លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រតិកម្មចំពោះអ្នកវិភាគមួយចំនួន ដែលបានលើកឡើងថា ទំនងជាលោកនាយករដ្ឋមន្ត្រីប្រកាសផ្អាកពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ឆ្នាំនេះ ដោយសារខ្លាចប្រជាពលរដ្ឋធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល។ តែអ្នកតាមដានស្ថានការណ៍សង្គមលើកឡើងថា នោះជាសិទ្ធិរបស់អ្នកវិភាគ។លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មបែបនេះ នៅក្នុងពិធីសម្ពោធ «គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ» ដែលរៀបចំនៅទីតាំងសួនច្បារ មុខវត្តបទុមវត្តី នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០១៥នេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា មូលហេតុនៃការលុបចោលបុណ្យអុំទូក ដែលគ្រោងធ្វើឡើងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខនេះ គឺដោយសារកម្ពស់ទឹកទាប មិនមែនដោយសាររឿងនយោបាយនៅពីក្រោយ ឬខ្លាចប្រជាពលរដ្ឋធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលនោះឡើយ។ លោកបានបញ្ជាក់ថារដ្ឋាភិបាលមិនខ្លាចប្រជាពលរដ្ឋធ្វើបាតុកម្មនោះទេ ហើយលោកស្វាគមន៍ចំពោះប្រជាពលរដ្ឋដែលមានបំណងចង់មកលេងភ្នំពេញក្នុងអំឡុងពេលបុណ្យអុំទូករយៈពេលបីថ្ងៃនេះ។
លោកមានប្រសាសន៍ថា៖ «មូលហេតុវានៅកន្លែងនេះ ទឹកឥឡូវនៅក្រោម៥ម៉ែត្រទៅហើយ ថ្ងៃនេះដូចជានៅបួនម៉ែត្រប្រាំបី បួនម៉ែត្រចិតសិប អញ្ចឹងយើងគិតមើល២០ថ្ងៃទៀត បានបុណ្យអុំទូកចាប់ផ្តើម យើងគិតថាក្នុងមួយថ្ងៃមិនចាំបាច់ចុះមួយតឹកទេ ចុះត្រឹម ៥ផឹង ក៏គ្រប់គ្រាន់ ចុះម៉ាម៉ែត្រទៀត។ អញ្ចឹងពេលបុណ្យទូកគ្រាន់តែខាងព្យាករណ៍ ពេលដល់ថ្ងៃបុណ្យអុំទូក នៅសល់បួនម៉ែត្រ២០។ ឥឡូវសូមអ្នកអត្ថាធិប្បាយចេញមក ឱ្យអ៊ុំខ្លួនឯងខ្ញុំចេញលុយឱ្យ ជាពិសេសអ្នកវិភាគ និងតំណាងរាស្ត្រគណបក្សប្រឆាំងខ្លះ ដល់រហូតថ្នាក់ថា រាជរដ្ឋាភិបាល មិនហ៊ានចាត់តាំងបុណ្យអុំទូក ខ្លាចគណបក្សសង្គ្រោះជាតិធ្វើបាតុកម្ម វាទៅជាអញ្ចេះឆ្កុយទៅណា!»។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានព្រមានទៅកាន់តំណាងរាស្ត្រគណបក្សប្រឆាំង និងអ្នកវិភាគឯករាជ្យ ដោយលោកថាអ្នកវិភាគស៊ីឈ្នួល ដែលបាននិយាយថាការផ្អាកពិធីបុណ្យអុំទុកឆ្នាំនេះ ដោយសាររឿងនយោបាយនៅពីក្រោយផងដែរ។ លោកថា ការអត្ថាធិប្បាយបែបនោះ វាគឺការប្រមាថ និងជាភាពព្រហើនរបស់អ្នកវិភាគទាំងនោះមកលើរាជរដ្ឋាភិបាល។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា៖ «ការធ្វើអត្ថាធិប្បាយតាមរបៀបប្រមាថ មិនអាចទទួលយកបានទេ ហើយកុំថាខ្ញុំនិយាយខ្លាំងៗ ខ្ញុំនិយាយតែប៉ុណ្ណឹងហើយ ម៉ាជីវិតហើយ ព្រោះអាហ្នឹងចរិតខ្ញុំកែមិនឡើងទេអាហ្នឹងនោះ សូមអ្នកវិភាគទាំងឡាយយល់ឱ្យច្បាស់កុំព្រហើន ខ្ញុំទទួលខុសត្រូវដឹកនាំប្រទេសនេះ អស់លោកអ្នកមានសិទ្ធិ ក៏ប៉ុន្តែសូមអស់លោកអ្នក មានភាពថ្លៃថ្នូរ និងពិចារណាឱ្យបានម៉ត់ចត់ កុំអាងតែខ្លួនមានសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ ដោយខ្វះការទទួលខុសត្រូវ ខ្វះការពិចារណញ្ញាណ។ លោកអ្នកវិភាគឯករាជ្យ ល្ងាចនេះលោកបានដើមទុន ដែលខ្ញុំនិយាយខ្លាំងៗនេះ ទៅធ្វើវិភាគទៀតហើយ ព្រោះល្បែងអស់លោកបើមិនភាគ អញ្ចឹងគេមិនឱ្យលុយលោក ព្រោះលោកស៊ីឈ្នួលវិភាគ ហើយវិភាគវ៉ៃរដ្ឋាភិបាលរហូត ប៉ុន្តែអស់លោកត្រូវចាំម៉ាម៉ាត់ ចាំចំណុចឱ្យច្បាស់ថា រាជរដ្ឋាភិបាល គេធ្វើរាជរដ្ឋាភិបាល អ្នកគាំទ្រ ច្រើនជាងបក្សប្រឆាំង»។
ជុំវិញការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ សាស្ត្រាចារ្យផ្នែកវិទ្យានយោបាយ លោក សូ ចន្ថា បានមានប្រសាសន៍ប្រាប់វិទ្យុស្ត្រី នៃWMC នៅថ្ងៃនេះថា មូលហេតុ ទឹកទាប ហាក់មិនមានមូលដ្ឋានគ្រប់គ្រាន់ ដែលបញ្ជាក់ថា មិនអាចអុំទូកបានទេ ប៉ុន្តែការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ដែលបានព្រមានទៅកាន់អ្នកវិភាគនោះ បានឆ្លុះបញ្ចាំងឱ្យឃើញថា មូលហេតុនៅក្រោយខ្នងនៃការផ្អាកពិធីបុណ្យអុំទូកនៅឆ្នាំនេះ គឺជារឿងពិតប្រាកដ ដែលទាក់ទងនឹងរឿងនយោបាយ។
ចំណែកលោកបណ្ឌិត មាស នី អ្នកតាមដានស្ថានការណ៍សង្គមយល់ថា ការលើកឡើងរបស់អ្នកវិភាគ គឺជាសិទ្ធិរបស់អ្នកវិភាគ ។ លោកបន្តថា អ្វីដែលគេសង្ស័យថា អាចមានពាក់ព័ន្ធនឹងរឿងនយោបាយ វាគ្រាន់តែការប៉ាន់ប្រមាណរបស់អ្នកវិភាគ ដោយសារតែការផ្អាកនេះ កើតឡើងក្រោយពេល មានព្រឹត្តិការណ៍ហិង្សាវាយអ្នកតំណាងរាស្ត្រ។
លោក មាស នី មានប្រសាសន៍បន្តថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនគួរព្រួយបារម្ភ នឹងការវិភាគទាំងនោះទេ គួរតែយកពេលទៅគិតរឿងប្រទេសវិញទើបប្រសើរ។ លោកថា៖ «បើសិនជាយើងមើលទៅ តាមទស្សនៈរបស់ខ្ញុំ លោកហ៊ុន សែន មិនគួរព្រួយបារម្ភរឿងកំប៉ិចកំប៉ុកអញ្ចឹងទេ អាហ្នឹងគ្រាន់តែជាការវិភាគរបស់គេតើ បើមែន ឬមិនមែនអី អាហ្នឹងបើសិនវាមិនមានទេ ទុកដូចជាអ្នកវិភាគហ្នឹងខុសទៅ ប៉ុន្តែមិនសមលោកហ៊ុន សែនមកប្រកាន់ខឹងអីគ្រប់រឿងអញ្ចឹងទេ ។ គាត់គួរតែទុកខួរក្បាលគិតរឿងប្រទេសជាតិ អារឿងធំៗ អារឿងវិភាគនេះគេថាតែប៉ុណ្ណឹង បើវាមិនមានបញ្ហានយោបាយកើតឡើង អាហ្នឹងអត់មាន អត់មាន វាទៅជាល្អ»។
សូមជម្រាបថា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ រាជរដ្ឋាភិបាលបានចេញសារាចរណ៍ស្តីពីការផ្អាកប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ដែលនឹងត្រូវប្រារព្ធចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ខែវិច្ឆិកា ដោយលើកឡើងថា ឆ្នាំនេះទឹកទន្លេមានកម្រិតទាបពេក ហើយកំពុងជួបប្រទះគ្រោះរាំងស្ងួត។
ជាការកត់សម្គាល់ ការប្រកាសផ្អាកពិធីបុណ្យអុំទូកនៅភ្នំពេញ ក្នុងឆ្នាំ២០១៥នេះ ធ្វើឡើងក្រោយពីមានបាតុកម្មទម្លាក់លោក
កឹម សុខា និងក្រោយកើតមានហេតុការណ៍វាយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី២៦ ខែតុលា ព្រមទាំងការដកតំណែង លោក កឹម សុខាពីអនុប្រធានទី១នៃរដ្ឋសភាផងដែរ។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ២០១១មក ការប្រារព្ធពិធីបុណ្យអ៊ុំទូក នៅរាជធានីភ្នំពេញត្រូវបាន ផ្អាក ៤លើកមកហើយ ក្នុងហេតុផលទឹកជំនន់ និងកាន់ទុក្ខការសោយទីវង្គតរបស់ព្រះបាទសីហនុ៕