។

របាយការណ៍សង្ខេបចំនួន១២ទំព័រនេះ រកឃើញទៀតថា ការបិទសាលារយៈពេលវែងបានបង្កផលប៉ះពាល់ដល់ជំនាញ សមិទិ្ធកម្ម និងក្តីរំពឹងអំពីការចូលរៀនសូត្ររបស់កុមារ។ ជាងនេះទៀតកុមារក៏រងផលប៉ះពាល់លើសុខភាពផ្លូវកាយ និងផ្លូវចិត្តផងដែរ ដោយសារកុមារទទួលរងភាពតានតឹងក្នុងចិត្ត និងធ្លាក់ទឹកចិត្តកាន់តែខ្លាំង។ ជាងនេះ ការបិទសាលាបានកាត់បន្ថយសកម្មភាពផ្លូវកាយ ទម្លាប់ទទួលទានមិនល្អ និងមានការរំខានពេលទទួលទានដំណេក។

រូបភាពពីអង្គការSave the Children ។

សម្រាប់កុមារមួយចំនួន ពេលវេលាកាន់តែច្រើននៅផ្ទះបានបង្កើនហានិភ័យននៃអំពើហិង្សាក្នុងគ្រូសារ ហើយការចំណាយពេលច្រើននៅមុខអេក្រង់ដោយសារការរៀនពីចម្ងាយ អាចជាងហេតុបង្កើនហានិភ័យនៃគ្រោះថ្នាក់តាមបណ្តាញអនឡាញ។

យោងតាមការវាយតម្លៃតម្រូវការការអប់រំ ដែលធ្វើឡើងដោយក្រសួងអប់រំ អង្គការយូនីហ្សេសនិងអង្គការSave the Children អ្នកថែទាំកុមារនិងកុមាររាយការណ៍ថា ពួកគេមានលទ្ធភាពប្រើប្រាស់អ៊ីនធើណែតត្រឹមតែ២៦%ប៉ុណ្ណោះ និងមានត្រឹមតែ ៥៤%ប៉ុណ្ណោះមានលទ្ធភាពប្រើទូរទស្សន៍ដើម្បីរៀនពីចម្ងាយ។របាយការណ៍រកឃើញទៀតថា ៣០% នៃអ្នកចូលរួមឆ្លើយបញ្ជាក់ថា ពូកគេពុំអាចប្រើប្រាស់វិធីរៀនសូត្រពីចម្ងាយនេះបានទេ។

ការរៀនសូត្រពីចម្ងាយរបស់កុមារត្រូវបានប្រឈមបញ្ហាដូចជា តម្លៃនៃការតភ្ជាប់សេវាអ៊ីនធើណែតតាមទូរស័ព្ទ ពុំមានសេវាគ្របដណ្តប់ កង្វះបច្ចេកទេស គ្មានការជួយពីឳពុកម្តាយនិងសមាជិកគ្រួសារធ្វើឱ្យកុមារក្រីក្រ កាន់តែប្រឈមកាន់តែខ្លាំងក្នុងការរៀនសូត្រនៅផ្ទះរបស់ពួកគេ។

ចំណែកគ្រូក៏អាចខ្វះសមត្ថភាពក្នុងគាំទ្រកុមារជាមួយការបង្រៀនពីចម្ងាយដោយសារខ្វះបច្ចេកទេស។ ក្នុងការវាយតម្លៃរកឃើញថា មានគ្រូបង្រៀនតែ៣៩%ប៉ុណ្ណោះបានរាយការណ៍ថា មានលទ្ធភាពប្រើប្រាស់អ៊ីនធើណែត និងមាន៣៤% មានលទ្ធភាពប្រើកុំព្យូទ័រ ឬថេបប្លេតបង្រៀនសិទ្ធិ។

ការបោះបង់ចោលការសិក្សារបស់កុមារ

មុនពេលមានការរាតត្បាតជំងឺកូវីដ១៩ កុមារ ពិសេសកុមារា បានឈប់រៀននៅត្រឹមថ្នាក់បឋមសិក្សានិងមធ្យមសិក្សាក្នុងកម្រិតគួរឱ្យព្រួយបារម្ភ។ បញ្ហានេះបង្កឡើងដោយសារកត្តាហិរញ្ញវត្ថុ បញ្ហាការចំណាយលើការសិក្សារួមទាំងសម្ភារៈសិក្សា ដែលកុមារយល់ថាគួររកការងារធ្វើជាជាងការទៅសាលារៀន។

ការធ្លាក់ចុះប្រាក់ចំនួលក្នុងគ្រួសារ រួមនឹងការបិទសាលារៀនធ្វើឱ្យកុមារឈប់រៀនកាន់តែច្រើន ដោយពួកគេផ្តល់អាទិភាពលើការរកប្រាក់ចំណូលជួយគ្រួសារជាជាងការអប់រំ។

ដូច្នេះកិច្ចអន្តរាគមន៍ មានកញ្ចប់គាំទ្រ ដូចជាកម្មវិធីផ្ទេរសាច់ប្រាក់និងកម្មវិធីអាហារូបករណ៍ អាចជួយគាំទ្រកុមារក្រីក្រមិនសូវទទួលបានការយកចិត្តទុកដាក់បានវិលត្រឡប់ទភរៀនសូត្រវិញនៅពេលសាលាបើក។ កិច្ចអន្តរាគមន៍នេះ អាចបង្ការអត្រានៃការបោះបង់ចោលការសិក្សារបស់កុមារតាមរយៈការជួយសេដ្ឋកិច្ចគ្រួសាររបស់កុមារ។

របាយការណ៍របស់អង្គការ Save the Children ចំនួន១២ទំព័រនេះ បានផ្តល់អនុសាសន៍ដល់រដ្ឋាផិបាលក្នុងការវិនិយោគវិស័យអប់រំ។ មានតែការប្តេជ្ញាចិត្តវិនិយោគក្នុងវិស័យអប់រំនោះទេ ទើបជាចំណែកក្នុងការពង្រឹងសមិទ្ធផលនៃការអប់រំ ការរកបានប្រាក់ចំណូលកាន់តែខ្ពស់នៅពេលអនាគត និងការពង្រឹងមូលធនមនុស្សនៅកម្រិតសង្គម។

កម្ពុជាធ្លាប់បានប្តេជ្ញាចិត្តបង្កើនការវិនិយោគរបស់ខ្លួនក្នុងវិស័យអប់រំដោយបង្កើន ២០%នៃការចំណាយសាធារណៈសរុបឆ្នាំ២០១៧ និងកើន២៣%នៅឆ្នាំ២០២០។ តែយ៉ាងណា របាយការណ៍បង្ហាញថា ការចំណាយលើវិស័យអប់រំបានថយចុះនាប៉ុន្មានឆ្នាំចុងក្រោយនេះ។

ការសិក្សាមួយទៅប្រទេសចំនួនពីរដែលមានប្រាក់ចំណូលទាប បានរកឃើញថា ការកាត់បន្ថយការចំណាយលើវិស័យអប់រំបានបង្កឱ្យធ្លាក់ចុះនូវលទ្ធផល និងចំនួនឆ្នាំសិក្សារៀនសូត្ររបស់កុមារ។

របាយការណ៍ខាងលើដដែលបានផ្តល់អនុសាសន៍សម្រាប់រដ្ឋាភិបាលកម្ពុជា ចំពោះការបេ្តជ្ញាចិត្តលើការអប់រំកុមារក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ១៩យ៉ាងដូច្នេះថា៖

រដ្ឋាភិបាលកម្ពុជា គប្បីព្យាយាមបង្កើនប្រាក់ចំណូលក្នុងស្រុករបស់ខ្លួនតាមរយៈការពង្រីកមូលដ្ឋានពន្ធជាមួយនឹងគោលបំណងការវិនិយោគលើកុមារ រួមទាំងការអប់រំ។ កិច្ចការនេះធ្វើឡើងតាមរយៈការប្រមូលពន្ធ ដែលកើនឡើងជាបណ្តើរៗ។

មួយទៀតដែល រាជរដ្ឋាភិបាលកម្ពុជា គប្បីរក្សាការបេ្តជ្ញាចិត្តរបស់ខ្លួនក្នុងការធានាថា កុមារទាំងអស់ទទួលបានការអប់រំមូលដ្ឋានរយៈពេល៩ឆ្នាំ។

រាជរដ្ឋាភិបាលកម្ពុជា គប្បីពង្រឹងសមត្ថភាពរបស់គ្រូបង្រៀនក្នុងគាំទ្រដល់ការរៀនសូត្រពីចម្ងាយតាមរយៈការសម្របសម្រួល ការបណ្តុះបណ្តាលបច្ចេកទេសជាដើម។មួយទៀតដែល រដ្ឋាភិបាលគប្បីគាំទ្រការអនុវត្តដំណោះស្រាយជំនួសនានា ដូចជាការរៀបចំក្រុមរៀនសូត្រ និងការបែងចែកសម្ភារៈ ដូចជាសៀវភៅ កិច្ចការក្នុងទម្រង់ជាក្រដាសជាដើម។

ផែនការនេះ គប្បីលាយបញ្ចូលគ្នានូវការពន្លឿនការរៀនសូត្រថ្នាក់បំប៉ន ថ្នាក់ចូលរៀនឡើងវិញ បង្កើនម៉ោងក្នុងថ្នាក់រៀន​និងពង្រឹងការរៀនសូត្រពីចម្ងាយ។ យ៉ាងណាដើម្បីទទួលបានជោគជ័យលើផែនការនេះចាំបាច់ត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធនានាក្នុងនោះចាប់ផ្តើមពីឳពុកម្តាយនិងគ្រូបង្រៀន។

រដ្ឋាភិបាលគប្បីសម្របសម្រួលការលើកកម្ពស់ភាពជាដៃគូប្រកបដោយបរិយាប័ន្ន និងការកៀរគរធនធានពីអ្នកពាក់ព័ន្ធជាពិសេសអង្គការសង្គមស៊ីវិលដើម្បីងនុវត្តផែនការនេះ។

រាជរដ្ឋាភិបាលគប្បី អន្តរាគមន៍កញ្ចប់គាំទ្រនានាដោយផ្តោតឱ្យចំគោលដៅ ដើម្បីបង្ការការឈប់រៀនរបស់កុមារ។ កញ្ចប់គាំទ្រនេះ គប្បីមានគំនិតផ្តួចផ្តើមនានា រួមមានកម្មវិធីផ្ទេរសាច់ប្រាក់និងកម្មវិធីអាហារូបករណ៍ដល់កុមារមកពីគ្រួសារក្រីក្រនិងសហគមន៍ជនជាត់ដើមភាគតិច។

រាជរដ្ឋាផិបាលគប្បីធានាថា កុមារទាំងអស់អាចវិលត្រលប់ទៅសាលារៀនវិញឱ្យបានឆាប់នៅពេលមានសុវត្ថិភាព ជាពិសេស សម្រាប់សាលារៀនមត្តេយ្យសិក្សា និងសាលាបឋមសិក្សា។ នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាលត្រូវរៀបចំប្រព័ន្ធសុវត្ថិភាពនិងគោលការណែនាំពីសុវត្ថិភាពនៅចុងឆ្នាំ២០២០នេះ។ បន្ថែមលើសពីនេះ ប្រព័ន្ធភ្លើងសញ្ញាចរាចរណ៍ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ គប្បីត្រូវបានអនុវត្តដោយប្រុងប្រយ័ត្នសម្រាប់ការបើកសាលារៀនឡើងវិញ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង