en     km
en     km

កម្ពុជារម្លឹកខួបទី ១៣ នៃការដាក់ប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

Share

ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២១ នេះ គឺជាខួបទី ១៣ ឆ្នាំ នៃការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ម្សិលមិញ អាជ្ញាធរជាតិព្រះវិហារបានផ្សាយខ្សែវីដេអូឯកសារខ្លីមួយស្ដីពីសំណុំរឿងប្រាសាទព្រះវិហារ ដើម្បីអបអរសាទរទិវា ០៧ កក្កដា ២០០៨ ជាថ្មីម្ដងទៀត។

ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រីបានចូលរួមរម្លឹកទិវានេះ ដោយការផ្សាយសារមួយនៅលើហ្វេសប៊ុកនាព្រឹកថ្ងៃពុធ ទី ០៧ ខែកក្កដា។ សម្ដេច ហ៊ុន សែន បានសរសេរថា៖ «ព្រឹត្តិការណ៍ដែលកើតឡើងកាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០០៨ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ បើគិតចាប់តាំងពីកម្ពុជាទទួលបានប្រាសាទដ៏ពិសិដ្ឋមួយនេះ ក្រោយឈ្នះក្តីលើប្រទេសថៃនៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ១៩៦២។»

ចាប់តាំងពីពេលដែលប្រាសាទព្រះវិហារ ត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនៅឯកិច្ចប្រជុំទី ៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) ក្នុងទីក្រុងកេបិច ប្រទេសកាណាដា ការងារជួសជុល ថែរក្សា និងអភិវឌ្ឍន៍ បានប្រព្រឹត្តទៅជាបន្តបន្ទាប់។

កាលពីឆ្នាំ ២០១៩ គណៈកម្មការសម្របសម្រួលអន្តរជាតិ ដើម្បីអភិរក្សនិងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ (អាយស៊ីស៊ី-ព្រះវិហារ) បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី៥ ដើម្បីបង្ហាញលទ្ធផលនៃការសិក្សាស្រាវជ្រាវនៅតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកែរ។ ក្នុងចំណោមនោះមាន ១) ការជួសជុល និងអភិរក្សជណ្តើរខាងជើងប្រាសាទព្រះវិហារ ក្រោមមូលនិធិស្ថានទូតសហរដ្ឋអាមេរិក ដើម្បីអភិរក្សបេតិកភណ្ឌវប្បធម៌ ២) លទ្ធផលការងារអប់រំផ្សព្វផ្សាយអំពីបេតិកភណ្ឌនៅរមណីយដ្ឋានប្រាសាទព្រះវិហារ ៣) លទ្ធផលសិក្សាពីប្រព័ន្ធធារាសាស្រ្តនៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋាន កោះកែរ ៤) លទ្ធផលការងារអភិរក្សប្រាសាទថ្មបាយក្រៀមក្នុងបរិវេណប្រាសាទធំ នៅរមណីយដ្ឋានកោះកែរ ៥) លទ្ធផលការងាររៀបចំផែនទីហានិភ័យ នៅរមណីយដ្ឋានកោះកេរនិង ៦) វឌ្ឍនភាពការរៀបចំផែនការគ្រប់គ្រងទេសចរណ៍រមណីយដ្ឋានកោះកែរ។

នាយករដ្ឋមន្ត្រីកម្ពុជាបានអំពាវនាវប្រជាពលរដ្ឋ ឱ្យចូលរួមថែរក្សាការពារប្រាសាទបូរាណទាំងអស់នៅទូទាំងប្រទេសឲ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ជំនាន់៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង