ភ្នំពេញ៖ ខាងអាជ្ញាធរខេត្តកណ្តាលនិងតំណាងក្រុមហ៊ុនសាងសង់ព្រលានយន្តហោះថ្មីអះអាងថា ក្រុមការងារបានធ្វើផ្លូវវាងជូនពលរដ្ឋរួចរាល់ហើយ បន្ទាប់ពីបានកាយកាត់ផ្តាច់ផ្លូវដើម្បីរំដោះទឹកចេញពីការដ្ឋានព្រលានយន្តហោះថ្មី។ តែប្រជាពលរដ្ឋថា អាជ្ញាធរនិងក្រុមហ៊ុនគប្បីជូនដំណឹងដល់ពលរដ្ឋឱ្យបានដឹងមុន ព្រោះថាដីនោះកំពុងស្ថិតក្នុងដីទំនាស់នៅឡើយ។
(លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ)
អភិបាលរងខេត្តកណ្តាលលោក នូវ ប៉េងចាន់តារា ប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី០២ ខែកញ្ញានេះថា ការដែលក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) ប្រើគ្រឿងចក្រកាយផ្ដាច់ផ្លូវគឺដើម្បីធ្វើជាប្រឡាយបង្ហូរទឹកចេញពីការដ្ឋានព្រលានយន្តហោះដែលត្រូវជន់ទឹកភ្លៀងនាប៉ុន្មានថ្ងៃជាប់ៗគ្នានេះ។ លោកបញ្ជាក់ថា ការជីកដីបង្ហូរទឹកនេះ មិនប៉ះពាល់លើដីទំនាស់របស់ប្រជាពលរដ្ឋនោះទេ។ លោកថាក្រុមការងារបានរៀបចំផ្លូវវាងមិនឱ្យពលរដ្ឋពិបាកដំណើរដូចពាក្យចចាមអារ៉ាមលើកឡើងនោះទេ។
លោក នូវ ប៉េងចាន់តារា៖«យើងបានរៀបចំអស់ហើយរឿងផ្លូវវាងយើងបានធ្វើអស់ហើយ គ្រាន់តែមានការញុះញង់ទេបាទ»។
ការបំភ្លឺរបស់លោក នូវ ប៉េងចាន់តារា នេះបន្ទាប់ពីប្រជាពលរដ្ឋប្រាប់សារព័ត៌មានក្នុងស្រុកថា ខាងក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) ប្រើគ្រឿងចក្រកាយផ្ដាច់ផ្លូវទាំងយប់ ធ្វើឱ្យប៉ះពាល់ការដល់ដំណើររបស់ពលរដ្ឋទៅស្រែចំការបាន។
អ្នកស្រី ឃឹម ម៉ាលី ពលរដ្ឋនៅឃុំបឹងខ្យាងលើកឡើងថា ការកាត់ផ្លូវខាងក្រុមហ៊ុនមិនបានជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យបានដឹងមុននោះទេ ដែលប៉ះពាល់ដល់ការធ្វើដំណើររបស់ពលរដ្ឋទៅមើលស្រែនិងផលដំណាំផ្សេងៗ។ អ្នកស្រីយល់ថា ទង្វើខាងក្រុមហ៊ុនគឺមានចេតនាចង់បំបាក់ស្មារតីរបស់ពលរដ្ឋ ឱ្យព្រមទទួលយកគោលការណ៍សំណង ដែលប្រជាពលរដ្ឋកន្លងមកបានប្រកែកមិនយល់ព្រម។
អ្នកស្រី ឃឹម ម៉ាលី ៖«ជាចេតនាគាត់ចង់ធ្វើបាបប្រជាជនដែលអត់ព្រមដោះដូរដីឱ្យគាត់ អត់ព្រមចេញដែលគាត់ចង់បំបាក់ប្រជាជនដែលតវ៉ាជាមួយគាត់ ដែលចៅហ្វាយខេត្តគាត់តែងនិយាយថា តែដប់បីគ្រួសារហ្នឹងទេធ្វើឱ្យព្រលានយន្តហោះរាំងស្ទះ»។
តាមការបញ្ជាក់ពីអ្នកស្រី ឃឹម ម៉ាលី បន្ថែមថា ជម្លោះដីធ្លីរវាងក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) របស់ឧកញ៉ា ពុង ឃាវសែ ជាមួយនឹងប្រជាពលរដ្ឋសរុបជាង ៣ រយគ្រួសារនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានអូសបន្លាយពេលជាង ៣ ឆ្នាំមកហើយ។ អ្នកស្រីថា អាជ្ញាធរនៅតែប្រកាន់សំណងជូនពលរដ្ឋដោយផ្តល់សំណងថ្លៃដីតែ ៣ ដុល្លារ ទៅ៨ ដុល្លារក្នុង១ ម៉ែត្រការ៉េ ខណៈអ្នកស្រីអះអាងថា តម្លៃដីលើទីផ្សារនៅទីនោះបច្ចុប្បន្នប្រហែល ៧០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
តំណាងប្រជាពលរដ្ឋលោក ទួន វណ្ណៈ ឱ្យដឹងថា លោកបានឃើញខាងក្រុមហ៊ុនកំពុងធ្វើផ្លូវវាងពិតមែន តែមិនទាន់អាចឆ្លើយតបនឹងការធ្វើដំណើរបានងាយស្រួលនោះទេ ព្រោះផ្លូវវាងនោះតូចរថយន្តមិនអាចឆ្លងកាត់បាននោះទេ។ លោកបន្តថា ខាងក្រុមគួរជូនដំណឹងដល់ប្រជាពលរដ្ឋជាមុន មុនកាយផ្តាច់ផ្លូវនេះ ព្រោះថាដីនោះកំពុងស្ថិតក្នុងទំនាស់រវាងក្រុមហ៊ុននិងពលរដ្ឋ។ តំណាងពលរដ្ឋរូបនេះបន្ថែមថា ប្រជាពលរដ្ឋមិនចង់មានប្រកែកនឹងគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនដែលរដ្ឋផ្តល់ជូននោះទេ តែលោកស្នើឱ្យក្រុមហ៊ុនគិតគូរពីសំណងសមរម្យជៀសវាងកើតមានទំនាស់តវ៉ាអូសបន្លាយដូចសព្វថ្ងៃនេះ។
ឆ្លើយតបក្នុងរឿងនេះ លោក ជូ កុកសាយ តំណាងក្រុមហ៊ុន OCIC នៅព្រលានយន្តហោះថ្មីគូសបញ្ជាក់ប្រាប់វិទ្យុស្រ្តីថា ការឈូសផ្តាច់ផ្លូវនេះគឺជាផ្នែកមួយនៃការសាងសង់របស់ក្រុមហ៊ុនព្រលានយន្តហោះដែលមិនស្ថិតក្នុងដីទំនាស់ទេ។ លោកថា ខាងក្រុមបានធ្វើផ្លូវវាងជូនពលរដ្ឋធ្វើដំណើររួចហើយ។ចំណែកបញ្ហាសំណាងវិញ ខាងក្រុមហ៊ុននៅតែមានជំហរផ្តល់ជូនសំណងជូនពលរដ្ឋតាមគោលការណ៍ ៨ ដុល្លារក្នុងមួយម៉ែត្រការ៉េដដែល។
លោក ជូ កុកសាយ ៖«បាទប្រឡាយហ្នឹងជាផ្នែកនៃផ្លូវរានវេដែលយន្តហោះត្រូវហោះហើរលើផ្លូវហ្នឹង ដូច្នេះយើងត្រូវតែឈូសផ្តាច់ហើយ។ហើយយើងបានធ្វើផ្លូវវាងជូនគាត់សម្រាប់ធ្វើដំណើរហើយ នៅជិតកន្លែងលូមុខបួន។រាល់ថ្ងៃដោយសារគាត់បិទហ្នឹងមិនឱ្យមនុស្សចេញចូលធ្វើការបានលំបាកណាស់។រាល់ថ្ងៃតែប្រជាជនគ្នាគាត់ក៏រអ៊ូរឿងប្រជាជនគ្នាគាត់ដែរ ដោយសារតែបិទផ្លូវហ្នឹងគាត់ពិបាកធ្វើដំណើរ ពិបាកទៅណាទៅណីក៏ចឹងដែរ»។
សូមបញ្ជាក់ថា ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) របស់លោក ពុង ឃាវសែ បានទទួលសិទ្ធិសាងសង់ព្រលានយន្តហោះខ្នាតអន្តរជាតិមួយស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ តាមគម្រោង ក្រុមហ៊ុននឹងសាងសង់រួចរាល់នៅ ឆ្នាំ២០២៣។ ព្រលានយន្តហោះថ្មីនេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណជាងមួយពាន់ប្រាំរយលានដុល្លារ (១.៥០០លាន) លើផ្ទៃដីជិតបីពាន់ហិកតា។