en     km
en     km

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ប្រតិកម្ម​ជាមួយ​អ្នកវិភាគ​ ដែល​ថា​ការ​ផ្អាក​ពិធីបុណ្យ​អុំទូក​ ដោយសារ​ខ្លាច​បាតុកម្ម​

Share

រូបភាព៖ ហ្វេសប៊ុក
រូបភាព៖ ហ្វេសប៊ុក

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ​បាន​ប្រតិកម្ម​ចំពោះ​អ្នកវិភាគ​មួយ​ចំនួន​ ដែល​បាន​លើក​ឡើង​ថា​ ទំនងជា​លោកនាយក​រដ្ឋមន្ត្រី​ប្រកាស​ផ្អាក​ពិធីបុណ្យ​អុំទូក​ អកអំបុក​ សំពះ​ព្រះ​ខែ​ ឆ្នាំ​នេះ​ ដោយសារ​ខ្លាច​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​។​ តែ​អ្នក​តាមដាន​ស្ថានការណ៍​សង្គម​លើក​ឡើង​ថា​ នោះ​ជា​សិទ្ធិ​របស់​អ្នកវិភាគ​។​​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ប្រតិកម្ម​បែប​នេះ​ នៅ​ក្នុង​ពិធី​សម្ពោធ​ «​គម្រោង​ការពារ​ទឹកជំនន់​ និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​»​ ដែល​រៀបចំ​នៅ​ទីតាំង​សួនច្បារ​ មុខ​វត្ត​បទុម​វ​ត្តី​ នា​ព្រឹក​ថ្ងៃ​ទី​០៥​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​នេះ​។​

លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន​ បាន​ថ្លែង​ថា​ មូលហេតុ​នៃ​ការ​លុប​ចោល​បុណ្យអុំទូក​ ដែល​គ្រោង​ធ្វើ​ឡើង​រយៈពេល​បី​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ខាង​មុខ​នេះ​ គឺ​ដោយសារ​កម្ពស់​ទឹក​ទាប​ មិនមែន​ដោយសារ​រឿង​នយោបាយ​នៅ​ពីក្រោយ​ ឬ​ខ្លាច​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នោះ​ឡើយ​។​ លោក​បាន​បញ្ជាក់​ថា​រដ្ឋាភិបាល​មិន​ខ្លាច​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​នោះ​ទេ​ ហើយ​លោក​ស្វាគមន៍​ចំពោះ​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ចង់​មក​លេង​ភ្នំពេញ​ក្នុងអំឡុងពេល​បុណ្យអុំទូក​រយៈពេល​បី​ថ្ងៃនេះ​។​​

លោក​មាន​ប្រសាសន៍​ថា​៖​ «​មូលហេតុ​វា​នៅ​កន្លែង​នេះ​ ទឹក​ឥឡូវ​នៅ​ក្រោម​៥​ម៉ែត្រ​ទៅ​ហើយ​ ថ្ងៃនេះ​ដូច​ជា​នៅ​បួន​ម៉ែត្រ​ប្រាំបី​ បួន​ម៉ែត្រ​ចិតសិប​ អ​ញ្ចឹ​ង​យើង​គិត​មើល​២០​ថ្ងៃ​ទៀត​ បាន​បុណ្យអុំទូក​ចាប់ផ្តើម​  យើង​គិត​ថា​ក្នុង​មួយ​ថ្ងៃ​មិន​ចាំបាច់​ចុះ​មួយ​តឹក​ទេ​ ចុះ​ត្រឹម​ ៥​ផឹង​ ក៏​គ្រប់គ្រាន់​ ចុះ​ម៉ា​ម៉ែត្រ​ទៀត​។​  អ​ញ្ចឹ​ង​ពេល​បុណ្យ​ទូក​គ្រាន់តែ​ខាង​ព្យាករណ៍​ ពេល​ដល់​ថ្ងៃ​បុណ្យអុំទូក​ នៅ​សល់​បួន​ម៉ែត្រ​២០​។​ ឥឡូវ​សូមអ្នក​អត្ថាធិប្បាយ​ចេញ​មក​ ឱ្យ​អ៊ុំ​ខ្លួនឯង​ខ្ញុំ​ចេញ​លុយ​ឱ្យ​  ជា​ពិសេស​អ្នកវិភាគ​ និង​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ខ្លះ​ ដល់រ​ហូតថ្នាក់​ថា​ រាជរដ្ឋាភិបាល​ មិន​ហ៊ាន​ចាត់តាំង​បុណ្យអុំទូក​ ខ្លាច​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​បាតុកម្ម​ វា​ទៅ​ជា​អ​ញ្ចេះ​ឆ្កុយ​ទៅ​ណា​!»​។​

​ជាមួយ​គ្នា​នេះ​ លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន ​ក៏​បាន​ព្រមាន​ទៅ​កាន់​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ និង​អ្នកវិភាគ​ឯករាជ្យ​ ដោយ​លោក​ថា​អ្នកវិភាគ​ស៊ីឈ្នួល​ ដែល​បាន​និយាយ​ថា​ការ​ផ្អាក​ពិធីបុណ្យ​អុំ​ទុក​ឆ្នាំ​នេះ​ ដោយសារ​រឿង​នយោបាយ​នៅ​ពីក្រោយ​ផង​ដែរ​។​ លោក​ថា​ ការ​អត្ថាធិប្បាយ​បែប​នោះ​ វា​គឺ​ការ​ប្រមាថ​ និង​ជា​ភាពព្រហើន​របស់​អ្នកវិភាគ​ទាំងនោះ​មក​លើ​រាជរដ្ឋាភិបាល​។​

hun-senលោកនាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បន្ត​ថា​៖​ «​ការ​ធ្វើ​អត្ថាធិប្បាយ​តាម​របៀប​ប្រមាថ​ មិន​អាច​ទទួលយក​បាន​ទេ​ ហើយ​កុំ​ថា​ខ្ញុំ​និយាយ​ខ្លាំងៗ​ ខ្ញុំ​និយាយ​តែ​ប៉ុណ្ណឹង​ហើយ​ ម៉ា​ជីវិត​ហើយ​ ព្រោះ​អាហ្នឹង​ចរិត​ខ្ញុំ​កែ​មិន​ឡើង​ទេ​អាហ្នឹង​នោះ​ សូមអ្នក​វិភាគ​ទាំងឡាយ​យល់​ឱ្យ​ច្បាស់​កុំ​ព្រហើន​ ខ្ញុំ​ទទួលខុសត្រូវ​ដឹកនាំ​ប្រទេស​នេះ​ អស់លោក​អ្នកមាន​សិទ្ធិ​ ក៏​ប៉ុន្តែ​សូម​អស់លោក​អ្នក​ មាន​ភាព​ថ្លៃថ្នូរ​ និង​ពិចារណា​ឱ្យ​បាន​ម៉ត់ចត់​ កុំ​អាង​តែ​ខ្លួន​មាន​សិទ្ធិ​សេរីភាព​ ក្នុង​ការ​បញ្ចេញមតិ​ ដោយ​ខ្វះ​ការ​ទទួលខុសត្រូវ​ ខ្វះ​ការ​ពិ​ចារ​ណ​ញ្ញាណ​។​ លោក​អ្នកវិភាគ​ឯករាជ្យ​ ល្ងាច​នេះ​លោក​បាន​ដើមទុន​ ដែល​ខ្ញុំ​និយាយ​ខ្លាំងៗ​នេះ​ ទៅ​ធ្វើ​វិភាគ​ទៀត​ហើយ​ ព្រោះ​ល្បែង​អស់លោក​បើ​មិន​ភាគ​ អ​ញ្ចឹ​ង​គេ​មិន​ឱ្យ​លុយ​លោក​ ព្រោះ​លោក​ស៊ីឈ្នួល​វិភាគ​ ហើយ​វិភាគ​វ៉ៃ​រដ្ឋាភិបាល​រហូត​ ប៉ុន្តែ​អស់លោក​ត្រូវ​ចាំ​ម៉ា​ម៉ាត់​ ចាំ​ចំណុច​ឱ្យ​ច្បាស់​ថា​ រាជរដ្ឋាភិបាល​ គេ​ធ្វើ​រាជរដ្ឋាភិបាល​ អ្នកគាំទ្រ​ ច្រើន​ជាង​បក្ស​ប្រឆាំង​»​។​

​ជុំវិញ​ការ​លើក​ឡើង​របស់​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន​ នេះ​ សាស្ត្រាចារ្យ​ផ្នែក​វិទ្យា​នយោបាយ​ លោក ​សូ​ ច​ន្ថា​ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ស្ត្រី​ នៃ​WMC​ នៅ​ថ្ងៃនេះ​ថា​ មូលហេតុ​ ទឹក​ទាប​ ហាក់​មិន​មាន​មូលដ្ឋាន​គ្រប់គ្រាន់​ ដែល​បញ្ជាក់​ថា​ មិន​អាច​អុំទូក​បាន​ទេ​ ប៉ុន្តែ​ការ​លើក​ឡើង​របស់​លោកនាយក​រដ្ឋមន្ត្រី​ ដែល​បាន​ព្រមាន​ទៅ​កាន់​អ្នកវិភាគ​នោះ​ បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា​ មូលហេតុ​នៅ​ក្រោយខ្នង​នៃ​ការ​ផ្អាក​ពិធីបុណ្យ​អុំទូក​នៅ​ឆ្នាំ​នេះ​ គឺជា​រឿង​ពិតប្រាកដ​ ដែល​ទាក់ទង​នឹង​រឿង​នយោបាយ​។​

​ចំណែក​លោក​បណ្ឌិត ​មាស​ នី​ អ្នក​តាមដាន​ស្ថានការណ៍​សង្គម​យល់​ថា​ ការ​លើក​ឡើង​របស់​អ្នកវិភាគ​ គឺជា​សិទ្ធិ​របស់​អ្នកវិភាគ​ ។​ លោក​បន្ត​ថា​ អ្វី​ដែល​គេ​សង្ស័យ​ថា​ អាច​មាន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ វា​គ្រាន់តែ​ការ​ប៉ាន់​ប្រមាណ​របស់​អ្នកវិភាគ​ ដោយសារ​តែ​ការ​ផ្អាក​នេះ​ កើតឡើង​ក្រោយ​ពេល​ មាន​ព្រឹត្តិការណ៍​ហិង្សា​វាយ​អ្នកតំណាង​រាស្ត្រ​។​

​លោក​ មាស​ នី​ មាន​ប្រសាសន៍​បន្ត​ថា​ លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន​ មិន​គួរ​ព្រួយបារម្ភ​ នឹង​ការ​វិភាគ​ទាំងនោះ​ទេ​ គួរតែ​យក​ពេល​ទៅ​គិត​រឿង​ប្រទេស​វិញ​ទើប​ប្រសើរ​។​ លោក​ថា​៖​ «​បើសិនជា​យើង​មើលទៅ​ តាម​ទស្សនៈ​របស់ខ្ញុំ​ លោក​ហ៊ុន​ សែន​ មិន​គួរ​ព្រួយបារម្ភ​រឿង​កំ​ប៉ិច​កំប៉ុក​អ​ញ្ចឹ​ង​ទេ​ អាហ្នឹង​គ្រាន់តែ​ជា​ការ​វិភាគ​របស់​គេ​តើ​ បើ​មែន​ ឬ​មិនមែន​អី​ អាហ្នឹង​បើសិន​វា​មិន​មាន​ទេ​ ទុកដូចជា​អ្នកវិភាគ​ហ្នឹង​ខុស​ទៅ​ ប៉ុន្តែ​មិន​សមលោក​ហ៊ុន​ សែន​មក​ប្រកាន់​ខឹង​អី​គ្រប់​រឿង​អ​ញ្ចឹ​ង​ទេ​ ។​ គាត់​គួរតែ​ទុក​ខួរក្បាល​គិត​រឿង​ប្រទេស​ជាតិ​ អា​រឿង​ធំៗ​ អា​រឿង​វិភាគ​នេះ​គេ​ថា​តែ​ប៉ុណ្ណឹង​ បើ​វា​មិន​មាន​បញ្ហា​នយោបាយ​កើតឡើង​ អាហ្នឹង​អត់​មាន​ អត់​មាន​ វា​ទៅ​ជា​ល្អ​»​។​

រូបភាព៖ ហ្វេសប៊ុក
រូបភាព៖ ហ្វេសប៊ុក

សូម​ជម្រាប​ថា​ កាលពី​ថ្ងៃ​ទី​៣១​ ខែតុលា​ ឆ្នាំ​២០១៥​ រាជរដ្ឋាភិបាល​បាន​ចេញ​សារា​ចរណ៍​ស្តី​ពី​ការ​ផ្អាក​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្តែតប្រទីប​ និង​សំពះ​ព្រះ​ខែ​ ដែល​នឹង​ត្រូវ​ប្រារព្ធ​ចាប់ពី​ថ្ងៃ​ទី​២៤​ដល់​ថ្ងៃ​ទី​២៦​ខែវិច្ឆិកា​ ដោយ​លើក​ឡើង​ថា​ ឆ្នាំ​នេះ​ទឹកទន្លេ​មាន​កម្រិត​ទាប​ពេក​ ហើយ​កំពុង​ជួប​ប្រទះ​គ្រោះ​រាំង​ស្ងួត​។​

​ជា​ការ​កត់សម្គាល់​ ការ​ប្រកាស​ផ្អាក​ពិធីបុណ្យ​អុំទូក​នៅ​ភ្នំពេញ​ ក្នុង​ឆ្នាំ​២០១៥​នេះ​ ធ្វើ​ឡើង​ក្រោយ​ពី​មាន​បាតុកម្ម​ទម្លាក់​លោក
​កឹ​ម​ សុខា​ និង​ក្រោយ​កើត​មាន​ហេតុការណ៍​វាយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​ទី​២៦​ ខែតុលា​ ព្រមទាំង​ការ​ដក​តំណែង​ លោក​ កឹ​ម​ សុខា​ពី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​ផង​ដែរ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ចាប់តាំងពី​ឆ្នាំ​២០១១​មក​ ការ​ប្រារព្ធ​ពិធីបុណ្យ​អ៊ុំ​ទូក​ នៅ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ ផ្អាក​ ៤​លើក​មក​ហើយ​ ក្នុង​ហេតុផល​ទឹកជំនន់​ និង​កាន់ទុក្ខ​ការ​សោយ​ទីវ​ង្គ​តរបស់​ព្រះបាទ​សីហ​នុ​៕

Share

Image
Image
Image