ក្រោយការប្រារព្ធខួប ៥ ឆ្នាំ នៃមរណភាពរបស់បណ្ឌិត កែម ឡី មួយថ្ងៃ ឯកឧត្ដម ជិន ម៉ាលីន ដែលជាមន្ត្រីរាជរដ្ឋាភិបាល ហើយក៏ជាអ្នកនាំពាក្យឱ្យក្រសួងយុត្តិធម៌និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសរសេរលិខិតចំហរមួយ ដោយបានលើកយកទិដ្ឋភាពច្បាប់ ៤ ចំណុច ទាក់ទងនឹងឃាតកម្ម ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៦។
ក្នុងលិខិតដែលផ្សាយតាមបណ្ដាញសង្គម នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២១ នេះ ឯកឧត្ដម ជិន ម៉ាលីន បានរៀបរាប់ថា៖
១). ក្នុងករណីសំណុំរឿងបណ្ឌិត កែម ឡី រដ្ឋមានកាតព្វកិច្ចធ្វើការស៊ើបអង្កេតនិងស្វែងរកនូវយុត្តិធម៌តាមផ្លូវច្បាប់ មិនមែនយុត្តិធម៌តាមផ្លូវអារម្មណ៍និងផ្លូវនយោបាយតាមការទាមទារបស់ក្រុមដែលតែងតែធ្វើអាជីវកម្មនយោបាយលើមរណភាពបណ្ឌិត កែម ឡី នោះទេ។ (…)
២). ក្នុងសំណុំរឿងព្រហ្មទណ្ឌ ប្រសិនបើភាគីពាក់ព័ន្ធណាមួយ មិនអាចទទួលយកបានការសម្រេចរបស់តុលាការ ពួកគេអាចប្រើប្រាស់សិទ្ធិតាមផ្លូវច្បាប់ក្នុងការប្តឹងទាស់ ប្តឹងឧទ្ធរណ៍ ឬប្តឹងសើរើក៏បាន ក្នុងករណីសេចក្តីសម្រេចចូលជាធរមានរួចហើយក៏ដោយ តែត្រូវមានភស្តុតាង ទឡ្ហីករណ៍ និងសក្ខីកម្មផ្នែកច្បាប់រឹងមាំ ផ្ទុយទៅនឹងការរកឃើញរបស់សមត្ថកិច្ច។
៣) ជាក់ស្តែង ក្រុមដែលធ្វើអាជីវកម្មនយោបាយលើមរណភាពបណ្ឌិត កែម ឡី នាពេលកន្លងមក មិនដែលបានប្រើប្រាស់សិទ្ធិរបស់ខ្លួនតាមផ្លូវច្បាប់ទាំងអស់នេះទេ (…)។
៤) ចំណែកឯការដែលស្នើឱ្យបង្កើតគណៈកម្មការឯករាជ្យមានការចូលរួមពីបរទេស ដើម្បីស៊ើបអង្កេតលើសំណុំរឿងដែលតុលាការនៃរដ្ឋអធិបតេយ្យមួយបានបំពេញកិច្ចនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់របស់ខ្លួនចប់សព្វគ្រប់រួចអស់ហើយនោះ ក៏មិនអាចទៅរួចដែរ ដោយផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញនិងច្បាប់ជាតិរបស់កម្ពុជា (…)»
លិខិតចំហររបស់ឯកឧត្ដម ជិន ម៉ាលីន មានបំណងឆ្លើយតបទៅនឹងការផ្សាយរបស់អាស៊ីសេរី និងក្រុមអង្គការសង្គមស៊ីវិល។
កាលពីថ្ងៃសុក្រ ទី ៩ ខែកក្កដា អង្គការ សមាគម និងបណ្ដាញមិនមែនរដ្ឋាភិបាល ចំនួន ៤៥ អង្គភាព បានបញ្ចេញសេចក្ដីថ្លែងការណ៍មួយ ដោយលើកឡើងអំពី«ចំណុចខ្វះខាត ដែលមិនត្រូវបានដោះស្រាយឱ្យបានគ្រប់ ក្នុងការជំនុំជម្រះ»សំណុំរឿងឃាតកម្មលើអតីតអ្នកស្រាវជ្រាវវឌ្ឍនភាពសង្គមក៏ដូចជាអតីតអ្នកអត្ថាធិប្បាយលើបញ្ហាសង្គម។
បើតាមបណ្ដុំអង្គការសង្គមស៊ីវិលទាំងនោះ ចំណុចខ្វះខាតទាំងឡាយរួមមាន៖
១) ការពន្យល់ដែលមិនសមហេតុផល ចំពោះការអះអាងរបស់លោក អឿត អាង ពីមូលហេតុនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ដោយសារការជំពាក់បំណុលមិនសងចំនួន ៣.០០០ ដុល្លារ
២) ការខកខានមិនបានសម្ភាសន៍សាក្សីដែលត្រូវបានចោទប្រកាន់ដោយជនជាប់ចោទ ដើម្បីបញ្ជាក់ពីរឿងរ៉ាវរបស់គាត់
៣) វីដេអូជាវត្ថុតាងក្នុងតុលាការមានតែរូបភាពវីដេអូ ដែលយកចេញពីកាមេរ៉ាសុវត្ថិភាពមួយគ្រឿងប៉ុណ្ណោះ ក្នុងចំណោមកាមេរ៉ាសុវត្ថិភាពជាច្រើននៅស្ថានីយ៍ប្រេងឥន្ធនៈ ដែលអាចបានចាប់យកព្រឹត្តិការណ៍នេះ
៤) ការខកខានរបស់អ្នកស៊ើបអង្កេត ក្នុងការព្យាយាមកំណត់អត្តសញ្ញាណបុរសម្នាក់ ដែលបានអង្គុយជាមួយលោកបណ្ឌិត កែម ឡី មុនពេលមានការបាញ់ប្រហារ
៥) ការខកខានរបស់អ្នកស៊ើបអង្កេតក្នុងការព្យាយាមកំណត់អត្តសញ្ញាណបុគ្គលដែលជនជាប់ចោទបានអះអាងថាបានប្រើប្រាស់កំាភ្លើងបាញ់ទៅលើរូបលោក ខណៈដែលគាត់កំពុងរត់គេចខ្លួនពីកន្លែងឧក្រិដ្ឋកម្ម
៦) ការខកខានរបស់អ្នកស៊ើបអង្កេតក្នុងការកំណត់ទីតាំង និងសាកសួរអ្នកដែលត្រូវបានចោទប្រកាន់ថាជាអ្នកលក់អាវុធទៅឱ្យឃាតករ
៧) ការខកខានរបស់អ្នកស៊ើបអង្កេតដើម្បីស្វែងរកប្រវត្តិរបស់ជនជាប់ចោទ និងទំនាក់ទំនងដែលអាចកើតមានជាមួយនឹងក្រុមយោធា
៨) ការខកខានមិនបានបញ្ជាក់ពីអត្តសញ្ញាណរបស់បុគ្គលម្នាក់ក្នុងចំណោមពួកគេ ដែលប្រដាប់ដោយអាវុធនិងត្រូវបានគេឃើញនៅក្នុងខ្សែវីដេអូដែលដេញតាមជនជាប់ចោទនៅពេលគាត់បានរត់គេចខ្លួនពីកន្លែងឧក្រិដ្ឋកម្ម។
ក្រុមសង្គមស៊ីវិលទាំងនោះគូសបញ្ជាក់ទៀតថា កំណត់ត្រាសិទ្ធិមនុស្សនៅកម្ពុជាក្រោយសង្គ្រាមរហូតមកដល់បច្ចុប្បន្ន ត្រូវបានញាំញីដោយវប្បធម៌និទណ្ឌភាព ហើយថានៅក្នុងរបាយការណ៍ដែលចេញផ្សាយដោយគណៈកម្មការអ្នកច្បាប់អន្តរជាតិ (ICJ) ក្នុងឆ្នាំ ២០១៧ បានគូសបញ្ជាក់ថា «កង្វះគណនេយ្យភាព នៅក្នុងប្រទេសកម្ពុជា ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការគ្រប់គ្រងលើប្រព័ន្ធតុលាការដោយអាជ្ញាធររដ្ឋ»៕