en     km
en     km

បទវិភាគ៖«ចង់នៅក៏លំបាក ចង់ទៅក៏មិនបាន»ពលករខ្មែរនៅថៃត្រូវការការយកចិត្តទុកដាក់ទ្វេដង

Share

ភ្នំពេញ៖ ស្ថានភាពនៃការបិទខ្ទប់ក្នុងប្រទេសថៃ ហើយកម្ពុជាក៏បានបិទខ្ទប់ខេត្តចំនួន ៨ ជាប់ព្រំដែនថៃផង ព្រោះដើម្បីទប់ ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩  នាំឱ្យពលករខ្មែរ និងអ្នកធ្វើការងារក្រៅប្រព័ន្ធរងការលំបាកជាខ្លាំង ពិសេស ខ្វះខាត ថវិកាចាយវាយ និង ការថែទាំពីអ្នកពាក់ព័ន្ធ។ ចង់នៅបន្តក្នុងប្រទេសថៃក៏លំបាក ចង់មកកម្ពុជាក៏មិនបាន។ តើអ្វីជាជម្រើស ល្អសម្រាប់ពលករ និងអ្នកធ្វើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលជាជនជាតិខ្មែរក្នុងប្រទេសនោះ?

ពលករ និងអ្នកធ្វើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធមានដូចជា កម្មករសំណង អ្នកលក់ដូរជាដើម ដែលជាជនជាតិខ្មែរ ហើយកំពុង ធ្វើការងារនៅប្រទេសថៃកំពុងរងផលវិបាក បន្ទាប់ពីប្រទេសក្បែរខាងកម្ពុជាមួយនេះ កំពុងរីករាលដាលដោយជំងឺកូវីដ១៩។ តួលេខអ្នកឆ្លងជំងឺកូវីដ-១៩ នារយៈពេលចុងក្រោយថ្មីៗនេះ ប្រទេសថៃមានអ្នកឆ្លងខ្ទង់ ២ ម៉ឺននាក់ក្នុងមួយថ្ងៃៗ។ ប្រការនេះ ជាហេតុនាំឱ្យរដ្ឋាភិបាលថៃសម្រេចបិទខ្ទប់ប្រទេសទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ នេះ។ ចំណែកពលករខ្មែរធ្វើការនៅ ប្រទេសថៃក៏បានរងផលប៉ះពាល់ពីស្ថាបភាពបិទខ្ទប់នេះដែរ។

ជាក់ស្តែង សារព័ត៌មានខ្លះដែលមានមូលដ្ឋានក្នុងប្រទេសថៃ បានបង្ហាញអត្ថបទព័ត៌មានរបស់ខ្លួន ដោយរំលេចឡើងនូវទុក្ខ លំបាករបស់ពលករខ្មែរ ខ្លះខាតថវិកាទិញថ្នាំព្យាបាលជំងឺកូវីដ១៩ ខ្លះទៀតខ្វះខាតថវិកាទិញអាហារហូបចុក និងពលករខ្លះ ត្រូវគេបង្ខាំងទុកពុំមានការយកចិត្តទុកដាក់ត្រឹមត្រូវ។

វិទ្យុអាស៊ីសេរី បានបញ្ចេញសាច់រឿងជាច្រើនអត្ថបទទាក់ទងបញ្ហារបស់ពលករខ្មែរដែលធ្វើការក្នុងប្រទេសថៃ ដោយឆ្លុះ បញ្ចាំងពីការមិនសូវយកចិត្តទុកដាក់របស់អាជ្ញាធររដ្ឋក្នុងគ្រាពលករខ្មែរកំពុងត្រូវការជំនួយនោះ។

រូបភាពពលករខ្មែរនៅថៃត្រឡប់មកកម្ពុជាពីខ្លាចបញ្ហាកូវីដ១៩។រូបភាពអង្គការសង់ត្រាល់

 

ពលករ​ធ្វើការ​សំណង់​នៅ​ទីក្រុង​បាងកក លោក ឈឹន ឈុន រៀបរាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ពលករ​ខ្មែរ​ធ្វើការ​ជាមួយ​លោក​ជាច្រើន​នាក់​ចង់​ត្រឡប់​ទៅ​កម្ពុជា​  ព្រោះ​មិន​អាច​អត់ទ្រាំ​នៅ​ប្រទេស​ថៃ​បន្ត​ទៀត​បាន ដោយសារ​គ្មាន​ប្រាក់​ទិញ​អាហារ​ហូបចុក​ប្រចាំថ្ងៃ​ផង និង​ខ្លាច​ឆ្លង​ជំងឺ​កូវីដ​១៩​ផង។ ជាងនេះ ពលករខ្លះត្រូវថៅកែ​ថៃ​បង្ខាំង​នៅក្នុង​បន្ទប់​ជាង​ ១​ខែ​​ពុំ​មាន​អាជ្ញាធរ​ណា​ផ្ដល់​ស្បៀង​អាហារ​ដល់​ពួកគាត់​នោះ​ទេ។

ស្របគ្នានេះដែរ មន្រ្តីសង្គមស៊ីវិលធ្វើការលើបញ្ហាការចំណាកស្រុក និងការជួញដូរមនុស្សក្នុងប្រទេសថៃ បានប្រាប់សារ ព័ត៌មានថា ពលករខ្មែរនៅប្រទេសថៃបានឆ្លងជំងឺកូវីដ១៩ ប្រមាណ ១ម៉ឺននាក់គិតត្រឹមខែមករា ដល់ខែកក្ដដាឆ្នាំ២០២១នេះ។ មន្រ្តីអង្គការសង់ត្រាល់ប្រចាំនៅប្រទេសថៃឱ្យដឹង ស្ថានភាពលករខ្មែរជួបការលំបាកផ្នែកជីវភាព និងការថែទាំជំងឺ ខណៈពលករសំណងខ្លះត្រូវបានថៅកែបង្ខាំងទុកមិនឱ្យចេញក្រៅ។

មន្ត្រីអង្គការសង់ត្រាល់ជួយអន្តរាគមន៍ពលករខ្មែរនៅថៃពេលវិលត្រឡប់មកកម្ពុជាវិញ។រូបភាពអង្គការសង់ត្រាល់

បើពិនិត្យមើលទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ មិនបានបង្ហាញរូបភាពសកម្មភាពចុះជួយ អន្តរាគមន៍ពលករខ្មែរដែលកំពុងជួបការលំបាកនោះទេ តែឃើញមាន សេចក្តីជូនដំណឹងមួយដោយស្ថានទូតនឹងជួយ ដោះស្រាយបញ្ហាជីវភាពជូនពលករបើសិនហៅទាក់ទងមកលេខទូរស័ព្ទដែលមានចំនួនខ្សែ។

ប៉ុន្តែអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ បានបំភ្លឺប្រាប់សារព័ត៌មានថា ក្រសួងបានខិតខំនិងសហការជាមួយមន្រ្តី​ស្ថានទូតខ្មែរនៅប្រទេសថៃ និងអាជ្ញាធរថៃ ក្នុងការជួយពលករខ្មែរជាប់ជានិច្ច។ ​មន្រ្តីក្រសួងការងាររូបនេះ យល់ស្រប​ពីភាពឆកល្វែងខ្លះដែលបានកើតឡើង ព្រោះបញ្ហាខ្លះកើតឡើងភ្លាមៗនិងបន្ទាន់ពេកនាំឱ្យពិបាកការគ្រប់គ្រង។

ជាការពិត ជំងឺកូវីដ-១៩ ជាជំងឺដ៏កាចសាហាវមួយហើយកំពុងរីករាលដាលស្ទើរទូទាំងពិភពលោក។ ជំងឺនេះបានសម្លាប់ មនុស្សរាប់លាននាក់លើសកលលោក ហើយប្រទេសជាច្រើនបានរងផលប៉ះពាល់ដោយសារជំងឺនេះ ពិសេសបញ្ហា សេដ្ឋកិច្ច។

កម្ពុជាក៏ដូចគ្នាដែលកំពុងរងផលប៉ះពាល់ បាននឹងកំពុងរកដំណោះស្រាយជាបន្តបន្ទាប់ និងវិធានការផ្សេងៗដើម្បីទប់ស្កាត់ ការរាលដាលនៃជំងឺនេះ។ មួយក្នុងចំណោមវិធានការជាច្រើនគឺកាលពីពេលថ្មីនេះ កម្ពុជាសម្រេចបិទខ្ទប់ខេត្តចំនួន ៨ ជាប់ ក្បែរព្រំដែនថៃ ព្រោះថាមុនការបិទខ្ទប់ ពលករខ្មែរប្រមាណ ៧០០នាក់បានសម្រុកចូលប្រទេសវិញ ហើយខ្លះមានផ្ទុកជំងឺ កូវីដ១៩ទៀតផង។

មែនទែនទៅ ពលករខ្មែរទាំងស្របច្បាប់ឬមិនស្របច្បាប់ដែលកំពុងធ្វើការនៅប្រទេសថៃមានជាង ២លាននាក់ ពិតជាជួប ការលំបាកក្នុងអន្តរកាលនេះ។ ប្រទេសថៃដែលកំពុងជួបវិបត្តិកូវីដខ្លាំងផង អាជ្ញាធរថៃច្បាស់ជាគិតគូរដោះស្រាយបញ្ហាជូន ពលរដ្ឋគេជាអាទិភាពហើយមុននឹងយកចិត្តទុកដាក់ដល់ជាតិសាសន៍ដដៃ។

ដូច្នេះ ស្ថានទូតខ្មែរនៅប្រទេសថៃទំនងពិបាកអន្តរាគមន៍ជួយពលករដែលមានចំនួនច្រើន ទើបនាំឱ្យមានការលើកឡើង ពីទុក្ខលំបាករបស់ពលករលើសារព័ត៌មាន។

ជាដំណោះស្រាយ ដូចលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារលើឡើង យន្តការក្នុងការដាក់ចេញជាបន្តបន្ទាប់ មានការផ្តល់លេខទំនាក់ទំនងមន្រ្តីស្ថានទូតសម្រាប់ពលករសុំកិច្ចអន្តរាគមន៍បន្ទាន់ជាដើម។ ក្នុងនោះ មានការលេខទំនាក់ ទំនងក្រុមគ្រូពេទ្យស្ម័គ្រចិត្តត្រៀមផ្តល់ប្រឹក្សាយោបល់ជំងឺកូវីដ១៩ផងដែរ។

ពលករក៏អាចចូលក្នុងក្រុមតេឡេក្រាមឈ្មោះថា ជំនួយកូវីដ១៩នៅថៃ ឬជាភាសាអង់គ្លេស Help Khmer in Thailand។ ក្រុមប្រព័ន្ធតេឡេក្រាមនេះ នឹងជួយពលករនួវសេវាពិគ្រោះយោបល់បញ្ហាជំងឺកូវីដ១៩។

ពលករខ្មែរនៅថៃ អាចទំនាក់ទំនងលេខទូរស័ព្ទដែលមានលើទំព័រហ្វេសប៊ុកស្ថានទូតខ្មែរនៅប្រទេសថៃដើម្បីសុំជំនួយនានា​ពេលមានបញ្ហាក្នុងប្រទេសថៃ៕

 

 

Share

ព័ត៌មានទាក់ទង

Image