en     km
en     km

អាជ្ញាធរ​អប្សរា​ថា​ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ទស្សនា​អង្គរ​កើនឡើង​ក្នុង​រយៈ​១០​ខែ​ ឆ្នាំ​២០១៥

Share

tourist-at-angkorwat-cover

​អាជ្ញាធរ​អប្សរា​ឱ្យ​ដឹង​ថា​ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​នៅ​រមណីយដ្ឋាន​អង្គរ​ ប្រចាំ​ខែតុលា​ និង​រយៈពេល​ ១០​ ខែ​
ក្នុងឆ្នាំ​២០១៥នេះ​ មានការ​កើនឡើង​ បើ​ប្រៀបធៀប​ទៅ​នឹង​ខែ​ដូច​គ្នា​ នៅ​ឆ្នាំ​២០១៤​។​

​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ របស់​អាជ្ញាធរ​ជាតិ​អប្សរា​ ចុះ​នៅ​ថ្ងៃ​ទី​៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​  ស្ដី​ពី៖​ «​ស្ថិតិ​ភ្ញៀវ​ទេសចរ​បរទេស​នៅ​រមណីយដ្ឋាន​អង្គរ​ប្រចាំខែ​ ខែតុលា​ និង​១០​ខែ​ ឆ្នាំ​២០១៥»​ បានឱ្យ​ដឹង​ថា​ ចំនួន​ភ្ញៀវ​ទេសចរ​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ ប្រចាំ​ខែតុលា​ ឆ្នាំ​២០១៥​ មាន​ចំនួន​ភ្ញៀវ​ ១៥៣,៣០៨​នាក់​  បើ​ប្រៀបធៀប​នឹង​ខែតុលា​ ឆ្នាំ​២០១៤​ កើនឡើង​៤.៩​ភាគរយ​។​ ក្នុង​នោះ​ចំណូល​ដុល​ នៃ​ចំនួន​សំបុត្រ​ ដែល​លក់​បាន​សរុប​មាន​ ៤,៣៨១.០៤០​ ដុល្លារ​  បើ​ប្រៀបធៀប​ នឹង​ខែតុលា​ ឆ្នាំ​២០១៤​ កើនឡើង​ ៤.៥២​ ភាគរយ​។​

​ជាមួយ​គ្នា​នេះ​ដែរ​ សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បន្ត​ថា​ ចំនួន​ភ្ញៀវ​ទេសចរ​ ដែល​បាន​ចូល​មក​ទស្សនា​ នៅ​រមណីយដ្ឋាន​អង្គរ​ ក្នុង​រយៈពេល​ ១០​ ខែ​ នៅ​ឆ្នាំ​ ២០១៥​ មាន​ចំនួន​ភ្ញៀវ​ ១,៦៧៧,៣៥២​នាក់​។​ បើ​ប្រៀបធៀប​នឹង​១០​ ខែ​ ក្នុង​ឆ្នាំ​ ២០១៤​ ចំនួន​ភ្ញៀវ​ទេសចរណ៍​រយៈពេល​ ១០​ ខែ​ នៅ​ឆ្នាំ​ ២០១៥​ កើនឡើង​ ២.០៥​ ភាគរយ​។​

​ទន្ទឹម​នឹង​នោះ​ ចំណូល​ដុល​នៃ​ចំនួន​សំបុត្រ​ដែល​លក់​បាន​មាន​ចំនួន​សរុប​ ៤៧,៦៨១,០៨០​ ដុល្លារ​ បើ​ប្រៀបធៀប​នឹង​ ១០​ ខែ​ ឆ្នាំ​ ២០១៤​ កើន​ ០.៦២​ ភាគរយ​។​ អាជ្ញាធរ​ជាតិ​អប្សរា​ឱ្យ​ដឹង​ថា​ ដើម្បី​ទទួល​ បាន​ព័ត៌មាន​លម្អិត​ស្ដី​ពី​ស្ថិតិ​ភ្ញៀវ​ទេសចរ​បរទេស​ ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ ប្រចាំ​ថ្ងៃ​  សូម​ចូល​ទៅ​ក្នុង​គេហទំព័រ​ផ្លូវការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ www.apsaraauthority.gov.kh​ និង​ អាច​ចូល​មើល​តាម​រយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ (Facebook)​ ដែល​មានឈ្មោះ​ថា​ អាជ្ញាធរ​ជាតិ​អប្សរា​៕

Share

Image
Image
Image