រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានជជែកអំពីបញ្ហាក្នុងប្រទេសភូមា ជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី នៅថ្ងៃពុធ ទី ០៧ ខែកក្កដា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ផ្សាយនៅថ្ងៃដដែល។
ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា «បានគូសបញ្ជាក់អំពីការត្រៀមខ្លួនរបស់ប្រទេសកម្ពុជា ក្នុងការធ្វើការជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន និងដៃគូអាស៊ានដទៃទៀត ដើម្បីគាំទ្រដល់ការវិលត្រឡប់ទៅរកមាគ៌ានៃប្រក្រតីភាព និងការផ្លាស់ប្ដូរតាមរយៈប្រជាធិបតេយ្យរបស់ប្រទេសមីយ៉ាន់ម៉ា»។ នេះបើយោងតាមលទ្ធផលនៃកិច្ចសន្ទនាពីចម្ងាយ ដែលបង្ហាញឱ្យឃើញនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង។
ឯកឧត្ដមរដ្ឋមន្ត្រីថែមទាំង«បានបញ្ជាក់អំពីការកោតសរសើររបស់កម្ពុជា ចំពោះជំហាននានាដែលប្រទេសប៊្រុយណេ ក្នុងនាមប្រធានអាស៊ានក្នុងពេលបច្ចុប្បន្ន កំពុងអនុវត្តតាមការឯកភាពគ្នាជាឯកច្ឆន្ទ ប្រាំចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន»។ ប្រភពដដែលបន្តប្រាប់ឱ្យដឹងដូច្នេះ។
រដ្ឋមន្ត្រីការបរទេសកម្ពុជា ផ្អែកតាមសេចក្ដីប្រកាសព័ត៌មាននោះ «ក៏បានបង្ហាញនូវទំនុកចិត្តលើកម្លាំងនៃភាពចម្រុះរបស់អាស៊ាន ដើម្បីសម្រេចឱ្យបាននូវដំណោះស្រាយប្រកបដោយសន្តិវិធី តាមរយៈមាគ៌អាស៊ាន ដើម្បីជាផលប្រយោជន៍ដល់ប្រជាជនមីយ៉ាន់ម៉ា និងការកសាងសហគមន៍អាស៊ាន»។
ទន្ទឹមនឹងនេះដែរ លោកស្រី ម៉ារីស ផេន (Marise Payne) រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានសរសេរផ្សាយតាមហ្វេសប៊ុក នៅថ្ងៃពុធ ទី ០៧ ខែកក្កដា ដែរថា លោកស្រីបាននិយាយជាមួយឯកឧត្ដម ប្រាក់ សុខុន «អំពីកង្វល់រួមរបស់យើង ទាក់ទងនឹងវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងការប្រឈមនានាក្នុងរឿងកូវីដ-១៩»។
លោកស្រី ម៉ារីស ផេន ដែលជារដ្ឋមន្ត្រីកិច្ចការនារីអូស្ត្រាលីដែរ បានប្រាប់បន្តទៀតថា៖ «ខ្ញុំបានគូសបញ្ជាក់អំពីការគាំទ្ររបស់អូស្ត្រាលីចំពោះសមាគមអាស៊ាន និងការឆ្លើយតបរបស់សមាគមនេះចំពោះប្រទេសមីយ៉ាន់ម៉ា ហើយយើងបានពិភាក្សាអំពីសេចក្ដីត្រូវការបន្ទាន់ ឱ្យមានវឌ្ឍនភាពក្នុងការអនុវត្តតាមសេចក្ដីសម្រេចជាឯកច្ឆន្ទទាំង ៥ ចំណុចរបស់អាស៊ាន»។
សូមរម្លឹកថា សេចក្ដីសម្រេចជាឯកច្ឆន្ទទាំង ៥ ចំណុចនោះ បានកើតឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេសនាខែមេសា ហើយរួមមាន៖ បញ្ឈប់អំពើហិង្សាលើប្រជាជន, ចរចាគ្នាដោះស្រាយជម្លោះដោយគិតពីប្រយោជន៍ប្រជាជនជាធំ, បើកឱ្យជំនួយមនុស្សធម៌ចូលភូមា, អនុញ្ញាតឲ្យតំណាងអាស៊ានធ្វើការនៅភូមាបាន និងដោះលែងអ្នកទោសនយោបាយទាំងឡាយ។
ក្រៅពីបញ្ហាភូមា ភាពជាដៃគូអភិវឌ្ឍន៍នៃប្រទេសអូស្ត្រាលីបានបន្តជួយជ្រោមជ្រែងកម្ពុជាក្នុងការឆ្លើយតបចំពោះបញ្ហាកូវីដ-១៩ និងការស្ដារប្រទេសឡើងវិញក្រោយកូវីដ ហើយអូស្ត្រាលីបានផ្ដល់ថវិកា ៣៥,៧ លានដុល្លារ ដើម្បីគាំទ្រលទ្ធកម្មនិងការផ្គត់ផ្គង់ថ្នាំបង្ការដែលមានសុវត្ថិភាពនិងប្រសិទ្ធភាពសម្រាប់កម្ពុជា។
លោកស្រីរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីកិច្ចការនារីអូស្ត្រាលីបានឱ្យដឹងដូច្នោះ និងបន្ថែមថា លោកស្រីទន្ទឹងធ្វើការដោយជិតស្និទជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា នៅពេលកម្ពុជាធ្វើប្រធានសមាគមអាស៊ានក្នុងឆ្នាំ ២០២២៕