en     km
en     km

សម្ដេច ស ខេង សំណូមពរឱ្យប្រើ«មូលដ្ឋានគ្រឹះសិទ្ធិមនុស្សនិងសិទ្ធិកុមារ» បើច្បាប់«ប្រហោង»

Share

កិច្ចការពារកុមារពីការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ គឺចាំបាច់ក្នុងពេលបច្ចុប្បន្ន នៅពេលដែលពួកគេមានលទ្ធភាពប្រើប្រាស់អ៊ិនធើណិតកាន់តែទូលំទូលាយ ប៉ុន្តែខ្វះការណែនាំត្រឹមត្រូវអំពីរបៀបប្រើប្រាស់ប្រកបដោយសុវត្ថិភាពពីអាណាព្យាបាល។

ដោយផ្អែកលើអនុសាសន៍ពីកាសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រ​ស្ដីពីការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍និងអាហ្វ្រិក ចាប់តាំងពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២១ កម្ពុជាបានកសាងផែនការសកម្មភាព ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបចំពោះការកេងប្រវ័ញ្ញផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ឆ្នាំ ២០២១-២០២៥ ហើយបានប្រកាសដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃពុធ ទី ១៤ ខែកក្កដា។

ក្នុងឱកាសនោះ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី​ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសំណូមពរឱ្យអ្នកពាក់ព័ន្ធទាំងអស់សម្រេចចិត្តដោយផ្អែកលើគោលការណ៍សិទ្ធិមនុស្សនិងសិទ្ធិកុមារ ក្នុងការដោះស្រាយបញ្ហាទាក់ទងនឹងកុមារ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាប្រធានគណៈកម្មាធិការជាតិប្រឆាំងអំពើជួញដូរមនុស្សផង បានជំរុញឱ្យ «សិក្សាឡើងវិញនូវភាពខ្វះចន្លោះ បទប្បញ្ញតិ្តដែលមានជាធរមាន លើបទល្មើសឧក្រិដ្ឋកម្មបច្ចេកវិជ្ជាលើកុមារ ដោយស្មារតីនិងឆន្ទះទទួលខុសត្រូវខ្ពស់។ ពិសេស ក្នុងករណីមិនមានចែងនៅក្នុងច្បាប់ សូមអនុវត្តដោយឈរលើគោលការណ៍នៃការសម្រេចដោយផ្អែកលើមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្សនិងសិទ្ធិកុមារ ដែលកម្ពុជាបានផ្ដល់សច្ចាប័ន និងមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»។

ក្រៅពីនេះ សម្ដេចក្រឡាហោមបានធ្វើសំណូមពរចំនួន ១២ ចំណុចទៀត ទៅកាន់អ្នកពាក់ព័ន្ធទាំងឡាយ ក្នុងចំណោមនោះ មានជាអាទិ៍៖ ការបញ្ចូលផែនការសកម្មភាពនេះទៅក្នុងផែនការប្រតិបត្តិរបស់ក្រសួងស្ថាប័នទាំងអស់, ការបន្តអនុវត្ត«ឱ្យមានប្រសិទ្ធភាពខ្ពស់» អនុលោមតាមច្បាប់ជាតិនិងអន្តរជាតិ ក្នុងការដោះស្រាយករណីកុមារឱ្យបានទាន់ពេលវេលា, និងការពង្រឹងប្រព័ន្ធតាមដានវាយតម្លៃ ជាពិសេសការបង្កើតប្រព័ន្ធទិន្នន័យកុមារទូទាំងប្រទេស។

ឯកឧត្ដម វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានថ្លែងនាឱកាសនោះដែរថា ល្បិចកលនិងអំពើរំលោភបំពានផ្លូវភេទកុមារ «កាន់តែអាក្រក់ទៅ» និង«ស្មុគស្មាញ» ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធ«ចាំបាច់រួមគ្នាដោះស្រាយឱ្យមានប្រសិទ្ធភាព»។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចបានបញ្ជាក់ទៀតថា៖ «កុមារក៏ត្រូវការទទួលបានយុត្តិធម៌តាមផ្លូវច្បាប់ ដែលជាផ្នែកមួយក្នុងការជំរុញការស្ដារនីតិសម្បទាកុមាររងគ្រោះ ពីការកេងប្រវ័ញ្ចផ្លូវភេទ ឱ្យមានភាពរលូន និងឆាប់ជាសះស្បើយ ទាំងផ្លូវកាយ និងផ្លូវចិត្ត»។

ការកេងប្រវ័ញ្ញផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ិនធើណិត គឺជាទម្រង់នៃការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារ ដែលកំពុងកើតមានឡើងនៅលើអ៊ិនធើណិត តាមរយៈគេហទំព័រ ប្រព័ន្ធផ្សព្វផ្សាយសង្គម និងកម្មវិធីទូរស័ព្ទដៃវៃឆ្លាតនានា។ នេះជាការពន្យល់របស់ឯកឧត្ដម វង សូត្រ ក្នុងពិធីកាលពីថ្ងៃពុធ។

ការសម្ពោធផែនការសកម្មភាពដ៏សំខាន់ខាងលើបានប្រព្រឹត្តទៅតាមប្រព័ន្ធទូរសោតទស្សន៍ ដោយមានការចូលរួមពីសំណាក់លោកស្រី ហ្ស៊ូអេ ដឺ ម៉េឡូ (Zoe de Melo) តំណាងអង្គការដែនដីនៃមនុស្សប្រទេសហូឡង់ ប្រចាំប្រទេសកម្ពុជា និងលោក ចាឡា អាប់ដែលវ៉ាហាប់ (Jalaa’ Abdelwahab) តំណាងអង្គការយូនីសេហ្វ ប្រចាំប្រទេសកម្ពុជាផង៕

Share

ព័ត៌មានទាក់ទង

Image