en     km
en     km

ស្ត្រីជាង២ម៉ឺននាក់ជាប់ឃុំក្នុងពន្ធនាគារ ខណ:មិនមានការបន្ធូរបន្ថយទោសនាថ្ងៃភ្ជុំបិណ្ឌ

Share

គិតមកទល់ពេលនេះ  យ៉ាងហោចណាស់ទណ្ឌិតប្រមាណ ២ម៉ឺន ៣រយ ៤៧ នាក់ ជាស្ត្រី ក្នុងចំណោមទណ្ឌិតសរុប៣ម៉ឺន ៧ពាន់ ៤រយ ៥៦ នាក់ កំពុងជាប់ពន្ធនាគារនៅទូទំាងប្រទេស ខណ:គ្មានការសម្រាលទោស ពីសំណាក់រាជរដ្ឋាភិបាលឡើយនាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ នេះបើតាមការបញ្ជាក់ពីលោក នុត​ សវនា  ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារ ទី​៣១ ខែសីហា ឆ្នាំ២០២១នេះ និងបន្ថែមថា​កុមារដែលរស់នៅជាមួយ​ម្តាយនៅ​ក្នុង​ពន្ធនាគារ​មានចំនួន ៩៦ នាក់។

លោកនុត សវនា ដែលជាអ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃបានប្រាប់ឱ្យដឹងបន្ថែមថា នៅឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ មិនមានការដាក់ស្នើបញ្ជីឈ្មោះទណ្ឌិតទៅគណៈ​កម្មការ​ថ្នាក់​ជាតិ​ ពិនិត្យ និង​វាយតម្លៃ​ ដើម្បីសុំ​លើកលែង និង​បន្ធូរ​បន្ថយទោស​ទណ្ឌិតនោះទេ។ ចំពោះហេតុផលលោក នុត សវនា ពន្យល់ថា ដើម្បីកុំអោយមានការធ្វើឡើងច្រើនដង ហើយលោកថាទោះបីជាការស្នើរសុំនេះមិនបានប្រព្រឹត្តិទៅដូចរាល់ឆ្នាំក្ដី តែរាជរដ្ឋាភិបាល បានបញ្ជូលវាទៅក្នុង ពីធីបុណ្យជាតិចំនួនប្រាំផ្សេងៗទៀតដែល នឹងប្រពឹត្តិទៅរៀងរាល់មួយឆ្នាំម្ដង។

ទោះជាយ៉ាងក្ដី តាម​គោលការណ៍​ច្បាប់​ ទណ្ឌិត​អាច​ស្នើ​សុំ​ឱ្យ​មានការ​បន្ធូរបន្ថយ និង​លើកលែងទោស​បាន​ក្នុង​លក្ខខណ្ឌ​ដែល​ទណ្ឌិត​រូបនោះ​ បាន​អនុវត្ត​ទោស​ ២​ភាគ​៣​ ទើបត្រូវ​បាន​លើកលែងទោស និង​អនុវត្ត​ទោស​បាន​ ១​ភាគ​៣​ ទើបត្រូវបាន​បន្ធូរ​បន្ថយទោស។ លោក នុត វាសនាបន្ថែមថា៖​

លោក នុត សវនា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​

បើតាម​គោលការណ៍​ផ្នែក​មនុស្សធម៌ ​ក្រុម​គោលដៅ​ដែល​នឹង​ទទួល​បាននូវការ​លើកលែង និង​បន្ធូរ​បន្ថយទោស​នោះ គឺភាគច្រើន ជា​ស្ត្រី​មាន​ផ្ទៃពោះ​ ស្ត្រី​មានកូន​នៅ​ជាមួយ ​ចាស់​ជរា និងអ្នកមានជំងឺ​ជាដើម។

កាលពីខែមករា ឆ្នាំ២០២១ កន្លងទៅព្រះរាជក្រឹត្យចេញដោយព្រះមហាក្សត្រស្ដីពីការ សុំការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត មានចំនួន ៥ ពិធីបុណ្យ ក្នុងនោះមានដូចជា៖ ទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍, ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ, ពិធីបុណ្យវិសាខបូជា, ពិធីបុណ្យឯករាជ្យជាតិ, ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក៕

 

Share

Image
Image
Image