ប្រទេសជប៉ុនគួរតែបង្កើនឱ្យបានច្រើននូវអ្នកផ្គត់ផ្គង់ ហើយសហការជាមួយសហរដ្ឋអាម៉េរិកនិងប្រទេសផ្សេងៗទៀត ដើម្បីការពារប្រព័ន្ធផ្គត់ផ្គង់ ដែលជាវិធីមួយសម្រាប់ពង្រឹងសន្តិសុខសេដ្ឋកិច្ច នៅពេលមានការប្រជែងគ្នាកាន់តែខ្លាំងឡើង រវាងសហរដ្ឋអាម៉េរិកនិងប្រទេសចិន។ នេះជាអ្វីដែលរដ្ឋាភិបាលជប៉ុនថ្លែងនៅក្នុងសៀវភៅសស្ដីពីពាណិជ្ជកម្មប្រចាំឆ្នាំ ផ្សាយចេញនៅថ្ងៃអង្គារ ទី ២៩ ខែមិថុនា នេះ ហើយដែលទីភ្នាក់ងារសារព័ត៌មានក្យូដូលើកយកមកផ្សាយបន្តនៅថ្ងៃដដែល។
ឯកសារដែលរៀបរៀងដោយក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុននោះ បានបញ្ជាក់ដែរថា វាជា«រឿងសំខាន់»ដែលវិធានការពិស្ដារ ប្រកបដោយការពិចារណាល្អិតល្អន់ ត្រូវបានបង្កើតឡើង ដើម្បីការពារកុំឱ្យបច្ចេកវិទ្យាគន្លឹះៗបែកធ្លាយទៅខាងក្រៅ។ ក្យូដូរាយការណ៍ដូច្នេះ ដោយបន្ថែមថា របាយការណ៍ដែលចង្អុលពីផែនការអនាគតនោះអះអាងថា ប្រទេសនានាត្រូវបានលើកទឹកចិត្តឱ្យពង្រឹងសន្តិសុខសេដ្ឋកិច្ច ក្រោយពីការរាតត្បាតជាសាកលនៃវីរុសកូរ៉ូណាបានបណ្ដាលឱ្យប្រព័ន្ធផ្គត់ផ្គង់ផុយស្រួយ។ តាមក្យូដូ ការអាក់ខាននៃការផ្គត់ផ្គង់គ្រឿងវេជ្ជសាស្ត្រ ក្នុងពេលកន្លងទៅ ត្រូវបានរបាយការណ៍នោះលើកមកធ្វើជាឧទាហរណ៍ជាក់ស្ដែង។
ប្រភពដដែលរាយការណ៍ទៀតថា សៀវភៅសនោះគូសបញ្ជាក់បន្ថែមអំពីសេចក្ដីត្រូវការឱ្យលើកស្ទួយការងារស្រាវជ្រាវ ការអភិវឌ្ឍ និងការវិនិយោគមូលធនទៅក្នុងវិស័យបច្ចេកវិទ្យានានា ដែលមានភាពសំខាន់ជាយុទ្ធសាស្ត្រ ក្នុងគោលបំណងពង្រឹងផលិតកម្មក្នុងស្រុក និង«ធានាឧត្ដមភាពលើគូប្រកួតប្រជែង»។
ក្យូដូបានរំលឹកឱ្យដឹងដែរថា ដើម្បីកាត់បន្ថយការពឹងអាស្រ័យលើផលិតករបរទេស គណៈរដ្ឋមន្ត្រីជប៉ុនបានអនុម័ត កាលពីដើមខែមិថុនានេះ នូវយុទ្ធសាស្ត្រសម្រាប់កំណើនសេដ្ឋកិច្ច ទុកជាការលើកកម្ពស់វឌ្ឍនកម្មនិងផលិតកម្មគ្រឿងឬឧបករណ៍ចម្លងអគ្គិសនីទំនើបៗ ឬសឺមីខន់ដាក់ធើ (semiconductors) នៅពេលដែលទីផ្សារសាកលនៃបន្ទះអ៊ីសេ (IC) មានបញ្ហា។
ក្នុងចំណោមបញ្ហាប្រឈមនានា, បើតាមក្យូដូញូស៍ដែលផ្អែកលើឯកសារនោះ, គឺមានកង្វល់នានាដែលថា អំពើគាំពារនិយម ដូចជាការដំឡើងពន្ធគយជាដើម អាចនឹងក្លាយទៅជាច្បាប់ទម្លាប់ ហើយកង្វល់មួយទៀតគឺថា បណ្ដាប្រទេសនានាដែលផ្ដល់ឧបត្ថម្ភធនឧស្សាហកម្មនិងការគាំទ្រផ្សេងៗទៀត អាចជះឥទ្ធិពលលើការប្រកួតប្រជែងដោយសេរី។
សៀវភៅសដដែលនោះបន្ថែមថា បញ្ហាទាំងនេះគួរតែត្រូវដោះស្រាយតាមរយៈការបង្កើតច្បាប់ក្នុងក្របខណ្ឌអង្គការពាណិជ្ជកម្មអន្តរជាតិ និងតាមរយៈកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងវិស័យសាធារណៈនិងវិស័យឯកជន។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានក្យូដូដែលព្រលយឱ្យដឹងបន្ថែមថា ដោយផ្ដោតការយកចិត្តទុកដាក់ត្រង់ទៅលើសិទ្ធិមនុស្សនិងបញ្ហាបរិស្ថាន ក្នុងសកម្មភាពពាណិជ្ជកម្ម រដ្ឋាភិបាលជប៉ុនអះអាងអំពី «ភាពចាំបាច់ក្នុងការពិចារណាឱ្យបានកាន់តែខ្លាំងជាងពេលមុនៗ» ទាក់ទងនឹងលក្ខខណ្ឌការងារនិងការបំពុលបរិស្ថាននៅទីតាំងទាំងឡាយ ដែលវត្ថុធាតុដើមនានាត្រូវបានទាញយក។
ដំណាលគ្នានឹងការព្រមានអំពីភាពប្រថុយប្រថានចំពោះមុខការរឹតត្បិតសកម្មភាពពាណិជ្ជកម្ម ក្នុងករណីមានការរំលោភបំពានខ្លាំងមែនទែន សៀវភៅសរបស់ក្រសួងសេដ្ឋកិច្ចជប៉ុនក៏បានរំលេចឱ្យឃើញដែរថា ការរួមចំណែកដោះស្រាយបញ្ហាបែបនេះ«អាចនាំមកនូវឱកាសធ្វើជំនួញថ្មីៗបន្ថែមទៀត»។ ក្យូដូញូស៍រាយការណ៍ឱ្យដឹងបន្ថែមដូច្នេះ។
យោងតាមក្យូដូដដែល ដោយហេតុតែមានការពិនិត្យពិច័យល្អិតល្អន់ពីសំណាក់អ្នកវិនិយោគទុន ក្រុមហ៊ុននានាដែលចុះបញ្ជីក្នុងផ្សារហ៊ុនតូក្យូ ត្រូវបានតម្រូវឱ្យអនុវត្តតាមបទដ្ឋានអភិបាលកិច្ចខ្ពស់ជាងមុន ក្នុងនោះមានទាំងរបៀបដោះស្រាយបញ្ហាសិទ្ធិមនុស្សនិងបញ្ហាប្រែប្រួលអាកាសធាតុថែមទៀត៕