en     km
en     km

ប្រជាពលរដ្ឋប្រេស៊ីលកែនគ្នាប្រឆាំងប្រធានាធិបតី បុលសូណារ៉ូ និងអំពើពុករលួយ

Share

ជាអ្នកចូលចិត្តលេងកលប្រជានិយម លោកប្រធានាធិបតីប្រេស៊ីល ហ្សាអៀរ បុលសូណារ៉ូ (Jaïr Bolsonaro) និយមប្រៀបធៀបខ្លួនលោកជាមួយនឹងលោក ដូណាល់ ត្រាំ កាលដែលនៅជាប្រធានាធិបតីសហរដ្ឋអាម៉េរិកនៅឡើយ។ គាត់បានទាំងខ្ចីពាក្យរបស់អតីតប្រធានាធិបតីសហរដ្ឋអាម៉េរិកយកមកប្រើផង។ ក្នុងនោះមានការថ្លែងកាលពីសប្ដាហ៍មុនថា គាត់នឹងច្រានចោលលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីប្រេស៊ីលឆ្នាំក្រោយ ប្រសិនបើមានការបន្លំ។ នេះគឺគាត់ចង់និយាយថា ប្រសិនបើគាត់ធ្លាក់ឆ្នោត។

បរិយាកាសនយោបាយអាចផ្ទុះនៅក្នុងប្រទេសប្រេស៊ីលនាពេលនេះ តែមិនមែនដោយសារតែការបោះឆ្នោតដែលមើលឃើញលឹមៗនោះទេ។ អ្វីដែលបានជំរុញឱ្យប្រជាជនប្រេស៊ីលជាច្រើនតវ៉ានៅតាមផ្លូវក្នុងក្រុងធំៗកាលពីចុងសប្ដាហ៍កន្លងទៅ គឺគំនរសំណុំរឿងពុករលួយនៅជុំវិញលោកប្រធានាធិបតី។

ពេលដែលប្រទេសប្រេស៊ីលទើបមានចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ឡើងលើសពី​ ៥២០ ០០០ នាក់ ដែលជាអត្រាដ៏ខ្ពស់បំផុតមួយក្នុងពិភពលោក បើគិតពីចំនួនប្រជាជន រឿងអាស្រូវពីរអង្រួនតំណែងប្រធានាធិបតី បុលសូណារ៉ូ។ នៅក្នុងរឿងមួយនៃរឿងទាំងពីរ គាត់បានទទួលដំណឹងជាមុនពីអ្នកផ្ដល់សញ្ញាអាសន្ននៅក្នុងក្រសួងសុខាភិបាល អំពីភាពមិនប្រក្រតីនានាដែលបានកើតឡើង ក្នុងកិច្ចព្រមព្រៀងនាំចូលវ៉ាក់សាំងឥណ្ឌាតម្លៃសរុប ៣២១,៤ លានដុល្លារ ប៉ុន្តែគាត់មិនអើពើទាល់តែសោះ។ ធ្វើមិនដឹងមិនឮ ឬមួយផ្សំគំនិត? ទោះក្នុងករណីណាក៏ដោយ ការទទួលខុសត្រូវរបស់គាត់ ក្នុងនាមជាប្រធានាធិបតី ចោទជាបញ្ហាហើយ។ រឿងនេះត្រូវបានគេដឹងឮអំឡុងពេលមានការសួរដេញដោលរបស់ព្រឹទ្ធសភាកាលពីចុងខែមិថុនា ហើយមុននេះទៀត គឺក្នុងខែមេសា ព្រឹទ្ធសភាប្រេស៊ីលបានបើកការសួរដេញដោលអំពីវិធានការឆ្លើយតបនឹងកូវីដដោយលោកប្រធានាធិបតី បុលសូណារ៉ូ ដោយមានការផ្សាយតាមទូរទស្សន៍ដែលធ្វើឱ្យកម្រិតទាបនៃទំនួលខុសត្រូវរបស់ប្រធានាធិបតីដក់ជាប់ក្នុងអារម្មណ៍អ្នកបោះឆ្នោត។ លោក បុលសូណារ៉ូ បានបដិសេធរាលកំហុសទាំងឡាយ ហើយនៅសប្ដាហ៍មុន គាត់បានព្យាយាមនៅឆ្ងាយពីការអះអាងអំពីអំពើពុករលួយនៅក្រសួងសុខាភិបាល ដោយបានថ្លែងថា«ខ្ញុំពុំមានមធ្យោបាយណាដឹងអំពីអ្វីដែលបានកើតឡើងនៅក្នុងក្រសួងនានាទេ»។

រឿងអាស្រូវមួយទៀតគឺគេសង្ស័យថា លោកប្រធានាធិបតីគៃបន្លំប្រាក់ឈ្នួលបុគ្គលិករបស់ខ្លួន ក្នុងអំឡុងពេលជិត ៣០ ឆ្នាំ ដែលគាត់ធ្វើជាសមាជិកសភាជាន់ទាប ចន្លោះឆ្នាំ ១៩៩១ ដល់ឆ្នាំ ២០១៨។ ការអនុវត្តដោយខុសច្បាប់ដដែលៗបែបនេះដោយអ្នកនយោបាយមានការរីករាលដាលខ្លាំងណាស់នៅក្នុងប្រទេសប្រេស៊ីល ហើយគេហៅការប្រព្រឹត្តនេះថា រ៉ាឆាឌីញ៉ា (rachadinha)។ ប៉ុន្តែ មេធាវីរបស់ប្រធានាធិបតី បុលសូណារ៉ូ ឈ្មោះ ហ្វ្រេដឺរីក វ៉ាស្សេហ្វ (Frederick Wassef) បាននិយាយប្រាប់អ្នកសារព័ត៌មានថា «ពុំធ្លាប់មានរ៉ាឆាឌីញ៉ា»នៅក្នុងកន្លែងធ្វើការរបស់សមាជិកសភាទេ។

ដូចអ្វីដែលបានកើតឡើងចំពោះលោក ត្រាំ ដែរ លោក ហ្សាអៀរ បុលសូណារ៉ូ កំពុងរងសំពាធ ឈានទៅធ្លាក់ពីតំណែង ប៉ុន្តែវាមានលទ្ធភាពតិចណាស់ដែលនីតិវិធីទម្លាក់ដ៏វែងឆ្ងាយហើយស្មុគស្មាញ អាចបញ្ចប់មុនដំណាច់អាណត្តិរបស់គាត់។

នេះមានន័យថា វាសនានយោបាយរបស់លោក បុលសូណារ៉ូ នឹងត្រូវសម្រេចក្នុងហិបឆ្នោតនាឆ្នាំក្រោយឯណោះ ហើយវាក៏មានន័យដែរថា រឿងនេះហាក់ដូចជាប្រកាសឱ្យដំណឹងថាជារឿងលំបាកសម្រាប់គាត់។

តើអ្នកនៅចាំទេថា អតីតទាហានដែលមកពីគណបក្សស្ដាំនិយមចុងបំផុតម្នាក់នេះ ត្រូវបានគេបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីនៅក្នុងឆ្នាំ ២០១៨ ហើយបានចូលកាន់តំណែងនៅខែមករា ឆ្នាំបន្ទាប់ ដោយសារមានការចោទប្រកាន់អំពីអំពើពុករលួយចំពោះអតីតប្រធានាធិបតីឆ្វេងនិយម ល្វីស អ៊ីណាស្យូ លូឡា ដា ស៊ីលវ៉ា (Luiz Inácio Lula da Silva) ដែលត្រូវបានបញ្ជូនទៅពន្ធនាគារដោយចៅក្រមម្នាក់ – តាំងពីពេលនោះមក គេបានដឹងអំពីល្បិចនយោបាយនៅពីក្រោយរឿងនោះ។ ចៅក្រមនោះ មិនយូរប៉ុន្មាន ត្រូវបានតែងតាំងជារដ្ឋមន្ត្រីយុត្តិធម៌ក្នុងរដ្ឋាភិបាល បុលសូណារ៉ូ។ ក្រោយមកទៀត អតីតប្រធានាធិបតី លូឡា ត្រូវបានគេលុបលាងទោស ហើយដោះលែងឱ្យមានសេរីភាពវិញ។ លោក លូឡា ទំនងជានឹងក្លាយជាបេក្ខជនប្រជែងយកតំណែងប្រធានាធិបតីនៅឆ្នាំក្រោយ ហើយឥឡូវនេះ គាត់ជាបុគ្គលមានការគាំទ្រច្រើន បន្ទាប់ពីបានវិលចូលក្នុងឆាកនយោបាយវិញកាលពីខែមីនា។

ឱប្រធានាធិបតី បុលសូណារ៉ូ ដែលជាប់ឆ្នោតក្នុងយុទ្ធនាការ«បាតដៃស្អាត» និងក្រោមពាក្យស្លោក«រំដោះមាតុភូមិចេញពីនឹមអំពើពុករលួយជារៀងរហូត» បែរជាត្រូវរួតរឹតដោយសំណុំរឿងជាច្រើនម្ដងវិញ! មិនត្រឹមតែរឿងវ៉ាក់សាំងទេ ប៉ុន្តែជារឿងដែលពាក់ព័ន្ធនឹងការបំផ្លាញព្រៃឈើនៅតំបន់អាម៉ាហ្សូនដោយសម្ព័ន្ធក្រុមហ៊ុនឯកជនធំៗទៀតដែរ។ គេឃើញមានការលាក់ពុត ដែលពញ្ញាក់ស្មារតីអ្នកជឿងប់លើរូបគាត់ ឯអ្នកផ្សេងវិញ គេដឹងអស់ហើយ។

តើលោក បុលសូណារ៉ូ នឹងទទួលយកបរាជ័យរបស់ខ្លួនឬទេ ប្រសិនបើគាត់ចាញ់ឆ្នោតនៅឆ្នាំក្រោយ? គាត់បាននិយាយដោយខ្លួនគាត់ថា នឹងមិនទទួលយកទេ ប្រសិនបើមានការបន្លំ។ ប៉ុន្តែនោះគឺជាពាក្យពេចន៍ដែលគាត់និយាយតាមភាសារបស់លោក ត្រាំ ដែលធ្វើឱ្យគេដឹងថា គាត់នឹងបដិសេធសាលក្រមចេញពីហិបឆ្នោត ប្រសិនបើគាត់ត្រូវប្រជាពលរដ្ឋប្រេស៊ីលបោះឆ្នោតទម្លាក់។

ក្នុងបរិយាកាសដែលមានការនិយមម្ខាងៗ ដូចនៅក្នុងប្រទេសប្រេស៊ីល តាំងពី ៣ ឆ្នាំ មកហើយនោះ វាគឺជាអាកប្បកិរិយាមិនទទួលខុសត្រូវ ពីព្រោះអាកប្បកិរិយាបែបនេះនឹងធ្វើឱ្យប្រទេសប្រេស៊ីលមួយចំណែក ប្រឈមគ្នានឹងមួយចំណែកទៀត។ នៅទីនេះ គេសង្កេតឃើញការខូចខាតនានា ដែលបង្កឡើងដោយគំរូអាក្រក់មកពីទីក្រុងវ៉ាស៊ីនតោន៖ ប្រសិនបើប្រធានាធិបតីសហរដ្ឋអាម៉េរិកម្នាក់ មិនស្ដាប់បញ្ជាស្ថាប័នរដ្ឋ មនុស្សគ្រប់គ្នាក៏អាចធ្វើដូច្នេះបានដែរ។

ទោះបីជាយ៉ាងណាក៏ដោយ សង្គមប្រេស៊ីលគឺជាសង្គមដែលចេះកែនគ្នាធ្វើកិច្ចការរួមនិងរវៀសរវៃ។ លោកប្រធានាធិបតី ហ្សាអៀរ បុលសូណារ៉ូ បានឃ្លាតឆ្ងាយពីប្រជាជនលើច្រើនចំណុច រាប់ចាប់ពីបណ្ដាជនដែលបាត់បង់សាច់ញាតិ អំឡុងពេលមានការរាតត្បាតជំងឺឆ្លងសាកល។ គេសង្ស័យថា ការកែនគ្នាបែបនេះនឹងពុំមានអ្វីក្រៅពីការកើនច្រើនឡើងៗទេ ចាប់ពីពេលនេះ រហូតដល់ពេលបោះឆ្នោត ដែលនឹងមកដល់ក្នុងរយៈពេល ១៥ ខែទៀត។ វាជាបញ្ហាអនាគតរបស់ប្រទេសប្រេស៊ីល ក្រោយពីអ្នកហ្វឹកហាត់ធ្វើជនផ្ដាច់ការម្នាក់ ដែលពុំមានទស្សនវិស័យវែងឆ្ងាយ បានវង្វេងផ្លូវអស់ជាច្រើនឆ្នាំ៕

Share

Image
Image
Image